Tuesday, January 01, 2013

ព្រឹត្តិការណ៍​លេច​ធ្លោ​ចំនួន​៩​នៅ​ក្នុង​ឆ្នាំ​២០១២

១.ការ​យាង​សោយ​ទិវង្គត​របស់​សម្តេច​ឪ
២.គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​
៣.ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី​ 
៤.បឹងកក់​
៥.បុរីកីឡា 
៦.ក្រុម​អបគមន៍​នៅ​ខេត្ត​ក្រចេះ
៧.ការ​បាញ់​ប្រហារ​កម្មករ​នៅ​បាវិត
៨.ឆ្នាំ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន    
៩.ការ​ដោះ​លែង​លោក​ស្រី អៀង ធីរិទ្ធ  
 
ការ​យាង​សោយ​ទិវង្គត​របស់​សម្តេច​ឪ

នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ​សម្តេច​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ បានយាង​សោយ​ទិវង្គត ដោយ​ព្រះ​ជរាពាធ នៅ​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​ក្នុង​ជន្មាយុ ៩០ ព្រះ​វស្សា។ គារវ​កិច្ច​របស់​ប្រជាជន​កម្ពុជា​ចំពោះ​សម្តេច​ សីហនុ ​បាន​សម្តែង​ចេញ យ៉ាង​ឆាប់​រហ័ស ខណៈ​ដែល​ប្រជា​ជន​រាប់​សែន​នាក់​ បាន​ប្រមូល​ផ្តុំ​គ្នា នៅ​តាម​ផ្លូវ​ពី​រថ្ងៃ​ក្រោយ​មក ដើម្បី​ទទួល​ការយាង​ត្រឡប់​នៃ​ព្រះ​បរម​សព មក​កាន់​ព្រះ​បរម​រាជ​វាំង។
មាន​ព្រះ​នាម​ថា​ «សម្តេច​ឪ» ចាប់​តាំង​ពីព្រះ​អង្គ​ដាក់​រាជ្យ​សម្បតិ្ត​នៅ​ឆ្នាំ​២០០៤ ដើម្បី​ឲ្យ​ព្រះ​បុត្រា​ព្រះ នរោត្តម សីហមុនី គ្រង​រាជ្យ​សម្បតិ្ត​បន្ត ​សម្តេច​ឪ បាន​ដើរ​តួនាទី​ជា​ច្រើន ប៉ុន្មាន​ទសវត្សរ៍​នៃ​ការ​ផ្លាស់​ប្តូរ​នេះ ប៉ុន្តែ​ព្រះ​អង្គ​ នៅ​តែ​ជា​និមិត្ត​រូប​នៃ​ការ​បង្រួប​បង្រួម​ចំពោះ​ប្រជា​ជន​កម្ពុជា​ជាច្រើន នាក់។ ​ព្រះ​អង្គ​បាន​ទាមទារ​ឯករាជ្យ​ពី​បារាំង​ ក្នុង​ឆ្នាំ​១៩៥៣ ​ហើយ​បន្ទាប់​មក បាន​ដាក់​រាជ្យ​សម្បតិ្ត​ជា​លើក​ទី១​ដើម្បី​ធ្វើ​ជា​នាយក​រដ្ឋ​មន្រ្តី។
សេចក្តី ​សម្រេច​របស់​ព្រះ​អង្គ​ចង​សម្ព័ន្ធ​ជា​មួយ​នឹង​ខ្មែរ​ក្រហម បន្ទាប់​ពី​ត្រូវ​បាន​ទម្លាក់​ពី​អំណាច​ក្នុង​រដ្ឋ​ប្រហារ នៅ​ឆ្នាំ ១៩៧០ ​ត្រូវ​បាន​រិះ​គន់​ថា​ បាន​ជំរុញ​ប្រជាជន​ជាច្រើន​នាក់​ចូល​រួម​ជាមួយ​ខ្មែរ​ក្រហម ​ដែល​ជា​ក្រុម​បំផ្លិច​បំផ្លាញ​បំផុត​ក្នុង​ប្រវតិ្ត​សាស្រ្ត​កម្ពុជា សម្លាប់​មនុស្ស​ជាង​មួយ​លាន​នាក់​ពី​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ដែល​ក្នុង​អំឡុង​ពេល​នោះ សម្តេច​ឪ ត្រូវ​បាន​ជាប់​ឃុំ នៅ​ក្នុង​ព្រះ​រាជ​វាំង​ក្នុង​ទីក្រុង​ភ្នំពេញ។ បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ ព្រះ​អង្គ សីហនុ ជា​ប្រមុខ​កង កម្លាំង​ប្រឆាំង​នឹង​វត្តមាន​របស់​វៀត​ណាម។ បន្ទាប់​ពី​ចរចា​ឈាន​ដល់​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​បញ្ចប់​ជម្លោះ​នៅ​ក្នុង​ឆ្នាំ​១៩៩១ ព្រះ​អង្គ បាន​យាង​ត្រឡប់​មក​កម្ពុជា​វិញ​ ហើយ​បាន​ឡើង​គ្រង​រាជ្យ​សម្បតិ្ត​ម្តង​ទៀត​ក្នុង​ឆ្នាំ ១៩៩៣​។ ទន្ទឹម​នឹង​នេះ ព្រះ​អង្គ បាន​ប្រឈម​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ ដែល​ធ្វើ​ឲ្យ​ព្រះ​អង្គ​ចំណាយ​ពេល​ភាគ​ច្រើន​គង់​នៅ​ទីក្រុង​ប៉េកាំង ដើម្បី​ព្យាបាល​ព្រះ​រាជ​សុខភាព។
រយៈ​ពេល ២ ខែ​បន្ទាប់​ពី​សោយ​ទិវង្គត មន្រ្តី​រដ្ឋាភិបាល​បាន​លើក​ឡើង​ពី​សម្តេច សីហនុ​ក្នុង​សុន្ទរ​កថា ជា​ញឹកញាប់​ហើយ​បាន​លុប​ចោល​ពិធី​បុណ្យ​អុំ​ទូក ដើម្បី​ជា​គារវកិច្ច​ចំពោះ​ព្រះ​អង្គ​។ អ្នក​កាន់​មរណទុក្ខ​បាន​បន្ត​ពាក់​បូ​ខ្មៅ បង្ហាញ​ព្រះ​ឆាយាលក្ខណ៍ ​និង​សម្តែង​គារវកិច្ច​នៅ​ព្រះបរម​រាជ​រាំង ជា​កន្លែង​តម្កល់​ព្រះ​បរមសព​រហូត​ដល់​ព្រះ​រាជ​បូជា​ដែល​ចាប់​ផ្តើម​ពិធី ​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈខាង​មុខ​នេះ ​បន្ទាប់​ពី​ដើរ​ដង្ហែ​តាម​ផ្លូវ​មួយ​ចំនួន​ក្នុង​ទីក្រុង ព្រះបរម​សព​នឹង​យក​ទៅ​តម្កល់​នៅ​កន្លែង​ព្រះ​រាជ​បូជា ដែល​បច្ចុប្បន្ន​កំពុង​សាង​សង់​នៅ​មុខ​សារ​មន្ទីរ​ជាតិ ហើយ​នឹង​ត្រូវ​បូជា នៅ​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ៕

គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​ដីធ្លី​

ដោយ​បារម្ភ​លើ​ការ​ចាប់​យក​ដី​ធ្លី​បាន​ឈាន​ដល់​ចំណុច​កំពូល​នៅ​ទូទាំង​ ប្រទេស​កម្ពុជា ក្រោយ​ពី​មាន​ការ​រិះ​គន់​យ៉ាង​ក្តៅ​គគុក​ពី​គ្រប់​ទិស​ទីអស់​រយៈ​ពេល​ជា​ ច្រើន​ឆ្នាំ លោកនាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ប្រកាស​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធដី​ធ្លី នៅ​ខែ​ឧសភា ដែល​នឹង​ផ្តល់​ប័ណ្ណ​កម្មសិទិ្ធ​លើ​ទំហំ​ដី​ប្រហែល​១,២​លាន​ហិកតា ដល់​ប្រជាជន​រាប់​សែន​គ្រួសារ​នៅ​ទូទាំង​ប្រទេស។
គម្រោង​នេះ​ ត្រូវ​បាន​ប្រកាស​ឡើង បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ប្រកាស​ផ្អាក​ផ្តល់​ដី​សម្បទាន​ សេដ្ឋកិច្ច ហើយ​បាន​ផ្តល់​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​ទី​បំផុត​បាន​ដោះស្រាយ​ករណី​បណ្តេញ​ចេញ​ដោយ​បង្ខំ​ហើយ ជា​បញ្ហា​ដែល​មាន​ប្រភព​ដើម​មក​ពី​ការ​ផ្លាស់​ប្ដូរ​លំនៅ​របស់​ប្រជាជន ដោយ​ពួក​ខ្មែរ​ក្រហម។ ​ក្នុង​ខែ​មិថុនា យុវជន​ស្ម័គ្រ​ចិត្ត​ប្រហែល ២០០០​នាក់ បន្ថែម​លើ​មន្រ្តី​ស្រុក និង​ខេត្ត និង​អ្នក​ជំនាញ​បច្ចេក​ទេស​ ពី​ក្រសួង​រៀបចំ​ដែន​ដី ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​វាស់​វែង​ដី​ធ្លី។
គិត ​មក​ដល់​ពាក់​កណ្តាល​ ខែ​ធ្នូ​រដ្ឋាភិបាល​បាន​វាស់​វែង​ដី​ធ្លី​បាន​ ៣៨៨០០០ ហិកតា និង​បាន​ចែក​ប័ណ្ណ​កម្ម​សិទិ្ធ ចំនួន​៥១៦៨១ ប្លង់។ ​ប៉ុន្តែ​បើ​ទោះបី​ជា​កម្មវិធី​នេះ​ដំបូង​ឡើយ ត្រូវ​បាន​​ផ្សព្វផ្សាយ​ជា​គម្រោង​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​នៅ​កម្ពុជា​ រវាង​អ្នក​ភូមិ និង​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ក៏​ដោយ ក៏​ប៉ុន្តែ​ក្រោយ​មក ត្រូវ​បាន​ផ្តោត​តែ​លើ​ការ​ផ្តល់​ប័ណ្ណ​កម្ម​សិទិ្ធ​ លើ​តំបន់​គ្មាន​វិវាទ​ទៅ​វិញ។ ​ម្យ៉ាង​ទៀត ការ​ផ្អាក​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច មាន​ប្រការ​មិន​ច្បាស់​លាស់​មួយ ដែល​លើក​លែង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​បាន​ព្រម​ព្រៀង​ជា​គោលការណ៍ ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់​សែន​ហិកតា ត្រូវ​បាន​ផ្តល់​ឲ្យ​ក្រុម​ហ៊ុន​ឯកជន ចាប់​តាំង​ពី​មាន​ការ​ប្រកាស​ផ្អាក​នោះ​មក។
នៅ​ខែ​វិច្ឆិកា លោក​នាយក​រដ្ឋ​មន្រ្តី បាន​បដិសេធ​មិន​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ដែល​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​គណបក្ស​ប្រឆាំង ចូល​រួម​ឡូកឡំ​ឡើយ ប៉ុន្តែ​ភ្លាមៗ​ក្រោយ​មក លោក​បាន​ផ្លាស់​ប្តូរ​គោល​ជំហរ ដោយ​ពន្យល់​ថា អង្គ​ការ​ក្រៅ​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​​អាច​ចូល​រួម​ដោះស្រាយ​បាន ប្រសិន​បើ​ពួក​គេ​មាន​គោល​បំណង​ពិត​ប្រាកដ​ក្នុង​ការ​បញ្ចប់​បញ្ហា​ដី​ធ្លី​ មែន ​ថា​តើ​គម្រោង​នេះ​ជា​ផែន​ការ​ដើម្បី​ទាក់ទាញ​សន្លឹក​ឆ្នោត​ពី​ប្រជាជន​នៅ​ មុន​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ ២០១៣ ឬ​ជា​កម្ម​វិធី​ពិត​ប្រាកដ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​រាល​ដាល ដែល​ជា​បញ្ហា​ឈឺ​ក្បាល​របស់​រដ្ឋាភិបាល​ឬ​យ៉ាង​ណា​នោះ​ នៅ​តែ​ជា​បញ្ហា​ពិភាក្សា​ក៏​ក្តៅ​កគុក​នៅ​ឡើយ​៕

ករណី​បាញ់​សម្លាប់​លោក ឈុត វុទ្ធី​

ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្ម​ជន​ប្រឆាំង​ការ​កាប់​ឈើ​ដ៏​លេច​ធ្លោ កាល​ពី​ថ្ងៃ​ទី២៦ ខែ​មេសា បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ទូទាំង​កម្ពុជា និង​ពិភពលោក ដែល​បាន​បង្ហាញ​នូវ​ការ​ពិត​នៃ​​ការ​សង​សឹក​ដោយ​ប្រើ​ហិង្សា​ប្រឆាំង​អ្នក ​ទាំង​ឡាយ​ ដែល​ហ៊ាន​ផ្ចាញ់​ផ្ចាល​ចំពោះ​ការ​រំលោភ​អំណាច។
លោក ឈុត​ វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់ ពេល​ប្រឈម​នឹង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ ខណៈ​ធ្វើ​ដំណើរ​ជាមួយ​នឹង​អ្នក​សារ​ព័ត៌មាន​ពីរ​នាក់ ដើម្បី​ថត​ភស្តុតាង​នៃ​ការ​កាប់​ឈើ​ខុស​ច្បាប់​​ដោយ​ក្រុម​ហ៊ុន Timbergreeen ក្នុង​តំបន់​ជួរ​ភ្នំ​ក្រវាញ។
លោក វុទ្ធី អ្នក​រិះគន់​ខ្លាំង ចំពោះ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​យោធា និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្នុង​ការ​កាប់​ឈើ​ខុស​ច្បាប់ បាន​ប្រឈម​ជាច្រើន​លើក​ត​ទល់​ករណី​ដ៏​គ្រោះ​ថ្នាក់​ នៅ​មុន​ថ្ងៃ​ត្រូវ​បាញ់​សម្លាប់​។ ​នៅ​ថ្ងៃ​ត្រូវ​បាញ់​សម្លាប់ លោក​ឈុត វុទ្ធី បាន​ប្រឈម​នឹង​លោក អ៊ិន រតនា មន្រ្តី​កង​រាជ​អាវុធ​ហត្ថ និង​សមាជិក​កង​ប្រដាប់​អាវុធ​ដទៃ​ទៀត​ គឺ​លោក រ៉ាន់ បូរតន៍ សន្តិសុខ​ក្រុមហ៊ុន Timbergreen ដែល​ត្រូវ​បាន​គេ​អះអាង​ថា បាន​បាញ់​សម្លាប់​លោក អ៊ិន រតនា ដោយ​អចេតនា នៅ​ក្រោយ​លោក​អ៊ិន រតនា​បាន​បាញ់​សម្លាប់​លោក​ឈុត វុទ្ធី។
ការ​ពន្យល់​ដោយ​យោធា​ អំពី​ករណី​សម្លាប់​នេះ​ ពុំ​មាន​ភាព​ស៊ី​ចង្វាក់​គ្នា​ឡើយ ដោយ​ការ​ពន្យល់​មួយ​ថា លោក រតនា បាន​ស្លាប់ ដោយ​សារ​គ្រាប់​កាំភ្លើង​មួយ​របស់​គាត់​បាន​ប្លាត ចំណែក​ការ​ពន្យល់​មួយ​ទៀត​ថា បន្ទាប់​ពី​សម្លាប់​លោក វុទ្ធី រួច​ហើយ លោក រតនា​ បាន​បាញ់​ខ្លួន​ឯង ដោយ​ប្រើ​កាំភ្លើង AK-47 ​ដោយ​ភាព​សោក​ស្តាយ។ ការ​ពន្យល់​ជា​ផ្លូវ​ការ ដែល​ធ្វើ​ឡើង​ដោយ​គណៈ​កម្មការ​រដ្ឋាភិបាល មួយ បាន​អះអាង​ថា លោក អ៊ិន រតនា បាន​បាញ់​លោក វុទ្ធី ដោយ​សារ​ឈ្លោះ​ប្រកែក​ផ្ទាល់​ខ្លួន ហើយ​បន្ទាប់​មក​លោក បូរតន៍ បាន​បាញ់​​លោក រតនា ដោយ​ចៃដន្យ ជាមួយ​នឹង​កាំភ្លើង​របស់​លោក រតនា ខណៈ​ពេល​ព្យាយាម​ដណ្តើម​កាំភ្លើង​ពី​លោក រតនា។ យ៉ាង​ណា​ក្តី ក្រុម​សិទិ្ធ​មនុស្ស និង​គ្រួសារ​លោក ឈុត វុទ្ធី បាន​ហៅ​ការ​ពន្យល់​នេះ​ថា ជា​ការ​បិទ​បាំង ហើយ​បាន​រិះ​គន់​ការ​ស៊ើប​អង្កេត​ ដែល​មិន​បាន​សាក​សួរ​សាក្សី​សំខាន់ៗ។ ​នៅ​ដើម​ខែ​តុលា តុលាការ​ខេត្ត​កោះ​កុង ​បាន​លើក​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក អ៊ិន រតនា ព្រោះ​គាត់ និង​លោក វុទ្ធី បាន​ស្លាប់​ទៅ​ហើយ។
ក្រោយ​មក នៅ​ខែ​នោះ តុលាការ​បាន​ចោទ​ប្រកាន់​លោក បូរតន៍ ពី​បទ​សម្លាប់​លោក រតនា ដោយ​អចេតនា ​ហើយ​បាន​ផ្តន្ទាទោស​ព្យួរ​ពីរ​ឆ្នាំ​ ដែល​គាត់​មាន​សេរីភាព ក្នុង​រយៈ​ពេល​តិច​ជាង ២ សប្តាហ៍​ក្រោយ​មក។ អ្នក​រិះគន់​បាន​វាយ​ប្រហារ​លើ​សេចក្តី​សម្រេច​នេះ ដែល​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​​ការ​ផ្តន្ទា​ទោស​ធ្ងន់ធ្ងរ​ទៅ​លើ​លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​ឯក​រាជ្យ៕

បឹងកក់​

ក្នុង​ការ​ ជំនុំ​ជម្រះ​រយៈ​ពេល ៣ ម៉ោង គ្មាន​មេធាវី​ចូល​រួម កាល​ពី​ថ្ងៃ​ទី ២៤ ខែ ឧសភា ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទំព័រ​សារ​ព័ត៌​មាន​អន្តរ​ជាតិ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្តន្ទា​ទោស​ស្រ្តី​១៣ នាក់ ពី​បទ​ប្រឆាំង​អាជ្ញា​ធរ និង​កាន់​កាប់​ដី​បឹង​កក់​ខុស​ច្បាប់ ​ឲ្យ​ជាប់​ពន្ធនាគារ ២​ឆ្នាំ កន្លះ។ ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​ទំហំ ១១៤ ហិកតា ទៅ​ឲ្យ​ក្រុមហ៊ុន Shukaku Inc. របស់​លោក ឡាវ ម៉េងឃីន ព្រឹទ្ធ​សមាជិក គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ ២០០៧ ដែល​បាន​ចាក់​បំពេញ​បឹង និង​បណ្តេញ​ប្រជាជន​រាប់​ពាន់​គ្រួសារ ខណៈ​មិន​ទាន់​បាន​ពិភាក្សា​ឬ​ការ​ព្រមព្រៀង​លើ​ការ​ផ្តល់​សំណង​។
ក្រុម ​ស្រ្តី​បឹងកក់ ក្នុង​នោះ​មាន​ស្ត្រី​ចំណាស់​ ង៉ែត ឃុន អាយុ ៧២ ​ឆ្នាំ​ និង​អ្នក​ស្រី ទេព វន្នី ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​អំឡុង​ពេល​ធ្វើ​បាតុកម្ម កាល​ពី​ថ្ងៃ​ទី ២២ ខែ​ឧសភា ដែល​ជន​ត្រូវ​បាន​បណ្តេញ​ចេញ​បាន​ព្យាយាម​សាង​សង់​ផ្ទះ​របស់​ខ្លួន​ឡើង​ វិញ នៅ​បឹងកក់​។ ​បន្ទាប់​ពី​មាន​ការ​តវ៉ា​ខ្លាំង​ក្លា និង​ការ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ពួក​គេ រាប់​ទាំង​ការ​អំពាវ​នាវ​ពី​លោក​ស្រី ហ៊ីឡារី គ្លីនតុន ​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក សាលា​ឧទ្ធរណ៍​​បាន​ដោះ​លែង​ពួក​គេ កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មិថុនា ​ប៉ុន្តែ​ព្យួរ​ទោស​ពួក​គេ ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ជឿ​ជាក់​ថា ពុំ​មាន​ភាព​យុតិ្តធម៌​ពេញ​​លេញ​ឡើយ។ ​ការ​រិះគន់​លើ​វិធី​សាស្រ្ត​ខ្លាំងៗ​របស់​រដ្ឋាភិបាល​លើ​អ្នក​តវ៉ា បឹងកក់ បាន​បន្ត​កាល​ពី​ខែ​កញ្ញា នៅ​ពេល​អ្នក​ស្រី យ៉ោម បុប្ផា ​ដែល​ជា​បុគ្គល​សំខាន់​ ជំរុញ​ឲ្យ​ដោះ​លែង​ស្រ្តី​ទាំង​១៣ នាក់ ត្រូវ​បាន​ចាប់​ខ្លួន។ អ្នក​ស្រី បុប្ផា ត្រូវ​បាន​ឃុំ​ឃាំង​បណ្តោះ​អាសន្ន​ នៅ​ពន្ធនាគារ​ព្រៃ​ស ពី​បទ​បញ្ជា​ឲ្យ​វាយ​ប្រហារ​លើ​អ្នក​រត់​ម៉ូតូ​ឌុប​ពីរ​នាក់ និង​ចោរ​កម្ម ជា​បទ​ចោទ​ដែល​ក្រុម​មន្រ្តី​សិទិ្ធ​មនុស្ស​ថា ជា​ការ​ប្រឌិត​ឡើង រហូត​ទាល់​តែ​អ្នក​ស្រី​ត្រូវ​បាន​ផ្តន្ទាទោស ឲ្យ​ជាប់​ពន្ធនាគារ ៣ ឆ្នាំ កាល​ពី​សប្តាហ៍​មុន។ ​នៅ​ខាង​ក្រៅ​តុលាការ សមាជិក​សហគមន៍​បឹងកក់ បាន​តវ៉ា​នឹង​សាល​ក្រម​នេះ​យ៉ាង​ខ្លាំង ហើយ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​នេះ បាន​ចូលរួម​ជាមួយ​នឹង​សហគមន៍​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ដទៃ​ទៀត ​ក្នុង​ការ​ធ្វើ​បាតុកម្ម ដោយ​ពេល​ខ្លះ​ប្រើប្រាស់​វិធីសាស្រ្ត​ បាតុកម្ម​ប្លែក​ៗ​ ដូច​ជា អង្គុយ​ក្នុង​ទ្រុង ​និង​រាំ​ហ្គាន់ណាំ ស្ទីល (Gangnam Style)។ ​ប៉ុន្តែ ផ្ទៃ​ដី​ទំហំ​១២,៤៤ ហិកតា ដែល​លោក​ហ៊ុន សែន បាន​ផ្តល់​ឲ្យ​អ្នក​ភូមិ កាល​ពី​ឆ្នាំ​មុន​នោះ មិន​ទាន់​បាន​ចាប់​ផ្តើម​កំណត់​នៅ​ឡើយ​ទេ​ ហើយ​ការ​ប្រកាស​ជ្រើស​រើស​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍ​ដ៏ ចម្រូង​ចម្រាស​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​ហ៊ុន Shukaku អាច​ចាប់​ផ្តើម​សាង​សង់​នៅ​ទី​នោះ ក្នុង​ពេល​ឆាប់ៗ៕

បុរីកីឡា

ចូល​ឆ្នាំ ២០១២ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ក្រុម​ហ៊ុន​ផានអ៊ីម៉ិច​របស់​អ្នក​ស្រី​ស៊ុយ សុផាន និង​កង​កម្លាំង​រដ្ឋាភិបាល ជាង ១០០ នាក់ អម​ដោយ​គ្រឿង​ចក្រ បាន​កម្ទេច​ផ្ទះ​អ្នក​ភូមិ​បុរី​កីឡា​រាប់​រយ​ខ្នង ​ដែល​បាន​បដិសេធ​មិន​ព្រម​រើ​ផ្ទះ​ចេញ​នៅ​ខណៈ​មិន​ទាន់​ទទួល​បាន​សំណង ផ្ទះ​ល្វែង​ទៅ​តាម​ការ​សន្យា​។ ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​កាល​ពី​ថ្ងៃ​ទី៣​ខែ​មករា ​បាន​បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​ហិង្សា​ ដែល​អ្នកភូមិ​​បាន​គប់​ឥដ្ឋ ​និង​ដប​សាំង​លើ​អាជ្ញា​ធរ ហើយ​នគរ​បាល បាន​វាយ​ដំ​លើ​អ្នក​តវ៉ា។ ក្នុង​ចំណោម​អ្នក​តវ៉ា មាន​១០ នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ​ក្រុម​ហ៊ុន ផានអ៊ីម៉ិច​ដែល​សាង​សង់​បាន​តែ ៨ អគារ នៃ​អគារ​ចំនួន ១០ ដែល​ខ្លួន​បាន​សន្យា​ផ្តល់​ជា​ថ្នូរ​នឹង​ដី​ជាប់​នឹង​អគារ​របស់​អ្នក ភូមិ​នោះ បាន​ថ្លែង​ថា ខ្លួន​គ្មាន​ថវិកា​ដើម្បី​គោរព​តាម​កិច្ច​សន្យា​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ គ្រាន់​តែ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​ប្រជាជន​ជាង​៤០០ គ្រួសារ ក្នុង​តង់​កៅស៊ូ​កណ្តាល​វាល នៅ​ជាយ​ក្រុង​ជា​សំណង​សម្រាប់​ការ​ចាក​ចេញ​ពី​បុរី​កីឡា។
ប៉ុន្មាន​ខែ ​ ក្រោយ​មក អ្នក​ត្រូវ​បណ្តេញ​ចេញ​ជា​ច្រើន​នាក់​ដែល​បដិសេធ​មិន​ផ្លាស់​ប្ដូរ​លំនៅ​ នោះ​បាន​ដេក​ក្រោម​ជណ្តើរ ​នៅ​កន្លែង​ផ្ទះ​ចាស់​របស់​ខ្លួន ហើយ​បាន​ធ្វើ​បាតុកម្ម​ជាមួយ​នឹង​សកម្មជន​ពី​បឹងកក់ និង​សហគមន៍​ដទៃ​ទៀត។​
នៅ ​ថ្ងៃ​ទី​១១​ខែ​មករា ​អ្នក​តវ៉ា​៣០ នាក់​ ក្នុង​នោះ​មាន​កុមារ ៦ នាក់ ត្រូវ​បាន​​ចាប់​ឃុំ​ឃាំង​នៅ​មជ្ឈមណ្ឌល​សង្គម​កិច្ច​ព្រៃ​ស្ពឺ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ក្នុង​ទីក្រុង​ប្រឆាំង​នឹង​ការ ឃុំ​ខ្លួន​អ្នក​ភូមិ​ដូច​គ្នា​ដែល​បាន​ចាប់​ខ្លួន​កាល​ពី៨ ថ្ងៃ​មុន។
ក្រុម ​សិទិ្ធ​មនុស្ស​បាន​រិះ​គន់​ការ​ចាប់​ឃុំ​ខ្លួន​នេះ​ថា​ ជា​អំពើ​ខុស​ច្បាប់​និង​គ្មាន​មូលហេតុ​ត្រឹម​ត្រូវ ហើយ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក អ្នក​ជាប់​ឃុំ ២២ នាក់ បាន​ផ្លោះ​របង និង​រត់​គេច​ខ្លួន​តាម​ម៉ូតូ​កង់​បី។ ​ទន្ទឹម​នឹង​នេះ ក្រុម​ហ៊ុន ផានអ៊ីម៉ិច ដែល​ទទូច​ថា ខ្លួន​បាន​សាង​សង់​អគារ​ស្នាក់​នៅ​ឲ្យ​ប្រជាជន ឬ​បាន​ផ្តល់​សំណង​គ្រប់គ្រាន់​នោះ ​បាន​ចោទ​ប្រកាន់​ប្រជាជន​ថា​ បាន​ព្យាយាម​​​បោក​ប្រាស់​ក្រុមហ៊ុន​ដើម្បី​ទទួល​បាន​អគារ​ស្នាក់​នៅ​ បន្ថែម​ សម្រាប់​សាច់​ញាតិ​បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​នេះ មិន​ទាន់​បាន​បំពេញ​ទៅ​តាម​កិច្ច​សន្យា​របស់​ខ្លួន​ដែល​ត្រូវ​សង់​អគារ​ឲ្យ បាន​ចំនួន​១០ ដើម្បី​ចែក​ជូន​ឲ្យ​ប្រជាជន​ក្តី​។​
លើស​ពី​នេះ ក្រុម​ហ៊ុន ថែម​ទាំង​ប្តឹង​ទៅ​តុលាការ ​ចោទ​​ប្រកាន់​លើ​អ្នក​ស្រី ទឹម សាក់មុនី អាយុ​៦៤ ឆ្នាំ ជា​អ្នក​រត់​គេច​ខ្លួន​ម្នាក់​ពី​ព្រៃ​ស្ពឺ​ និង​ជា​មេ​ដឹក​នាំ​បាតុកម្ម។
អ្នក​ស្រី សាក់​មុនី ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​កាល​ពី​ខែ​កញ្ញា ហើយ​ផ្តន្ទាទោស​នៅ​ខែ​ធ្នូ ​តែ​ត្រូវ​បាន​ដោះលែង​កាល​ពី​សប្តាហ៍​មុន។ ​រឿង​ក្តី​ត្រូវ​បាន​ក្រុម​សិទិ្ធ​មនុស្ស​ចាត់​ទុក​ថា ជា​រឿង​ក្តី​នយោបាយ។ អាច​មាន​រឿង​ក្តី​នេះ​បែប​នេះ​ថែម​ទៀត ​នៅ​ពេល​ខាង​មុខ ខណៈ​ដែល​សហគមន៍​បុរី​កីឡា​បន្ត​ធ្វើ​បាតុកម្ម ចំពោះ​ការ​គ្មាន​ដំណោះ​ស្រាយ៕

ក្រុម​អបគមន៍​នៅ​ខេត្ត​ក្រចេះ

នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា កង​កម្លាំង​រដ្ឋាភិបាល​ប្រដាប់​អា​វុធ បាន​ធ្វើ​ការ​បាញ់​រះ​ធ្វើ​ឲ្យ​ត្រូវ​ក្មេង​ស្រី ហេង ចន្ថា អាយុ ១៤ ឆ្នាំ ស្លាប់ ខណៈ​ពេល​ធ្វើ​ការ​បណ្តេញ​ប្រជាជន​ជា​ច្រើន​គ្រួសារ​ ​ចេញ​ពី​ភូមិ​ប្រមា ជា​អ្វី​ដែល​រដ្ឋាភិបាល ចោទ​ប្រកាន់​ថា បង្កើត​តំបន់​អបគមន៍​ខុស​ច្បាប់​។
យោង​តាម​អ្នក​ភូមិ ក្មេង​ស្រី ត្រូវ​បាន​បាញ់​សម្លាប់ ខណៈ​កង​កម្លាំង​យោធា និង​នគរបាល​រាប់​រយ​នាក់ ដែល​មាន​ឧទ្ធម្ភាគ​ចក្រ បាន​បណ្តេញ​ប្រជាជន ១០០០ គ្រួសារ ដោយ​អំពើ​ហិង្សា ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​រយៈ​ពេល​វែង​ជាមួយ​នឹង​ក្រុម ហ៊ុន​កៅស៊ូ​រុស្ស៊ី Casotim ដែល​រដ្ឋាភិបាល បាន​សម្រេច​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​១៥០០០ ហិក​តា នៅ​ក្នុង​តំបន់​នេះ​។ ប៉ុន្តែ ​ខណៈ​ដែល​ដំណឹង​នៃ​ឧប្បត្តិហេតុ​នេះ​ បាន​ផ្សព្វផ្សាយ​ទូទាំង​ប្រទេស​រដ្ឋាភិបាល​បាន​អះអាង​ថា កម្លាំង​រដ្ឋាភិបាល បាន​ចុះ​បង្ក្រាប​គម្រោង​អបគមន៍​ដែល​គាំទ្រ​ដោយ​សមាគម​ប្រជាធិបតេយ្យ ជា​ការ​ពន្យល់​មួយ​ដែល​ក្រុម​សិទិ្ធ​មនុស្ស​ធ្វើ​ការ​រិះគន់​យ៉ាង​ខ្លាំង​ ។​
អ្នក​ភូមិ​ក៏​បាន​ច្រាន​ចោល​ ការ​អះអាង​របស់​រដ្ឋាភិបាល​ផង​ដែរ ដោយ​និយាយ​ថា ពួក​គេ​គ្រាន់​តែ​ចង់​បាន​ប័ណ្ណ​កម្មសិទិ្ធ ហើយ​ពួក​គេ​ពុំ​មាន​អាវុធ​អ្វី​ឡើយ។
ប៉ុន្មាន​ខែ​ក្រោយ​មក ​អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​ពាក្យ​អបគមន៍​នេះ ដើម្បី​បង្ក្រាប​លើ​អ្នក​រិះគន់​រដ្ឋាភិបាល​យូរ​អង្វែង គឺ​លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​ប្រជាធិបតេយ្យ។​
លោក សូណង់ដូ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ ក្នុង​នោះ​មាន​ «ការ​បះបោរ» និង​«ញុះ​ញង់​ប្រជាជន» ហើយ​ត្រូវ​បាន​ឃុំ​ឃាំង​បណ្តោះ​អាសន្ន នៅ​ព្រៃ​ស ដែល​បុរស​អាយុ​៧១​ឆ្នាំ​រូប​នេះ​កំពុង​ធ្លាក់​ខ្លួន​ឈឺ។ ជន​ដទៃ​ទៀត ដែល​រដ្ឋាភិបាល​កំណត់​អត្តសញ្ញាណ​ថា ជា​«អ្នក​ធ្វើ​អបគមន៍» បាន​ឆ្លើយ​ដាក់​បន្ទុក​លើ​មេដឹក​នាំ​ ដូចជា លោក ម៉ម សូណង់ដូ ជា​ថ្នូរ​នឹង​ការ​គេច​ផុត​ពី​ការ​ចោទ​ប្រកាន់​។ នៅ​ថ្ងៃ​ទី​១ ខែ​តុលា សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ផ្តន្ទា​ទោស​លោក សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ ២០ ឆ្នាំ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ពី​ក្រុម​សិទិ្ធ​មនុស្ស និង​អ្នក សង្កេត​ការណ៍​អន្តរ​ជាតិ។ លោក ប៊ុន រដ្ឋា មេ​ដឹក​នាំ​ដែល​កំពុង​លាក់​ខ្លួន ត្រូវ​បាន​កាត់​ទោស​៣០​ឆ្នាំ។ បើ​ទោះ​បី​ជា​មាន​ការ​គាំទ្រ​ពី​លោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ក៏​ដោយ ប៉ុន្តែ​លោក សូណង់ដូ នៅ​តែ​បន្ត​ជាប់​ឃុំ ហើយ​កាល​ពី​ខែ​មុន តុលាការ​បាន​បដិសេធ​សំណើ​សុំ​ធានា​នៅ​ក្រៅ​ឃុំ​។ ទន្ទឹម​នឹង​នេះ លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់រ​បស់​អង្គ​ការ​អាដហុក បាន​ប្រឈម​នឹង​ការ​សួរ​ចម្លើយ​កាល​ពី​សប្តាហ៍​មុន​ផង​ដែរ ពាក់ព័ន្ធ​នឹង​ការ​ជួយ​អ្នក​ធ្វើ​អបគមន៍ ជា​បទ​ចោទ​ប្រកាន់​ដែល​លោក សុវ៉េត​បាន​បដិសេធ។​ បើ​ទោះ​បី​ជា​លោក​មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ក៏​ដោយ ប៉ុន្តែ លោក សុវ៉េត ត្រូវ​បាន​បង្គាប់​ឲ្យ​រាយការណ៍​ពី​សកម្មភាព​របស់​ខ្លួន​ជូន​តុលាការ គឺ​ចំណាត់​ការដែល​មាន​ផល​ប៉ះពាល់​ធ្ងន់​ធ្ងរ​ លើ​ការ​ងារ​ជា​អ្នក​ស៊ើប​អង្កេត​សិទិ្ធមនុស្ស ថា​តើ​នេះ​ជា​ករណី​ចុងក្រោយ ឬ​ថា​តើ​អ្នក​ដទៃ​ទៀត​នឹង​ស្ថិត​ក្រោម​រឿង​ហេតុ​អបគមន៍​ក្រចេះ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ?

ការ​បាញ់​ប្រហារ​កម្មករ​នៅ​បាវិត

ការ​ចោទ​ប្រកាន់​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ថា បុរស​ដែល​បាន​បាញ់​ស្រ្តី​កម្មករ​បី​នាក់​ នៅ​ក្នុង​កូដ​កម្ម​រោង​ចក្រ​កាត់​ដេរ កាល​ពី​ខែ​កុម្ភៈ គឺ​លោក​អភិបាល​ក្រុង​បាវិត រហូត​ទាល់​តែ​លោក ស ខេង រដ្ឋ​មន្រ្តី​ក្រសួង​មហាផ្ទៃ ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​កាល​ពី​ខែ​មីនា​ថា ជន​នោះ​គឺ​លោក ឈូក បណ្ឌិត។​
ប៉ុន្តែ នៅ​ថ្ងៃ​ទី១៨ ខែ​ធ្នូ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត ដែល​អូស​បន្លាយ និង​ការ​ពន្យារ​ពេល​ជំនុំ​ជម្រះ​លោក ឈូក បណ្ឌិត បាន​មាន​សេរីភាព ដោយ​មិន​មាន​ការ​ចាប់​ខ្លួន​ឡើយ ​គ្រាន់​តែ​ត្រូវ​ចោទ​ប្រកាន់​ប៉ុណ្ណោះ​។ ក្រុម​សិទិ្ធ​មនុស្ស​ចង្អុល​បង្ហាញ​ថា ការ​សម្រេច​បែប​នេះ​គឺ​ខុស​គ្នា​យ៉ាង​ខ្លាំង​ ពី​ករណី​របស់​លោក ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​ឯករាជ្យ ដែល​គេ​ចោទ​ថា ជា«​អ្នក​ធ្វើ​ អបគមន៍» ដែល​ជាប់​ឃុំឃាំង​បណ្តោះ​អាសន្ន​ជាច្រើន​ខែ​ មុន​ពេល​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​២០​ឆ្នាំ។ ​អ្នក​សង្កេត​ការណ៍​ថ្លែង​ថា ​ការ​សម្រេច​បែប​នេះ ​ធ្វើ​ឡើង បើ​ទោះ​បី​ជា​មាន​ភ័ស្តុ​តាង​ កាន់​តែ​រឹង​មាំ អំពី​ពិរុទ្ធ​ភាព​របស់​លោក បណ្ឌិត​ក៏​ដោយ។​ ​សាក្សី​ជា​ច្រើ​ន​នាក់​ បាន​កំណត់​អត្ត​សញ្ញាណ​លោក បណ្ឌិត ថា​ជា​អ្នក​បាញ់​ប្រហារ លើ​កញ្ញា​ ប៊ុត ចិន្តា អាយុ ២១ ឆ្នាំ នាង កែវ នា អាយុ ១៨ ឆ្នាំ និង​នាង​ នុត សុខុម អាយុ ២៣ ឆ្នាំ ក្នុង​កូដកម្ម​មួយ ដែល​មាន​កម្មករ​ប្រហែល ៦០០០ នាក់ បាន​ធ្វើ​ការ​តវ៉ា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ក្រុង​បាវិត។ ក្នុង​ខែ​មីនា បន្ទាប់​ពី​មន្រ្តី​ក្រុង​បាវិត បាន​ព្យាយាម​ទិញ​ជនរងគ្រោះ​ឲ្យ​បិទ​មាត់ ដោយ​​បរាជ័យ​រួច​មក លោក បណ្ឌិត ត្រូវ​បាន​ផ្ទេរ​ពី​តំណែង​ទាប​ ទៅ​តំណែង​ខ្ពស់​នៅ​សាលា​ខេត្ត​ស្វាយ​រៀង។
ក្រុម​សិទិ្ធ​មនុស្ស​បាន​ រិះគន់​បទ​ចោទ​ប្រកាន់​បង្ក​របួស​ដោយ​អចេតនា ដែល​តុលាការ​សម្រេច​​ចោទ​លោក​បណ្ឌិត កាល​ពី​ខែ​ឧសភា ថា​ជា​បទ​ចោទ​ប្រកាន់​ស្រាល​ពេក​ ហើយ​បទ​ចោទ​ប្រកាន់​នេះ​ទី​បំផុត​ត្រូវ​បាន​លើក​ចោល នៅ​ខែ​ធ្នូ​នេះ។
គេ ​ថា ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ចំពោះ​ករណី​នេះ ព្រម​ទាំង​ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី សកម្មជន​ប្រឆាំង​ការ​កាប់​ឈើ កាល​ពី​ខែ​មេសា និង​ការ​សម្លាប់​ក្មេង​ស្រី​អាយុ​១៤ ឆ្នាំ នៅ​ខេត្ត​ក្រចេះ កាល​ពី​ខែ​ឧសភា​នោះ ​បាន​បង្ហាញ​ពី​និទ្ទណ្ឌ​ភាព​គួរ​ឲ្យ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​លើ​អ្នក តវ៉ា​នៅ​កម្ពុជា​៕

ឆ្នាំ​ដែល​កម្ពុជា​ជា​ប្រធាន​អាស៊ាន

សេចក្តី​សង្ឃឹម​ខ្លាំង ដែល​កម្ពុជា​ ធ្វើ​ជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ ២០១២ ត្រូវ​បាន​បាត់​សូន្យ​ទៅ​វិញ​ ដោយ​ឆាប់​រហ័ស ខណៈ​កម្ពុជា​ត្រូវ​បាន​គេ​រិះគន់ ដោយ​សារ​តែ​កម្ពុជា ហាក់​ដូច​ជា​ផ្តល់​​តម្លៃ​ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី​របស់​ខ្លួន​ ជាមួយ​នឹង​ចិន​ ជា​ជាង​ការ​«​ឯកភាព​អាស៊ាន» ដែល​បាន​លើក​ឡើង​ជា​ញឹកញាប់​នោះ។ ​
កិច្ច​ប្រជុំ​កំពូល​លើក​ទី១​កាល​ ពី​ ខែ​មេសា គឺជា​ការ​ចាប់​ផ្តើម​នូវ​ឆ្នាំ​ដែល​រកាំរកូស​មួយ។ នៅ​ចុង​បញ្ចប់​កម្ពុជា និង​ហ្វីលីពីន បាន​ប៉ះទង្គិច​គ្នា​ជា​សាធារណៈ​រួច​ហើយ​លើ​បញ្ហា​តួនាទី​របស់​ចិន។ ​ប៉ុន្តែ គឺ​នៅ​ចុង​បញ្ចប់​នៃ​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស កាល​ពី​ខែ​កក្កដា ​ដែល​រដ្ឋាភិបាល ​បាន​ទទួល​ការ​រិះគន់​ជា​ពិសេស​ចំពោះ​ការ​ខក​ខាន ចេញ​សេចក្តី​ថ្លែងការណ៍​រួម ​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ប្រវតិ្តសាស្រ្ត​អាស៊ាន ដោយ​សារ​តែ​ការ​ខ្វែង​គំនិត​គ្នា​ លើ​ក្រម​ប្រតិបតិ្ត​ស្តីពី​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ត្រូវ​បាន​រង់​ចាំ​ជា​យូរ​មក​ហើយ។ ​បន្ទាប់​ពី​ការ​ពិភាក្សា​ដើម្បី​បង្ការ​ជម្លោះ​ នៅ​តំបន់​សមុទ្រ​សម្បូរ​ទៅ​ដោយ​ធនធាន ដែល​ការ​ទាមទារ​អធិបតេយ្យ​របស់​ចិន ត្រូវ​បាន​ជំទាស់​ដោយ​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និង​ប្រ៊ុយណេ​ប្រទេស​ដែល​មាន​ផល​ប្រយោជន៍​ក្នុង​តំបន់​នេះ រាប់​ទាំង​អ្នក​វិភាគ​នយោបាយ បាន​ចោទ​ប្រកាន់​កម្ពុជា​ថា បាន​ចូល​ខាង​ប្រទេស​ចិន ដែល​ជា​ម្ចាស់​ជំនួយ និង​អ្នក​វិនិយោគ​ធំ​របស់​ខ្លួន។
ចំពោះ​មនុស្ស​ជា​ច្រើន​នាក់ ការ​ខ្វែង​គំនិត​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ធ្វើ​ឲ្យ​មាន​​ការ​មន្ទិល ​សង្ស័យ​ លើ​ភាព​រឹងមាំ​នៃ​ស្ថាប័ន​ប្រទេស​ទាំង​១០ នេះ ដែល​មាន​គោល​បំណង​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​នៅ​ឆ្នាំ​២០១៥។ ​ក្នុង​ខណៈ​មាន​ប្រតិកម្ម​បែប​នេះ​កម្ពុជា បន្ត​កោត​សរសើរ​អំពី​ជោគជ័យ​របស់​ខ្លួន ជា​ប្រធាន​អាស៊ាន​ជា​សាធារណៈ ដោយ​គូស​បញ្ជាក់​នូវ​ដំណើរ​ទស្សនកិច្ច​សំខាន់ៗ​របស់​ប្រមុខ​រដ្ឋ​ជា​ ច្រើន ក្នុង​នោះ​មាន​លោក បារ៉ាក់ អូបាម៉ា​ប្រធានាធិបតី​អាមេរិក​ផង។
ប៉ុន្តែ ​ មាន​មូល​ហេតុ​តិច​តួច ​ត្រូវ​រីក​រាយ​ខណៈ​ដែល​ប្រមុខ​រដ្ឋ​ដទៃ​ទៀត​រៀប​ចំ​សន្និសីទ​សារ​ព័ត៌មាន ហើយ​រដ្ឋ​មន្រ្តី​ការ​បរទេស បាន​ចូល​រួម​ជា​សាធារណៈ​ជា​ញឹក​ញាប់ ​លោក អូបាម៉ា ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា លោក​មក​ទី​ក្រុង​ភ្នំពេញ គឺ​ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន​ប៉ុណ្ណោះ មិន​មែន​ជាមួយ​នឹង​កម្ពុជា​ឡើយ។ ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី ​ដែល​ជំរុញ​ដោយ​សមាជិក​សភា​អាមេរិក ក្រុម​សិទិ្ធ​មនុស្ស និង​មេ​ដឹក​នាំ​ប្រឆាំង​បាន​រាយការណ៍​ថា លោក អូបាម៉ា ​បាន​រិះគន់​ប្រវតិ្ត​នៃ​ការ​រំលោភ​សិទិ្ធ​មនុស្ស​របស់​កម្ពុជា ហើយ​បាន​អំពាវ​នាវ​ឲ្យ​ធ្វើ​កំណែ​ទម្រង់។ ចំពោះ​បញ្ហា​រកាំ​រកូស​ទាំង​អស់ ​អ្នក​ឃ្លាំ​មើល​អាស៊ាន យល់​ស្រប​រវាង​គ្នា​អំពី​ចំណុច ១ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ គឺជា​ប្រវត្តិ​សាស្រ្ត​មួយ​ដែល​គួរ​កត់​ត្រា​ទុកថា​តើ​ប្រទេស​ប្រ៊ុយណេ​អាច​ បន្ត​ធ្វើ​ប្រធាន​អាស៊ាន​ដោយ​របៀប​ណា​នៅ​ក្នុង​ឆ្នាំ​២០១៣ ៕

ការ​ដោះ​លែង​លោក​ស្រី អៀង ធីរិទ្ធ

ការ​ធើ្វ​រោគ​វិនិច្ឆ័យ​ឃើញ​ជំងឺ​វិកល​ចរិត​របស់​លោក​ស្រី អៀង ធីរិទ្ធ ​អតីត​រដ្ឋ​មន្រ្តី​សង្គម​កិច្ច ​អាយុ​៨០​ឆ្នាំ ក្នុង​របប​ខ្មែរ​ក្រហម បាន​ធ្វើ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា សម្រេច​ថា​តើ​លោក​ស្រី គ្មាន​សម្បទា​គ្រប់គ្រាន់ ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ​ឬ​យ៉ាង​ណា ហើយ​លោក​ស្រី​ត្រូវ​បាន​ដោះ​លែង​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា។ ការ​ដោះលែង​លោក​ស្រី អៀង ធីរិទ្ធ ជាមួយ​លក្ខខណ្ឌ ដែល​លោក​ស្រី​បាន​ជូន​ដំណឹង​ពី​អាសយ​ដ្ឋាន​ប្រាប់​តុលាការ ប្រគល់​លិខិត​ឆ្លង​ដែន​ រាយការណ៍​ប្រាប់​តុលាការ នៅ​ពេល​កោះ​ហៅ​ និង​ត្រួត​ពិនិត្យ​សុខភាព​ជា​ប្រចាំ បាន​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង គឺ​ជន​ត្រូវ​ចោទ​អាយុ ៨០ ប្លាយ​ឆ្នាំ​ទាំង ៣ នាក់ ​អាច​មិន​មាន​សម្បទា​គ្រប់​គ្រាន់​ដើម្បី​ទទួល​ការ​ជំនុំ​ជម្រះ ​ឬ​ស្លាប់ មុន​ពេល​សំណុំ​រឿង​០០២ បាន​បញ្ចប់។ ក្តី​បារម្ភ​ទាំង​នេះ​កាន់​តែ​ខ្លាំង​ក្លា​ថែម​ទៀត ដោយ​សារ​បញ្ហា​សុខភាព របស់​លោក អៀង សារី អាយុ​៨៧ ឆ្នាំ អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​ខ្មែរ​ក្រហម និង​ជា​ស្វាមី​លោក​ស្រី អៀង ធីរិទ្ធ ​ដែល​បាន​បន្ត​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​ជំងឺ​នឿយ​​ហត់ និង​វិល​មុខ​កាល​ពី​ខែ​កញ្ញា ដល់​ខែ​វិច្ឆិកា។ ទន្ទឹម​នឹង​នេះ ក្រុម​មេធាវី​ការ​ពារ​លោក នួន ជា បង​ធំ​ទី ២ អាយុ ៨៦ ឆ្នាំ ​បាន​ស្នើ​សុំ​ម្តង​ហើយ​ម្តង​ទៀត​ថា កូន​ក្តី​របស់​ពួក​គេ គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​តាម​ដាន​សវនាការ​នៅ​ពេល​រសៀល​ពី​បន្ទប់​ឃុំ​ របស់​ខ្លួន ដោយ​ថា គាត់​មាន​បញ្ហា​«ឈឺ​ក្បាល ​ឈឺ​ខ្នង និង​ខ្វះ​ការ​ផ្តោត​អារម្មណ៍​ទុក​ដាក់​»។ មាន​ការ​វិវត្ត​ទាំង​នេះ​បន្ថែម​លើ​សម្ពាធ​ដទៃ​ទៀត​ ត្រូវ​បន្ត​ការ​ជំនុំ​ជម្រះ ​ដែល​រួម​មាន​ការ​ថយ​ចុះ​ថវិកា និង​ការ​ចោទ​ប្រកាន់​ពី​អំពើ​ពុករលួយ និង​ការ​ជ្រៀត​ជ្រែក​របស់​រដ្ឋាភិបាល។ មនុស្ស​ជា​ច្រើន​នាក់ បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ថា ឧបសគ្គ​ទាំង​នេះ នឹង​បង្ការ​ការ​ជំនុំ​ជម្រះ​សម្រាប់​សំណុំ​រឿង​០០៣ និង ០០៤។
ក្នុង ចំណោមជន​ត្រូវ​ចោទ​ក្នុង​សំណុំ​រឿង​០០២ លោក ខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​អាយុ​៨១ ឆ្នាំ ដែល​សម្រាក​ព្យាបាល​កាល​ពី​ឆ្នាំ​មុន​ហាក់​ដូច​ជា​គ្មាន​បញ្ហា​សុខភាព​ ធ្ងន់ធ្ងរ​ឡើយ​ឆ្នាំ​នេះ៕ TK

No comments: