Monday, January 14, 2013

តើ​លោក​ សម​ រង្ស៊ី​ និង​ លោក​ម៉ម​ សូណង់ដូ​ ជា​អ្នកទោស​នយោបាយ​ឬ​ទេ​?​

​ថ្ងៃ សៅរ៍ 12 មករា 2013
Radio France Internationale

មន្ត្រី​​រដ្ឋាភិបាល​ជាន់​ខ្ពស់​នៃ​ប្រទេស​កម្ពុជា​បាន​និយាយ​ថា ប្រទេស​កម្ពុជា​គ្មាន​អ្នកទោស​នយោបាយ​ទេ។ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ និង​អង្គការ​សង្គម​ស៊ីវិល​វិញ ពួកគេ​បាន​លើក​ឡើង​ថា អ្នកទោស​នយោបាយ ​គឺ​លោក សម រង្ស៊ី និង​អ្នកទោស​មនសិកា ​គឺ​លោក ម៉ម សូណង់ដូ។
មន្ត្រី​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​អោយ​និយមន័យ​ខុស​គ្នា​ចំពោះ​ពាក្យ​ថា​អ្នកទោស​នយោបាយ និង​អ្នកទោស​ធម្មតា​ដែល​ប្រព្រឹត្ត​បទល្មើស​ជាក់​ស្តែង។​
ការ​បង្ហាញ​ទស្សនៈ​ខុសគ្នា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​គ្រោង​នឹង​លើកលែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​អ្នកទោស​ជាង​៤០០​នាក់​នៅ​ក្នុង​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​សម្តេច​ឪ នរោត្តម សីហនុ នៅ​ដើម​ខែ​កុម្ភះ​ខាង​មុខ​នេះ។
នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ទោស​ជាង​៤០០​នាក់​នេះ មិន​មាន​ឈ្មោះ លោក សម រង្ស៊ី និង​លោក ម៉ម សូណង់ដូ​ទេ។


កាល​ពី​ជាង​មួយ​ខែ​មុន លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​លើក​ឡើង​ថា ប្រទេស​កម្ពុជា​មិន​មាន​អ្នកទោស​នយោបាយ​ទេ។ ប៉ុន្តែ​មាន​​អ្នក​នយោបាយ​ប្រព្រឹត្ត​ខុស​ ហើយ​ជាប់​ទោស។ បន្ទាប់​ពី​ប្រមុខ​រាជ​រដ្ឋាភិបាល​លោក ហ៊ុន សែនបាន​ប្រកាស​រួច​ហើយ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ឡើង​វិញ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បន្ថែម​ទៀត​ថា ប្រទេស​កម្ពុជា​គ្មាន​អ្នកទោស​នយោបាយ​ទេ។

ការ​ថ្លែង​ផ្ទួនៗ​របស់​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​បាន​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​សង្គម​ស៊ីវិល​ច្រាន​ចោល។ លោក​ស្រី មួរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​សម រង្ស៊ី​បាន​ចាត់​ទុក​លោក សម រង្ស៊ី និង​លោក​ ម៉ម សូណង់ដូ ថា​ជា​អ្នកទោស​នយោបាយ​យ៉ាង​ពិត​ប្រាកដ ពី​ព្រោះ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ដោយសារ​តែ​រូប​លោក​ ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ការពារ​ទឹកដី ​និង​ការពារ​ផល​ប្រយោជន៍​ជូន​ជាតិ។
ចំពោះ​លោក ម៉ម សួណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​វិញ លោក​ក៏​ជា​អ្នកទោស​នយោបាយ​ដែរ ពី​ព្រោះ​រូប​លោក​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ចូល​ពន្ធនាគារ​ដោយ​សារ​តែ​ការ​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់។
លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​បាន​ពន្យល់​ថា លោក សម រង្ស៊ី គឺ​ជា​ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​សំណុំ​រឿង​ដែល​ជំរុញ​អោយ​រូប​លោក​ជាប់​ពន្ធនាគារ​គឺ​ទាក់ទង​ទៅ​នឹង​រឿង​បូរណភាព​ទឹកដី​របស់​ជាតិ។ ដូច្នេះ លោក​គឺ​ជា​អ្នកទោស​នយោបាយ។ រីឯ លោក ម៉ម សូណង់ដូ គឺ​ជា​អ្នកទោស​មនសិកា។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​និយាយ​យ៉ាង​ខ្លី​ថា លោក សម រង្ស៊ី គឺ​ជា​អ្នកទោស​នយោបាយ រីឯ​លោក ម៉ម សូណង់ដូ គឺ​ជា​អ្នកទោស​សតិ​សម្បជញ្ជៈ។


សម្រាប់​លោក ស ខេង រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​វិញ ករណី​លោក សម រង្ស៊ី ពិបាក​ថា​ជា​អ្នក​ទោស​នយោបាយ​ណាស់​ពី​ព្រោះ​ គេ​អាច​ហៅ​មនុស្ស​ម្នាក់​ថា ជា​អ្នកទោស​នយោបាយ​បាន ​លុះ​ត្រា​តែ​អ្នក​នោះ​ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយសារ​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​ចំពោះ​លោក ​សម រង្ស៊ី វិញ លោក ត្រូវ​បាន​គេ​ចាប់​ខ្លួន​ដោយសារ​តែ​លោក​បាន​ទៅ​ដក​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​គ្រវាត់​ចោល៕

No comments: