Saturday, February 16, 2013

ការចរចាគ្មានដំណោះស្រាយ រវាងថៅកែរោងចក្រឡុងប្រាយ និងកម្មករ នៅបាវិត ក្រោយពេលប្រជុំអស់មួយព្រឹក

កិច្ចប្រជុំ​រក​ដំណោះស្រាយ​នៅ​សាលាក្រុង​បាវិត រវាង​អាជ្ញាធរខេត្ត​ក្រុង​មន្ទីរជំនាញ​ពាក់ព័ន្ធ តំណាង​កម្មករ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​
(ថ្ងៃទី 16 កុម្ភៈ 2013, ម៉ោង 05:55:PM) | ដោយ: ចន្រ្ទា CEN
ស្វាយរៀង: កិច្ចប្រជុំ​ពិភាក្សា​យ៉ាង​តឹងសរសៃក​ដើម្បី​រក​ដំណោះស្រាយ​វិវាទ​ការងារ​ជូន ​បងប្អូន​កម្មករ រោងចក្រ ក្រុមហ៊ុន​ឡុង​ប្រាយ អេ​ឡិច​ទ្រិ​ច​សេន​ធើ​ប្រាយ រវាង​តំណាង​កម្មករ សម្ព័ន្ធសហជីព​ចលនា​កម្មក​រ ជាមួយ​ថៅកែ​រោងចក្រ ក្រោម​អធិបតីភាព លោក​រស់ ឆាយ អភិបាលរង​ខេត្តស្វាយរៀង និង​ជា​ប្រជា​ប្រធាន​គណៈកម្មការ ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​គ្រប់មុខ​សញ្ញា​ក្នុង​ខេត្ត ពោលគឺ​ពុំទាន់​បាន​លទ្ធផល​អ្វី​ទាំងអស់​។​ ​កិច្ចប្រជុំ​នេះ បាន​ចាប់ដំណើរការ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ ឆ្នាំ​២០១៣​នៅ​សាលប្រជុំ​របស់​សាលាក្រុង​បាវិត​។​
​លោ​អ៊ូ សុខឿន មន្ត្រី​តំណាង​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ប្រចាំការ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង និង​មេន​ហាត​ធេ​ន នៅ​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ ពុំទាន់​ចេញ​ជា​លទ្ធផល​ផ្លែផ្កា​នៅឡើយ​ទេ ពីព្រោះ​ភាគី​ទាំងសងខាង​ពុំទាន់​យល់ព្រម​អនុគ្រោះ​ឲ្យ​គ្នា ទោះបីជា​ខាង​អាជ្ញាធរខេត្ត​ក៏ដូចជា​មន្ត្រី​ជំនាញ​ព្យាយាម​ធ្វើការ​ សម្របសម្រួល​ក៏ដោយ ហើយ​ឥឡូវនេះ​ខាង​ក្រុមហ៊ុន​គេ​ទុកពេល​ឲ្យ​រយៈ​៣​ថៃ្ង​ទៀត ទើប​ឲ្យ​កម្មករ​ចូលធ្វើការ ដូច្នេះ​ក្នុងកំឡុងពេល​៣​ថ្ងៃនេះ​អាច​ប្រហែលជា​យល់ព្រម​នូវ​បញ្ហា​ខ្លះ​ក៏​ ថា​បាន​។​

​លោ​អ៊ូ សុខឿន បា​បន្តទៀតថា ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែកុម្ភៈ ឆ្នាំ​២០១៣ ក៏​នឹងមាន​ការប្រជុំ​ពិភាក្សា​ដ៏​ធំ​ម​យ​យ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ ហាត​ធេ​ន រវាង​ថៅកែ​រោងចក្រ​ទាំងអស់​ក្នុង​ក្រុង​បាវិត​ជាមួយ​តំណាង​កម្មករ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និង​អាជ្ញាធរ​ដែនដី​មន្ត្រី​ជំនាញ​ផងដែរ​ដើម្បី​ពិភាក្សា​អំពី​ការទាមទារ​ តម្លើង​ប្រាក់ខែ​គោល​ពី​៦១​ដុល្លារ​ទៅ​១២០​ដុល្លារ ឬ​១៥០​ដុល្លារ របស់​កម្មករ​កម្មការិនី​រោងចក្រ​មួយចំនួនទៀត​ដែល​បានធ្វើ​កូដកម្ម នាពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​។​

​បើ​យោងតាម​កំណត់ហេតុ​នៃ​ អង្គប្រជុំ​ពិភាក្សា​នេះ គឺ​ផ្តោតទៅលើ​ការទាមទារ​របស់​បង​ប្អូន​កម្មករ នៅ​រោងចក្រ​ឡុង​ប្រាយ​ប្រមាណ​ជាង​៦០០​នាក់​ព្រមទាំង​មានការ​ចូលរួម​ពី​ សំណាក់​តំណាង​កម្មករ​-​ថៅកែ​រោងចក្រ ខាង​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​អាជ្ញាធរខេត្ត ក្រុង​បាវិត សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា ចំណុច​ដែល​បងប្អូន​កម្ម​ករទា​ម​ទារ​មាន​៦​ចំណុច​គឺ ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​លោក​ដេវីត​ជា​ប្រធាន​រដ្ឋបាល​របស់​ ក្រុមហ៊ុន​។ ទី​២-​សូម​ឲ្យ​ក្រុមហ៊ុន​បន្ថយ​ចំនួន​ដុំ​នៅ​ផ្នែក​ដោយ​ខ្សែ​ក្នុង​៨​ម៉ោង​ មក​ត្រឹម​៦០​ដុំ ហើយ​នៅ​ផ្នែក​គីប​អំពូល​មក​ត្រឹម​៤០​ដុំ​។ ទី​៣-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដាក់ទណ្ឌកម្ម​ទៅលើ​កម្មករ​-​កម្មការិនី ដែល​បាន​ចូលរួម​ធ្វើ​កូដកម្ម​។ ទី​៤-​សូម​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការដក​កម្មករ​កម្មការិនី​ណា​ដែល​ដល់​ កិច្ចសន្យា​ពីព្រោះ​ក្រុមហ៊ុន​នៅតែ​ជ្រើសរើស​កម្មករ​។ ទី​៥-​បញ្ឈប់​ការរើសអើង​ក្នុងការ​បង្កើត​សហជីព​របស់​បងប្អូន​កម្មករនិយោជិត និង​ទី​៦- ការ​ថែម​ម៉ោង​ត្រូវ​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​។​

​ ក្រោយពី​តំណាង​កម្មករ​លើក​សំណូមពរ​ទាំង​៦​ចំណុច ព្រមទាំង​បញ្ជាក់​ពី​មូលហេតុ​និង​មានការ​បកស្រាយ​ផ្លូវច្បាប់​របស់​តំណាង ក្រសួង​ជំនាញ រួចមក​ការងារ​ពិភាក្សា​លើ​ជ​ម្រើ​ល​ជាច្រើន​បានសម្រេច​លទ្ធផល ដោយ​ចំណុច​ទី​១ សុំ​ក្រុមហ៊ុន​បញ្ឈប់​លោក​ដេវីត​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន​នេះ មិនបាន​ព្រមព្រៀង​រវាង​តំណាង​កម្មករ​និង​ម្ចាស់​រោងចក្រ​ទេ ដោយសារ​តំណាង​កម្មករ​នៅតែ​ទាមទារ​ដក​លោក​ដេវីត ចេញពី​ការងារ ទោះបី​ម្ចាស់​រោងចក្រ​យល់ព្រម​ប្តូរ​តួ​នា​តី​ការងារ​របស់លោក​ដេវីត​ទៅ​ កន្លែង​ផ្សេង​ក្នុង​រោងចក្រ ដែល​មិន​ពាក់ព័ន្ធ​និង​ការងារ​កម្មករ​ក៏ដោយ​។ ចំណែក​ចំណុច​ទី​២ មិនមាន​ការព្រមព្រៀង​ទេ កម្មករ​ព្រម​តម្លើង​ពី​៦០​ដុំ​ទៅ​៦៥​ដុំ​តូច រីឯ​ភាគី​រោងចក្រ​ព្រម​បន្ថយ​ពី​៧០​ដុំ​មក​ត្រឹម​៦៩​ដុំ​តូច​ក្នុង​រយៈពេល​៨ ​ម៉ោង​។ ដោយឡែក​ចំណុច​ទី​៣ ទី​៤ ទី​៥ និង​ទី​៦ លើក​យកទៅ​ពិភាក្សា​នៅពេល​ក្រោយ​ទៀត​។​

​សូមបញ្ជាក់ថា មាន​កម្មករ កម្មការិនី ប្រមាណ​២​ម៉ឺន​នាក់ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង និង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន ក្រុង​បាវិត ខេត្តស្វាយរៀង បានធ្វើ​កូដកម្ម​តាំងពី​ថ្ងៃទី​១១ រហូតមក​ទី​១៦ ខែកុម្ភៈ ២០១៣​នេះ ពួកគេ​ទាំងនោះ បានធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​អត្ថប្រយោជន៍​ការងារ​មួយចំនួន​ពី​បណ្តា​ ថៅកែ​រោងចក្រ​។ ដោយឡែក កាលពី​ព្រឹក​ថ្ងៃទី​១៣​កុម្ភៈ ឆ្នាំ​២០១៣ កម្មករ​រោងចក្រ ឡុង​ប្រាយ ដែល​ផលិត​អំពូល​អគ្គិសនី មាន​ចំនួន​ជាង ៦០០ នាក់ បាន​លើកគ្នា ទៅកាន់​ទី​រួម​ខេត្តស្វាយរៀង ដើម្បី​ស្នើសុំ​អភិបាលខេត្ត​ស្វាយរៀង ឲ្យ​ជួយ​អន្តរាគមន៍ រក​ដំណោះស្រាយ ចំពោះ​ការតវ៉ា​យូរថ្ងៃ​មកហើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ នេះ មាន​រោងចក្រ​ចំនួន​៣ បាន​បើកទ្វារ​អនុញ្ញាត​ឲ្យ​កម្មករ​ចូលធ្វើការ​ជាធម្មតា​វិញ ដោយសារតែ​ភាគី​ថៅកែ និង​កម្មករ ពុំមាន​វិវាទ​នឹង​គ្នា​។ ចំណែក​កម្មករ​រោងចក្រ​ផ្សេងទៀត ដែលមាន​វិវាទ​ជាមួយ​ថៅកែ​រោងចក្រ​ទាំងអស់ ក្នុង​តំបន់​សេដ្ឋកិច្ច​ទាំងពីរ​នៅ​ក្រុង​បាវិត គឺ​ពុំទាន់​បាន​ចូលធ្វើ​ការងារ​វិញ​ទេ​៕

No comments: