Sunday, March 17, 2013

ការចូលរួមគឺជាគន្លឹះសំរាប់លទ្ធិប្រជាធិបតេយ្យរឹងមាំ

ថ្ងៃទី 17 មីនា 2013
ដោយ: លោក William E. Todd ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ: ខ្ញុំមានសេចក្តីរីករាយដោយឃើញថា ខ្ទង់សារព័ត៌មានរបស់ខ្ញុំកាលពីសប្តាហ៍មុន ដែលមានចំណងជើងថា “ទាញយកប្រយោជន៍ពីបញ្ហាប្រឈមនៃនគរូបនីយកម្ម” បានទាក់ទាញការយកចិត្តទុកដាក់ជាច្រើនរបស់មិត្តអ្នកអាន។ ជាពិសេស មានច្រើនគ្នាបាននិយាយពីតួនាទីដ៏សំខាន់របស់ពលរដ្ឋនៅក្នុងអភិបាលកិច្ចមូលដ្ឋាន និងក្នុងការធ្វើអោយការអភិវឌ្ឍន៍បំពេញសេចក្តីត្រូវការរបស់ប្រជាជន។

ជាការភ្ជាប់ទៅនឹងគំនិតស្តីពីការចូលរួមរបស់ពលរដ្ឋក្នុងអភិបាលកិច្ច ដែលមានទាក់ទងនឹងរឿងនេះ គេបានសួរខ្ញុំថា តើមានឱកាសអ្វីខ្លះសំរាប់ប្រទេសកម្ពុជា ក្នុងពេលបោះឆ្នោតខែកក្កដាខាងមុខនេះ?”។

ខ្ញុំជឿថា ការបោះឆ្នោតនៅពេលខាងមុខនេះផ្តល់អោយ ប្រទេសកម្ពុជា នូវឱកាសយ៉ាងសំខាន់ ក្នុងការពង្រឹង ប្រជាធិបតេយ្យ របស់ខ្លួន ហើយបង្ហាញ អោយពិភពលោក ឃើញនូវ ដំណើរការ បោះឆ្នោតមួយ ដែលមានភាពសេរី និងយុត្តិធម៌។


ការបោះឆ្នោតបង្ហាញ ពីឱកាសធ្វើការ ផ្តោតការយកចិត្ត ទុកដាក់លើបញ្ហា ពិតប្រាកដ ដែលនឹងប៉ះពាល់ ដល់ការអភិវឌ្ឍន៍ របស់ប្រទេសកម្ពុជា ដូចជាការងារ និងការកាត់ បន្ថយភាពក្រីក្រ។ ការបោះឆ្នោត ដែលធ្វើអោយ គេទុកចិត្តបាន ក៏ជំរុញផងដែរដល់ក្តីសង្ឃឹម និងសុទិដ្ឋិនិយម ទៅលើអនាគតរបស់ប្រទេសជាតិ។ ដូចលោកអ្នកមើលឃើញហើយ ខ្ញុំជឿថា ការបោះឆ្នោត នៅពេលខាងមុខ គឺមានសារៈសំខាន់ ណាស់ ហើយផ្តល់ អោយកម្ពុជា នូវឱកាសនានា នៅតាម លំដាប់ថ្នាក់ នានាជាច្រើន។ ខ្លឹមសារ រួមមួយគឺថា វាទាមទារការ ចូលរួម ពេញលេញ របស់អ្នកបោះឆ្នោត និងអ្នកនយោបាយ ទាំងអស់ ដើម្បីទាញយក អត្ថប្រយោជន៍ ពីឱកាស និមួយៗ។

ពិតមែនថា គ្មានលទ្ធិប្រជាធិបតេយ្យណាមួយល្អឥតខ្ចោះទេ តែការធ្វើអោយមានប្រជាជន ច្រើនចូលរួម ក្នុងដំណើរ ការបោះឆ្នោត ដូចជាក្នុងការ ធ្វើយុទ្ធនាការ ការសួរសំណួរ ដល់បេក្ខជន និងចុងក្រោយ ការគូសសន្លឹកឆ្នោត គឺជាវិធីល្អ បំផុត ក្នុងការ កសាង លទ្ធិប្រជាធិបតេយ្យ។ “Demos” ជាភាសាក្រិក ដែល មានន័យថា “ប្រជាជន” ហើយពាក្យនេះ បានបញ្ជាក់ អំពីប្រជាធិបតេយ្យ គឺជាការ ផ្តល់ឱកាស ដល់ប្រជាពលរដ្ឋ ទាំងអស់ នៅក្នុងប្រទេស មួយ ប្រើសិទ្ធិ ដើម្បីសំរេច លើរបៀប ដឹកនាំនៃ ប្រទេសតាម ការចង់បានរបស់គេ។

រាល់ ពេលដែលខ្ញុំទៅបោះឆ្នោតនៅសហរដ្ឋអាមេរិក ខ្ញុំតែងតែនឹកចាំថា កន្លងមកមិនមែនគ្រប់ជនជាតិអាមេរិក ទាំងអស់មានសិទ្ធិបោះឆ្នោតនោះទេ។ រហូតមកដល់ឆ្នាំ ១៩២០ ទើបស្ត្រីនៅសហរដ្ឋអាមេរិកមានសិទ្ធិ បោះឆ្នោត ហើយរហូតមកដល់ទសវត្សឆ្នាំ ១៩៦០ ទើបជនជាតិអាមេរិកដើមកំណើតអាហ្វ្រិកអាចប្រើ សិទ្ធិបោះឆ្នោតពេញលេញរបស់គេបាន។ សហរដ្ឋអាមេរិក ដូចគ្រប់ប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ដទៃទាំងអស់ដែរ កន្លងមកត្រូវការកែលំអរប្រព័ន្ធបោះឆ្នោតរបស់ខ្លួនជាប្រចាំ ដើម្បីធ្វើអោយវាកាន់តែមាន ភាពសេរី យុត្តិធម៌ តំលាភាព និងការចូលរួមច្រើនឡើង។

យើងបន្តធ្វើការកែទំរង់ប្រព័ន្ធរបស់យើង ដោយ ប្រើរបៀបថ្មីៗ ដូចជាការចុះឈ្មោះអ្នកបោះឆ្នោតដោយមិនប្រើក្រដាស ការបោះឆ្នោតតាមសំបុត្រ ហើយ មានរហូតដល់ការបោះឆ្នោតដោយបើករថយន្តចូលដល់កន្លែងបោះឆ្នោត ហើយបោះឆ្នោតពីក្នុងរថយន្ត ទៀតផង! នៅពេលប្រទេសកម្ពុជាធ្វើការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ កម្ពុជាក៏ត្រូវបន្តធ្វើការកែទំរង់ផងដែរ ដើម្បីធ្វើយ៉ាងណាអោយដំណើរការបោះឆ្នោតឆ្លុះបញ្ចាំងឆន្ទៈរបស់ប្រជាជន និងអោយបេក្ខជនទាំងអស់អាចប្រកួតប្រជែងដោយស្មើភាព។

ដើម្បីធ្វើអោយអ្នកបោះឆ្នោតធ្វើការសំរេចចិត្តបានត្រឹមត្រូវ គេត្រូវតែអាចដឹងឮពីគ្រប់ភាគីទាំងអស់។ ក្រុមប្រឹក្សាយុវជនរបស់ខ្ញុំបានពិភ្សាជាមួយខ្ញុំក្នុងកិច្ចប្រជុំកាល ពីថ្ងៃសុក្រថ្មីៗនេះ ស្តីពីការផ្តល់លទ្ធភាពអោយប្រព័ន្ធផ្សព្វផ្សាយចូលយកព័ត៌មានពីដំណើរការបោះឆ្នោត ដែលជាការធ្វើអោយដំណើរការមានតំលាភាព។ ការបោះឆ្នោតនៅកម្ពុជាដែលអាចអោយគេជឿទុកចិត្ត បាន អាស្រ័យលើបញ្ហាទាំងនេះ ហើយអ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនបានផ្តល់អនុសាសន៍យ៉ាងល្អ សំរាប់ធ្វើអោយដំណើរការបោះឆ្នោតនៅកម្ពុជាមានលក្ខណៈបើកចំហច្រើន។

សហរដ្ឋអាមេរិកគាំទ្រនូវ សំណើទាំងនេះ ហើយបានសុំអោយរដ្ឋាភិបាលធ្វើការពិចារណាអោយបានហ្មត់ចត់លើសំណើនេះ ដើម្បី អោយអ្នកចូលរួមនយោបាយទាំងអស់ ដែលតំណាងអោយទស្សនៈផ្សេងៗជាច្រើន អាចប្រកួតប្រជែង ដោយយុត្តិធម៌ ក្នុងការបោះឆ្នោតនៅខែកក្កដាខាងមុខនេះ។

ខ្ញុំរីករាយណាស់ដោយឃើញថា សហរដ្ឋអាមេរិកកំពុងធ្វើការ ទាំងជាមួយរដ្ឋាភិបាល ទាំងជាមួយ សង្គមស៊ីវិល ក្នុងការខិតខំដើម្បីធ្វើអោយដំណើរការបោះឆ្នោតជារួមនៅកម្ពុជាមានភាពគួរអោយទុកចិត្តបាន។ ពិតណាស់ សហរដ្ឋអាមេរិកមិនកាន់ខាងបេក្ខជន ឬគណបក្សណាមួយទេ។ យើងផ្តោតការយកចិត្តទុកដាក់សំខាន់តែទៅលើដំណើរការទេ ដោយធ្វើយ៉ាងណាអោយអ្នកបោះឆ្នោតអាចសំរេចចិត្តបានត្រឹមត្រូវ ហើយនៅពេលគេគូសសន្លឹកឆ្នោតអោយអ្នកដែលគេគិតថា ជាបេក្ខជនល្អបំផុតនោះ លទ្ធផលឆ្លុះបញ្ចាំងពីឆន្ទៈរបស់គេ។

ឧទាហរណ៍ សហរដ្ឋអាមេរិកជួយអោយមានការពិភាក្សាដេញដោលគ្នា ដែលផ្តល់អោយអ្នកបោះឆ្នោតនូវឱកាសបានដឹងលឺដោយផ្ទាល់នូវទស្សនៈ និងយោបល់របស់បេក្ខជនមកពីគណបក្សផ្សេងៗសំរាប់ កែលំអប្រទេសកម្ពុជា។ កម្មវិធីចាក់ផ្សាយតាមទូរទស្សន៍ “អ្នកជំនាន់ថ្មី” ធ្វើអោយយុវជនអាចពិភាក្សា ពីបញ្ហាសំខាន់ៗក្នុងសង្គមខ្មែរ ដើម្បីធ្វើការពិចារណានៅពេលបោះឆ្នោត។ សហរដ្ឋអាមេរិកក៏ផ្តល់ការ គាំទ្រផងដែរដល់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងការជួយកែលំអការបណ្តុះបណ្តាល និង ជំនាញរបស់បុគ្គលិកតាមស្ថានីយបោះឆ្នោត។ ចំណុចចុងក្រោយ នៅថ្ងៃបោះឆ្នោត យើងនឹងជួយប្រជាជន កម្ពុជាក្នុងការធ្វើជាអ្នកតាមដាននៅតាមស្ថានីយបោះឆ្នោត ដើម្បីជួយវាយតំលៃថា តើការបោះឆ្នោតបាន ប្រព្រឹត្តទៅស្របតាមបទដ្ឋានអន្តរជាតិដែរឬទេ។

ការបង្កើតប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ និងការការពារសិទ្ធិមនុស្សនៅកម្ពុជាគឺជាចំណុចគន្លឹះនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ ១៩៩១ ដែលបានជួយបើកទំព័រថ្មីនៃរយៈកាលរាប់ឆ្នាំនៃសង្គ្រាម និងការរំជើបរំជួលក្នុងប្រទេស។ ដោយអនុញ្ញាតអោយប្រជាជនកម្ពុជាជ្រើសរើសមេដឹកនាំរបស់គេតាមរយៈការបោះឆ្នោតដែលមានលក្ខណៈគួរអោយទុកចិត្តបាន ហើយកំណត់អោយមេដឹកនាំនោះទទួលខុសត្រូវចំពោះទង្វើរបស់គេ នោះគេនឹងមានការសង្ឃឹមថា ប្រទេសកម្ពុជានឹងមិនងាយមានសង្គ្រាម ឬជំលោះទេ ហើយវាជាការពិតដែលថា រយៈពេល ២ ទសវត្សចុងក្រោយនេះគឺជារយៈពេលមានសន្តិភាព និងកំណើននៃវិបុលភាព។

ដើម្បីបន្តដំណើរទៅមុខនេះ ហើយពង្រឹងសមទ្ធិផលដែលទទួលបាន កម្ពុជាត្រូវការបង្កើនការខិតខំទ្វេឡើង ដើម្បីធ្វើដំណើរចេញពីប្រទេសប្រជាធិបតេយ្យអន្តរកាល ទៅរកប្រទេសប្រជាធិបតេយ្យស្ថិតស្ថេរមួយ។ ជាផ្នែកមួយនៃគោលដៅរបស់ខ្ញុំក្នុងការផ្តើមអោយមានភាពជាដៃគូប្រកបដោយប្រសិទ្ធ ភាពច្រើនរវាងប្រទេសយើងទាំងពីរ ខ្ញុំមានចិត្តរីករាយដោយមើលឃើញថា សហរដ្ឋអាមេរិកនៅចាំជួយ ប្រទេសកម្ពុជាក្នុងការខិតខំនេះ។

ចំពោះអ្នកដែលអានខ្ទង់សារព័ត៌មានរបស់ខ្ញុំជាប្រចាំ ខ្ញុំសង្ឃឹមថា លោកអ្នកពិតជាយល់បានថាតើខ្ញុំពិតជាយកចិត្តទុកដាក់ប៉ុនណាចំពោះប្រទេស និងប្រជាជនកម្ពុជា។

បុគ្គលិករបស់ខ្ញុំនៅស្ថានទូត និងរូបខ្ញុំកំពុងធ្វើការរាល់ថ្ងៃដើម្បីជួយអោយប្រទេសកម្ពុជាសំរេចគោលដៅរបស់ខ្លួន តាមវិធីជាច្រើន ដូចជា ក្នុងផ្នែកសុខាភិបាល ការអភិវឌ្ឍន៍សេដ្ឋកិច្ច អាហារូបត្ថម្ភ សន្តិសុខ និងការអប់រំ។ យើងគ្មានចង់បានអ្វីក្រៅពីជោគជ័យសំរាប់ ប្រទេស កម្ពុជា ទេ ដែលក្នុងនោះ អ្នកផ្សេងមើលឃើញបញ្ហាប្រឈម តែយើងមើលឃើញលទ្ធភាពគ្មានទីកំណត់។ ជាមួយនឹងការបោះឆ្នោត នៅពេល ខាងមុខនេះ ប្រទេសកម្ពុជាមានឱកាសពិសេសក្នុងការបង្ហាញដល់ពិភពលោកថា តើខ្លួនបានធ្វើដំណើរចេញ ពីអតីតកាល ដ៏ខ្មៅងងឹតរបស់ខ្លួនបានឆ្ងាយប៉ុនណាហើយ។

សូមអរគុណដែលបានចំណាយពេលអានខ្ទង់សារព័ត៌មានរបស់ខ្ញុំ។ បើអាចធ្វើបានសូមរកពេលផ្ញើសំណួរ របស់លោកអ្នក ជាភាសាខ្មែរ ឬ ភាសាអង់គ្លេស មកតាមអ៊ីម៉េលAskAMBToddPP@state.gov ហើយសូមតាមដាន Blog ដែលមានអសយដ្ឋាន

http://blogs.usembassy.gov/todd/

- See more at: http://www.cen.com.kh/localnews/show_detail/29?token=ODQxOWJmNT#sthash.Zez1JWcn.dpuf

1 comment:

Anonymous said...

Thank you Todd for sharing your thought to educate khmer people about DEMOCRACY at work. You are the best ambassador as i know... Keep doing good work to educate people about real democracy.

WA