Saturday, March 30, 2013

គណបក្ស​​សង្គ្រោះ​ជាតិ សន្យា​​ពន្លឿន​​ការ​ស៊ើប​អង្កេត​ ករណី​​គប់​គ្រាប់​បែក​​មុខ​​អតីត​​រដ្ឋ​សភា​


ដោយ តាំង វី​ដា និង ពៅ មេត្តា ថ្ងៃសៅរ៍ ទី30 មីនា ឆ្នាំ2013 ម៉ោង11:27  VOD
ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ សន្យា​ពន្លឿ​ននីតិវិធី​ស៊ើបអង្កេត ករណី​សោ​កនាដ​កម្ម​​ស្លាប់​​បាតុករ និង​ជនរងគ្រោះ​រាប់​រយ​នាក់ ក្នុង​ព្រឹត្តការណ៍​គប់​គ្រាប់បែក មុខ​អតីត​​រដ្ឋ​សភា ប្រសិនបើ​គណបក្ស​ខ្លួន​ឈ្នះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​នេះ​។​
​ការអះអាង​បែបនេះ​ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​​សៅរ៍ ទី៣០ ខែ​មីនា​នេះ ក្នុង​ពី​ធី​រំលឹក​វិញ្ញាណក្ខន្ធ​​​បាតុករ ខួប​លើក​ទី១៦ ដែល​បាន​បាត់បង់​ជីវិត​ដោយ​ការ​គប់​គ្រាប់បែក កាលពី​ថ្ងៃ​ទី៣០ ខែ​មីនា ឆ្នាំ ១៩៩៧ មុខ​អតីត​មន្ទីរ​រដ្ឋសភា​។​
​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍​តាមរយៈ​ខ្សែ​វីដេអូ​ខន​ហ្វើ​រិន​ថា លោក​នឹង​​ពន្លឿន​​ការ​​ស៊ើប​អង្កេត​​​ឲ្យបាន​រហ័ស ករណី​គប់​គ្រាប់បែក ៤​គ្រាប់ ទៅ​ក្នុង​ចំណោម​បាតុករ​ធ្វើ​កូដកម្ម​អហិង្សា មុខ​អតីត​មន្ទីរ​រដ្ឋសភា ខាងត្បូង​ព្រះបរមរាជវាំង ដើម្បី​ស្វែងរក​មុខ​ឃាតករ យក​មក​ផ្តន្ទាទោស​តាមច្បាប់ បើ​គណបក្ស​របស់​លោកឈ្នះឆ្នោត​ក្នុង​ការជ្រើសរើស​តំណាងរាស្ត្រ​អាណត្តិ​ទី​៥​ នោះ។​

​ថ្លែង​ក្នុង​ពិធី​រំលឹក​វិញ្ញាណ​ក្ខន្ធ​នេះ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មានប្រសាសន៍​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពន្លឿន​សវនាការ​​សាលាក្តី​ខ្មែរក្រហម ព្រមទាំង​ស្វែងរក​យុត្តិធម៌ ដោះស្រាយ​បញ្ហា​ពាក់ព័ន្ធ​នឹង​សកម្មជន​ដីធ្លី​​បឹង​កក់ អ្នកស្រី យ៉ោម បុប្ផា ផងដែរ ក្នុង​​អាណត្តិ​ថ្មី​នេះ បើ​គណបក្ស​សង្គ្រោះ​ជាតិឈ្នះឆ្នោត​។​
​ពិធី​រំលឹក​ខួប​លើក​ទី១៦​នេះ មាន​ការចូលរួម​ពី​ប្រធាន​គណបក្ស​សម​រង្ស៊ី លោក គង់ គាំ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុល ហំ និង​ថ្នាក់ដឹកនាំ​មួយចំនួន ព្រមទាំង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ។​
​ហេតុការណ៍​គប់​គ្រាប់បែក​នេះ បាន​ធ្វើឲ្យ​បាតុករ ១៦​នាក់​ស្លាប់ និង​ប្រមាណ ២០០​រយ​នាក់ រងរបួស​។ បើ​ទោះ​ជា​ហេតុការណ៍​នេះ កើតឡើង ១៦​ឆ្នាំ ហើយ​ក៏​ដោយ តែ​សមត្ថកិច្ច​នៅតែ​មិន​ទាន់​រក​ជនដៃដល់​ម​ក​ផ្តន្ទាទោស តាម​ផ្លូវ​ច្បាប់​បាន​នៅឡើយ​ទេ​៕

1 comment:

Anonymous said...

ពីជាតិខ្មែរ ដល់សង្រ្គោះជាតិ ១៦ឆ្នាំកន្លងផុតតើ លោកប្រធានសមរង្ស៊ីបានជួយធ្វើអ្វីខ្លះដល់ក្រុម
គ្រួសារជនរងគ្រោះ​ដែល ស្លាប់និងរបួស?ដោយសារឃាតកយង់ឃ្នងគប់គ្រាប់បែក ថ្ងៃ៣០ មិនា ១៩៩៧ ។ យើងគ្រប់គ្នាចាំមិនភ្លេចទេនូវលិខិតមួយសន្លឹក ដែលលោក សរសេរ ទាក់ទងរឿងគប់គ្រាប់បែក ៣០/៣/៩៧ លិខិតខែ០១ឆ្នាំ២០០៦ ។ គឹលោកសារភាពចំពោះជនសង្ស័យជាឃា​តក និងសន្យាជាមួយជនសង្ស័យថាលោកឈប់ប្ដឹង
ផ្ដល់រឿងគប់គ្រាប់បែក ៣០ មិនា​ទៀតហើយ
រឿងនេះលោកនៅចាំទេ? បើលោកភ្លេចប្រយ័ត្ន រន្ទះបាញ់ព្រោះនៅស្រុកបារាំងក៏មានរន្ទះដែរ។
ពេលជិតរកសំឡេងឆ្នោតបោកប្រាស់រាស្រ្ដទៀត
ហើយ។ បងប្អូនប្រយ័ត្នចាំបោក​សម រស្ស៊ី។