Saturday, March 30, 2013

HW ជំរុញ​ឲ្យ​ម្ចាស់​ជំនួយ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ឲ្យ​ដោះលែង​អ្នកស្រី​ យ៉ោម ​បុប្ផា​

 
ដោយ ពៅ មេត្តា ថ្ងៃសៅរ៍ ទី30 មីនា ឆ្នាំ2013 ម៉ោង10:59 VOD
អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(HW) ជំរុញ​ឲ្យ​ប្រទេស​ម្ចាស់​ជំនួយ ដាក់​សម្ពាធ​លើ​​​​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​ដោះលែង​អ្នកស្រី ​យ៉ោម បុប្ផា ​សកម្មជន​ដីធ្លី​បឹងកក់​ជាបន្ទាន់ ដោយ​ឥត​លក្ខខណ្ឌ​។​
​ក្នុង​សេចក្តីថ្លែងការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ កាលពី​ថ្ងៃសុក្រ​ម្សិល​មិញ​ បាន​​អំពាវ​នាវ​​ឲ្យ​​ម្ចាស់​​ជំនួយ​​ដាក់​សម្ពាធ​​លើ​កម្ពុជា​ប្រឆាំងនឹង​ ការ​សម្រេច​​របស់តុលាការ​កំពូល ​កាលពី​ថ្ងៃ​ទី​២៧​ ខែ​មីនា​នេះ បន្ត​ឃុំខ្លួន​អ្នកស្រី​ យ៉ោម បុ​ប្ផា សកម្ម​ជន​​ដីធ្លី​​នៅ​តំបន់​​បឹង​​កក់​។ ក្នុង​​សេចក្តីថ្លែងការណ៍​នោះ ក៏​បាន​ទាមទារ​ឲ្យ​ដោះ​លែង​​សកម្ម​ជន​​ដី​ធ្លី​រូ​ប​នោះ​ជា​បន្ទាន់ ដោយ​​អត់​លក្ខ​ខណ្ឌ​​ផង​ដែរ​។​
​អ្នកស្រី យ៉ោម បុ​ប្ផា ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ​៣​ឆ្នាំ ពី​បទ​បង្ករ​ហិង្សា​ដោយ​ចេតនា​លើ​អ្នករត់​ម៉ូតូឌុប​ពីរ​នាក់​កាលពី​ខែ​កញ្ញា ​ឆ្នាំ​២០១២​។ ការផ្តន្ទាទោស​នេះ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចេញ​សេចក្តី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ ​អំពាវនាវ​ដោះលែង​សកម្មជន​ដីធ្លី​រូបនោះ ជា​បន្ទាន់​ហើយ​ចោទថា រដ្ឋាភិបាល​ប្រើ​តុលាការ​ទប់​ទល់ ជាមួយ​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​តវ៉ា​រឿង​ដីធ្លី​។​
​តែ​កន្លងទៅ​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា អ្នកស្រី​ យ៉ោម បុប្ផា បាន​វាយដំ​​លើ​អ្នក​រត់​ម៉ូតូ​ ដែល​តុលាការ​ត្រូវ​កាត់ទោស​តាមច្បាប់​។​ លោកនាយក​រដ្ឋ​មន្ត្រី​បន្តថា ការ​ដែល​សង្គម​ស៊ីវិល បង្វែរ​រឿង​ព្រហ្មទណ្ឌ​របស់​អ្នកស្រី​យ៉ោម បុប្ផា ថា​ជា​ករណី​បង្ក្រាប​សកម្ម​ជ​ដីធ្លី​នោះ ជា​រឿង​អយុត្តិធម៌​សម្រាប់​រដ្ឋាភិបាល​៕
 

No comments: