|
ឈើត្រូវគេកាប់នៅក្នុងតំបន់អភិរក្សសត្វព្រៃលំផាត់។ រូបថត អង្គការអាដហុក |
Wednesday, 08 May 2013
ផាក់ ស៊ាងលី និង Shane Worrell
ភ្នំពេញ ប៉ុស្តិ៍
រតនគិរីៈ នៅថ្ងៃនេះ ម្ចាស់មូលនិធិពីបរទេសដែលផ្តល់ប្រាក់ឲ្យក្រុមហ៊ុនវៀតណាម HAGL និងអង្គការសង្គមស៊ីវិលមួយចំនួននឹងចុះទៅពិនិត្យតំបន់អភិរក្សសត្វព្រៃលំផាត់ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានក្រុមហ៊ុនវៀតណាមមួយនេះកាប់បំផ្លាញដោយខុសច្បាប់អស់ព្រៃឈើជិត១ម៉ឺនហិកតាចាប់តាំងពីខែតុលាមក។ នេះបើតាមមន្រ្តីអង្គការក្រៅរដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញ។
លោកស៊ុម ភារុណ មន្រ្តីគម្រោងរបស់អង្គការជីវិតបក្សីអន្តរជាតិសម្រាប់កម្ពុជាមានប្រសាសន៍ថា លោកបានចុះទៅកន្លែងនោះកាលពីខែមុនម្តងហើយនិងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះទំហំនៃការកាប់ឈើខុសច្បាប់នៅក្រៅតំបន់ដែលផ្តល់សម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនវៀតណាម Hoang Anh Gia Lai (HAGL)។
លោកបានថ្លែងថា៖ «តំបន់អភិរក្សសត្វព្រៃ គឺជាជម្រកមួយសម្រាប់សត្វព្រៃគ្រប់ប្រភេទប៉ុន្តែអ្វីដែលខុសគឺថា ការកាប់ឈើខុសច្បាប់ដែលកំពុងធ្វើឡើងចំពោះព្រៃនេះនិងធនធានធម្មជាតិរបស់វាគឺជាសោកនាដកម្មមួយ»។
លោកបន្តថា៖ «វាស្ទើរមិនអាចជឿទៅរួច»។ លោក ភារុន បានថ្លែងថា លោកបានដាក់របាយការណ៍អំពីការកាប់ឈើខុសច្បាប់នេះ ទៅប្រធានរបស់លោកដែលបន្ទាប់មកលោកបានទៅទីក្រុងហាណូយ(Hanoi)ដើម្បីនិយាយជាមួយក្រុមហ៊ុន HAGL។ លោកបានថ្លែងបន្តថា៖ «ថៅកែក្រុមហ៊ុន Hoang Anh Gia Lai បានបដិសេធថាក្រុមហ៊ុនរបស់គាត់មិនមែនកំពុងកាប់ឈើខុសច្បាប់ទេ។ គាត់និយាយថា គាត់មិនពាក់ព័ន្ធទេប៉ុន្តែប្រហែលជាអ្នកដទៃទៀត[នៅក្នុងក្រុមហ៊ុន] ដែលអាចធ្វើ»។
ភ្នំពេញ ប៉ុស្តិ៍ បានរាយការណ៍ កាលពីសប្តាហ៍មុនថា ក្រុមហ៊ុន HAGL មានកម្មសិទ្ធិលើក្រុមហ៊ុនមួយចំនួនដែលកាន់កាប់ដីសម្បទានសេដ្ឋកិច្ចយ៉ាងហោចណាស់ចំនួន ៣ដែលសរុបទៅមានផ្ទៃដីជិត ៣ ម៉ឺនហិកតា ស្ថិតនៅក្នុងតំបន់។ តាមច្បាប់ភូមិបាលក្រុមហ៊ុនបុគ្គលមួយអាចកាន់កាប់ដីសម្បទានសេដ្ឋកិច្ចមិនឲ្យលើសពី១ម៉ឺន ហិកតាឡើយ។
ក្រុមការងារអង្គការក្រៅរដ្ឋាភិបាលនិងមន្រ្តីមួយចំនួនបានចោទប្រកាន់ក្រុមហ៊ុនចំនួន ៣ គឺ ក្រុមហ៊ុន Hoang Anh អណ្តូងមាស ក្រុមហ៊ុន Hoang Anh លំផាត់ និងក្រុមហ៊ុន Hoang Anh អូរយ៉ាដាវ របស់ក្រុមហ៊ុនធំ HAGL ថា បានកាប់ឈើខុសច្បាប់ក្នុងខែកន្លងមកដោយផ្អែកទៅលើភ័ស្តុតាងផ្ទាល់ភ្នែកនិងការរឹបអូសឈើប្រណីត។
ក្រុមហ៊ុន HAGL មិនបានផ្តល់អត្ថាធិប្បាយទេរីឯតំណាងនៅក្រុមហ៊ុន Hoang Anh អណ្តូងមាស បានថ្លែងថាជាប់រវល់។
លោក ឆាយ ធី នៅអង្គការសិទ្ធិមនុស្សអាដហុកបានប៉ាន់ប្រមាណថាព្រៃឈើប្រហែល១៦ ០០០ ដើមត្រូវបានគេកាប់ដោយខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វព្រៃលំផាត់។
កម្មករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានថ្លែងថា ការកាប់ឈើខុសច្បាប់និងអំពើពុករលួយ ពាក់ព័ន្ធគឺកំពុងកើតមានរាលដាលនៅក្នុងតំបន់ព្រៃអភិរក្ស។កម្មកររូបនោះនិយាយថា៖«ខ្ញុំបានឃើញឈើហ៊ុបត្រូវបានគេដឹកជញ្ជូនចេញ»។ លោកបន្ថែមថា៖ «ពួកគេក៏បានបាញ់សត្វព្រៃផងដែរ។ពួកគេហ៊ានកាប់ឈើខុសច្បាប់ ដូច្នេះហេតុអ្វីថាពួកគេមិនហ៊ានបាញ់សត្វរស់នៅក្នុងព្រៃនោះ?»។
លោក ធូ វាសនានៅអង្គការជីវិតបក្សីអន្តរជាតិ បានថ្លែងថា ការកាប់បំផ្លាញព្រៃឈើខុសច្បាប់កំពុងគំរាមកំហែងដល់បក្សីគ្រប់ប្រភេទនៅក្នុងតំបន់អភិរក្សសត្វព្រៃលំផាត់៕
No comments:
Post a Comment