ដោយ ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី04 កក្កដា ឆ្នាំ2013 ម៉ោង15:55 VOD
សមាគមចំនួន៧ នៅសហរដ្ឋអាមេរិក
អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរអាមេរិកកាំង ក្នុងរដ្ឋវ៉ាស៊ីនតោន
និរដ្ឋអូរេតែន ចូលរួមមហាបាតុកម្មសង្គ្រោះជាតិ នៅថ្ងៃទី១២
ខែកក្កដា ឆ្នាំ២០១៣ ដើម្បីឲ្យការបោះឆ្នោតនៅកម្ពុជា
ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
សេចក្តីអំពាវនាវឲ្យសមាគមទាំង៧ ចេញផ្សាយជាភាសាអង់គ្លេស
អមដោយភាសាខ្មែរ ឲ្យដឹងថា គោលបំណងនៃការធ្វើបាតុកម្មនេះ
គឺសុំឲ្យសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ ឲ្យមានការបោះឆ្នោត
ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា។
សមាគមទាំងនោះ មានដូចជា សង្គមខ្មែរ ដើម្បីប្រជាធិបតេយ្យ
សម្ព័ន្ធខ្មែរអន្តរជាតិ ខ្មែរសាមគ្គី ដើម្បីកម្ពុជា
អង្គការសុខភាពស្ត្រីនៅកម្ពុជា និងបណ្តាញពលរដ្ឋខ្មែរ ដើម្បីកម្ពុជា
ជាដើម។
កាលពីថ្ងៃទី២៤ខែមេសានេះ គណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ
បានធ្វើបាតុកម្មនៅរាជធានីភ្នំពេញ
ដោយទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)
ត្រួតពិនិត្យចំណុចមួយចំនួន។ គណបក្សប្រឆាំង បានដាក់ញត្តិ ដោយមានបញ្ចូល
៥ចំណុច គឺទី១ គ.ជ.ប
ត្រូវទទួលខុសត្រូវការបាត់បង់សិទិ្ធបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ
ចំនួន១លាន៥ សែននាក់។ទី២ គ.ជ.ប
ត្រូវធ្វើបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីឲ្យបានត្រឹមត្រូវ ទី៣ គ.ជ.ប
ត្រូវរៀបចំនីតិវិធីបោះឆ្នោត ដើម្បីធានាភាពសេរីត្រឹមត្រូវ
និងស្មើភាព ទី៤ គ.ជ.ប ត្រូវបើកផ្លូវឲ្យ លោក សម រង្ស៊ី
ចូលរួមការបោះឆ្នោតឡើងវិញ ទី៥ គ.ជ.ប
និងត្រូវអនុវត្តអនុសាសន៍របស់តំណាង ពិសេសអង្គការសហប្រជាជាតិ
និងអង្គការសង្គមស៊ីវិល។ ចំណែកគជប
រងការរិះគន់ពីសំណាក់សង្គមស៊ីវិលជាតិ និងអន្តរជាតិថា
មានទំនោរទៅរកគណបក្សកាន់អំណាច៕
No comments:
Post a Comment