ដោយ សេង ម៉ូលីនី និង ស៊ុន ណារិន
ថ្ងៃព្រហស្បតិ៍ ទី04 កក្កដា ឆ្នាំ2013 ម៉ោង16:51 VOD
ព្រឹទ្ធសភាអាមេរិក និងសកម្មជនសិទ្ធិមនុស្សអន្តរជាតិ
នឹងជំរុញរដ្ឋាភិបាលអាមេរិក កាត់បន្ថយជំនួយមកកម្ពុជា
ជាង៧០លានដុល្លារ តាមរយៈកិច្ចប្រជុំសភាអាមេរិក
ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី០៩ ខែកក្កដា សប្តាហ៍ក្រោយ។
ការជំរុញឲ្យមានការកាត់បន្ថយជំនួយមកកម្ពុជានេះ
ធ្វើឡើងបន្ទាប់ពីព្រឹទ្ធសភាអាមេរិកពីររូប គឺលោក Lindsey Graham
និងលោក Marco Rubio កាលពីខែមិថុនា
បានផ្ញើជាសេចក្តីសម្រេចមួយក្នុងកំណត់ត្រាសភារបស់អាមេរិក
ដោយអំពាវនាវឲ្យមានការរឹតបន្តឹង និងការកាត់បន្ថយជំនួយមកកម្ពុជា
ដោយសារស្ថានភាពមិនល្អជាច្រើន ដែលកំពុងកើតឡើងនៅកម្ពុជា។
ការកាត់បន្ថយជំនួយមកកម្ពុជា អាចនឹងត្រូវធ្វើឡើង
ប្រសិនបើការបោះឆ្នោតនៅកម្ពុជា ប្រព្រឹត្តទៅដោយមិនសេរី
និងយុត្តិធម៌។
នាយកតស៊ូមតិប្រចាំអាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស លោក
John Sifton ប្រាប់សារព័ត៌មានបរទេសថា
លោកនឹងចូលបកស្រាយនៅក្នុងការប្រជុំសភា នៅថ្ងៃអង្គារ ទី០៩
ខែកក្កដា ខាងមុខ ដោយបញ្ជាក់ទំនុកចិត្តថា អាមេរិក
នឹងកាត់បន្ថយជំនួយមួយចំនួន បន្ទាប់ពីការបោះឆ្នោត នៅថ្ងៃទី២៨
ខែកក្កដា ខាងមុខ។
ស្តាប់សំឡេង៖
កំណត់ត្រាសេចក្តីសម្រេចរបស់ព្រឹទ្ធសភាទាំងពីររូប
ស្នើឲ្យទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់អាមេរិក (USAID)
គួរតែឈប់ផ្តល់ជំនួយដល់ការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា
និងបញ្ឈប់ដាក់អ្នកសង្កេតការណ៍នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដា
ខាងមុខ។
កំណត់ត្រានោះ បានលើកឡើងពីភាពមិនល្អជាច្រើនដែលបានកើតឡើង
និងកំពុងកើតឡើងនៅកម្ពុជា
ដែលផ្ទុយពីគោលការណ៍នៃការផ្តល់ជំនួយរបស់ USAID
និងការវិនិយោគរបស់អាមេរិក ក្នុងនោះមានដូចជា៖
១. របាយការណ៍របស់ USAID ឲ្យដឹងថា ចាប់ពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១១
សហរដ្ឋអាមេរិក បានផ្តល់ជំនួយដល់កម្ពុជា ប្រមាណជា
១២៤៧លានដុល្លារអាមេរិក ទៅលើផ្នែកសេដ្ឋកិច្ច និងជំនួយយោធា
តែផ្ទុយទៅវិញ កម្ពុជាត្រូវបានចាត់ថ្នាក់លេខ១៣៨ ក្នុងចំណោម១៨៧
នៅក្នុងរបាយការណ៍អភិវឌ្ឍមនុស្សឆ្នាំ២០១៣ របស់អង្គការUNDP
ដែលមានលក្ខណៈដូចនឹងប្រទេសឡាវ។
២. របាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ឲ្យដឹងថា
កម្ពុជាក៏ស្ថិតក្នុងលំដាប់ថ្នាក់ ១៥៧ លើ១៧៤ នៃអំពើពុករលួយ
ដែលទាបជាងប្រទេសយេម៉េន។
៣. របាយការណ៍ Freedom House សម្រាប់ឆ្នាំ២០១៣ លើសេរីភាព ឲ្យដឹងថា
កម្ពុជាមិនស្ថិតក្នុង «ភាពសេរី»
ហើយការបោះឆ្នោតគឺមិនមែនបែបប្រជាធិបតេយ្យ
ដោយសារត្រូវបានធ្វើឡើងក្នុងលក្ខខណ្ឌគាបសង្កត់។
៤. ចំណែករបាយការណ៍ប្រទេស
លើការអនុវត្តសិទ្ធិមនុស្សរបស់ក្រសួងការបរទេសអាមេរិក
ក្នុងឆ្នាំ២០១១ ឲ្យដឹងថា
បញ្ហាសិទ្ធិមនុស្សជាបញ្ហាចម្បងនៅកម្ពុជា
ដោយសារប្រព័ន្ធតុលាការទន់ខ្សោយ អំពើពុករលួយ
និងទទួលរងឥទ្ធិពលនយោបាយ។
៥. អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញរបាយការណ៍
នៅថ្ងៃទី៣១ ខែឧសភាថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានកាន់អំណាចជាង១០០០០ថ្ងៃ(៣៤ឆ្នាំ) តាមរយៈហិង្សាផ្នែកនយោបាយ
និងការគ្រប់គ្រងអំណាចយោធា ការប្រើប្រាស់អំពើពុករលួយ។
៦. អនុសាសន៍ស្តីពីការបោះឆ្នោត ក្នុងរបាយការណ៍របស់អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ មិនត្រូវបានអនុវត្ត។
កំណត់ត្រាបន្តថា ប្រសិនបើអនុសាសន៍របស់អង្គការសហប្រជាតិ
មិនត្រូវបានអនុវត្ត ហើយការបោះឆ្នោតមិនមានការទុកចិត្ត
និងការប្រកួតប្រជែង ដូច្នេះការបោះឆ្នោតគួរតែត្រូវបានចាត់ទុកថា
ជាការបញ្ចេញមតិរបស់ប្រជាជន មិនស្របច្បាប់
និងជាឧបសគ្គសម្រាប់ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ
ប្រាប់VODកាលពីសប្តាហ៍មុនថា កម្ពុជាមិនខ្វល់ពីការលើកឡើងនេះទេ
ព្រោះនេះជាការលើកឡើងដោយបុគ្គល ហើយកម្ពុជា
និងអាមេរិកនៅតែមានទំនាក់ទំនងល្អ។ លោកថា ការបោះឆ្នោតនៅកម្ពុជា
គឺដើម្បីពលរដ្ឋកម្ពុជា មិនមែនដើម្បីឲ្យអាមេរិកសប្បាយចិត្តនោះទេ ៖
"អញ្ចឹងអាមេរិក គាត់ថា គាត់ប្រជាធិបតេយ្យ
ប៉ុន្ដែចាំទេប្រជាជនប៉ាឡេស្ទីន បោះឆ្នោត បើបោះឲ្យលោក
យ៉ាសាអារ៉ាហ្វាត គាត់មិនឲ្យជំនួយទេ មិនដឹងជាអញ្ចឹង
ប្រជាធិបតេយ្យរបស់គាត់ មានមួយម៉ាគីឡូ មួយម៉ាខាំ
ចំពោះយើងអត់សំខាន់ទេ អាមេរិកឲ្យឫមិនឲ្យអត់សំខាន់ទេ
សំខាន់គឺយើងទាំងអស់គ្នាជាប្រទេសទាំងអស់
គេមើលឃើញតើយើងបោះឆ្នោតដោយប្រជាធិបតេយ្យអត់
យើងបោះឆ្នោតឲ្យអាមេរិកសប្បាយនោះគឺមិនជារឿង
កម្ពុជាមិនមែនជារណបរបស់អាមេរិកទេណាស់" ។
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
លោក ឈិត សំអាត មានប្រសាសន៍ថា ការកាត់បន្ថយជំនួយនេះ
នឹងធ្វើឲ្យប៉ះពាល់ដល់ការងារសង្គមស៊ីវិលមួយចំនួន
ក្នុងនោះរួមមានអង្គការ NGO Forum ផងដែរ។ ដូច្នេះ
វានឹងអាចប៉ះពាល់ដល់ប្រជាពលរដ្ឋក្រីក្រផ្សេងទៀត ៖
"យើងចង់ឲ្យមានជំនួយច្រើន ជាពិសេសជំនួយបរទេសហ្នឹង
គឺមានសារសំខាន់ក្នុងការជួយដល់ប្រជាជនក្រីក្រ
ផ្នែកហេថារចនាសម្ព័ន្ធ ក៏ដូចជាផ្នែកការអភិវឌ្ឍសង្គម
អញ្ចឹងទេការកាត់នូវជំនួយបរទេសហ្នឹង
គឺវាអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់ការអភិវឌ្ឍ
នៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺអ្នកក្រីក្រ អ្នកទន់ខ្សោយ
ដែលគាត់ជាអ្នកទទួលផល"។
សម្រាប់អ្នកជ្រាវជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា
ជំនួយដែលផ្តល់មករដ្ឋាភិបាលកម្ពុជាដោយផ្ទាល់
សម្រាប់កំណែទម្រង់ផ្សេងៗរបស់រដ្ឋាភិបាល ប្រជាជន
មិនសូវជាដឹងទេ ដូច្នេះជំនួយទាំងនេះ វាមិនប៉ះពាល់ប្រជាជនទេ។
តែលោកបារម្ភថា ជំនួយដែលត្រូវកាត់បន្ថយនោះ
ជំនួយជួយដល់សង្គមស៊ីវិល និងប្រជាជនដោយផ្ទាល់ ៖
"បើសិនជាជំនួយពីដៃគូអភិវឌ្ឍន៍
ជាពិសេសគឺសហរដ្ឋអាមេរិកផ្តល់ទៅដល់អង្គការក្រៅរដ្ឋាភិបាល
ឬទៅដល់ជនរងគ្រោះផ្ទាល់តែម្តង វាអាចនឹងប៉ះពាល់ខ្លាំង
ទៅដល់ប្រជាពលរដ្ឋ ពីព្រោះគម្រោងហ្នឹងជួយប្រជាពលរដ្ឋ
ជាពិសេសគឺសហគមន៍ព្រៃឈើនេះ
ក៏ប៉ុន្តែបើសិនជាជំនួយហ្នឹងជួយទៅដល់រដ្ឋាភិបាល
ដើម្បីឲ្យពង្រឹងយន្តការរដ្ឋាភិបាល
គឺមិនប៉ះពាល់ទៅដល់ប្រជាពលរដ្ឋផ្ទាល់ទេ ពីព្រោះកន្លងមក
ជំនួយដែលជួយទៅដល់រដ្ឋាភិបាលដោយផ្ទាល់
ឲ្យរដ្ឋាភិបាលយកទៅអនុវត្តពុំសូវបានលទ្ធផលគួរឲ្យចាប់អារម្មណ៍
"។
ក្នុងសេចក្តីសម្រេចរបស់ព្រឹទ្ធសភាអាមេរិក
ក៏បានស្នើឲ្យធនាគារអភវិឌ្ឍន៍អាស៊ី
កាត់បន្ថយជំនួយមកកម្ពុជាដែរ។ ភាគច្រើននៃជំនួយរបស់អាមេរិក
គឺដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ឬការគាំទ្រសង្គមស៊ីវិល។
គួរបញ្ជាក់ថា ក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រីកម្ពុជា
និងប្រធានាធិបតីអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១២ លោក បារ៉ាក់
អូបាម៉ា ក៏បានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
No comments:
Post a Comment