Wednesday, October 16, 2013
សហគមន៍ព្រៃឡង់រំលឹកអំពីលោក ឈុត វុទ្ធី តាមរយៈបទចំរៀង
ពលរដ្ឋក្នុងសហគមន៍ព្រៃឡង់ ទាំង ៤ខេត្ត រួមមានខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ធំ បានតែងបទចំរៀងជាច្រើន ដែលមានអត្ថន័យនឹករលឹកដល់សព លោក ឈុត វុទ្ធី ជាសកម្មជនព្រៃឈើ និងជាសារមួយដាស់តឿនក្រុមសហគមន៍ទាំងអស់ ឲ្យបន្តក្រោកឈរទប់ស្កាត់បទល្មើសព្រៃឈើបន្តទៀត។
ដោយ ទេព សុរ៉ាវី 2013-10-16
«ចំរៀង»
សហគមន៍ព្រៃឡង់ បានតែងចំរៀងជាច្រើនបទ រំលឹកដល់ឈ្មោះ លោក ឈុត វុទ្ធី និងបេសកកម្មរបស់សហគមន៍ដែលដើរល្បាតក្នុងព្រៃ ឃ្លាំមើលបទល្មើសព្រៃឈើ។
«ចំរៀង»
ជិត ២ឆ្នាំហើយ ដែល លោក ឈុត វុទ្ធី អតីតនាយកអង្គការការពារធនធានធម្មជាតិ ត្រូវបានគេបាញ់សម្លាប់នៅចំណុចវាលបី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈលោកទៅស៊ើបអង្កេតការកាប់ឈើខុសច្បាប់នៅទីនោះ។ កាលនៅរស់ លោក ឈុត វុទ្ធី បានដើរតួនាទីសំខាន់ទាំងការពង្រឹងសមត្ថភាព និងការចុះល្បាតក្នុងព្រៃជាមួយសហគមន៍ព្រៃឡង់។
ក្រុមសហគមន៍ព្រៃឡង់ បានចាត់ទុក លោក ឈុត វុទ្ធី ជាវីរបុរសដែលហ៊ានចេញមុខប្រឆាំងចំពោះអាជ្ញាធរ ក្រុមឈ្មួញ និងក្រុមហ៊ុនឯកជន ដែលបានកាប់ព្រៃ និងរានដីខុសច្បាប់។ នេះជាលើកទី១ហើយ ដែលសហគមន៍ព្រៃឡង់ រំលឹក លោក ឈុត វុទ្ធី តាមរយៈបទចំរៀង ដែលនិពន្ធ និងច្រៀងផ្ទាល់ បន្ទាប់ពីលោកត្រូវបានឃាតកបាញ់សម្លាប់កណ្ដាលព្រៃ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២។
«ចំរៀង»
អ្នកសម្របសម្រួលបណ្ដាញកសាងសន្តិភាពសហគមន៍ លោក សេង សុខហេង ពន្យល់ថា មូលហេតុសំខាន់ដែលជំរុញទឹកចិត្តឲ្យសហគមន៍ព្រៃឡង់តែងនិពន្ធចំរៀងនេះឡើង ក្នុងបំណងរំលឹកដល់ លោក ឈុត វុទ្ធី ដែលសហគមន៍ចាត់ទុកថាជាវីរបុរសម្នាក់ ហ៊ានចេញមកដោយចំហការពារព្រៃឈើ។
«សំឡេង»
សហគមន៍ព្រៃឡង់ បានច្រៀងរំលឹកពី លោក ឈុត វុទ្ធី ជាលើកដំបូងក្នុងថ្ងៃដែលសហគមន៍នេះ ប្រកាសទទួលបានពានរង្វាន់ និងលុយ ២ម៉ឺន ៥ពាន់ដុល្លារ ពីមូលនិធិ អេឡិចសេនឌឺ សូរ៉ូស (Alexander Soros) ដើម្បីគាំទ្រសកម្មភាពការពារព្រៃឡង់បន្តទៀត។ យ៉ាងណា ចំរៀងទាំងនោះ សហគមន៍ព្រៃឡង់កំពុងស្វែងរកមូលនិធិដើម្បីថតជាស៊ីឌី (CD) និងវីស៊ីឌី (VCD) ដោយមានទំនុកភ្លៀងទុកជាឯកសារ។
បណ្ដាញសហគមន៍ព្រៃឡង់ ប្រចាំខេត្តព្រះវិហារ លោកស្រី ភោគ ហុង មានប្រសាសន៍ថា ការបាត់បង់ លោក ឈុត វុទ្ធី ជារឿងគួរឲ្យសោកស្ដាយនូវវីរបុរសក្លាហាន ដែលចូលរួមយ៉ាងសកម្មជាមួយសហគមន៍។ យ៉ាងណា ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ នៅបន្តលំអានរបស់ លោក ឈុត វុទ្ធី ហើយប្ដេជ្ញាថានឹងការពារព្រៃឡង់ឲ្យបានគង់វង្ស សម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយ។
«សំឡេង»
ក្មួយប្រុស លោក ឈុត វុទ្ធី លោក ជួន ភិរម្យ បានស្វាគមន៍ចំពោះការចងក្រងចំរៀងរំលឹកពី លោក ឈុត វុទ្ធី។ លោករំលឹកអនុស្សាវរីយ៍ខ្លះកាល លោក ឈុត វុទ្ធី នៅរស់ធ្លាប់បានដើរល្បាតក្នុងព្រៃទាំងយប់ទាំងថ្ងៃជាមួយសហគមន៍ រងការគំរាមកំហែងចាប់ និងបាញ់សម្លាប់ពីសំណាក់អាជ្ញាធរ និងក្រុមហ៊ុន។ លោកយល់ថា ការរំលឹកពី លោក ឈុត វុទ្ធី នៅពេលនេះ អាចជាសារមួយដាស់តឿន ឬក្រើនរំលឹកឲ្យសហគមន៍ឯទៀត បន្តការការពារព្រៃឈើបន្ថែមទៀត។
«សំឡេង»
តំបន់ព្រៃឡង់មានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា ជាព្រៃស្រោង និងសម្បូរដោយជីវចម្រុះ។ ពលរដ្ឋនៅតំបន់នោះ ត្រូវបានប៉ាន់ស្មានថា មានចំនួនជាង ៧សែននាក់ រស់នៅពឹងផ្អែកលើអនុផលព្រៃឡង់ជារៀងរាល់ថ្ងៃ។ កន្លងមក រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចនៅខេត្តកំពង់ធំ ឲ្យទៅក្រុមហ៊ុនចំនួន ២៩ មានទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក ដែលមានផ្ទៃដីសរុបជាង ១សែនហិកតារ។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ បានធ្វើឲ្យប៉ះពាល់ដល់ព្រៃឡង់ ដោយសារតែក្រុមហ៊ុនមួយចំនួនបានកាប់បំផ្លាញព្រៃឈើ រានយកដីដាំកៅស៊ូ ពិសេសប៉ះពាល់ដល់ជនជាតិដើមភាគតិច ដែលរស់អាស្រ័យលើអនុផលព្រៃឈើ។
អ្នកសម្របសម្រួលវេទិកាសាធារណៈនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ បញ្ជាក់ថា សហគមន៍ព្រៃឡង់ នៅតែឈឺចាប់ចំពោះការបាត់បង់ព្រៃឈើ និងការបាញ់សម្លាប់វីរបុរសរបស់ខ្លួន គឺលោក ឈុត វុទ្ធី។
សំណុំរឿងឃាតកម្មលើ លោក ឈុត វុទ្ធី ត្រូវបានតុលាការខេត្តកោះកុង បិទសំណុំរឿងនោះកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ ដោយហេតុផលថា មន្ត្រីប៉េអិមម្នាក់ជាឃាតកបានស្លាប់។ ប៉ុន្តែ គ្រួសារ លោក ឈុត វុទ្ធី យល់ថា មន្ត្រីប៉េអិមនោះ គឺជាឃាតកសិប្បនិមិត្ត។
យ៉ាងណា លោក ឈឹម សាវុធ បញ្ជាក់ថា សម្រាប់ប្រទេសមានប្រជាធិបតេយ្យពិតប្រាកដ តុលាការត្រូវស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ដើម្បីវែកមុខរកជនល្មើសប្រព្រឹត្តផ្ទាល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
«សំឡេង»
តាមការស្រាវជ្រាវរបស់បណ្ដាញសហគមន៍ យ៉ាងហោចណាស់ក្នុងមួយយប់ ឈើប្រណីតត្រូវបានដឹកតាមរថយន្តធុនធំប្រភេទយីឌុបចំនួន ៦គ្រឿង ចេញពីតំបន់ព្រៃឡង់។ ចំពោះសកម្មភាពកាប់ព្រៃឈើវិញ ក្នុងមួយថ្ងៃមានយ៉ាងតិច ១០០ហិកតារឡើងទៅ ដែលត្រូវបានកាប់បំផ្លាញដោយពលរដ្ឋ ពីមន្ត្រីអ្នកមានអំណាច និងពីឈ្មួញដែលឃុបឃិតជាមួយមន្ត្រីជំនាញ រានយកដីធ្វើជាកម្មសិទ្ធិឯកជន។ បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ មានការកើនឡើងយ៉ាងគំហុក ៣ដង មុនការបោះឆ្នោត និងក្រោយការបោះឆ្នោត។
កូនប្រុស លោក ឈុត វុទ្ធី គឺលោក ឈើយ ឧត្តមរស្មី ត្រូវបានបន្តវេនជាប្រធានអង្គការការពារធនធានធម្មជាតិពីឪពុក។ ប៉ុន្តែ សព្វថ្ងៃអង្គការដែលធ្លាប់សកម្មមួយនេះ បែរជាអសកម្ម ដោយសារតែជំនួយពីមូលនិធិផ្សេងៗត្រូវផ្តាច់ ក្រោយពី លោក ឈុត វុទ្ធី បានស្លាប់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ នៃរាជរដ្ឋាភិបាលថ្មី ដោយប្ដេជ្ញាកែទម្រង់លើវិស័យសំខាន់ៗ ក្នុងនោះមានការកែទម្រង់ប្រព័ន្ធដីធ្លី ព្រៃឈើ ជលផល និងលើកកម្ពស់សមត្ថភាពប្រសិទ្ធភាព និងពង្រឹងគុណភាពសេវាសាធារណៈ ដើម្បីបង្កើនជំនឿទុកចិត្តរបស់ពលរដ្ឋ និងសហគមន៍ធុរកិច្ច។
យ៉ាងនេះក្តី លោក ឈឹម សាវុធ ដែលឃ្លាំមើលយ៉ាងសកម្មលើបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ បញ្ជាក់ថា ដើម្បីការពារ និងទប់ស្កាត់បទល្មើសព្រៃឈើបាន លុះណាតែរដ្ឋាភិបាលថ្មីមានឆន្ទៈពិតក្នុងការទប់ស្កាត់ និងដាក់ទោសជនប្រព្រឹត្តិដូចមានចែងនៅក្នុងច្បាប់ព្រៃឈើ។
សហគមន៍ព្រៃឡង់ ទទូចសុំឲ្យរដ្ឋាភិបាលថ្មីអនុម័តទៅលើសេចក្តីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតតំបន់ព្រៃការពារ និងអភិរក្សជីវចម្រុះព្រៃឡង់ ដែលកំពុងជាប់គាំងនៅទីស្ដីការគណៈរដ្ឋមន្ត្រី តាំងពីឆ្នាំ២០១១។ អនុក្រឹត្យនោះ សហគមន៍ព្រៃឡង់ជឿថា អាចជារនាំងមួយជួយការពារព្រៃឡង់ឲ្យគង់វង្សទុកឲ្យក្មេងជំនាន់ក្រោយ។
តាមអត្ថន័យបទចំរៀងដែលរំលឹក លោក ឈុត វុទ្ធី វីរបុរសការពារព្រៃឈើ សហគមន៍ព្រៃឡង់ក៏បានបួងសួងសុំឲ្យវិញ្ញាណក្ខន្ឋលោកកើតជាថ្មីនៅលើទឹកដីដែលសម្បូរទៅដោយព្រៃប្រឹក្សាផងដែរ៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment