សាលារាជធានីភ្នំពេញ ស្នើឲ្យព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោម ផ្អាកធ្វើបាតុកម្មនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៣។ សាលារាជធានីភ្នំពេញ សន្យាថានឹងជួបតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមម្ដងទៀត មុនថ្ងៃទី១៩ ខែតុលា ដើម្បីស្ដាប់បញ្ហាផ្សេងៗ ដែលព្រះសង្ឃនិងពលរដ្ឋខ្មែរកម្ពុជាក្រោមចង់ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយ។
ដោយ យាង សុជាមេត្តា 2013-10-16
សមាគមខ្មែរកម្ពុជាក្រោមកំពុងពិចារណាលើសំណើរបស់សាលារាជធានីភ្នំពេញ ដែលស្នើឲ្យផ្អាកធ្វើបាតុកម្មដែលគ្រោងធ្វើនៅថ្ងៃទី១៩ ខែតុលា ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ ២អង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ៧នាក់ផ្សេងទៀត។
ប្រធានស្ដីទីសមាគមព្រះសង្ឃខ្មែរកម្ពុជាក្រោម និងជាព្រះចៅអធិការវត្តសាមគ្គីរង្សី ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា បានមានថេរដីកានៅថ្ងៃទី១៦ ខែតុលា ថា ព្រះអង្គនិងតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោមផ្សេងទៀត រង់ចាំជួបអភិបាលរាជធានីភ្នំពេញ និងមន្ត្រីមកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុនថ្ងៃទី១៩ តុលា មុននឹងអង្គការសមាគមខ្មែរកម្ពុជាក្រោមសម្រេចចិត្តថាត្រូវធ្វើ ឬមិនធ្វើបាតុកម្មនៅថ្ងៃទី១៩ តុលា ឬក៏យ៉ាងណានោះ។
ព្រះតេជព្រះគុណ សៀង សុវណ្ណារ៉ា៖ «អភិបាលក្រុងគេនឹងជួបអង្គការសមាគមទាំង ១២ ហ្នឹង ដើម្បីចរចាបញ្ហារឿងសង្គមខ្មែរក្រោមដើម្បីពិភាក្សាគ្នា ដើម្បីក្រសួងការបរទេសខ្មែរ ដើម្បីជួយទៅលើបញ្ហាបងប្អូនខ្មែរកម្ពុជាក្រោមតាមវិធីសាស្ត្រ តាមផ្លូវណា គេនឹងជួបយើងមុនថ្ងៃទី១៩ ហ្នឹងឯង»។
អង្គការសមាគមខ្មែរកម្ពុជាក្រោម មានគម្រោងដឹកនាំព្រះសង្ឃ និងប្រជាពលរដ្ឋប្រមាណ ២០០អង្គនិងនាក់ ធ្វើបាតុកម្មដង្ហែញត្តិទៅកាន់ស្ថានទូតវៀតណាម ប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៣ ដើម្បីទាមទារឲ្យរដ្ឋាភិបាលវៀតណាម ដោះលែងព្រះសង្ឃ ២អង្គ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ៧នាក់ផ្សេងទៀត ដែលត្រូវតុលាការវៀតណាម កាត់ទោសឲ្យជាប់គុក និងទាមទារមិនឲ្យអាជ្ញាធរវៀតណាម លូកដៃចូលក្នុងកិច្ចការពុទ្ធសាសនា ព្រមទាំងឲ្យបញ្ឈប់ការរំលោភសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរកម្ពុជាក្រោម។
ប៉ុន្តែគម្រោងបាតុកម្មនោះ ត្រូវបានសាលារាជធានីភ្នំពេញ មិនអនុញ្ញាតទេ ដោយលើកហេតុផលថា ស្ថានទូតបរទេសមានលក្ខណៈអភ័យឯកសិទ្ធិពិសេសដែលកម្ពុជា មិនអាចអនុញ្ញាតឲ្យមានការធ្វើបាតុកម្មប្រឆាំងប្រទេសដែលជាមិត្តមានទំនាក់ទំនងការទូតជាមួយកម្ពុជា បានទេ ហើយបានបង្វែរឲ្យព្រះសង្ឃ និងពលរដ្ឋខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យវិញ។ តែដោយសារនៅថ្ងៃទី១៣ តុលា នោះ សាលារាជធានីភ្នំពេញ បានបដិសេធមិនឲ្យសមាគមគ្រូបង្រៀនឯករាជ្យរបស់លោក រ៉ុង ឈុន ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យដែរ ដូច្នេះគេមិនអាចអនុញ្ញាតឲ្យអង្គការសមាគមខ្មែរកម្ពុជាក្រោម ធ្វើបាតុកម្មបាននោះទេ ហើយក៏បានស្នើឲ្យលើកទៅថ្ងៃក្រោយវិញ។
លោក សឺន ជុំជួន នាយកកម្មវិធីសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ ដែលបានចូលរួមក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៦ តុលា ដែរនោះ បានឲ្យដឹងថា ប្រសិនបើតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម មិនបានជួបអភិបាលរាជធានីភ្នំពេញ មុនថ្ងៃទី១៩ តុលា តាមការសន្យារបស់មន្ត្រីសាលារាជធានីភ្នំពេញ ទេនោះ អង្គការសមាគមខ្មែរកម្ពុជាក្រោម ច្បាស់ជាធ្វើបាតុកម្មនៅថ្ងៃទី១៩ តុលា មិនខាន។
លោក សឺន ជុំជួន៖ «អ្វីដែលយើងចង់ធ្វើសេចក្ដីរាយការណ៍ ឬក៏និយាយអំពីស្ថានភាពខ្មែរនៅកម្ពុជាក្រោមយ៉ាងណាយ៉ាងណីនោះ ឲ្យយើងធ្វើសេចក្ដីរាយការណ៍ទៅអង្គប្រជុំទៅ យើងធ្វើជាញត្តិមួយដើម្បីអភិបាលរាជធានីភ្នំពេញ គាត់ទទួលយកញត្តិរបស់យើង ហើយគាត់ធ្វើការនឹងក្រសួងការបរទេស»។
អង្គការសមាគមខ្មែរកម្ពុជាក្រោមធ្លាប់យកញត្តិទៅដាក់ឲ្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា តែមន្ត្រីស្ថានទូតវៀតណាម និយាយថា វាមិនមែនជាកិច្ចការរបស់គេទេ ហើយបានបង្វែរឲ្យយកញត្តិនោះទៅដាក់នៅក្រសួងការបរទេសកម្ពុជាវិញ។
សមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ បានដាក់លិខិតទៅលោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា ដើម្បីសុំជួបធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមនៅវៀតណាម និងអំពីករណីតុលាការវៀតណាម ផ្ដន្ទាទោសព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរក្រោមទាំង ៩អង្គនិងរូបនេះ។ តែមកដល់ថ្ងៃទី១៦ តុលា នេះ នៅមិនទាន់មានការឆ្លើយតបណាមួយពីលោក ហោ ណាំហុង ឡើយ៕
No comments:
Post a Comment