Wednesday, October 16, 2013
ព្រះសង្ឃអំពាវនាវឲ្យរដ្ឋាភិបាលឈប់បំភិតបំភ័យព្រះសង្ឃ
ដោយ Khuon Narim and Matt Blomberg - October 16, 2013ខេមបូឌា ដេលី
កាលពីម្សិលមិញ ព្រះសង្ឃពីរអង្គដែលជាតំណាងឲ្យបណ្តាញព្រះសង្ឃមួយក្រុមបានធ្វើសន្និសីទកាសែត ដើម្បីរិះគនរដ្ឋាភិបាលចំពោះការប្រើប្រាស់មន្ត្រីសង្ឃជាន់ខ្ពស់ឲ្យបំភិតបំភ័យព្រះសង្ឃដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយបានគំរាមធ្វើការតវ៉ាប្រសិនបើការបំភិតបំភ័យបែបនេះនៅតែបន្តមានទៀតនោះ។
ពេលមានសង្ឃដីកានៅវត្តនាគវ័ន្តក្នុងរាជធានីភ្នំពេញ ព្រះតេជគុណ ប៊ុន ប៊ុនទិញ ព្រះជន្ម៣៤វស្សា ដែលជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមបានបង្ហាញពីហេតុការណ៍ជាច្រើនក្រោយការបោះឆ្នោតជាតិ កាលពីខែកក្កដា ដែលនៅពេលនោះព្រះសង្ឃត្រូវបានព្រះចៅអធិការវត្តបណ្ដេញចេញពីវត្តបន្ទាប់ពីបានដឹងថា ព្រះសង្ឃទាំងនោះបានទៅចូលរួមបាតុកម្មរបស់គណបក្សប្រឆាំង។
ព្រះតេជគុណ ប៊ុន ប៊ុនទិញ បានមានសង្ឃដីកានៅឯសន្និសីទកាសែតនោះថា ប្រសិនបើរដ្ឋាភិបាលនៅតែព្យាយាមបំភិតបំភ័យព្រះសង្ឃទៀត ព្រះសង្ឃនឹងក្រោកឈរឡើងហើយប្រមូលព្រះសង្ឃ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើការតវ៉ា”។ព្រះតេជគុណមានសង្ឃដីកាថា ព្រះអង្គធ្វើសន្និសីទកាសែតនេះដើម្បីអំពាវនាវជាសាធារណៈឲ្យរដ្ឋាភិបាលបញ្ឈប់ការបំភិតបំភ័យបែបនេះ។
យោងតាមព្រះតេជគុណ ប៊ុន ប៊ុនទិញ បានឲ្យដឹងថា ការបំភិតបំភ័យបែបនេះមានដូចជា ករណីព្រះសង្ឃមួយអង្គមកពីខេត្តកំពង់ស្ពឺ ដែលនិមន្តត្រឡប់មកពីចូលរួមបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញកាលពីពាក់កណ្ដាលខែកញ្ញា ហើយត្រូវភាសខ្លួនចេញពីវត្តរបស់ព្រះអង្គបន្ទាប់ពីមានការបាញ់កាំភ្លើងមួយគ្រាប់នៅជិតកុដិព្រះអង្គនៅក្នុងបរិវេណវត្តនោះ។ ព្រះសង្ឃនៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំងក៏ត្រូវបានធ្វើទារុណកម្មផងដែរ ហើយព្រះសង្ឃមួយចំនួនត្រូវបានព្រះចៅអធិការវត្តបណ្ដេញចេញពេលវិលត្រឡប់ទៅវត្តវិញ ក្រោយពីបានចូលរួមការតវ៉ារបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានី។
ព្រះតេជគុណ ប៊ុន ប៊ុនទិញ មានសង្ឃដីកាថា នគរបាល និងកងរាជអាវុធហត្ថត្រូវ បានដាក់ពង្រាយនៅវត្តបទុមពីរលើកក្នុងរយៈពេលពីរសប្ដាហ៍នេះ ហើយព្រះអង្គបានចាត់ទុកទង្វើនេះថា ជាបេសកកម្មបំភិតបំភ័យព្រះសង្ឃដែលគាំទ្រគណបក្សសង្គ្រោះជាតិ។ ព្រះអង្គបានមានសង្ឃដីកាថា “ពួកគេបានបំពេញបេសកកម្មក្នុងវត្តបទុមនៅពេលយប់កាលពីថ្ងៃទី៩ និងទី១៤ ខែតុលា។ មន្ត្រីទាំងនោះនិយាយថា ពួកគេកំពុងសាកល្បងប្រព័ន្ធរដ្ឋបាលថ្មី ប៉ុន្តែអាត្មាគិតថា ពួកគេបញ្ជូននគរបាលមកទីនេះដើម្បីបំភិតបំភ័យក្រុមរបស់អាត្មាហើយបន្ទាប់មកនៅពេលដែលក្រុមអាត្មាតបតពួកគេនឹងប្រើអំពើហិង្សានិងចាប់ខ្លួនក្រុមអាត្មា។ រដ្ឋាភិបាលកំពុងដើរផ្លូវខុសនៅពេលនេះ គឺខុសឆ្ងាយពីផ្លូវប្រជាធិបតេយ្យ។ អាត្មាសូមស្នើឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើប្រាស់វិធីបំភិតបំភ័យបែបនេះមកលើព្រះសង្ឃ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ព្រះសង្ឃបានចូលប្រឡូកក្នុងនយោបាយបន្តិចម្ដងៗ បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា។ ការធ្វើឲ្យមានចលនារបស់ព្រះសង្ឃដែលមានការព្រួយបារម្ភនិមន្តមកចូលរួមការតវ៉ាក្រោយការបោះឆ្នោតកាលពីខែកក្កដា បានធ្វើឲ្យព្រះសង្ឃជាច្រើនដែលមានអារម្មណ៍ដូចគ្នានេះបញ្ជូនញត្តិទៅព្រះបរមរាជវាំង កាលពីខែកញ្ញា ជាសញ្ញាបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការផ្លាស់ប្ដូរបរិយាកាសនយោបាយនៅកម្ពុជា។
លោក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថបានបដិសេធកាលពីម្សិលមិញថា មន្ត្រីរបស់លោកមិនបានបំភិតបំភ័យព្រះសង្ឃទេ ហើយបានក្រើនរំឭកព្រះតេជគុណ ប៊ុន ប៊ុនទិញ និងក្រុមរបស់ព្រះអង្គឲ្យគោរពច្បាប់។ លោក ខេង ទីតូ មានប្រសាសន៍ថា “វាមិនពិតទេក្នុងការអះអាងថា នគរបាលនិងកងរាជអាវុធហត្ថដាក់សម្ពាធលើព្រះសង្ឃ។ យើងគ្រាន់តែអនុវត្តច្បាប់ប៉ុណ្ណោះ។ព្រះអង្គមានសិទ្ធិតវ៉ា ប៉ុន្តែត្រូវគោរពច្បាប់ និងធ្វើតាមការណែនាំរបស់អាជ្ញាធរ”។
ព្រះតេជគុណ ឃឹម សន ព្រះមេគណរាជធានីភ្នំពេញ បានមានសង្ឃដីកាថា គណៈសង្ឃបានសម្រេចហាមឃាត់ព្រះសង្ឃមិនឲ្យចូលរួមការជួបជុំជាសាធារណៈទេ។ ព្រះតេជគុណ ឃឹម សន មានសង្ឃដីកាថា “ការដែលព្រះសង្ឃត្រូវបានអនុញ្ញាតឲ្យបោះឆ្នោតហ្នឹង គឺជាសេរីភាពគ្រប់គ្រាន់ណាស់ទៅហើយ។ កូនប្រុសកូនស្រីត្រូវគោរពនិងដឹងគុណឪពុកម្ដាយ។ កូនប្រុសកូនស្រីមិនគួរបន្ទោសឪពុកម្ដាយខ្លួនចំពោះស្ថានភាពមិនល្អក្នុងគ្រួសារទេ”។
ព្រះតេជគុណបានបន្តថា គណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួយសង្គ្រោះប្រទេសជាតិ និងបានផ្ដល់ជីវិតទី២ ដល់ប្រជាជន។
ព្រះតេជគុណ ប៊ុន ប៊ុនទិញ បានទទួលស្គាល់ថា ព្រះសង្ឃមិនត្រូវបង្ហាញការជាប់ពាក់ព័ន្ធនយោបាយរបស់ខ្លួនជាសាធារណៈទេ ប៉ុន្តែព្រះអង្គបានលើកឡើងថា មានការរិះគន់យ៉ាងខ្លាំងទៅលើមន្ត្រីសង្ឃជាន់ខ្ពស់ចំពោះការលម្អៀងទៅខាងគណបក្សប្រជាជន។
ព្រះតេជគុណមានសង្ឃដីកាថា “សម្ដេចសង្ឃ [ ទេព វង្ស ] បានចេញបទបញ្ជាមិនឲ្យព្រះសង្ឃចូលរួមការធ្វើបាតុកម្ម ប៉ុន្តែព្រះអង្គខ្លួនឯងគឺជាសមាជិកគណបក្សប្រជាជនកម្ពុជា។ រឿងនេះផ្ទុយគ្នាស្រឡះ”។ ព្រះតេជគុណ ទេព វង្ស ព្រះសង្ឃរាជគណៈមហានិកាយត្រូវបានបោះឆ្នោតឲ្យធ្វើជាតំណាងរបស់សាធារណៈរដ្ឋប្រជាមានិតកម្ពុជា មុនពេលចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាក្នុងឆ្នាំ១៩៨១ និងធ្វើជាអនុប្រធានរដ្ឋសភានៅពេលនោះ។
ព្រះតេជគុណ ប៊ុន ប៊ុនទិញ បានមានសង្ឃដីកាថា ទោះបីជាមានមន្ត្រីសង្ឃជាន់ខ្ពស់មានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏មានព្រះសង្ឃធម្មភាគច្រើនគាំទ្រគណបក្សប្រឆាំងដែរ។
ព្រះអង្គបានមានសង្ឃដីកាបន្ទាប់ពីសន្និសីទកាសែតនោះថា ព្រះសង្ឃ៩០ភាគរយកំពុងស្វែងរកយុត្តិធម៌ ហើយសូមទោសដែលនិយាយថា ព្រះសង្ឃ៩០ភាគរយស្រឡាញ់គណបក្សប្រឆាំង។ យើងមិនធ្វើការឲ្យគណបក្សប្រឆាំងទេ ប៉ុន្តែយើងធ្វើការដើម្បីយុត្តិធម៌ សេរីភាព និងសន្តិភាព។ ប្រសិនបើយើងពិនិត្យមើលពីឆ្នាំ១៩៩៣ដល់ឆ្នាំ២០១៣មានភាពខុសគ្នាច្រើនណាស់។ ប្រជាជនចាប់អារម្មណ៍លើនយោបាយណាស់ពេលនេះ ហើយប្រសិនបើរដ្ឋាភិបាលបំពានព្រះសង្ឃ ប្រជាជននឹងក្រោកឈរគាំទ្រព្រះសង្ឃ៕
ប្រែសម្រួលដោយ មូល គឹមហឿន
Subscribe to:
Post Comments (Atom)
No comments:
Post a Comment