Thursday, October 17, 2013
អ្នកស្រាវជ្រាវ៖ ជំនួយរបស់ចិនបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
ក្រុមអ្នកស្រាវជ្រាវអំពីប្រសិទ្ធភាពនៃជំនួយបរទេសសម្រាប់កម្ពុជា បានអះអាងថា ជំនួយរបស់ចិន រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបំផ្លាញដំណើរការ
អភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។
Caption: ២៦-ឧសភា-២០១១៖ មន្ត្រីយោធាខ្មែរ និងចិន ពិនិត្យមើលសម្លៀកបំពាក់យោធាដែលជាជំនួយរបស់ប្រទេសចិន នៅរាជធានីភ្នំពេញ។ Photo: RFA
ដោយ តាំង សារ៉ាដា RFA 2013-10-17
តាមរយៈសៀវភៅមួយដែលមានចំណងជើងថា "ការពឹងផ្អែកលើជំនួយបរទេស បានធ្វើឲ្យអន្តរាយដល់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា" អ្នកនិពន្ធ លោកបណ្ឌិត អៀ សុផល បានស្រាវជ្រាវរកឃើញថា ជំនួយរបស់ប្រទេសចិន រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក សម្រាប់កម្ពុជា ភាគច្រើនមិនបានធ្លាក់ដល់ដៃពលរដ្ឋក្រីក្រនោះទេ។
លោក អៀ សុផល ថ្លែងថា ជំនួយរបស់ប្រទេសចិន ជាជំនួយដែលគ្មានលក្ខខណ្ឌ មិនបានតម្រូវឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស គោរពដំណើរការលទ្ធិប្រជាធិបតេយ្យ កែលំអប្រព័ន្ធតុលាការ និងប្រព័ន្ធគ្រប់គ្រងរដ្ឋផ្សេងៗទេ។ ហេតុដូច្នេះហើយ រដ្ឋាភិបាលកម្ពុជា ហាក់កំពុងជិះសេះលែងដៃមិនខ្វល់អំពីការបំផ្លាញធនធានធម្មជាតិដោយក្រុមហ៊ុនចិន មិនខ្វល់អំពីការរំលោភសិទ្ធិមនុស្ស មិនខ្វល់អំពីសម្ពាធអន្តរជាតិណាទាំងអស់។
លោក អៀ សុផល៖ «និយាយទៅ ដូចអ្នកឃើញស្រាប់ហើយថា នៅពេលដែលកម្ពុជា ទទួលបានលុយជំនួយពីប្រទេសចិន ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលគ្មានការទាមទារអោយគោរពលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស និងគ្មានការទាមទារអោយលើកកម្ពស់អភិបាលកិច្ចល្អទេនោះ វានឹងមិនបានជួយដល់ដំណើរការរីកចម្រើនទៅរកលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា ឡើយ។ ដូច្នេះ ប្រាកដណាស់ ជំនួយរបស់ប្រទេសចិន នឹងប៉ះពាល់ដល់ការវិវឌ្ឍន៍នៃលទ្ធិប្រជាធិបតេយ្យ បើទោះជាអាចថាវាមិនប៉ះពាល់ដល់ការអភិវឌ្ឍក្តី»។
ការថ្លែងរបស់ លោក អៀ សុផល ធ្វើឡើងនៅក្នុងបទបង្ហាញសៀវភៅរបស់លោក ក្នុងមជ្ឈមណ្ឌល East West ក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) កាលពីថ្ងៃទី៩ ខែតុលា។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងផែនការ បង្ហាញថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១១ កម្ពុជា បានទទួលជំនួយបរទេសរហូតដល់ទៅជិត ១២ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងចំណោមជំនួយទាំងនោះមាន ២២% ពីសហគមន៍អឺរ៉ុប ជប៉ុន មានប្រមាណជាង ១៥% បន្ទាប់មក សហរដ្ឋអាមេរិក មានជាង ៦% ហើយបន្ទាប់មកទៀត ចិន មានជាង ៥%។ ប៉ុន្តែ ជំនួយរបស់សហគមន៍អឺរ៉ុប ជប៉ុន និងអាមេរិក សុទ្ធតែភ្ជាប់ទៅដោយលក្ខខណ្ឌ។
សៀវភៅរបស់ លោក អៀ សុផល សរសេរថា ដោយសារតែជំនួយបរទេសដ៏ច្រើនសន្ធឹកសន្ធាប់នេះហើយ បាននាំឲ្យរដ្ឋាភិបាលជិះសេះលែងដៃ ចាយវាយខ្ជះខ្ជាយប្រាក់ចំណូលក្នុងស្រុករបស់ខ្លួន ហើយនាំគ្នាពឹងផ្អែកតែទៅលើជំនួយបរទេសប៉ុណ្ណោះ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់ពេញចិត្តជំនួយបរទេសទាំងនេះ ១០០% ទេ ដោយសារតែមានភាពស្មុគស្មាញក្នុងការចាយវាយ។
ដោយឃើញការលំបាករបស់កម្ពុជា ដែលត្រូវធ្វើឲ្យមានតម្លាភាព ក្នុងការចាត់ចែងប្រាក់ជំនួយដូច្នេះ ប្រទេសចិន បានឆក់ឱកាសហក់ចូលជួយកម្ពុជា ដោយមិនគិតអំពីលក្ខខណ្ឌអ្វីឡើយ ដើម្បីមានឥទ្ធិពលមកលើប្រទេសកម្ពុជា និងអ្នកនយោបាយ។
នៅដើមឆ្នាំ២០០៩ ចំណងមិត្តភាពរវាងកម្ពុជា និងចិន កាន់តែខិតចូលជិតយ៉ាងស៊ីជម្រៅ។ ពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបោះនុយដ៏ធំមួយ ដើម្បីស្ទូចយកត្រីធំ គឺកញ្ចប់ជំនួយដែលគ្មានលក្ខខណ្ឌរបស់ចិន។ នុយដ៏ធំនោះ គឺជនភៀសខ្លួនជនជាតិ អ៊ុយហ្គរ៍ (Uyghurs) ចំនួន ២០នាក់ ដែលមកសម្ងំលាក់ខ្លួននៅកម្ពុជា គេចខ្លួនពីការធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធរចិន។ ភ្លាមៗក្រោយពី លោក ហ៊ុន សែន ចាប់បញ្ជូនជនភៀសខ្លួន អ៊ុយហ្គរ៍ ទាំងនោះទៅកាន់ប្រទេសចិន ដោយបំពានលើសន្ធិសញ្ញាការពារជនភៀសខ្លួន ដែលកម្ពុជា ជាហត្ថលេខីរួចមក អនុប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping) បានសម្រេចផ្តល់ជំនួយ និងប្រាក់កម្ចី ដែលមានការប្រាក់ទាបចំនួន ១,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដល់កម្ពុជា។
សៀវភៅរបស់ លោក អៀ សុផល សរសេរថា ដោយសារការបញ្ជូនជនភៀសខ្លួន អ៊ុយហ្គរ៍ ពីភ្នំពេញ ទៅកាន់ប្រទេសចិន វិញនេះហើយ ទើបរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានលុបចោលគម្រោងជំនួយរថយន្តយោធាជាង ២០០គ្រឿង ដល់កម្ពុជា។
ជាការដឺដងដល់អាមេរិក រដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់ជំនួយរថយន្តយោធាដល់កម្ពុជា ចំនួន ២៥៧គ្រឿង និងសម្លៀកបំពាក់យោធាចំនួន ៥ម៉ឺនកំប្លេថែមទៀត។ ងាកមករដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន វិញ ក៏មិនសប្បាយចិត្តសោះឡើយចំពោះកញ្ចប់ជំនួយរបស់ចិន។ ជាការឆ្លើយតប អាមេរិក បានបដិសេធការលុបចោលកញ្ចប់បំណុលដែលកម្ពុជា ជំពាក់ជាង ៣០០លានដុល្លារ ដើម្បីជាមេរៀនដល់កម្ពុជា។ ប៉ុន្តែ ការមិនលុបចោលចំពោះកញ្ចប់បំណុលនេះ បានទុកឱកាសឲ្យចិន លុបបំណុលដែលកម្ពុជា បានជំពាក់ចំនួនពីរបីលានដុល្លារ កាលពីសម័យខ្មែរក្រហម។
ក្រុមអ្នកវិភាគនិយាយថា ចិន បានធ្វើការបណ្ដាក់ទុនផ្នែកនយោបាយលើកម្ពុជា បានយ៉ាងល្អ ខណៈរដ្ឋាភិបាលរបស់ លោក ហ៊ុន សែន កំពុងត្រូវការលុយ និងសម្ភារៈយោធា ដើម្បីពង្រឹងអំណាច។ ដោយសារការបញ្ចុកជំនួយដ៏ច្រើនរបស់ចិន នេះហើយ បានធ្វើឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ លុងក្នុងសំណាញ់ទឹកប្រាក់ ហើយពើងទ្រូងចំពោះជំនួយបរទេសណា ដែលមានភ្ជាប់ទៅដោយលក្ខខណ្ឌស្មុគស្មាញសម្រាប់កម្ពុជា។
លក្ខខណ្ឌនានាដែលភ្ជាប់ជាមួយជំនួយ ដែលរដ្ឋបាលរបស់ លោក ហ៊ុន សែន តែងចាត់ទុកថា ជាឧបសគ្គនោះរួមមាន ការចាយវាយ ត្រូវអោយមានតម្លាភាពខ្ពស់ រាល់ការចាយវាយទាំងអស់ ត្រូវមានគម្រោងច្បាស់លាស់ និងត្រួតពិនិត្យឲ្យបានល្អិតល្អន់អំពីចំណាយឲ្យបានត្រឹមត្រូវ។ លើសពីនេះទៅទៀត ក៏ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ត្រូវចាយវាយជំនួយទាំងនោះប្រកបដោយការទទួលខុសត្រូវ ក្នុងការចាត់ចែងដោយខ្លួនឯង ធ្វើការសម្របសម្រួលឲ្យបានល្អ រវាងរដ្ឋាភិបាល និងសង្គមស៊ីវិល។
ក្រុមអ្នកវិភាគ និយាយថា ដោយសារតែឥទ្ធិពលទឹកប្រាក់របស់ចិន ដែលគ្មានលក្ខខណ្ឌនេះហើយ បានធ្វើឲ្យកម្ពុជា បង្កើនការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាមរយៈការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ ដើម្បីយកដីឲ្យក្រុមវិនិយោគទុនចិន ការចាប់សកម្មជនដីធ្លី សកម្មជនបក្សប្រឆាំង ការបំផ្លាញធនធានធម្មជាតិ ការកើនឡើងនូវអំពីពុករលួយ និងការធ្វើចំណាកស្រុករបស់អ្នកក្រជាដើម។
អ្នកវិភាគឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ប្រសិនបើកម្ពុជា នៅតែបន្តកៀកស្មាជិតស្និទ្ធជាមួយចិន ហើយដោះដៃចេញពីបណ្ដាប្រទេសលោកសេរីនោះ កម្ពុជា នឹងអាចជួយវិបត្តិនយោបាយជាលើកទីពីរនៅថ្ងៃណាមួយជាមិនខាន៖ «នៅពេលដែលចិន ជាបង្អែក ធ្វើឲ្យរដ្ឋាភិបាលព្រងើយកន្តើយ ហើយធ្វើឲ្យខ្មែរយើងសព្វថ្ងៃជិះលើគែមទូក។ ជើងម្ខាងជិះលើគែមទូក ម្ខាងគឺគែមខាងចិន មិនជិះទៅខាងអាមេរិក ឬសហគមន៍អឺរ៉ុប ដែលមានលទ្ធិប្រជាធិបតេយ្យអ្វីទេ ហើយក៏មិនបានជិះទៅក្នុងទូកហ្នឹងទៀត។ អ៊ីចឹងហើយ ខ្មែរយើងដូចជិះទូកនៅកណ្ដាលសមុទ្រដោយគែមទូកម្ខាង ហើយថ្ងៃណាមួយលិចជាមិនខាន»។
គេសង្កេតឃើញសឹងគ្រប់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងអស់ ចាប់តាំងពីថ្នាក់នាយករដ្ឋមន្ត្រី រហូតដល់ថ្នាក់មន្ត្រីតូចតាច តាំងពីថ្នាក់ក្រសួង មន្ទីរ ឬការិយាល័យ តែងនិយាយភាសាតែមួយ ទទួលស្គាល់ថា ជំនួយរបស់ចិន ជាជំនួយដែលគ្មានលក្ខខណ្ឌស្មុគស្មាញ ដែលធ្វើអោយរដ្ឋាភិបាលតែងចង់បាន។
កាលពីឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់និយាយជាសាធារណៈថា ចិន ជាដៃគូអភិវឌ្ឍន៍ពិសេសរបស់កម្ពុជា ហើយថា ចិន បានជួយកម្ពុជា ទាន់ពេលវេលា ឆ្លើយតបឆាប់រហ័សទៅនឹងសំណើរបស់កម្ពុជា ដោយគ្មានលក្ខខណ្ឌស្មុគស្មាញ។
កាលពីដើមខែតុលា កន្លងទៅនេះ លោក ជាម យៀប តំណាងរាស្ត្រចាស់ទុំម្នាក់របស់បក្សកាន់អំណាច បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទថា ជំនួយរបស់ចិន ជាជំនួយមួយប្រកបដោយសុឆន្ទៈ ហើយអះអាងថា ឥទ្ធិពលនៃជំនួយទាំងនោះមិនអាចបញ្ជាដល់ការដឹកនាំរបស់កម្ពុជា អោយងាករេចេញពីលទ្ធិប្រជាធិបតេយ្យបានឡើយ៖ «យើងដឹងគុណ អគុណទាំងចិន និងអាមេរិក ទាំងសងខាង ប៉ុន្តែគ្រាន់តែថា ចិន ពេលឲ្យជំនួយទៅអត់សូវគិតអំពីលក្ខខណ្ឌ។ ទីមួយ គឺថាចិន គេសល់លុយច្រើន ហើយយើងក៏អត់មានបង្ខំឲ្យអាមេរិក ត្រូវផ្តល់ជំនួយឲ្យយើងទេ នេះស៊ីសងលើរដ្ឋាភិបាល លោក បារ៉ាក់ អូបាម៉ា (Barack Obama) និងប្រជាជនអាមេរិក ទេ។ ប៉ុន្តែ ជំនួយរបស់ចិន មិនមានការជាប់ពាក់ព័ន្ធដល់ដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ទេ»។
ក្រុមអ្នកឃ្លាំមើលនិយាយថា ដើម្បីកាត់បន្ថយការពឹងផ្អែកលើជំនួយ ឬកម្ចីពីបរទេស កម្ពុជា ត្រូវកែទម្រង់ប្រព័ន្ធពន្ធដារដីធ្លី គឺត្រូវប្រមូលពន្ធលើអចលនទ្រព្យរបស់ក្រុមអ្នកវិនិយោគ អ្នកដែលមានដីធ្លី អគារ និងផ្ទះសម្បែងច្រើន។ ម្យ៉ាងទៀត កម្ពុជា ត្រូវពង្រឹងធនធានមនុស្សឲ្យមានគុណភាព បង្កើតសក្ដានុពលលើវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងកសិឧស្សាហកម្ម។ លើសពីនេះទៅទៀត ត្រូវបង្កើនផលិតផលក្នុងស្រុក និងគោរពក្រមសីលធម៌ពាណិជ្ជកម្មជាដើម៕
Subscribe to:
Post Comments (Atom)
2 comments:
កាត់បន្ថយការពឹងផ្អែកលើជំនួយ ឬកម្ចីពីបរទេស កម្ពុជា:
កែទម្រង់ប្រព័ន្ធពន្ធដារដីធ្លី គឺត្រូវប្រមូលពន្ធលើអចលនទ្រព្យរបស់ក្រុមអ្នកវិនិយោគ អ្នកដែលមានដីធ្លី អគារ និងផ្ទះសម្បែងច្រើន។
ពង្រឹងធនធានមនុស្សឲ្យមានគុណភាព
បង្កើតសក្ដានុពលលើវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្ម និងកសិឧស្សាហកម្ម
បង្កើនផលិតផលក្នុងស្រុក
និងគោរពក្រមសីលធម៌ពាណិជ្ជកម្ម
និយាយភាសាថាៈ ជំនួយឥតចំណង ឬ ឥតសំ
ណងគឺជាភាសាពួកលក់ជាតិ ព្រោះគ្មានអ្វីដែល
បានមកដោយទទេនោះទេ នៅក្នុងលោកយើង
នេះ ។ ដូចភាសាអង្គ្លេសនិយាយថាៈ "Nothing
free in this world" មានតែពួកលោភលន់
ទើបជឿថាមានគេឲទទេ ។ អ្នកឲណាក៍តែងមាន
ចិត្តចង់បានអ្វីំមួយដែរ គ្រាន់តែតូច ឬ ធំ ទៅតាម
ចំណង់របស់គេ ។ សូម្បីតែអ្នកដែលយកចង្ហាន់
ទៅប្រគេនលោក យកបច្ច័យទៅថ្វាយដល់វត្តអា
រាម ក៍ចង់បានអ្វីមួយដែរ គឺចង់បានបុណ្យមកវិញ
នោះអី ។
ដូច្នេះ កុម្មុយនិស្តចិន យួនក៍ដូចគ្នាដែរ គ្រាន់តែអ្វី
ដែលពួកវាចង់បានវាធំពេក មិនអាចនិយាយល័ក្ខ
ខ័ណ្ឌចេញមកជាសាធរណៈបាន ។ ពួកវាលាក់
លៀមរហូតដល់ថ្ងៃចុងក្រោយបង្អស់ ពួកវាយកប្រ
ទេសខ្មែរទាំងមូលដូចកាលពីឆ្នាំ ១៩៧៥ អញ្ចឹង។
ពួកលោភលន់អំណាច ដូច ស្តេចសីហនុ គាត
ឈុន និង ពួកអាហ៊ុនសែន លក់ជាតិតាមវិធីហ្នឹង
ដើម្បីប្តូរយកអំណាចតាមមហិច្ឆិតារបស់ពួកវា ។
បើពុំដូច្នោះទេ មិនមែនពួកវាសុខចិត្តធ្វើតាមបទ
បញ្ជាររបស់ពួកកុម្មុយនិស្តដោយប្រព្រឹត្តល្មើសលើ
កិច្ចព្រមព្រៀងទីក្រុងប៉ារិសដោយអនុវត្តតាមតែរបប
កុម្មុយនិស្តផ្តាច់ការ ក្បត់នឹងលទ្ធិប្រជាធិបតិយ្យពិត
ប្រកដនោះទេ ។ មានន័យថា ពួកវាកំពុងស្ថិតនៅ
ក្រោមអំណាចត្រួតត្រារបស់ពួកកុម្មុយនិស្តទាំងស្រុងពួកវាធ្វើតាមតែបញ្ជាររបស់ពួកកុម្មុយនិស្តតែ
ប៉ុណ្ណោះ ។ មើលចុះ អ្វីៗ ដែលពួកវាធ្វើសុទ្ធតែ
ផ្ទុយពីឆ័ន្ទៈប្រជាពលរដ្ឋខ្មែរទាំងអស់ពួកវាត្រូវតែធ្វើតាមបញ្ជារគេ ព្រោះវាបានលក់ស្រុកខ្មែរឲទៅគេ
ទៅហើយ ។ ប្រាកើដែលពួកវាបានមកមិនមែនជំ
នួយអីទេ គឺប្រាក់លក់ជាតិឲទៅគេ ។ តាមពិត
បរទេសជាច្រើន ក៍បានយល់ពីបញ្ហាហ្នឹងច្បាស់ដែរ
តែមិនដឹងថា ដោយសារបុព្វហេតុអ្វីដែលពួកគេទុក
បណ្តោយឲពួកអាលក់ជាតិទាំងហ្នឹងវាធ្វើដូច្នេះបាន។
Post a Comment