Friday, October 04, 2013

បទវិភាគ៖ តើរដ្ឋាភិបាលអាចដឹកនាំប្រទេសដោយគ្មានបក្សប្រឆាំងបានដែរឬទេ?

អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញខាងឃ្លាំមើលផ្នែកអភិវឌ្ឍន៍ សង្គម បានពន្យល់ថា រដ្ឋាភិបាលឯកបក្សនេះអាចដឹកនាំប្រទេស ទៅបានក្នុងល្បឿន យ៉ាប់យ៉ឺនជាទីបំផុត។ 

ធនាគារពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបាន​ទទួល​ផលពីកំណើន​សេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាន និងអ្នក ក្រនៅកម្ពុជា មានគម្លាតឆ្ងាយ​ពីគ្នាខ្លាំង ហើយប្រជាពលរដ្ឋភាគ ច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាងមួយហិកតារ ស្របពេលដែលអ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុង នៅប្រទេសកម្ពុជា។

.................................
រដ្ឋសភាថ្មី និងរដ្ឋាភិបាលថ្មីសម្រាប់ប្រទេសកម្ពុជា បានបង្កើតឡើងតាមការគ្រោង និងរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា ដើម្បីគណបក្សប្រជាជនកម្ពុជា ទោះបីជាការបោះឆ្នោតនីតិកាលទី៥ នេះ មានគណបក្សមួយទៀតជាប់ឆ្នោតបានអាសនៈជិតពាក់កណ្ដាលក៏ដោយ។
ដោយ ទីន ហ្សាការីយ៉ា 2013-10-04 RFA
រដ្ឋាភិបាល និងរដ្ឋសភានីតិកាលទី៥ មានតែឯកបក្សនៅពេលនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលដ៏ចម្រូងចម្រាស ពីព្រោះថា គណបក្សប្រឆាំងមិនចូលរួមសភានោះទេ ដោយចោទប្រកាន់ថា ជាសភាខុសច្បាប់។ ទាក់ទងនឹងបញ្ហានេះ តើរដ្ឋាភិបាលអាចដឹកនាំប្រទេសតែឯកឯងដោយគ្មានការគាំទ្រពីគណបក្សប្រឆាំងបានដែរទេ?


ប្រទេសកម្ពុជា ធ្លាប់បានឆ្លងកាត់ភាពមិនចុះសម្រុងនឹងគ្នារវាងអ្នកនយោបាយជាច្រើនដំណាក់កាល ពិសេសនៅក្រោយពេលប្រទេសនេះបានប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយការជ្រើសរើសមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោតដោយសេរី នៅឆ្នាំ១៩៩៣ នោះ។

ក្រោយពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នេះ ទោះបីជាលទ្ធផលបោះឆ្នោតស្ថិតនៅក្នុងភាពប្រទាញប្រទង់គ្នារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំងក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាចអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានបង្កើតសភា និងរដ្ឋាភិបាលថ្មីដោយឯកបក្ស ផ្អែកលើលទ្ធផលបោះឆ្នោតរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលគេដឹងថា ជាឧបករណ៍របស់គណបក្សប្រជាជនកម្ពុជា ខ្លួនឯងនោះ។ ដោយហេតុនេះ គណបក្សសង្គ្រោះជាតិ មិនទទួលស្គាល់សភា និងរដ្ឋាភិបាលថ្មីនេះទេ។

នៅគ្រាដែលគណបក្សប្រឆាំងកំពុងតតាំងទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្នោត គណបក្សប្រជាជនកម្ពុជា ឯណោះ ក៏កំពុងប្រញិបប្រញាប់ដាក់ចេញនូវផែនការមួយចំនួន បន្ទាប់ពីគណបក្សនេះបង្កើតសភា និងបង្កើតរដ្ឋាភិបាលបានជោគជ័យ ក្រោមព្រះរាជាធិបតីភាព ព្រះមហាក្សត្រនោះ។

ប៉ុន្តែ តើរដ្ឋាភិបាលថ្មីនេះអាចដឹកនាំប្រទេសបានជឿនលឿនដូចប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនទៀតនោះឬទេ? រដ្ឋាភិបាលថ្មីអាចនឹងប្រឈមនឹងបញ្ហាជាច្រើន ក្នុងការដឹកនាំរបស់ខ្លួន ពិសេសគឺបញ្ហាសេដ្ឋកិច្ច ទោះបីជា លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីថ្មីសម្រាប់នីតិកាលទី៥ នេះ បានអះអាងថា កំណើនសេដ្ឋកិច្ចនឹងកើនដល់ប្រមាណ ៧% ក៏ដោយ។

អ្នកជំនាញសេដ្ឋកិច្ច និងអ្នកជំនាញខាងឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម បានពន្យល់ថា រដ្ឋាភិបាលឯកបក្សនេះអាចដឹកនាំប្រទេសទៅបានក្នុងល្បឿនយ៉ាប់យ៉ឺនជាទីបំផុត។ អ្នកជំនាញសេដ្ឋកិច្ច បានលើកជាឧទាហរណ៍ថា រដ្ឋាភិបាលថ្មី និងរដ្ឋសភាឯកបក្សដោយគ្មានគណបក្សប្រឆាំងជាកញ្ចក់ឆ្លុះសង្គមនេះ ប្រៀបដូចជាឡានមានកង់បួន ហើយកង់ពីរបែក ដែលឡាននេះងាយនឹងគ្រោះថ្នាក់ ទោះបីការបើកទៅមុខក្នុងល្បឿនយឺតក្ដី។

ទន្ទឹមនឹងនិន្នាការនៃប្រទេសកុម្មុយនីស្ត និងប្រទេសកាន់អំណាចផ្តាច់ការជាច្រើន ងាកទៅរកប្រជាធិបតេយ្យ និងឈោងទៅចាប់យកអាមេរិក ជាដៃគូពាណិជ្ជកម្មជាធំ ដូចជាភូមា និងវៀតណាម ជាដើម ទោះបីជាប្រទេសទាំងនេះមិនប្រកាសខ្លួនជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យក្ដី កម្ពុជា រដ្ឋាភិបាលហាក់ងាកទៅប្រទេសកុម្មុយនីស្តចិន ជាខ្នងបង្អែកទាំងសេដ្ឋកិច្ច និងនយោបាយ។

ការរីកចម្រើនកន្លងមក ក៏ដោយសារប្រទេសកម្ពុជា ត្រូវបានសហគមន៍អឺរ៉ុប ងាកមកយកចិត្តទុកដាក់ និងលើកស្ទួយផ្នែកពាណិជ្ជកម្ម ដោយការលើកលែងពន្ធនាំចូលទៅកាន់សហគមន៍អឺរ៉ុប និងលុបចេញលក្ខខណ្ឌតឹងតែងមួយចំនួនទៀត ចាប់ពីប្រទេសនេះទទួលយកលទ្ធិប្រជាធិបតេយ្យ ក្រោយពេលបោះឆ្នោតឆ្នាំ១៩៩៣ មក ដោយមានអ្នកវិនិយោគចូលមកវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។

អ្វីដែលអាចធ្វើឲ្យរដ្ឋាភិបាលថ្មីដឹកនាំប្រទេសមិនមានការរីកចម្រើនខ្លាំងក្នុងអាណត្តិនេះ គឺអាចមកពីការដែលរដ្ឋាភិបាលកំពុងដើរផ្ទុយពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងរដ្ឋធម្មនុញ្ញ ដែលចែងថា កម្ពុជា ប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្សនោះឯង។ ប្រការនេះ អាចនឹងធ្វើឲ្យប្រទេសមួយចំនួនលើសកលលោក នឹងមិនចាប់អារម្មណ៍រដ្ឋាភិបាលថ្មីនេះទេ ពិសេសគឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលប្រទេសទាំងនេះបានអនុគ្រោះពន្ធនាំចេញជាច្រើនដល់កម្ពុជា លើវិស័យកាត់ដេរជាដើម។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងកិច្ចប្រជុំដំបូងរបស់ខ្លួន បន្ទាប់ពីលោកត្រូវបានសភាបោះឆ្នោតជាកញ្ចប់ជានាយករដ្ឋមន្ត្រីនីតិកាលទី៥ ថា លោកធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចយ៉ាងតិចបំផុតប្រមាណ ៧% នៅរយៈពេលមធ្យមខាងមុខនេះ។

អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា កម្ពុជា អាចមានកំណើនសេដ្ឋកិច្ចប្រមាណ ៧% ក្នុងឆ្នាំ២០១៣ ប៉ុន្តែកំណើននោះ នឹងអាចស្ថិតនៅទ្រឹង ឬគ្មានឱកាសហក់ឡើងទៅប្រទេសអភិវឌ្ឍន៍ឡើយ ប្រសិនបើកម្ពុជា មិនធ្វើកំណែទម្រង់លើគោលនយោបាយកាត់បន្ថយគម្លាតអ្នកមាន និងអ្នកក្រ រួមទាំងពង្រឹងមូលដ្ឋានផលិតដែលមិនបម្រើប្រជាពលរដ្ឋទូទៅទេនោះ។

ធនាគារពិភពលោក បានរកឃើញថា ប្រជាពលរដ្ឋតិចតួចបានទទួលផលពីកំណើនសេដ្ឋកិច្ចរៀងរាល់ឆ្នាំ។ អ្នកមាន និងអ្នកក្រនៅកម្ពុជា មានគម្លាតឆ្ងាយពីគ្នាខ្លាំង ហើយប្រជាពលរដ្ឋភាគច្រើនប្រមាណ ៨០% មានដីធ្វើកសិកម្មតិចជាងមួយហិកតារ ស្របពេលដែលអ្នកមានអំណាចប្រមាណ ២០% មានដីច្រើនជាង ៥០០ហិកតារ ដែលគ្រប់គ្រងដីផលិតកសិកម្មស្ទើរតែទាំងស្រុងនៅប្រទេសកម្ពុជា។

គម្លាតអ្នកមាន និងអ្នកក្រខុសគ្នាខ្លាំងនេះ វិបត្តិសង្គមនឹងកើតឡើង គួបផ្សំនឹងស្ថានភាពនយោបាយមិនមានស្ថិរភាពល្អ ភាពឥតការងាររបស់យុវជនកាន់តែច្រើន ដោយសារតែអ្នកវិនិយោគមិនហ៊ានចូលមកវិនិយោគបន្ថែម រីឯអ្នកវិនិយោគដែលមានស្រាប់ អាចបញ្ឈប់វិនិយោគ ហើយងាកទៅប្រទេសជិតខាង ដូចជានៅវៀតណាម និងថៃ ជាដើម។

ជាងនេះទៅទៀត នៅក្នុងដំណាក់កាលនេះ អ្នកនយោបាយ និងប្រជាពលរដ្ឋកំពុងដើរផ្ទុយគ្នា។ ផ្ទុយគ្នានៅត្រង់ថា ប្រជាពលរដ្ឋបានយល់ដឹងច្រើនអំពីលទ្ធិប្រជាធិបតេយ្យ ចង់បានសេរីភាពពេញលេញ ដូចជាប្រជាពលរដ្ឋហ៊ានចេញមុខតវ៉ាទាមទាររកយុត្តិធម៌សង្គម ហ៊ានតវ៉ាអំពីលទ្ធផលឆ្នោតដោយមកចូលរួមជាគណបក្សប្រឆាំងធ្វើបាតុកម្ម និងផ្សេងៗទៀត។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺរដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា នៅពេលនេះ ហាក់បីដូចជាចង់ដឹកនាំប្រទេសទៅជាប្រទេសកុម្មុយនីស្តបែបសិង្ហបុរី ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនអាចធានានូវការដឹកនាំដូចសិង្ហបុរី បានទេ ពោលគឺ ទី១ រដ្ឋាភិបាលកម្ពុជា មិនអាចធានាឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារបាន ដោយគម្លាតអ្នកមាន និងអ្នកក្រខុសគ្នាខ្លាំង។ ទី២ រដ្ឋាភិបាលមិនអាចធានាយុត្តិធម៌សង្គមមិនបាន និងទី៣ រដ្ឋាភិបាលមិនអាចលុបបំបាត់អំពើពុករលួយបាន ទោះបីជា លោក ហ៊ុន សែន បានធានាអះអាងថា រដ្ឋាភិបាលថ្មីរបស់លោកនឹងធ្វើកំណែទម្រង់ស៊ីជម្រៅ ដោយអនុវត្តតាមយុទ្ធសាស្ត្រចតុកោណរបស់លោកក៏ដោយ ពីព្រោះថា ការតាំងចិត្តរបស់រដ្ឋាភិបាលនេះ ធ្លាប់បានធ្វើកាលពីនីតិកាលទី៤ រួមមានការការពារព្រៃឈើ ការធានាប្រព័ន្ធតុលាការឯករាជ្យ និងករណីផ្សេងៗទៀត តែការកែទម្រង់របស់រដ្ឋាភិបាលមិនមានប្រសិទ្ធភាពនោះឡើយ។

ជាងនេះទៅទៀត នៅក្នុងអាណត្តិទី៥ នេះ នៅគ្រាដែលគណបក្សប្រជាជនកម្ពុជា ដឹកនាំសភា និងរដ្ឋាភិបាលដោយឯកបក្ស ដោយគ្មានគណបក្សប្រឆាំងធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសកម្មភាពអសកម្ម ឬសកម្មភាពពុករលួយរបស់មន្ត្រីរដ្ឋាភិបាលមួយចំនួនទៀតនោះ បញ្ហាដឹកនាំប្រទេសនឹងអាចមានសភាពធ្ងន់ធ្ងរជាងអាណត្តិទី៤ ទៀតក៏ថាបាន ដោយហេតុថា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប មិនទទួលស្គាល់រដ្ឋាភិបាលដោយឯកបក្សនេះទេ។ រដ្ឋាភិបាលកម្ពុជា នឹងអាចប្រឈមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដូចដែលប្រទេសទាំងនេះធ្លាប់ដាក់គំនាបសេដ្ឋកិច្ចនៅប្រទេសភូមា កាលពីប៉ុន្មានឆ្នាំមុនក៏ថាបាន នៅពេលនោះ វិបត្តិសង្គមនឹងកើតមានកាន់តែធ្ងន់ធ្ងរ ហើយការរើបម្រាស់នឹងអាចកើតមាននៅពេលខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

4 comments:

Jendhamuni said...


I love this picture! I'm feeling dizzy looking at them :)

Anonymous said...

All of them are leaving to the hell now. Bye bye.
Wait .........wait how about your money ? And. Your .......

Anonymous said...

min bach mean ah pro-chhain
kombong bay ei tae,
dordel jea dordel.

Anonymous said...

Every bodies knew ,I he or her the game they play they got 4aces they win the game who care?nobodies who lost Khmer who own game Vietnam Hanoi who the dealer HUN Sok HENG Chea Kheng Who clean table Phay Yeab Khiev Kanharith.