Friday, November 01, 2013

គណបក្ស​សង្គ្រោះជាតិ​សុំ​ឱ្យ​ថ្នាក់​ដឹកនាំ​គ.ជ.ប.​លាលែង​ពី​តំណែង


ដោយ ហេង រស្មី VOA Khmer 31.10.2013

គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើសុំ​ជា​ផ្លូវការ​​​នៅ​ថ្ងៃ​ពុធ​នេះ​ឱ្យ​ថ្នាក់​ដឹកនាំ​នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​លា​ឈប់​ពី​មុខ​តំណែង​ដើម្បី​បើក​ផ្លូវ​ឱ្យ​​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​មួយ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​យុត្តិធម៌​ត្រឹម​ត្រូវ។​

គណបក្ស​សង្គ្រោះ​ជាតិ​​ក៏​បាន​បញ្ជាក់​ជាថ្មី​នូវ​ជំហរ​ទទូច​ឱ្យ​​ស្វែង​រក​ការណ៍​ពិត​មួយ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។​ ការ​ស្នើ​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​គណបក្ស​ទាំង​ពីរ​ដើរ​ចូលតុ​ចរចា​ជាថ្មី​នៅ​ដើម​ខែ​ក្រោយ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ភាសា​អង់គ្លេស​ហើយ​​ទើប​​ចេញ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ពុធ​បាន​បញ្ជាក់​ជំហរ​ក្នុង​ការដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដោយ​សន្តិវិធី​និង​គ្មាន​អំពើ​ហិង្សា​ព្រម​ទាំង​ស្វែង​រក​ការពិត​ពីព្រោះ​ថា​មាន​តែការ​ពិត​ទេ​អាច​នាំ​ទៅ​រក​យុត្តិធម៌​បាន។​

គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ទទូច​ឱ្យ​​មាន​កំណែ​ទម្រង់​ទៅ​លើ​នៅ​លើ​ប្រព័ន្ធ​បោះ​ឆ្នោត​ដោយ​យក​តាម​អនុសាសន៍​របស់​អង្គការ​សហ​ប្រជាជាតិ​ សហភាព​អឺរ៉ុប​ អង្គការ​ជាតិ​និង​អន្តរជាតិ​ដូច​ជា​អង្គការ ​Comfrel ​និង​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​ NDI។​


លោក​ យឹម សុវណ្ណ​អ្នកនាំ​ពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដែល​កំពុង​ជាប់​គាំង​នេះ​យើង​ស្នើ​សុំ​ឱ្យ​​សមាសភាព​គ.ជ.ប​គួរ​តែ​លាចេញ​ពី​មុខតំណែង​និង​បង្កើត​យន្តការ​មួយ​ជឿជាក់​បាន​ដែល​មាន​សង្គម​ស៊ីវិល​និង​គណបក្ស​ទាំង​ពីរ​ចូល​រួម​ដើម្បី​រៀប​ចំ​យុទ្ធសាស្ត្រ​កែ​ទម្រង់​គ.ជ.ប។​

លោក​និយាយ​ថា៖​ «ធម្មតា​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​មាន​បញ្ហា​សព្វ​ថ្ងៃ​ហ្នឹង​ហើយ​ ដែល​នាំ​ឱ្យ​​មាន​បញ្ហា​ចាក់​ស្រេះ​ ហើយ​ដោះ​ស្រាយ​មិន​ចេញ​មាន​វិបត្តិ​នយោបាយ​ដូច​បច្ចុប្បន្ន​នេះ។​ អញ្ចឹង​ត្រូវ​តែ​ជម្រះ​ឫស​គល់​បញ្ហា​ហ្នឹង​ចោល»។​

គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​ជួប​ចរចា​រវាង​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​គណបក្ស​ទាំង​ពីរ​នៅ​ដើម​ខែ​ក្រោយ​នេះ​ដើម្បី​ទម្លុះ​ទម្លាយ​ភាព​ជាប់​គាំង​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត។​

ការ​ចរចា​លើក​នេះ​បើតាម​ការ​បញ្ជាក់​ពី​គណបក្ស​សង្គ្រោះជាតិ​បាន​ឱ្យ​​ដឹង​ថា​មិន​ធ្វើ​នៅ​ទីតាំង​រដ្ឋសភាជាតិ​ដូច​ពីមុន​ទៀត​ទេ​ពោល​គឺ​ធ្វើ​ទី​កន្លែង​ផ្សេង​ក្រៅ​ពី​រដ្ឋសភា។​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទទូច​ឱ្យ​​ការ​ចរចា​លើក​នេះ​ធ្វើ​ឡើង​ជា​សាធារណៈ​ដោយ​មាន​ការ​ចូល​រួម​ពីអ្នក​អង្កេតការណ៍​ជាតិ​ អន្តរជាតិ​ និង​ អ្នក​កាសែត​ដើម្បី​ឱ្យ​​មាន​តម្លាភាព​ក្នុង​ការ​ចរចា។​

លោក​ឧបនាយករដ្ឋ​មន្ត្រី​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា​គណបក្ស​សង្គ្រោះជាតិ​មិន​ទាន់​ជូន​ដំណឹង​អំពី​ថ្ងៃ​ជាក់លាក់​នៃ​ការ​ចរចា​នៅ​ឡើយ​ទេ។​

លោក​បាន​ឱ្យ​​ដឹង​ថា​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​ទាម​ទារ​ស្វែង​រក​ការណ៍​ពិត​គឺ​គណបក្ស​របស់​លោក​កំពុង​តែ​សិក្សា។​

លោក​និយាយ​ថា៖​ «បើ​សិន​ណា​យើង​ធ្វើ​ទៅ​វា​ប៉ះ​ពាល់​អ្វី​វា​មិន​ចំណេញ​ទេ​យើង​ក៏​កុំ​គួរ។ ​បើធ្វើ​ទៅ​វា​ចំណេញ​ចាំ​យើង​ធ្វើ​ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ទាន់​ឃើញ​ថា​ស្អី​ជា​ជាក់លាក់​ហ្នឹង ​គ្រាន់​តែ​ជា​ការ​មាន​មតិ​ដើម្បី​យក​សារ​ធារណៈ​មតិ​តែ​ប៉ុណ្ណោះ»។​

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​ក្រោយ​ពី​​បោះ​ឆ្នោត​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កក្កដា​បាន​កំពុង​ជាប់​គាំង​នយោ​បាយ​ដែល​មិន​ទាន់​ទម្លុះ​ទម្លាយ​បាន​នៅ​ឡើយ។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ត​ដឹកនាំ​ទាំង​ស្ថាប័ន​រដ្ឋ​សភា​និង​រដ្ឋាភិបាល​ដោយ​គ្មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ៕

2 comments:

Anonymous said...

NOTHING BUT YUON INTEREST!!!

Anonymous said...

It does'n matter change or not|they done this way 20years already Vietnam not stupid they destroyed our Country almost everything,because this stupids dogs son a bitches.KRANHUN EASAN