Friday, November 01, 2013
គណបក្សសង្គ្រោះជាតិសុំឱ្យថ្នាក់ដឹកនាំគ.ជ.ប.លាលែងពីតំណែង
ដោយ ហេង រស្មី VOA Khmer 31.10.2013
គណបក្សសង្គ្រោះជាតិបានស្នើសុំជាផ្លូវការនៅថ្ងៃពុធនេះឱ្យថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលាឈប់ពីមុខតំណែងដើម្បីបើកផ្លូវឱ្យការកែទម្រង់ការបោះឆ្នោតមួយប្រព្រឹត្តទៅដោយសេរីនិងយុត្តិធម៌ត្រឹមត្រូវ។
គណបក្សសង្គ្រោះជាតិក៏បានបញ្ជាក់ជាថ្មីនូវជំហរទទូចឱ្យស្វែងរកការណ៍ពិតមួយដើម្បីដោះស្រាយវិបត្តិនយោបាយក្រោយការបោះឆ្នោត។ ការស្នើនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុននឹងគណបក្សទាំងពីរដើរចូលតុចរចាជាថ្មីនៅដើមខែក្រោយ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិជាភាសាអង់គ្លេសហើយទើបចេញផ្សាយនៅរសៀលថ្ងៃពុធបានបញ្ជាក់ជំហរក្នុងការដោះស្រាយវិបត្តិនយោបាយដោយសន្តិវិធីនិងគ្មានអំពើហិង្សាព្រមទាំងស្វែងរកការពិតពីព្រោះថាមានតែការពិតទេអាចនាំទៅរកយុត្តិធម៌បាន។
គណបក្សសង្គ្រោះជាតិក៏ទទូចឱ្យមានកំណែទម្រង់ទៅលើនៅលើប្រព័ន្ធបោះឆ្នោតដោយយកតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អង្គការជាតិនិងអន្តរជាតិដូចជាអង្គការ Comfrel និងវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI។
លោក យឹម សុវណ្ណអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានបញ្ជាក់ថាដើម្បីដោះស្រាយវិបត្តិនយោបាយដែលកំពុងជាប់គាំងនេះយើងស្នើសុំឱ្យសមាសភាពគ.ជ.បគួរតែលាចេញពីមុខតំណែងនិងបង្កើតយន្តការមួយជឿជាក់បានដែលមានសង្គមស៊ីវិលនិងគណបក្សទាំងពីរចូលរួមដើម្បីរៀបចំយុទ្ធសាស្ត្រកែទម្រង់គ.ជ.ប។
លោកនិយាយថា៖ «ធម្មតាប្រព័ន្ធបោះឆ្នោតដែលមានបញ្ហាសព្វថ្ងៃហ្នឹងហើយ ដែលនាំឱ្យមានបញ្ហាចាក់ស្រេះ ហើយដោះស្រាយមិនចេញមានវិបត្តិនយោបាយដូចបច្ចុប្បន្ននេះ។ អញ្ចឹងត្រូវតែជម្រះឫសគល់បញ្ហាហ្នឹងចោល»។
គណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាគ្រោងនឹងជួបចរចារវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរនៅដើមខែក្រោយនេះដើម្បីទម្លុះទម្លាយភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត។
ការចរចាលើកនេះបើតាមការបញ្ជាក់ពីគណបក្សសង្គ្រោះជាតិបានឱ្យដឹងថាមិនធ្វើនៅទីតាំងរដ្ឋសភាជាតិដូចពីមុនទៀតទេពោលគឺធ្វើទីកន្លែងផ្សេងក្រៅពីរដ្ឋសភា។ គណបក្សសង្គ្រោះជាតិបានទទូចឱ្យការចរចាលើកនេះធ្វើឡើងជាសាធារណៈដោយមានការចូលរួមពីអ្នកអង្កេតការណ៍ជាតិ អន្តរជាតិ និង អ្នកកាសែតដើម្បីឱ្យមានតម្លាភាពក្នុងការចរចា។
លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃខាងគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថាគណបក្សសង្គ្រោះជាតិមិនទាន់ជូនដំណឹងអំពីថ្ងៃជាក់លាក់នៃការចរចានៅឡើយទេ។
លោកបានឱ្យដឹងថាការទាមទាររបស់គណបក្សសង្គ្រោះជាតិដែលទាមទារស្វែងរកការណ៍ពិតគឺគណបក្សរបស់លោកកំពុងតែសិក្សា។
លោកនិយាយថា៖ «បើសិនណាយើងធ្វើទៅវាប៉ះពាល់អ្វីវាមិនចំណេញទេយើងក៏កុំគួរ។ បើធ្វើទៅវាចំណេញចាំយើងធ្វើ ប៉ុន្តែខ្ញុំក៏មិនទាន់ឃើញថាស្អីជាជាក់លាក់ហ្នឹង គ្រាន់តែជាការមានមតិដើម្បីយកសារធារណៈមតិតែប៉ុណ្ណោះ»។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិក្រោយពីទទួលបានជ័យជម្នះក្រោយពីបោះឆ្នោតការបោះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដាបានកំពុងជាប់គាំងនយោបាយដែលមិនទាន់ទម្លុះទម្លាយបាននៅឡើយ។
គណបក្សប្រជាជនកម្ពុជាបានបន្តដឹកនាំទាំងស្ថាប័នរដ្ឋសភានិងរដ្ឋាភិបាលដោយគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ៕
Subscribe to:
Post Comments (Atom)
2 comments:
NOTHING BUT YUON INTEREST!!!
It does'n matter change or not|they done this way 20years already Vietnam not stupid they destroyed our Country almost everything,because this stupids dogs son a bitches.KRANHUN EASAN
Post a Comment