Friday, November 01, 2013

សកម្មជន​បក្ស​សម​រង្ស៊ី​ម្នាក់​នៅ​រតនគិរី​ត្រូវ​ចាប់​ខ្លួន​ចោទ​ពី​បទ​ដឹក​ឈើ​ខុស​ច្បាប់


៣១-តុលា-២០១៣៖ ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី។ RFA/Ratha Visal
សមត្ថកិច្ច​ចម្រុះ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ចាប់​ខ្លួន​សកម្មជន​គណបក្ស សម រង្ស៊ី មួយ​រូប ដែល​មាន​តួនាទី​ជា​មេ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ ពី​បទ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុស​ច្បាប់ ហើយ​បញ្ជូន​ជន​សង្ស័យ​ទៅ​កាន់​តុលាការ​ជា​បន្ទាន់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា។

ដោយ រដ្ឋា វិសាល RFA, 2013-11-01

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​កាល​ពី​រាត្រី​ថ្ងៃ​ទី​៣០ ខែ​តុលា នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​៧៨ ពី​ក្រុង​បានលុង ទៅ​ព្រំដែន​ប្រទេស​វៀតណាម ចំណុច​ស្នាក់​ការ​កង​រាជ​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ។

អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក សេវ ញ៉ាន ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន ខណៈ​លោក​ប្រើប្រាស់​រថយន្ត​ទេសចរណ៍​ធន់​តូច​ផ្ទាល់​ខ្លួន ដឹក​ជញ្ជូន​ឈើ​ប្រណីត​ធ្នង់ ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ព្រំដែន​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត។

មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) លោក ឆាយ ធី រិះគន់​ការ​បង្ក្រាប​នេះ​ថា ធ្វើ​ឡើង​ក្នុង​លក្ខណៈ​រើសអើង​គណបក្ស​នយោបាយ និង​អនុវត្ត​ច្បាប់​មិន​ស្មើភាព៖ «ការ​បង្ក្រាប​នេះ​ហាក់​បី​ដូច​គម្លាត​ឆ្ងាយ​មិន​បាន​ស្មើភាព​គ្នា​ចំពោះ​មុខ​ច្បាប់​ឆ្ងាយ​ណាស់។ នេះ​យើង​យល់​ថា គាត់​ជា​មេ​ឃុំ​ខាង​បក្ស​ប្រឆាំង។ កន្លង​មក យើង​ឃើញ​ហើយ​ការ​បង្ក្រាប​ឈើ​ជា​ហូរហែ មាន​ទាំង​សារព័ត៌មាន​ទូរទស្សន៍​ចុះ​ផ្សាយ ឈើ​របស់​សមត្ថកិច្ច អ្នក​មាន​លុយ​អ្នក​មាន​អំណាច​មួយ​ចំនួន ហើយ​ទ្រង់ទ្រាយ​ធំ ឈើ​រាប់​សិប​ម៉ែត្រ​គូប រហូត​ចូល​បង្ក្រាប​ដល់​ផ្ទះ​ទៀត យើង​អត់​ឃើញ​ចាប់​បញ្ជូន​ខ្លួន​ម្ចាស់​ផ្ទះ​ណា​មក​ផ្ដន្ទាទោស​ទៀត»។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​តុលា វិទ្យុ​អាស៊ីសេរី សង្កេត​ឃើញ​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​តុលាការ​ខេត្ត​រតនគិរី មាន​ដាក់​កង​ប៉ូលិស​កង​រាជ​អាវុធហត្ថ​យាម​តឹងរ៉ឹង​ខុស​ថ្ងៃ​ធម្មតា មិន​អនុញ្ញាត​ឲ្យ​អ្នក​សារព័ត៌មាន​ចេញ​ចូល​យក​ព័ត៌មាន​ឡើយ។

យ៉ាង​នេះ​ក្តី ព្រះរាជ​អាជ្ញា​រង​តុលាការ​ខេត្ត​រតនគិរី លោក ជា សុភ័ក្រ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក សេវ ញ៉ាន ត្រូវ​បាន​ចោទ​ប្រកាន់​ថា ជា​មន្ត្រី​មូលដ្ឋាន​ដឹក​ជញ្ជូន​ផល​ព្រៃ​ឈើ​ខុស​ច្បាប់ នឹង​ត្រូវ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត៕

2 comments:

Anonymous said...

ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី IS A YOUN ORGANIZATION BEHIND CPP TO PROTECT FOREST FOR THEMSELVES FOR LOGGING TO SEND TO VIETNAM.

Anonymous said...

MADE IN CAMBODIA!

PRODUCT OF VIETNAM!

WELCOME TO NAMBODIA!