Friday, November 01, 2013

ដើម​បណ្ដឹង​រដ្ឋប្បវេណី​មិន​ពេញ​ចិត្ត​នឹង​សម្ពាធ​ច្បាប់​របស់​តុលាការ​ខ្មែរ​ក្រហម


លោក​មេធាវី ហុង គឹមសួន (ស្ដាំ) និង​លោក ឆាយ ហុកផេង
ថ្លែង​ក្នុង​សន្និសីទ​កាសែត​ស្ដីពី សម្ពាធ​ច្បាប់​របស់​តុលាការ​ខ្មែរ​ក្រហម​
លើ​ដើម​បណ្ដឹង​រដ្ឋប្បវេណី នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Leng Maly
សំណុំ​រឿង​ក្ដី​ខ្មែរ​ក្រហម​លេខ​០០២ វគ្គ​១ ត្រូវ​បាន​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។ បន្ទាប់​ពី​ការ​បញ្ចប់ មេធាវី​ខ្លះ និង​ដើម​បណ្ដឹង​រដ្ឋប្បវេណី កត់​សម្គាល់​ថា ជន​រងគ្រោះ​មិន​មាន​សិទ្ធិ​និយាយ​ពី​ការ​ឈឺ​ចាប់​របស់​ខ្លួន​អស់។

ដោយ ឡេង ម៉ាលី RFA, 2013-11-01

ជន​រងគ្រោះ​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម សម្ដែង​ការ​មិន​ពេញ​ចិត្ត​របស់​ខ្លួន​ថា វិធាន​ផ្ទៃ​ក្នុង​របស់​សាលា​ក្ដី​នេះ ជា​សម្ពាធ​ច្បាប់​មួយ​ដាក់​លើ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មិន​ឱ្យ​ថ្លែង​អំពី​ការ​រង​ទុក្ខ​របស់​ខ្លួន ដោយសារ​ការ​កំណត់​ដោយ​មេធាវី​នាំ​មុខ។

ប្រធាន​គណៈកម្មាធិការ​ជន​រងគ្រោះ​ដោយ​ខ្មែរ​ក្រហម នៅ​ប្រទេស​បារាំង និង​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​លេខ​០០២ នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម គឺ​លោក ឆាយ ហុកផេង បាន​លើក​អំពី​បញ្ហា​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​ថ្លែង​ថា ការ​បង្កើត​ឱ្យ​មាន​មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​ជា​ការ​ពាំង​មុខ​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​របស់​លោក មិន​ឱ្យ​និយាយ​អ្វី​ហួស​ពី​ការ​កំណត់​ឡើយ។


លោក ឆាយ ហុកផេង៖ «មេធាវី​នាំ​មុខ​បរទេស បាន​ប្រើ​វិធី​វាស់​ដី​ឱ្យ​ដើរ គឺ​បាន​ហាម​ឃាត់​មេធាវី​របស់​ខ្ញុំ មាន លោក ហុង គឹមសួន នេះ​ជា​ដើម ហើយ​មាន​មេធាវី​បរទេស​ម្នាក់​ទៀត ហាម​ឃាត់​មិន​ឱ្យ​មេធាវី​របស់​ខ្ញុំ​យក​បញ្ហា​ប្រល័យ​ពូជ​សាសន៍​មក​និយាយ​ក្នុង​សាលា​ក្ដី នា​ថ្ងៃ​ទី​១៦ តុលា កន្លង​មក​នេះ។ អំពើ​ផ្ដាច់​ការ​នេះ មិន​បាន​ប៉ះពាល់​ដល់​មេធាវី​ជន​ជាប់​ចោទ នួន ជា និង ខៀវ សំផន ទេ។ ពួក​នេះ​អាច​និយាយ​អ្វី​បាន​ដោយ​សេរី គ្មាន​ការ​ឃ្លាំ​មើល ឬ​ហាម​ឃាត់​ឡើយ»។

លោក ឆាយ ហុកផេង ជា​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​នៅ​ប្រទេស​បារាំង និង​ជា​តំណាង​ឱ្យ​ជន​រងគ្រោះ​ដោយសារ​របប​ខ្មែរ​ក្រហម​ចំនួន ២០​រូប ដែល​មាន ៨​រូប​នៅ​ប្រទេស​បារាំង។ លោក​បាន​កត់​សម្គាល់​បញ្ហា​រារាំង និង​ការ​កំណត់​សិទ្ធិ​នេះ​នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​សវនាការ​បិទ​សំណុំ​រឿង​លេខ​០០២ វគ្គ​១ ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា។

មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មួយ​រូប គឺ​លោក ហុង គឹមសួន មាន​ប្រសាសន៍​បន្ថែម​ថា ថ្វី​បើ​សាលាដំបូង​អនុញ្ញាត​ឱ្យ​មាន​ពេល ១០ ថ្ងៃ​សម្រាប់​ភាគី​នានា ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​ក្ដី ក៏​មិន​អស់​ចិត្ត​ពី​ភាគី​ដើមបណ្ដឹង​រដ្ឋប្បវេណី​ដែរ ព្រោះ​តែ​មាន​ដែន​កំណត់៖ «វា​នៅ​តែ​មិន​អស់​ចិត្ត​អ៊ីចឹង ព្រោះ​អី​យើង​អត់​មាន​ឱកាស​គ្រប់គ្រាន់​នឹង​ថ្លែង​ទុក្ខ​សោក​អំពី​ការ​បង្ហាញ​តុលាការ​ថា ជន​រងគ្រោះ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នៃ​ប្រជាជន​ថ្មី ឬ​ប្រជាជន ១៧ មេសា ដែល​ជា​មុខ​សញ្ញា​កម្ទេច ឬ​សម្លាប់​របស់​ខ្មែរ​ក្រហម លើក​ឡើង​នៅ​ក្នុង​របប​ខ្មែរ​ក្រហម​ទេ។ ចុង​បញ្ចប់​វិញ មាន​តែ​ឮ​សំឡេង​ធ្វើ​ឱ្យ​ឈឺ​ចាប់​ដល់​ជន​រងគ្រោះ និង​ដើម​បណ្ដឹង គឺ​មេធាវី​ជន​ជាប់​ចោទ និង​ជន​ជាប់​ចោទ បដិសេធ​រាល់​ទង្វើ​ដែល​កើត​ឡើង ឬ​ឧក្រិដ្ឋកម្ម​ដែល​កើត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម នួន ជា គាត់​ថា គាត់​អត់​បាន​ប្រព្រឹត្ត​ទេ អត់​ដឹង​ទេ។ បើ ខៀវ សំផន វិញ រឹត​តែ​ថា អត់​មែន​ជា​អ្នក​ដឹក​នាំ​មាន​អំណាច​ទៅ​ទៀត»។

បញ្ហា​ដែល​កើត​មាន​នេះ គឺ​នៅ​ពេល​ដែល​មេធាវី​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ចង់​ឆ្លៀត​ឱកាស​នៅ​ក្នុង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​បញ្ចប់​នោះ ដើម្បី​លើក​យក​បទ​ប្រល័យ​ពូជ​សាសន៍​ទាក់ទង​នឹង​ការ​សម្លាប់​ប្រជាជន​ថ្មី ១៧ មេសា មក​ពិភាក្សា ប៉ុន្តែ​មេធាវី​នាំ​មុខ​មិន​អនុញ្ញាត។

ទាំង​លោក​មេធាវី ហុង គឹមសួន និង​លោក ឆាយ ហុកផេង ថ្លែង​ថា ការ​ប៉ុនប៉ង​លើក​យក​បទ​ប្រល័យ​ពូជ​សាសន៍ ទាក់ទង​ការ​សម្លាប់​ប្រជាជន​ថ្មី​មក​ពិភាក្សា ក៏​ព្រោះ​តែ​ពួក​លោក​មិន​រំពឹង​ថា តុលាការ​នឹង​ដាក់​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​សំណុំ​រឿង​លេខ​០០២ វគ្គ​២ ឡើយ គឺ​ឃើញ​មាន​និយាយ​តែ​ពី​ការ​សម្លាប់​ជនជាតិ​ចាម និង​វៀតណាម ប៉ុណ្ណោះ។

លោក ឆាយ ហុកផេង បញ្ជាក់​ទៀត​ថា ការ​បង្កើត​ឱ្យ​មាន​មេធាវី​នាំ​មុខ​សម្រាប់​ភាគី​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​មិន​សមស្រប​ទេ ព្រោះ​ករណី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​នីមួយៗ​មាន​ភាព​រងគ្រោះ​ខុស​គ្នា។ លោក​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី និង​មេធាវី​គួរ​តែ​មាន​សិទ្ធិ​បង្ហាញ​ករណី​រង​ទុក្ខ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ទាក់ទង​នឹង​បញ្ហា​នេះ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១០ សាលា​ក្ដី​ខ្មែរ​ក្រហម បាន​ធ្វើ​វិសោធនកម្ម​លើ​វិធាន​ផ្ទៃ​ក្នុង​របស់​ខ្លួន​លើក​ទី​៥ ដោយ​កំណត់​ជ្រើស​មេធាវី​ខ្មែរ​មួយ​រូប និង​អន្តរជាតិ​មួយ​រូប ធ្វើ​ជា​តំណាង​នាំ​មុខ​ឱ្យ​មេធាវី​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ដទៃ​ទៀត នៅ​ក្នុង​សវនាការ។ ការ​ជ្រើស​រើស​តំណាង​បែប​នេះ ត្រូវ​បាន​តុលាការ​ផ្ដល់​ហេតុផល​ថា ដោយសារ​តែ​ដើម​បណ្ដឹង​រដ្ឋប្បវេណី​មាន​ចំនួន​ច្រើន ដែល​អាច​នាំ​ឱ្យ​ចំណាយ​ពេល​វេលា​ច្រើន​នៅ​ក្នុង​ការ​ជំនុំ​ជម្រះ និង​អូស​បន្លាយ​យូរ៕

1 comment:

Anonymous said...

យួនវសំលាប់ខ្មែររាប់លាននាក់ក្នុងសម័យ
ខ្មែរក្រហម(ដែលយួនជាអ្នកបង្កើត)កាន់កាប់ដើម្បីវាមកត្រួតត្រាស្រុកខ្មែរ
នៅថ្ងៃ៧មករា(មិនមែនថ្ងៃយួនវា
មករំដោះខ្មែរទេ,នោះជាល្បិចបោកបញ្ឆោត
ខ្មែរនិងពិភពលោក)។ឧិខ្មែរអើយខ្មែរដែល
នៅតែល្ងង់ទៅបោះឆ្នោតគំាទ្រ
គណៈប្រជាជនយួន
អោយមកលេបទឹកដីខ្មែរ មក
លួចទ្រព្យសម្បត្តិ
ជាតិខ្មែរខ្លួនឯង មកធ្វើបាបខ្លួនឯង។
ខ្មែរយើងទំងាអស់គ្នាត្រួតែរួបរួមគ្នា
រំដោះជាតិខ្មែរ
ទាន់មិនទាន់យឺតពេលដូចកម្ពុជាក្រោម។យើងពេលណា គណៈបក្សប្រជាជននេះរលាយទៅ យើងត្រូវតែប្រយ័ត្នដាច់ខាតកុំចាញបោកវាទៀតគឺ
កុំអោយធ្លាក់ចូលក្នុងអន្ទាក់បោកបញ្ឆោត
របស់យួន ។យើងត្រូវតែស្គាល់នរណាជាខ្មែរ
បំរើខ្មែរ នរណាជាខ្មែរកញ្ជៈយួនបំរើយួន នោះ
យើងនឹងបានឯករាជ្យពិតប្រាកដ ហើយ
នឹងរក្សាប្រទេសខ្មែរយើងបានគង់រង្សតទៅមុខ។