លោកមេធាវី ហុង គឹមសួន (ស្ដាំ) និងលោក ឆាយ ហុកផេង ថ្លែងក្នុងសន្និសីទកាសែតស្ដីពី សម្ពាធច្បាប់របស់តុលាការខ្មែរក្រហម លើដើមបណ្ដឹងរដ្ឋប្បវេណី នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣។ RFA/Leng Maly |
ដោយ ឡេង ម៉ាលី RFA, 2013-11-01
ជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីនៃសាលាក្ដីខ្មែរក្រហម សម្ដែងការមិនពេញចិត្តរបស់ខ្លួនថា វិធានផ្ទៃក្នុងរបស់សាលាក្ដីនេះ ជាសម្ពាធច្បាប់មួយដាក់លើដើមបណ្ដឹងរដ្ឋប្បវេណីមិនឱ្យថ្លែងអំពីការរងទុក្ខរបស់ខ្លួន ដោយសារការកំណត់ដោយមេធាវីនាំមុខ។
ប្រធានគណៈកម្មាធិការជនរងគ្រោះដោយខ្មែរក្រហម នៅប្រទេសបារាំង និងជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿងលេខ០០២ នៃសាលាក្ដីខ្មែរក្រហម គឺលោក ឆាយ ហុកផេង បានលើកអំពីបញ្ហានេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ ដោយថ្លែងថា ការបង្កើតឱ្យមានមេធាវីនាំមុខដើមបណ្ដឹងរដ្ឋប្បវេណី គឺជាការពាំងមុខមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីរបស់លោក មិនឱ្យនិយាយអ្វីហួសពីការកំណត់ឡើយ។
លោក ឆាយ ហុកផេង៖ «មេធាវីនាំមុខបរទេស បានប្រើវិធីវាស់ដីឱ្យដើរ គឺបានហាមឃាត់មេធាវីរបស់ខ្ញុំ មាន លោក ហុង គឹមសួន នេះជាដើម ហើយមានមេធាវីបរទេសម្នាក់ទៀត ហាមឃាត់មិនឱ្យមេធាវីរបស់ខ្ញុំយកបញ្ហាប្រល័យពូជសាសន៍មកនិយាយក្នុងសាលាក្ដី នាថ្ងៃទី១៦ តុលា កន្លងមកនេះ។ អំពើផ្ដាច់ការនេះ មិនបានប៉ះពាល់ដល់មេធាវីជនជាប់ចោទ នួន ជា និង ខៀវ សំផន ទេ។ ពួកនេះអាចនិយាយអ្វីបានដោយសេរី គ្មានការឃ្លាំមើល ឬហាមឃាត់ឡើយ»។
លោក ឆាយ ហុកផេង ជាប្រធានតុលាការព្រហ្មទណ្ឌនៅប្រទេសបារាំង និងជាតំណាងឱ្យជនរងគ្រោះដោយសាររបបខ្មែរក្រហមចំនួន ២០រូប ដែលមាន ៨រូបនៅប្រទេសបារាំង។ លោកបានកត់សម្គាល់បញ្ហារារាំង និងការកំណត់សិទ្ធិនេះនៅក្នុងអំឡុងពេលធ្វើសវនាការបិទសំណុំរឿងលេខ០០២ វគ្គ១ ដែលទើបបញ្ចប់កាលពីថ្ងៃទី៣១ ខែតុលា។
មេធាវីដើមបណ្ដឹងរដ្ឋប្បវេណីមួយរូប គឺលោក ហុង គឹមសួន មានប្រសាសន៍បន្ថែមថា ថ្វីបើសាលាដំបូងអនុញ្ញាតឱ្យមានពេល ១០ ថ្ងៃសម្រាប់ភាគីនានា ធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់ក្ដី ក៏មិនអស់ចិត្តពីភាគីដើមបណ្ដឹងរដ្ឋប្បវេណីដែរ ព្រោះតែមានដែនកំណត់៖ «វានៅតែមិនអស់ចិត្តអ៊ីចឹង ព្រោះអីយើងអត់មានឱកាសគ្រប់គ្រាន់នឹងថ្លែងទុក្ខសោកអំពីការបង្ហាញតុលាការថា ជនរងគ្រោះដើមបណ្ដឹងរដ្ឋប្បវេណីនៃប្រជាជនថ្មី ឬប្រជាជន ១៧ មេសា ដែលជាមុខសញ្ញាកម្ទេច ឬសម្លាប់របស់ខ្មែរក្រហម លើកឡើងនៅក្នុងរបបខ្មែរក្រហមទេ។ ចុងបញ្ចប់វិញ មានតែឮសំឡេងធ្វើឱ្យឈឺចាប់ដល់ជនរងគ្រោះ និងដើមបណ្ដឹង គឺមេធាវីជនជាប់ចោទ និងជនជាប់ចោទ បដិសេធរាល់ទង្វើដែលកើតឡើង ឬឧក្រិដ្ឋកម្មដែលកើតឡើងក្នុងសម័យខ្មែរក្រហម នួន ជា គាត់ថា គាត់អត់បានប្រព្រឹត្តទេ អត់ដឹងទេ។ បើ ខៀវ សំផន វិញ រឹតតែថា អត់មែនជាអ្នកដឹកនាំមានអំណាចទៅទៀត»។
បញ្ហាដែលកើតមាននេះ គឺនៅពេលដែលមេធាវីដើមបណ្ដឹងរដ្ឋប្បវេណីចង់ឆ្លៀតឱកាសនៅក្នុងធ្វើសេចក្ដីសន្និដ្ឋានបញ្ចប់នោះ ដើម្បីលើកយកបទប្រល័យពូជសាសន៍ទាក់ទងនឹងការសម្លាប់ប្រជាជនថ្មី ១៧ មេសា មកពិភាក្សា ប៉ុន្តែមេធាវីនាំមុខមិនអនុញ្ញាត។
ទាំងលោកមេធាវី ហុង គឹមសួន និងលោក ឆាយ ហុកផេង ថ្លែងថា ការប៉ុនប៉ងលើកយកបទប្រល័យពូជសាសន៍ ទាក់ទងការសម្លាប់ប្រជាជនថ្មីមកពិភាក្សា ក៏ព្រោះតែពួកលោកមិនរំពឹងថា តុលាការនឹងដាក់បញ្ចូលបញ្ហានេះទៅក្នុងសំណុំរឿងលេខ០០២ វគ្គ២ ឡើយ គឺឃើញមាននិយាយតែពីការសម្លាប់ជនជាតិចាម និងវៀតណាម ប៉ុណ្ណោះ។
លោក ឆាយ ហុកផេង បញ្ជាក់ទៀតថា ការបង្កើតឱ្យមានមេធាវីនាំមុខសម្រាប់ភាគីដើមបណ្ដឹងរដ្ឋប្បវេណី គឺមិនសមស្របទេ ព្រោះករណីរបស់ដើមបណ្ដឹងរដ្ឋប្បវេណីនីមួយៗមានភាពរងគ្រោះខុសគ្នា។ លោកថា ដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីគួរតែមានសិទ្ធិបង្ហាញករណីរងទុក្ខដាច់ដោយឡែកពីគ្នា។
ទាក់ទងនឹងបញ្ហានេះ កាលពីខែកុម្ភៈ ឆ្នាំ២០១០ សាលាក្ដីខ្មែរក្រហម បានធ្វើវិសោធនកម្មលើវិធានផ្ទៃក្នុងរបស់ខ្លួនលើកទី៥ ដោយកំណត់ជ្រើសមេធាវីខ្មែរមួយរូប និងអន្តរជាតិមួយរូប ធ្វើជាតំណាងនាំមុខឱ្យមេធាវីរបស់ដើមបណ្ដឹងរដ្ឋប្បវេណីដទៃទៀត នៅក្នុងសវនាការ។ ការជ្រើសរើសតំណាងបែបនេះ ត្រូវបានតុលាការផ្ដល់ហេតុផលថា ដោយសារតែដើមបណ្ដឹងរដ្ឋប្បវេណីមានចំនួនច្រើន ដែលអាចនាំឱ្យចំណាយពេលវេលាច្រើននៅក្នុងការជំនុំជម្រះ និងអូសបន្លាយយូរ៕
1 comment:
យួនវសំលាប់ខ្មែររាប់លាននាក់ក្នុងសម័យ
ខ្មែរក្រហម(ដែលយួនជាអ្នកបង្កើត)កាន់កាប់ដើម្បីវាមកត្រួតត្រាស្រុកខ្មែរ
នៅថ្ងៃ៧មករា(មិនមែនថ្ងៃយួនវា
មករំដោះខ្មែរទេ,នោះជាល្បិចបោកបញ្ឆោត
ខ្មែរនិងពិភពលោក)។ឧិខ្មែរអើយខ្មែរដែល
នៅតែល្ងង់ទៅបោះឆ្នោតគំាទ្រ
គណៈប្រជាជនយួន
អោយមកលេបទឹកដីខ្មែរ មក
លួចទ្រព្យសម្បត្តិ
ជាតិខ្មែរខ្លួនឯង មកធ្វើបាបខ្លួនឯង។
ខ្មែរយើងទំងាអស់គ្នាត្រួតែរួបរួមគ្នា
រំដោះជាតិខ្មែរ
ទាន់មិនទាន់យឺតពេលដូចកម្ពុជាក្រោម។យើងពេលណា គណៈបក្សប្រជាជននេះរលាយទៅ យើងត្រូវតែប្រយ័ត្នដាច់ខាតកុំចាញបោកវាទៀតគឺ
កុំអោយធ្លាក់ចូលក្នុងអន្ទាក់បោកបញ្ឆោត
របស់យួន ។យើងត្រូវតែស្គាល់នរណាជាខ្មែរ
បំរើខ្មែរ នរណាជាខ្មែរកញ្ជៈយួនបំរើយួន នោះ
យើងនឹងបានឯករាជ្យពិតប្រាកដ ហើយ
នឹងរក្សាប្រទេសខ្មែរយើងបានគង់រង្សតទៅមុខ។
Post a Comment