Friday, November 01, 2013

កូន​ខ្មែរ ​មក​ពី​អាមេរិក​ បើក​ហាង​ សាច់​អន្តរ​ជាតិ

កូន​ខ្មែរ ​មក​ពី​អាមេរិក​ បើក​ហាង​ សាច់​អន្តរ​ជាតិ

ភ្នំពេញៈ លោក ជីវ ដេវិដ (David​ Chiv)​ ជា​កូន​ខ្មែរ​ម្នាក់​ ដែល​មាន​ ស្រុក​កំណើត​ នៅ​ខេត្ត​ បន្ទាយ​មាន​ជ័យ,​ ហើយ​ បាន​ចាក​ចេញ ពី​ស្រុក​កំណើត​ តាំង​ពី​អាយុ​ ១០​ឆ្នាំ​ ជា​មួយ​ នឹង​គ្រួសារ​ ទៅ​រស់​នៅ​ ប្រទេស​ អាមេរិក, ​ដោយ​ឆ្លង​កាត់​ ការ​លំបាក​ ជា​ច្រើន​ មុន​នឹង​​បាន ​ទៅ​នៅ​អាមេ​រិក​, ដោយ​លោក​​ បាន​ទៅ​រស់​នៅ ​ជំ​រំ ខៅ​អ៊ីដាង, ​បន្ទាប់​មក​ ក៏​មាន​ខាង ​ព្រះយេស៊ូ​គ្រិស្ត គេ​ បាន​រត់​ការ​ ធានា​ ទាំង​គ្រួសារ​ ទៅ​នៅ​អាមេ​រិក​។​  លោក និង​ក្រុម​គ្រួសារ​ បាន​ទៅ​រស់​នៅ​ California ​សហ​រដ្ឋ​អា​មេ​រិក​ កាល​ពី​ឆ្នាំ​ ១៩៨៨។

លោក​ ដេ​វិដ ​និយាយ​ ទំាង​ទឹក​មុខ​ស្រពោន​ ថា៖ ​«​​ខ្ញុំ ​ទៅ​នៅ​អាមេរិក​ ដំបូង​ គឺ​ លំបាកណាស់។  ខ្ញុំ ​និង​គ្រួសារ​ ត្រូវ​ ខិត​ខំ​រក​ស៊ី​ បើក​ហាង​ លក់​នំ​ដូ​ណាត់,​ លក់​កាហ្វេ​ ដើម្បី ​រក​លុយ​ ទៅ​រៀន​បន្ថែម​ ផ្នែក​ជំនួញ​ រយៈ​​ពេល​ ពីរ​ឆ្នាំ។  ​ប៉ុន្តែ ខ្ញុំ​ មិន​បាន​រៀន​ បញ្ចប់​បរិញ្ញា​បត្រ​ទេ, ​គឺ ​ត្រូវ ​មក​ជួយ​មើល​ហាង​ ជា​មួយ​ នឹង​ឪពុក​ម្តាយ»

លោក​ បន្ត​ថា៖​ «​បន្ទាប់​មក ​នៅ​ក្នុង​ឆ្នាំ​ ២០០៦, ​ខ្ញុំ​ បាន​ត្រឡប់​ មក​ស្រុក​ខ្មែរ​វិញ​ ជា​មួយ​ នឹង​ក្រុម​ ព្រះយេស៊ូ​គ្រិស្ត, គឺ ​ជា​បេស​កកម្ម​ ទៅ​ខេត្ត​ ប៉ៃ​លិន ដើម្បី​ ជួយ​ជីក​ អណ្តូង​ទឹក ​ស្អាត​ ជូនដល់​ប្រជា ​ជន ​​នៅ​​ទី​​នោះ​។  បន្ទាប់​ពី​ឃើញ​ នៅ​ទីនោះ ​ជីវ​ភាព​ក្រី​ក្រ​ច្រើន, ​ខ្ញុំ​ មាន​អារម្មណ៍ ​ថា,​ ខ្លួន​​ខ្ញុំ​ សំណាង​ បាន​ទៅ​ដល់​ ស្រុក​ក្រៅ, ​ហើយ​ កូន​ខ្មែរ​ ក្មេងៗ​ខ្លះ ​ដែលទៅ​រស់​នៅ​ ទី​នោះ​, គឺ ​ពួក​គេ​ ភ្លេច​ប្រវត្តិ​គេ។  សម្រាប់​ខ្ញុំ​វិញ, ពេល​​មក​ដល់​ ស្រុក​ខ្មែរ​ភ្លាម​ មាន​អារម្មណ៍​ ដូច​​ជា​ភ្ញាក់​ខ្លួន,​ ហើយ​ មាន​​អ្វី​មួយ​ បើក​ភ្នែក​ខ្ញុំ​ ឲ្យ​មើល​ឃើញ​ ជីវ​ភាព​ក្រី​ក្រ,​ ជា​ពិសេស​ ​កូន​​ក្មេងៗ ​រើស​សំរាម​ តាម​ថ្នល់​, អត់​មាន​ម្ហូប ​​សម្រាប់​ហូប​, ហើយ​ ក្មេង​ស្រីៗ ​មួយ​ចំនួន​​​​ លក់​ខ្លួន​ ជា​ដើម។ ​ សកម្ម​​ភាព​ ទាំង​អស់​នេះ​ហើយ ​ធ្វើ​ឲ្យ​ខ្ញុំ​ មាន​អារម្មណ៍​ ថា,​ ​ខ្ញុំ​ ចង់​មក​រស់​នៅ​ ស្រុក​ខ្មែរ, ​ហើយ ​ធ្វើ​អ្វី​មួយ ​​ដើម្បី​ ជួយ​ពួក​គេ​ ទំាង​អស់​គ្នា»​


លោក​ បន្ត​ថា៖​ «​បន្ទាប់​មក​ ខ្ញុំ ​ក៏​បាន​ពិគ្រោះ ​​យោ​បល់​ ជា​មួយ​ នឹង​ភរិយា​ របស់​ខ្ញុំ​ ថា ​នឹង​​មក​រស់​នៅ​ ស្រុក​ខ្មែរ​វិញ​ ប៉ុន្តែ​ កាល​នោះ​ កូន​ខ្ញុំ​ គឺ​ នៅ​តូចៗ, ហើយ ​​គាត់​ ក៏​អត់​​ព្រម​ មក​​នៅ​​ស្រុក​ខ្មែរ​។  ក៏​ប៉ុន្តែ​ ភរិយា​ខ្ញុំ​, គាត់ ​​​និយាយ ​ថា, ​ប្រសិន​ ជា​ចង់​ផ្លាស់​ប្តូរ​ មក​នៅ​អា​ស៊ី​វិញ​ គឺ​ ដំបូង​ ត្រូវ​ មក​រស់​នៅ ​ប្រទេស​ សិង្ហ​បុរី​ សិន​ដែរ,​ ជា​ស្រុក​កំណើត ​រ​បស់​គាត់​, ហើយ​​ ចំា​កូន​ធំ​ ចំា​ចុះ​ទៅ​ មក​រក​ស៊ី​ នៅ​ទី​នេះ។​  ពួក​យើង ​រស់​នៅ​ សិង្ហ​បុរី​​​ ៦​ឆ្នាំ,​ ហើយ​ ខ្ញុំ​ ក៏​ឆ្លៀត​ចូល​ ស្រុក​ខ្មែរ​ មក​រក​មើល​ឱកាស ​រក​ស៊ី​ ប៉ុន្តែ​ កាល​នោះ​ មិន​ទាន់​បើក​ទ្វារ​ នៅ​ឡើយ​ ទី​មួយ, ​ខ្ញុំ ​រក​កន្លែង​​ជួល​ ក៏​ពិបាក; ​ទី​ពី​រ, មើល​ទៅ​ ប្រទេស​ជាតិ​ អត់​ទាន់​ដំណើរ​ការ​ ល្អ​ សម្រាប់​ខ្ញុំ​ បើក​ធ្វើ​ជំនួញ»

ដើម្បី​ ស​ម្រេច​បំណង​នេះ នៅ​ក្នុង​ឆ្នាំ​ ២០១១,​ លោក​ ក៏​បាន​រក​ទី​តាំង​ បាន​ល្អ​ ដោយ​​ជួល​កន្លែង​ បើក​រក​ស៊ី​ ដោយ​សាង​សង់​​​ ហាង​ និង​តស៊ូ ​ដើម្បី​ ធ្វើ​ជំនួញ​នេះ, ហើយ​ សម្រាប់ ការ​​រស់​នៅ​ កម្ពុជា ដំបូង​ បំផុត​ គឺ, លោក​ ត្រូវ​ដឹង​ពី​​ទំនៀម​ទម្លាប់​។  លោក​ ដេវិត ​បាន​ខិត​ខំ​ ប្រឹង​ប្រែង​ បើក​ជំនួយ​ បាន​ពីរ​កន្លែង​ ក្នុង​រយៈ​ពេល​ បី​ឆ្នាំ។  ​ ចុង​ក្រោយ​នេះ​ គឺ ​លោក​​ បាន​បើក​​​ ហាង​អាហារ ​និង​កាហ្វេ​ ដែល​​មាន​ យី​ហោ​ Digby's​ Butchery ​នៅ​តាម​បណ្តយ ​ផ្លូវ​៦៣, ​សង្កាត់​​ បឹង​កេង​កង​ ១​។   ក្នុង​ហាង​​នោះ​ មាន​លក់​ ម្ហូប​អាហារ​ បែប​អឺរ៉ុប ​និង​​អាស៊ី​, ​ហើយ ​​អ្វី​ ដែលកាន់​តែ ​ពិសេស​នោះ​ គឺ​​ ហាង​ ដ៏​ធំ​មួយ​នេះ​ គឺ​ មាន​លក្ខណៈ​​ ជា​កន្លែង​​លក់​ ម្ហូប​អាហារ​ស្រស់​, ដូច​ជា​សាច់​​ គោ,​ ជ្រូក,​ និង​គ្រឿង​ទេស ​សម្រាប់ ​ចម្អិន​អាហារ ​ផង​ដែរ,​ មើល​ទៅ​ ហាក់​ប្លែក​ ពី​ហាង​នានា​ នៅ​​ភ្នំពេញ។

សម្រាប់​​ កន្លែង​ផលិត​ សាច់ក្រក​​វិញ ​គឺ​ លោក​​ ធ្វើ​តាម​ស្តង់​ដា ​អន្តរ​ជាតិ​ ដែល​ភាគ​​​ច្រើន ​​ឧបករណ៍ ​​ផលិត​សាច់ ​ទាំង​អស់ ​គឺ​ លោក​​ យក​មក​ ពី​ប្រទេស​ក្រៅ​, ដូច​​ជា​អា​មេ​រិក,​ អាល្លឺ​ម៉ង់, ​អីុ​តា​លី ​ជា​ដើម​ ដែល​ម៉ាស៊ីន ​ទាំង​អស់​នោះ​ មាន​ដូច​ជា​ម៉ាស៊ីន​ ផលិត​សាច់​ក្រក,​ ម៉ាស៊ីន​ លាង​​សាច់, ​ម៉ាស៊ីន ​ចិញ្រ្ចាំ​សាច់, ​និង​ម៉ាស៊ីន​​ ជា​​ច្រើន​ប្រភេទ​ទៀត។

លោក បន្ថែម​ថា៖ «​​គម្រោង ​របស់​ខ្ញុំ ​ចង់​បើក​ហាង​ នំប័ុង​សាំង​វិច ប៉ាត់​តេ ​ស្តង់​ដារ​ ដូច​​អន្តរ​ជាតិ,​ ក៏​ប៉ុន្តែ​ នៅ​ស្រុក​ខ្មែរ​យើង ​អត់​មាន​សាច់​សោះ។  ​យើង​ ត្រូវ ​ពឹង​លើ​ ប្រទេស​ក្រៅ​។  ខ្ញុំ​ គិត​ថា ​អនា​គត​ទៅ, ​​បើ ​ខ្ញុំ​ ចង់​ធ្វើ​ហាង​លក់​ នំប័ុង​​ សាំង​វិច​ ក៏​ខ្ញុំ​​ អត់​អាច​ធ្វើ​ ទៅ​បាន​ដែរ។  អ៊ីចឹង​​ហើយ ​ខ្ញុំ​ ក៏​ស​ម្រេច​ចិត្ត ​បើក​ហាង ​​ផលិត​ សាច់​ ដោយ​ខ្លួន​ឯង​ តែ​ម្តង​ ដោយ​​យើង​ មាន​វិធី​ធ្វើ ​ដោយ​ខ្លួន​ឯង​ គ្រឿង​ផ្សំ​ និង​របៀប​ ប្រើប្រាស់ ​គ្រឿង​ម៉ាស៊ីន​ ទាំង​អស់​នោះ​ ដោយ​​យើង​ មាន​​អ្នក​ឯក​ទេស​ ច្បាស់​​លាស់ ​ពី​បរទេស​​ ជា​អ្នក​ ធ្វើ​ផ្ទាល់​ តែ​ម្តង។  ​ហើយ​ ក៏​មាន​ខ្មែរៗ​យើង​ ជា​ច្រើន​ ដែល​យើង​ បាន​បង្រៀន ​ឲ្យ​យល់​ដឹង​ច្បាស់​ ពី​របៀប ​ធ្វើ​សាច់​ ទាំង​អស់​នោះ​។ ​ សម្រាប់​ សាច់​ ដែល​​យើង​ផលិត​ មាន​ដូច​ជា​សាច់ ​ក្រក រសជាតិ​ ពិសេសៗ,​ សាច់​ cold​cut ​(សាច់​​ ប៉ាត់​តេ​ បេ​ខិន, ​សាច់​ មាន់​ធ័រ​គី, ​សាច់​​ចៀម)​ និង​សាច់​ ជា​ច្រើន​ប្រភេទ ​ផ្សេងៗ ​គ្នា​ទៀត,​ ហើយ ​សាច់ ​ដែល​ផលិត ​ទាំងអស់​នោះ​ គឺ ​សាច់​ខ្លះ​ យើង ​អាច​រក​បាន​ ក្នុង​ស្រុក​ដែរ​ ​ដូច​ជាសាច់​ជ្រូក​ គឺ​យើង​ទិញ មក​ពី​ក្រុម​ហ៊ុន អឹ​មភីក​​ អេស៊ី​​ អឹមស៊ី ខេមបូឌា ដែល​ជា​ការ​វិនិយោគ ​រួម​គ្នា ​រវាង​ ក្រុមហ៊ុន​ ម៉ុងឫទ្ធី​ គ្រុប និង​ក្រុមហ៊ុន ACMC Limited​»

​ក្រៅ​ពី​មហិច្ឆតា​ បើក​ហាង, លោក​ បាន​ឲ្យ​ដឹង ​ថា៖ ​«​ពិសេស​ ជាង​នេះ​ ទៅ​ទៀត ​គឺ​ ខ្ញុំ​ នឹង​ផលិត​ ត្រីងៀត​ ជា​ត្រី​ របស់​ខ្មែរ​យើង​ តំាង​ពី​ដូន​តា​មក​ ដើម្បី​ ឲ្យ​បរទេស​ បាន​ស្គាល់​ ពី​ត្រី​នេះ ​ផង​ដែរ​ ដោយ​យើង​ ប្រើ​គ្រឿង​ សម្រាប់ ​ផលិត​វា​ តាម​ស្តង់​ដារ​ បរទេស​ ប៉ុន្តែ​ គ្រឿង​ផ្សំ​វិញ​ គឺ​ របស់​ ខ្មែរ​យើង​ ពិតៗ​។  សម្រាប់​ សាច់​ ដែលយើង​ ផលិត ​គឺ​ យើង ​ចែក​ចាយ ​ទៅ​តាម​ហាង​ធំ​, សណ្ឋាគារ នានា, ​ដូច​ជា​ កាំ​បូ​ឌី​យ៉ា​ណា​, សណ្ឋា​គារ​ ​Raffle ​ជា​ដើម»

លោក​ បញ្ជាក់​ថា៖​ «​សាច់​នេះ​, យើង​ ផលិត​ឡើង ​គឺ​ ចង់​ឲ្យ​បរទេស​ ដឹង​ថា​ ខ្មែរ​យើង​ ក៏​មាន​សមត្ថ​ភាព​ អាច​ផលិត​សាច់​ ទាំង​អស់​នេះ​ ឡើង​ ត្រូវ​តាម​ ស្តង់​ដារ​ ផង​ដែរ​ ដោយ​មិន​ចំា​បាច់​ តែ​ ពឹង​ពី​បរទេស​ទេ។  ហើយ ​ខ្ញុំ​ សំណូម​ពរ​ ឲ្យ​ប្រជា​ពល​រដ្ឋ​ ខ្មែរ​យើង​ ទាំង​អស់​គ្នា​ ជួយ​គាំ​ទ្រ ​ផលិត​ផល ​របស់ ជាតិ​យើង ​ដែល​មាន​គុណ​ភាព​ខ្ពស់​​ ផង​ដែរ»

លោក​ អ្នក​ ដែលចង់​ទិញ​សាច់ ​ទំាង​អស់​នោះ ​ឬ​មួយ ​ក៏​ចង់​ភ្លក្ស នៅ​រសជាតិ​ម្ហូប ​ក្នុង​ហាង ​Digby's ​អាច រក​បាន ​នៅ​អាសយ​​ដ្ឋាន​ ផ្ទះ​លេខ ១៩៧, ផ្លូវ​៦៣, សង្កាត់ ​បឹងកេងកង​១, ខណ្ឌ​ចំការមន ឬ​ទូរស័ព្ទ​លេខ ០១២ ៣៤ ៧០ ២៤ និង​០៧៧ ៨១៦ ៣៧៧៕

1 comment:

Anonymous said...

Good and healthy to Khmer PEOPLE to the furture.