កូនខ្មែរ មកពីអាមេរិក បើកហាង សាច់អន្តរជាតិ
- The Phnom Penh Post Khmer | 1 November 2013
- ឈឹម ស្រីនាង
លោក ដេវិដ និយាយ ទំាងទឹកមុខស្រពោន ថា៖ «ខ្ញុំ ទៅនៅអាមេរិក ដំបូង គឺ លំបាកណាស់។ ខ្ញុំ និងគ្រួសារ ត្រូវ ខិតខំរកស៊ី បើកហាង លក់នំដូណាត់, លក់កាហ្វេ ដើម្បី រកលុយ ទៅរៀនបន្ថែម ផ្នែកជំនួញ រយៈពេល ពីរឆ្នាំ។ ប៉ុន្តែ ខ្ញុំ មិនបានរៀន បញ្ចប់បរិញ្ញាបត្រទេ, គឺ ត្រូវ មកជួយមើលហាង ជាមួយ នឹងឪពុកម្តាយ។»
លោក បន្តថា៖ «បន្ទាប់មក នៅក្នុងឆ្នាំ ២០០៦, ខ្ញុំ បានត្រឡប់ មកស្រុកខ្មែរវិញ ជាមួយ នឹងក្រុម ព្រះយេស៊ូគ្រិស្ត, គឺ ជាបេសកកម្ម ទៅខេត្ត ប៉ៃលិន ដើម្បី ជួយជីក អណ្តូងទឹក ស្អាត ជូនដល់ប្រជា ជន នៅទីនោះ។ បន្ទាប់ពីឃើញ នៅទីនោះ ជីវភាពក្រីក្រច្រើន, ខ្ញុំ មានអារម្មណ៍ ថា, ខ្លួនខ្ញុំ សំណាង បានទៅដល់ ស្រុកក្រៅ, ហើយ កូនខ្មែរ ក្មេងៗខ្លះ ដែលទៅរស់នៅ ទីនោះ, គឺ ពួកគេ ភ្លេចប្រវត្តិគេ។ សម្រាប់ខ្ញុំវិញ, ពេលមកដល់ ស្រុកខ្មែរភ្លាម មានអារម្មណ៍ ដូចជាភ្ញាក់ខ្លួន, ហើយ មានអ្វីមួយ បើកភ្នែកខ្ញុំ ឲ្យមើលឃើញ ជីវភាពក្រីក្រ, ជាពិសេស កូនក្មេងៗ រើសសំរាម តាមថ្នល់, អត់មានម្ហូប សម្រាប់ហូប, ហើយ ក្មេងស្រីៗ មួយចំនួន លក់ខ្លួន ជាដើម។ សកម្មភាព ទាំងអស់នេះហើយ ធ្វើឲ្យខ្ញុំ មានអារម្មណ៍ ថា, ខ្ញុំ ចង់មករស់នៅ ស្រុកខ្មែរ, ហើយ ធ្វើអ្វីមួយ ដើម្បី ជួយពួកគេ ទំាងអស់គ្នា។»
លោក បន្តថា៖ «បន្ទាប់មក ខ្ញុំ ក៏បានពិគ្រោះ យោបល់ ជាមួយ នឹងភរិយា របស់ខ្ញុំ ថា នឹងមករស់នៅ ស្រុកខ្មែរវិញ។ ប៉ុន្តែ កាលនោះ កូនខ្ញុំ គឺ នៅតូចៗ, ហើយ គាត់ ក៏អត់ព្រម មកនៅស្រុកខ្មែរ។ ក៏ប៉ុន្តែ ភរិយាខ្ញុំ, គាត់ និយាយ ថា, ប្រសិន ជាចង់ផ្លាស់ប្តូរ មកនៅអាស៊ីវិញ គឺ ដំបូង ត្រូវ មករស់នៅ ប្រទេស សិង្ហបុរី សិនដែរ, ជាស្រុកកំណើត របស់គាត់, ហើយ ចំាកូនធំ ចំាចុះទៅ មករកស៊ី នៅទីនេះ។ ពួកយើង រស់នៅ សិង្ហបុរី ៦ឆ្នាំ, ហើយ ខ្ញុំ ក៏ឆ្លៀតចូល ស្រុកខ្មែរ មករកមើលឱកាស រកស៊ី។ ប៉ុន្តែ កាលនោះ មិនទាន់បើកទ្វារ នៅឡើយ។ ទីមួយ, ខ្ញុំ រកកន្លែងជួល ក៏ពិបាក; ទីពីរ, មើលទៅ ប្រទេសជាតិ អត់ទាន់ដំណើរការ ល្អ សម្រាប់ខ្ញុំ បើកធ្វើជំនួញ។»
ដើម្បី សម្រេចបំណងនេះ នៅក្នុងឆ្នាំ ២០១១, លោក ក៏បានរកទីតាំង បានល្អ ដោយជួលកន្លែង បើករកស៊ី ដោយសាងសង់ ហាង និងតស៊ូ ដើម្បី ធ្វើជំនួញនេះ, ហើយ សម្រាប់ ការរស់នៅ កម្ពុជា ដំបូង បំផុត គឺ, លោក ត្រូវដឹងពីទំនៀមទម្លាប់។ លោក ដេវិត បានខិតខំ ប្រឹងប្រែង បើកជំនួយ បានពីរកន្លែង ក្នុងរយៈពេល បីឆ្នាំ។ ចុងក្រោយនេះ គឺ លោក បានបើក ហាងអាហារ និងកាហ្វេ ដែលមាន យីហោ Digby's Butchery នៅតាមបណ្តយ ផ្លូវ៦៣, សង្កាត់ បឹងកេងកង ១។ ក្នុងហាងនោះ មានលក់ ម្ហូបអាហារ បែបអឺរ៉ុប និងអាស៊ី, ហើយ អ្វី ដែលកាន់តែ ពិសេសនោះ គឺ ហាង ដ៏ធំមួយនេះ គឺ មានលក្ខណៈ ជាកន្លែងលក់ ម្ហូបអាហារស្រស់, ដូចជាសាច់ គោ, ជ្រូក, និងគ្រឿងទេស សម្រាប់ ចម្អិនអាហារ ផងដែរ, មើលទៅ ហាក់ប្លែក ពីហាងនានា នៅភ្នំពេញ។
សម្រាប់ កន្លែងផលិត សាច់ក្រកវិញ គឺ លោក ធ្វើតាមស្តង់ដា អន្តរជាតិ ដែលភាគច្រើន ឧបករណ៍ ផលិតសាច់ ទាំងអស់ គឺ លោក យកមក ពីប្រទេសក្រៅ, ដូចជាអាមេរិក, អាល្លឺម៉ង់, អីុតាលី ជាដើម ដែលម៉ាស៊ីន ទាំងអស់នោះ មានដូចជាម៉ាស៊ីន ផលិតសាច់ក្រក, ម៉ាស៊ីន លាងសាច់, ម៉ាស៊ីន ចិញ្រ្ចាំសាច់, និងម៉ាស៊ីន ជាច្រើនប្រភេទទៀត។
លោក បន្ថែមថា៖ «គម្រោង របស់ខ្ញុំ ចង់បើកហាង នំប័ុងសាំងវិច ប៉ាត់តេ ស្តង់ដារ ដូចអន្តរជាតិ, ក៏ប៉ុន្តែ នៅស្រុកខ្មែរយើង អត់មានសាច់សោះ។ យើង ត្រូវ ពឹងលើ ប្រទេសក្រៅ។ ខ្ញុំ គិតថា អនាគតទៅ, បើ ខ្ញុំ ចង់ធ្វើហាងលក់ នំប័ុង សាំងវិច ក៏ខ្ញុំ អត់អាចធ្វើ ទៅបានដែរ។ អ៊ីចឹងហើយ ខ្ញុំ ក៏សម្រេចចិត្ត បើកហាង ផលិត សាច់ ដោយខ្លួនឯង តែម្តង ដោយយើង មានវិធីធ្វើ ដោយខ្លួនឯង។ គ្រឿងផ្សំ និងរបៀប ប្រើប្រាស់ គ្រឿងម៉ាស៊ីន ទាំងអស់នោះ ដោយយើង មានអ្នកឯកទេស ច្បាស់លាស់ ពីបរទេស ជាអ្នក ធ្វើផ្ទាល់ តែម្តង។ ហើយ ក៏មានខ្មែរៗយើង ជាច្រើន ដែលយើង បានបង្រៀន ឲ្យយល់ដឹងច្បាស់ ពីរបៀប ធ្វើសាច់ ទាំងអស់នោះ។ សម្រាប់ សាច់ ដែលយើងផលិត មានដូចជាសាច់ ក្រក រសជាតិ ពិសេសៗ, សាច់ coldcut (សាច់ ប៉ាត់តេ បេខិន, សាច់ មាន់ធ័រគី, សាច់ចៀម) និងសាច់ ជាច្រើនប្រភេទ ផ្សេងៗ គ្នាទៀត, ហើយ សាច់ ដែលផលិត ទាំងអស់នោះ គឺ សាច់ខ្លះ យើង អាចរកបាន ក្នុងស្រុកដែរ ដូចជាសាច់ជ្រូក គឺយើងទិញ មកពីក្រុមហ៊ុន អឹមភីក អេស៊ី អឹមស៊ី ខេមបូឌា ដែលជាការវិនិយោគ រួមគ្នា រវាង ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប និងក្រុមហ៊ុន ACMC Limited។»
ក្រៅពីមហិច្ឆតា បើកហាង, លោក បានឲ្យដឹង ថា៖ «ពិសេស ជាងនេះ ទៅទៀត គឺ ខ្ញុំ នឹងផលិត ត្រីងៀត ជាត្រី របស់ខ្មែរយើង តំាងពីដូនតាមក ដើម្បី ឲ្យបរទេស បានស្គាល់ ពីត្រីនេះ ផងដែរ ដោយយើង ប្រើគ្រឿង សម្រាប់ ផលិតវា តាមស្តង់ដារ បរទេស។ ប៉ុន្តែ គ្រឿងផ្សំវិញ គឺ របស់ ខ្មែរយើង ពិតៗ។ សម្រាប់ សាច់ ដែលយើង ផលិត គឺ យើង ចែកចាយ ទៅតាមហាងធំ, សណ្ឋាគារ នានា, ដូចជា កាំបូឌីយ៉ាណា, សណ្ឋាគារ Raffle ជាដើម។»
លោក បញ្ជាក់ថា៖ «សាច់នេះ, យើង ផលិតឡើង គឺ ចង់ឲ្យបរទេស ដឹងថា ខ្មែរយើង ក៏មានសមត្ថភាព អាចផលិតសាច់ ទាំងអស់នេះ ឡើង ត្រូវតាម ស្តង់ដារ ផងដែរ ដោយមិនចំាបាច់ តែ ពឹងពីបរទេសទេ។ ហើយ ខ្ញុំ សំណូមពរ ឲ្យប្រជាពលរដ្ឋ ខ្មែរយើង ទាំងអស់គ្នា ជួយគាំទ្រ ផលិតផល របស់ ជាតិយើង ដែលមានគុណភាពខ្ពស់ ផងដែរ។»
លោក អ្នក ដែលចង់ទិញសាច់ ទំាងអស់នោះ ឬមួយ ក៏ចង់ភ្លក្ស នៅរសជាតិម្ហូប ក្នុងហាង Digby's អាច រកបាន នៅអាសយដ្ឋាន ផ្ទះលេខ ១៩៧, ផ្លូវ៦៣, សង្កាត់ បឹងកេងកង១, ខណ្ឌចំការមន ឬទូរស័ព្ទលេខ ០១២ ៣៤ ៧០ ២៤ និង០៧៧ ៨១៦ ៣៧៧៕
1 comment:
Good and healthy to Khmer PEOPLE to the furture.
Post a Comment