Friday, November 15, 2013

អ្នក​ភូមិ​ស្នើ​អាជ្ញាធរ​ប៉ោយប៉ែត​អន្តរាគមន៍​ក្រុមហ៊ុន​បញ្ឈប់​ការ​ធ្វើ​របង​បិទ​ផ្លូវ​មុខ​ផ្ទះ


ក្រុមហ៊ុន​ឯកជន​មួយ​របស់ លោក​ឧកញ៉ា កុក អាន កំពុង​ធ្វើ​របង​បិទ​ផ្លូវ​ដើរ​ខាង​មុខ​ផ្ទះ​អ្នក​ភូមិ​ចំនួន ១៩​គ្រួសារ ស្ថិត​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ការ​ធ្វើ​របង​របស់​ក្រុមហ៊ុន កើត​មាន​ឡើង​នៅ​ដើម​សប្ដាហ៍​នេះ។ អ្នក​ភូមិ​ជា​ម្ចាស់​ផ្ទះ​ដែល​ត្រូវ​គេ​បិទ​ផ្លូវ​ខាង​មុខ​ផ្ទះ​មិន​អាច​ចេញ​ចូល​បាន​នោះ កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន និង​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ។

ដោយ សួន សុផលមុន្នី RFA 2013-11-15

អ្នក​ភូមិ ១៩​គ្រួសារ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត អន្តរាគមន៍​ទៅ​ក្រុមហ៊ុន អានកូ របស់ លោក​ឧកញ៉ា កុក អាន ដើម្បី​បញ្ឈប់​ការ​ជីក​ដី​ដាំ​បង្គោល​របង​បិទ​ផ្លូវ​ដើរ នៅ​ខាង​មុខ​ផ្ទះ​របស់​ពួក​គាត់ បន្ទាប់​ពី​ក្រុមហ៊ុន អានកូ កាល​ពី​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​ប្រើ​កម្មករ​ជា​ច្រើន​នាក់​ជីក​ដី​ដាំ​បង្គោល​របង​កាត់​ខាង​មុខ​ផ្ទះ​អ្នក​ភូមិ​ចំនួន ១៩​ខ្នង ស្ថិត​នៅ​ភូមិ​រស្មីសាមគ្គី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

តំណាង​ប្រជាពលរដ្ឋ​ចំនួន ១៩​គ្រួសារ លោក សំ បុត្រ ថ្លែង​នៅ​ថ្ងៃ​ទី​១៥ វិច្ឆិកា ថា ដី​លំនៅឋាន​នោះ​ជា​ដី​របស់​រដ្ឋ។ ពួក​គាត់​បាន​ចូល​ទៅ​រស់​នៅ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ពុំ​ដែល​មាន​បញ្ហា​អ្វី​នោះ​ទេ ស្រាប់​តែ​ថ្មីៗ​នេះ ក្រុមហ៊ុន អានកូ របស់ លោក​ឧកញ៉ា កុក អាន បាន​ប្រើ​កម្មករ​ឲ្យ​ធ្វើ​របង​បិទ​ផ្លូវ​ដើរ​ខាង​មុខ​ផ្ទះ​របស់​ពួក​គាត់ មិន​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​បាន៖ «ដែក​ធំ​ប៉ុន​ភ្លៅ​កម្ពស់​បី​ម៉ែត្រ ហើយ​គាត់​ជួល​កម្មករ​អី​ជីក​មួយ​រណ្ដៅ​ហ្នឹង ៥០​បាត រណ្ដៅ​ចាក់​ស៊ីម៉ង់​រឹង​ទៅ​គាត់​ផ្សារដែក ហើយ​គាត់​ដាក់​ស័ង្កសី​ទាំង​ផ្ទាំង រហូត​ដល់​កម្ពស់​បី​ម៉ែត្រ​នៅ​ខាង​មុខ​ផ្ទះ​តែ​ម្ដង ខ្ញុំ​បាន​ទៅ​ដល់​ក្រុង ក្រុង​គេ​អត់​ទទួល ឲ្យ​ដាក់​ទៅ​ភូមិ ពេល​ដាក់​ទៅ​ភូមិ ខាង​ភូមិ​ថា រឿង​នេះ​មិន​មែន​ជា​រឿង​របស់​គាត់​ទេ ជា​រឿង​របស់​ក្រុង និង​ក្រុមហ៊ុន»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ង៉ោ ម៉េងជ្រួញ ជា​អភិបាល​ក្រុង​ប៉ោយប៉ែត ដើម្បី​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។ ចំណែក​ឯ​ភាគី​ក្រុមហ៊ុន អានកូ ក៏​មិន​អាច​សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ដូច​គ្នា។

ប្រភព​ពី​ប្រជាពលរដ្ឋ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ឲ្យ​ដឹង​ថា ហេតុផល​ដែល​អាជ្ញាធរ​មូលដ្ឋាន​រុញ​បញ្ហា​នេះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក គឺ​ដោយសារ​ថ្នាក់​ដឹក​នាំ​សាលា​ក្រុង​ប៉ោយប៉ែត និង​ភាគី​ក្រុមហ៊ុន អានកូ របស់ លោក​ឧកញ៉ា កុក អាន មាន​ការ​ជាប់​ជំពាក់ជំពិន​គ្នា​ក្នុង​មុខ​របរ​រក​ស៊ី៖ «ប៉ុន្តែ​អាជ្ញាធរ​ក្រុង​ជាមួយ​ក្រុមហ៊ុន​ហ្នឹង គាត់​ច្រើន​តែ​ត្រូវ​គ្នា គាត់​មិន​សូវ​មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ពលរដ្ឋ​ទេ។ ហើយ​កន្លង​មក ប្រជាពលរដ្ឋ ១៩​គ្រួសារ ប្រឈម​បញ្ហា គាត់​រស់​នៅ​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ គាត់​បាន​ដាក់​ពាក្យ​ទៅ​អាជ្ញាធរ​ក្រុង​ដែរ ប៉ុន្តែ​គេ​ចុះ​មក​ហាក់​បី​ដូច​ជា​គេ​គ្មាន​ឆន្ទៈ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទេ ហើយ លោក​ឧកញ៉ា កុក អាន ហ្នឹង គាត់​គិត​ថា អោយ​តែ​មាន​លុយ គឺ​ធ្វើ​អ្វី​បាន​ជោគជ័យ។ គាត់​មិន​ដែល​គិត​ថា ជួយ​រំលែក​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​ទេ»។

ក្រុម​អ្នក​ភូមិ​ទាំង ១៩​គ្រួសារ អះអាង​ថា ដី​ដែល​ពួក​គាត់​សាងសង់​លំនៅឋាន​រស់​នៅ​លើ​ខ្នង​ទំនប់ ក៥ នោះ ជា​ដី​របស់​រដ្ឋ ពុំ​មែន​ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន អានកូ នោះ​ទេ។

ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគារ បាន​ស្នើ​ទៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ឲ្យ​ចុះ​ដោះស្រាយ​ទំនាស់​ផ្លូវ​ដើរ​នេះ​ជូន​ប្រជាពលរដ្ឋ​ទាំង ១៩​គ្រួសារ។ ចំណែក​ភាគី​ក្រុមហ៊ុន គួរ​ធ្វើ​យ៉ាង​ណា​រៀប​ចំ​ដី​ធ្វើ​របង ត្រូវ​ទុក​ផ្លូវ​ឲ្យ​អ្នក​ភូមិ​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​រស់​នៅ​បាន៖ «ខាង​ក្រុមហ៊ុន​គាត់​មាន​គាត់​បាន​អ៊ីចឹង​យក​ដី​ទំហំ​ប៉ុន្មាន​ពីរ​ម៉ែត្រ​បី​ម៉ែត្រ​ទុក​ឲ្យ​គាត់​ខ្លះ​ទៅ ឲ្យ​គាត់​បាន​ត្រឹម​មួយ​រស់​ទេ អា​នេះ​ជា​ការ​សម្បទាន​មួយ​ដើម្បី​ចែក​គ្នា​រស់ ដើម្បី​រំងាប់​អធិករណ៍ កុំ​ឲ្យ​មាន​បញ្ហា​កើត​ឡើង។ អំណាច​ក្រុមហ៊ុន​ធំធេង​ហើយ ប៉ុន្តែ​អំណាច​ទាំងអស់​ហ្នឹង​ក៏​គិត​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្លះ​ផង។ ទី​២ អាជ្ញាធរ​កុំ​គិត​ពី​រឿង​បក្ខពួក​ខ្លាំង​ពេក ត្រូវ​ចេះ​ស្រឡាញ់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ឯង»។

លំនៅឋាន​ទាំង​នោះ​ស្ថិត​នៅ​ភូមិ​រស្មីសាមគ្គី សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ អ្នក​ភូមិ​បញ្ជាក់​ថា ពួក​គាត់​បាន​នាំ​គ្នា​សង់​លំនៅឋាន​ពី​ឈើ​ប្រក់​ស័ង្កសី មាន​ជញ្ជាំង​ជ័រ ទំហំ ៤​ម៉ែត្រ​គុណ​នឹង ៤​ម៉ែត្រ នៅ​លើ​ដី​ខ្នង​ទំនប់ ក៥ តាំង​ពី​២០០៥ និង​ឆ្នាំ​២០០៦ មក ពុំ​ដែល​មាន​បញ្ហា​អ្វី​កើត​ឡើង​នោះ​ទេ។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ខាង​ក្រុមហ៊ុន អានកូ ប្រើ​កម្មករ​ជីក​ដី​ដាំ​បង្គោល​ធ្វើ​របង​បិទ​ផ្លូវ​ដើរ​ខាង​ផ្ទះ​របស់​គាត់​តែ​ម្តង៕

No comments: