Adhoc Photo |
ដោយ រដ្ឋា វិសាល RFA 2013-11-15
ប្រជាសហគមន៍រស់នៅខេត្តក្រចេះ បានលើកឡើងពីបញ្ហាអសកម្មទាក់ទិនបញ្ហាដីធ្លីព្រៃឈើចំនួន ៥ចំណុច ជាសារផ្ញើជូនប្រមុខរាជរដ្ឋាភិបាលអាណត្តិថ្មី និងមន្ត្រីពាក់ព័ន្ធធ្វើការកែទម្រង់ស៊ីជម្រៅ និងដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះក្នុងបញ្ហានេះ។
សារទាំង ៥ចំណុច រួមមាន សុំឲ្យរាជរដ្ឋាភិបាលពិនិត្យឡើងវិញពីគោលនយោបាយវាស់វែងចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង ប៉ុន្តែក្រុមសមត្ថកិច្ចមិនបានធ្វើត្រឹមត្រូវតាមគោលការណ៍នេះ សុំឲ្យលុបចោលអាជ្ញាប័ណ្ណសម្បទានសេដ្ឋកិច្ចមានទំហំដីលើសពី ១ម៉ឺនហិកតារ សុំឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយផលប៉ះពាល់នានាដល់ប្រជាពលរដ្ឋ ទាក់ទិនការផ្តល់ដីសម្បទានឲ្យមានប្រសិទ្ធភាព និងធានាទប់ស្កាត់កុំឲ្យកើតមានអំពើហិង្សាប្រើប្រាស់កងកម្លាំងប្រដាប់អាវុធការពារក្រុមហ៊ុន ហើយរំលោភសិទ្ធិដីធ្លីប្រជាពលរដ្ឋតទៅទៀត ត្រូវចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចណាដែលរកឃើញថា បានប្រព្រឹត្តខុសគោលការណ៍ផ្តល់ដីសម្បទាន ត្រូវយកចិត្តទុកដាក់រក្សាដីសម្រាប់សម្បទានសង្គមកិច្ចជូនពលរដ្ឋឲ្យបានត្រឹមត្រូវ និងត្រូវបង្កើនប្រាក់ពន្ធលើដីបន្ថែមទៀតសម្រាប់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចនានា ដែលកន្លងទៅនេះការកំណត់ប្រាក់ពន្ធដីមានចំនួនទាបពេក។
កាលពីថ្ងៃព្រហស្បតិ៍ ប្រជាពលរដ្ឋ ១៥សហគមន៍ មានគ្នា ៨០នាក់ រួមទាំងមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីស្ថាប័នតុលាការ បានជួបជុំគ្នាប្រារព្ធសិក្ខាសាលាស្ដីពីសិទ្ធិដីធ្លីនេះនៅក្រុងក្រចេះ រៀបចំឡើងដោយសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)។
ប្រធានផ្នែកកម្មវិធីដី និងធនធានធម្មជាតិសមាគមអាដហុក លោក ឡាត់ គី មានប្រសាសន៍បញ្ជាក់ថា ការខកខានដោះស្រាយទំនាស់ និងការរំលោភនានាដែលនៅតែបន្តកើតមានចំពោះប្រជាពលរដ្ឋ គឺជាហេតុផលសំខាន់ដែលធ្វើឲ្យប្រជាពលរដ្ឋអ្នករងគ្រោះធ្វើការតវ៉ាជាបន្តបន្ទាប់។ លោកបន្តថា មន្ត្រីសមាគមអាដហុក បានអង្កេតករណីជាច្រើនទាក់ទិនទៅនឹងបណ្ដឹងរបស់សហគមន៍នានានៅតំបន់ជនបទក្នុងខេត្តនេះ ហើយចាត់ទុកករណីទាំងអស់នេះ គឺជាហេតុផលសំខាន់ដែលសមាគមរៀបចំសិក្ខាសាលានេះឡើង ដើម្បីផ្តល់ឱកាសជូនសហគមន៍ និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធបានជួបពិភាក្សាស្វែងយល់គ្នា និងរួមគ្នាដោះស្រាយបញ្ហា។
លោក ឡាត់ គី៖ «ជាទូទៅ ដោយសារតែបញ្ហាវិវាទនេះជាវិវាទមួយដែលវាកើតឡើងក្នុងរយៈពេលយូរឆ្នាំហើយ។ ខ្ញុំកត់សម្គាល់ឃើញតាមរយៈប្រសាសន៍របស់ឯកឧត្តមអភិបាលរងខេត្ត លោកហាក់បីដូចជានិយាយប្រកបដោយភាពហ្មត់ចត់ទៅលើជំហរក្នុងការដោះស្រាយ ប៉ុន្តែលទ្ធផលសង្ឃឹមប៉ុន្មាន យើងខ្ញុំនឹងជំរុញក្នុងការដាក់ករណីទាំងអស់នោះ ដើម្បីបើកវិធានការស៊ើបអង្កេតជាមួយអាជ្ញាធរនៅក្នុងដែនសមត្ថកិច្ចរបស់ខេត្តទៀត»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តក្រចេះ ឲ្យដឹងថា ទំនាស់ដីធ្លីសំខាន់ៗដែលកំពុងកើតមាននៅក្នុងខេត្តនេះ ហើយមិនទាន់ដោះស្រាយមាន ៤ករណី ពាក់ព័ន្ធក្រុមហ៊ុនសម្បទាន សុវណ្ណ រាជសី ក្រុមហ៊ុន សុវណ្ណឫទ្ធី ក្រុមហ៊ុន ប៊ិញភឿក២ និងក្រុមហ៊ុន សំណាង អង្គរ។
ប្រជាពលរដ្ឋសហគមន៍ភូមិសំរោងស្រែស្រាយ ឃុំខ្សឹម ស្រុកស្នួល លោក ម៉ម សាវ៉ាត មានប្រសាសន៍បញ្ជាក់ថា កន្លងទៅនេះ ប្រជាពលរដ្ឋរងភាពអយុត្តិធម៌ទាក់ទិនការវាស់វែងចេញប័ណ្ណកម្មសិទ្ធិលើដីដែលពលរដ្ឋបានកាន់កាប់ជាក់ស្តែង ក្នុងបរិវេណដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។ លោកបន្តថា អ្នកភូមិ ១៣គ្រួសារ បានទទួលការវាស់វែងដីពីក្រុមនិស្សិត ប៉ុន្តែមិនបានទទួលប័ណ្ណនោះទេ ក៏ប៉ុន្តែក្រុមជំនាញបានវាស់វែងចេញប័ណ្ណទៅឲ្យបុគ្គលិកក្រុមហ៊ុនដែលជាអ្នករំលោភដីប្រជាពលរដ្ឋវិញ៖ «ដីកម្មសិទ្ធិកាប់គាស់ដោយខ្លួនឯង ក្រុមហ៊ុនរំលោភយក ហើយមានសន្តិសុខក្រុមហ៊ុន សុវណ្ណឫទ្ធី មកឈូសឆាយដីប្រជាពលរដ្ឋ ហើយយកជាកម្មសិទ្ធិរបស់ខ្លួនឯង។ ក្រុមប្រជាពលរដ្ឋ ១៣គ្រួសារ បានក្រុមនិស្សិតវាស់វែងរួចហើយ ឥឡូវសន្តិសុខក្រុមហ៊ុនអត់វាស់វែងផងចេញប្លង់ឲ្យ»។
ចំណែកប្រជាសហគមន៍ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ អ្នកស្រី ឈុត ឡាក់ អាយុ ៥០ឆ្នាំ មានប្រសាសន៍បញ្ជាក់ថា ប្ដីអ្នកស្រីមានឈ្មោះ ជីន ចះ បានក្លាយជាមនុស្សបាក់ស្មារតីភ័យខ្លាច ខណៈក្រុមកងរាជអាវុធហត្ថការពារក្រុមហ៊ុន សំណាង អង្គរ បានព្យាយាមដេញបាញ់ដើម្បីចាប់ខ្លួនគាត់ ដោយសារតែគាត់បានតវ៉ាពីក្រុមហ៊ុនឈូសឆាយយកដីកាលពីដើមឆ្នាំ២០១៣។
អ្នកស្រីមានប្រសាសន៍បញ្ជាក់ថា មានរឿងឈឺចាប់ដែលគ្រួសារអ្នកស្រីទទួលបាន គឺក្រុមហ៊ុនសម្បទានបន្សល់ឲ្យគាត់ជាប្រជាពលរដ្ឋក្រីក្រ៖ «គេធ្វើបាបមកហ្នឹង ឈូសឆាយដំឡូងដល់ផ្ទះ ហើយយកប៉េអិមដេញគំរាមកំហែង។ ក្រុមហ៊ុនហ្នឹងវាយកថ្នាំបាញ់ដាក់ខ្ញុំ និងកូនខ្ញុំចៅខ្ញុំ សម្លាប់ចោលទៀត ខ្ញុំហ្នឹងរត់ចេញទាំងម៉ែទាំងកូនខ្ញុំ ឈឺបីថ្ងៃ អត់ទាន់អស់ជាតិថ្នាំ បាញ់ថ្នាំដាក់ផ្ទះហ្នឹង។ ខ្ញុំទៅជម្រាបប៉ុស្តិ៍ប៉ូលិសកត់កំណត់ហេតុ ហើយបានបីថ្ងៃ ខ្ញុំទូរស័ព្ទសួរគាត់ថា រវល់ណាស់មិនទាន់បានដោះស្រាយទេ រហូតដល់ឥឡូវហ្នឹង។ ខ្ញុំឡើងទៅឃុំៗថាចាំថ្ងៃអាទិត្យ បាត់ឈឹងទៀតទល់ឥឡូវហ្នឹងណា!»។
អភិបាលរងខេត្តក្រចេះ លោក អឿ ស៊ីយ៉ែម មានប្រសាសន៍កត់សម្គាល់ថា អ្វីជាការលើកឡើង និងសំណូមពររបស់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធបានទទួលយក និងត្រួតពិនិត្យឡើងវិញ។ លោកបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលអាណត្តិថ្មី គឺធ្វើការកែទម្រង់ស៊ីជម្រៅ ហេតុនេះមន្ត្រីអាជ្ញាធរមូលដ្ឋាន នឹងខិតខំដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៖ «យើងទទួលយកសំណូមពរគាត់ទាំងអស់យកមកពិនិត្យពិចារណាឡើងវិញ ឲ្យស្របតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ពិសេសយើងអនុវត្តទៅតាមបទបញ្ជាលេខ០០១ យើងនៅរង់ចាំពេលវេលាបន្តិច ដើម្បីពិភាក្សាគ្រប់ភាគីពាក់ព័ន្ធអ៊ីចឹងណា!»។
សេចក្តីរាយការណ៍របស់មន្ត្រីផ្នែកអង្កេតសមាគមអាដហុក ខេត្តក្រចេះ ឲ្យដឹងថា បច្ចុប្បន្ននេះមានអ្នកភូមិម្នាក់ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួននៅពន្ធនាគារខេត្ត រួមទាំងប្រជាពលរដ្ឋ ៥នាក់ផ្សេងទៀត កំពុងប្រឈមមុខនឹងដីកាកោះហៅឲ្យចូលខ្លួនទៅបំភ្លឺនៅតុលាការ ដោយសារការតវ៉ាបញ្ហាដីធ្លីនៅខេត្តនេះ៕
No comments:
Post a Comment