Friday, November 01, 2013

វេទិកា​សាធារណៈ​ស្ដីពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​ខេត្ត​ព្រៃវែង


ប្រជាពលរដ្ឋ​សួរ​សំណួរ​ក្នុង​វេទិកា​ស្ដីពី​ដំណើរ​ការ​បោះ​ឆ្នោត នា​ស្រុក​ស៊ីធរ
កណ្ដាល ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៣។
RFA/Hum Chamroeun
មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) នៅ​ព្រឹក​ថ្ងៃ​ទី​៣១ តុលា បាន​ចាត់​ឲ្យ​មាន​វេទិកា​សាធារណៈ​មួយ ស្ដី​ពី​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នៅ​ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ កម្មវិធី​នេះ បើក​ឲ្យ​មាន​ការ​សួរ​ឆ្លើយ​រវាង​ប្រជាពលរដ្ឋ និង​វាគ្មិន ដោយ​មាន​ការ​សម្រប​សម្រួល​ពី​មន្ត្រី​សិទ្ធិ​មនុស្ស​កម្ពុជា។

ដោយ ហ៊ុំ ចំរើន 2013-11-01

វាគ្មិន​ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​រួម​មាន ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង មន្ត្រី​គណបក្ស​នយោបាយ​ជាប់​ឆ្នោត​ទាំង​២ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា។ សមាជិក​សភា​ជាប់​ឆ្នោត​មណ្ឌល​ព្រៃវែង លោក ឡុង ប៊ុននី ជា​តំណាង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ចំណែក​ឯ​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា មាន​អភិបាល​ស្រុក និង​មេ​ឃុំ ជា​អ្នក​តំណាង​ចូល​រួម​ក្នុង​កម្មវិធី។

ចំណុច​សំខាន់​ដែល​បាន​ពិភាក្សា​ក្នុង​វេទិកា​សាធារណៈ​នេះ រួម​មាន ទី​១ បទ​ពិសោធន៍​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា នា​ពេល​កន្លង​មក ទី​២ ការ​លើក​ឡើង​នូវ​ក្ដី​បារម្ភ​របស់​ប្រជាពលរដ្ឋ​ទៅ​អ្នក​តំណាង​រាស្ត្រ និង​ទី​៣ អនុសាសន៍​ជុំវិញ​ការ​បោះ​ឆ្នោត​សម្រាប់​អាណត្តិ​ក្រោយ។


នាយក​ប្រតិបត្តិ​សិទ្ធិ​មនុស្ស​កម្ពុជា អ្នក​សម្រប​សម្រួល​កម្មវិធី លោក ប៉ា ងួនទៀង បាន​ថ្លែង​ក្នុង​កម្មវិធី​នៅ​ថ្ងៃ​ទី​៣១ តុលា ថា វេទិកា​នេះ​រៀប​ចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​យល់​ដឹង​អំពី​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត៖ «ខ្ញុំ​ថា បើ​គ្មាន​ការ​ចូល​រួម គ្មាន​ការ​លើក​ឡើង​ពី​ប្រជាពលរដ្ឋ​ថ្នាក់​មូលដ្ឋាន​ផ្ទាល់ ដែល​គាត់​ជួប​ប្រទះ​ផ្ទាល់ តើ​គាត់​មើល​ឃើញ​ការ​បោះ​ឆ្នោត​យ៉ាង​ម៉េច គាត់​ជួប​ប្រទះ​ការ​បោះ​ឆ្នោត​យ៉ាង​ម៉េច បើ​មិន​អ៊ីចឹង​ទេ អត់​មាន​ស្អី​ជា​សាក្សី​ផ្ទាល់ ដែល​យើង​អាច​ចាក់​ផ្សាយ​ទៅ ដើម្បីឲ្យ​សហគមន៍​អន្តរជាតិ សហគមន៍​ជាតិ។ ហើយ​បណ្ដា​អ្នក​តស៊ូ​មតិ​ផ្សេងៗ បាន​ដឹង​ហើយ​ធ្វើ​ជា​អំណះអំណាង​ក្នុង​ការ​តស៊ូ​កែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត»។

អ្នក​សម្រប​សម្រួល​កម្មវិធី​បាន​បើក​ឲ្យ​មាន​ការ​សួរ​ឆ្លើយ​រវាង​ប្រជាពលរដ្ឋ និង​វាគ្មិន ក្នុង​កម្មវិធី​រយៈពេល​ប្រមាណ​ជាង ២​ម៉ោង។ សំណួរ​ដែល​ប្រជាពលរដ្ឋ​ចាប់​អារម្មណ៍​ខ្លាំង គឺ​ផ្ដោត​ទៅ​លើ​បញ្ហា​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ជាពិសេស​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន។

ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ផាន់ សុផល មក​ពី​ភូមិ​ឫស្សីសាញ់ ឃុំ​ឫស្សីសាញ់ ឡើង​ថ្លែង​ដាក់​សំណួរ​ក្នុង​អង្គ​ពិធី ពាក់ព័ន្ធ​នីតិវិធី​ដំណើរ​ការ​ជ្រើស​រើស​មន្ត្រី​បម្រើ​ការងារ​រៀប​ចំ​ការ​បោះ​ឆ្នោត​ថ្នាក់​មូលដ្ឋាន៖ «ខ្ញុំ​សូម​សួរ​ថា មូលហេតុ​អ្វី​បាន​ជា គ.ជ.ប នៅ​ថ្នាក់​និច (NEC) មិន​ដូរ ហើយ​នៅ​ថ្នាក់​ស៊ិច (CEC) ដូរ​រាល់​អាណត្តិ»។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ប្រធាន​គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខេត្ត​ព្រៃវែង លោក ហួត ផាន បកស្រាយ​ថា គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ក្នុង​ដំណើរ​ការ​ជ្រើស​រើស​មន្ត្រី​ប្រើ​ការ​បោះ​ឆ្នោត៖ «ច្បាប់​បោះ​ឆ្នោត​វា​មាន​អាណត្តិ​របស់​គេ អាណត្តិ​របស់ គ.ជ.ប ក្បាល​ម៉ាស៊ីន គ.ជ.ប នេះ ៥​ឆ្នាំ​អ៊ីចឹង​ទៅ​ណាស់។ ហើយ​ដល់​ស៊ិច​យើង​នេះ ដល់ពេល​គេ​ត្រូវ​ការ​ម្ដង គេ​រើស​ម្ដង។ ប៉ុន្តែ​ក្បាល​ម៉ាស៊ីន គ.ជ.ប ហ្នឹង​មិន​ថា​ត្រូវ​ការ​ម្ដង​រើស​ម្ដង​ទេ អា​ហ្នឹង​គឺ​ថា​និរន្តរភាព​ជានិច្ច គឺ​ថា​អាណត្តិ​គេ ៥​ឆ្នាំ​ដូច​សភា​អ៊ីចឹង គេ​នៅ​ប្រចាំ​ការ​នៅ​ហ្នឹង​រហូត។ អ៊ីចឹង​គេ​ធ្វើ​ច្បាប់​ធ្វើ​ផែន​ការ ធ្វើ​គម្រោង​អី​ផ្សេងៗ​អ៊ីចឹង​ទៅ គេ​អង្គុយ​ចាំ​កន្លែង​របស់​គេ​ហ្នឹង​ជា​អចិន្ត្រយ៍។ ប៉ុន្តែ​ស៊ិច​យើង​នេះ បើ​កាល​ណា​បោះ​ឆ្នោត​ភ្លាម​ហើយ រំសាយ​គ្រឹប​ទៅ​ផ្ទះ​វិញ ទៅ​ធ្វើ​ឲ្យ​គេ ហើយ​អា​ហ្នឹង​ដូច​គេ​ជួល​ម៉ៅការ​ដាច់​អ៊ីចឹង​ណា»។

វេទិកា​សាធារណៈ​នេះ រៀប​ចំ​ឡើង​ក្នុង​បរិវេណ​វត្ត​ព្រៃឈៀង ឃុំ​ឫស្សីសាញ់ ស្រុក​ស៊ីធរកណ្ដាល ខេត្ត​ព្រៃវែង។ កម្មវិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប្រមាណ ៣​ម៉ោង គឺ​ចាប់​ផ្ដើម​ពី​ម៉ោង ៩​ព្រឹក រហូត​ដល់ ១២​ថ្ងៃ​ត្រង់ និង​មាន​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​ស៊ីធរកណ្ដាល ចូល​រួម​ប្រមាណ​ជិត ២០០​នាក់ និង​មាន​អ្នក​សារព័ត៌មាន​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ចូល​រួម​អង្កេត​ការណ៍៕

1 comment:

Anonymous said...

If we find to win better than talk about next 5years,we need to change now we hungry democracy that they stole on 28 july,winning we can change to choose a new team in the house of representative can vote for that.Why these people worry about?