![]() |
| លោក ភួង ម៉ាល័យ ស្នងការរងនគរបាលរាជធានី រងរបួសដោយអ្នកភូមិគប់។ រូបថត ជីវ័ន A bleeding pig? |
សូ វិសាល
The Phnom Penh Post
ការបណ្តេញប្រជាពលរដ្ឋប្រមាណ ជាង ២០០ គ្រួសារ ចេញពីប្លុកបុរីកីឡា ដោយហិង្សា កាលពីថ្ងៃទី ៣ មករា ដែលបណ្តាលឲ្យរងរបួសទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ដោយសារតែការគប់ដុំថ្មដាក់គ្នាទៅវិញទៅមក ដូចគេបាចលាជ ដែលហាក់បីដូចជាប្រទេសពុំមានច្បាប់ទម្លាប់អ្វីសោះនោះ អាចនិយាយបានថា ជាការចាប់ផ្តើមនៃការបណ្តេញចេញថ្មីមួយ ក្នុងឆ្នាំ ២០១២ ខណៈក្រុមការងារពិសេស សិទ្ធិលំនៅដ្ឋាន បានចេញរបាយការណ៍មួយកាលពីខែមុនថា នៅមានប្រជាពលរដ្ឋ ចំនួន ៣២០០០ នាក់ទៀត ក្នុងសហគមន៍ចំនួន ៧៤ កំពុងប្រឈមនឹងការគំរាមកំហែងបណ្តេញចេញ។
ការផ្ទុះអំពើហិង្សា ក្នុងការបណ្តេញចេញនៅបុរីកីឡា ដែលប្រជាពលរដ្ឋ មានកំហឹងពុះកញ្ជ្រោលយ៉ាងខ្លាំង រហូតដល់ទៅហ៊ានប្រើដុំថ្ម គប់តតាំងជាមួយសមត្ថកិច្ច នៅចំកណ្តាលទីក្រុង រហូតដល់បែកក្បាលលោកស្នងការរងម្នាក់ មេបញ្ជាការកងរាជអាវុធហត្ថម្នាក់ និងអភិបាលរងខណ្ឌម្នាក់ ព្រមទាំងកម្លាំងសមត្ថកិច្ចជាច្រើននាក់ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងនោះ វាបានបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ការបណ្តេញចេញដោយបង្ខំ មានសភាពកាន់តែអាក្រក់ទៅៗហើយ។ នេះនៅក្នុងកាលៈទេសៈ ដែលប្រជាពលរដ្ឋខ្មែរ មិនទាន់ចេះរួមសាមគ្គីគ្នា ចេះជួយគ្នាទៅវិញទៅមក ពីសហគមន៍មួយទៅសហគមន៍មួយផង។ ចុះបើនៅថ្ងៃណាមួយ នៅពេលដែលពលរដ្ឋ ដែលមានការឈឺចាប់ ដោយសារតែការបណ្តេញចេញ មានចំនួនកាន់តែច្រើនឡើង ហើយពួកគាត់ ចេះរួមសាមគ្គីគ្នា ឧទាហរណ៍ នៅពេលសមត្ថកិច្ច ធ្វើការបណ្តេញអ្នកបុរីកីឡា អ្នកបឹងកក់ និងអ្នកសហគមន៍ផ្សេងទៀត លើកគ្នាមកជួយ តើអំពើហិង្សា និងកើតឡើងធំប៉ុនណា? ហើយតើអ្នកណាគឺជាអ្នករងគ្រោះពិតប្រាកដ? គឺប្រជាពលរដ្ឋ និងសមត្ថកិច្ច ដែលសុទ្ធតែជាខ្មែរដូចគ្នា។
ចម្បាំងរាំងជល់រវាងខ្មែរ និងខ្មែរ ដោយបរទេសជាអ្នកចាំទទួលផល នៅក្នុងរយៈពេលជាច្រើនទសវត្សរ៍មកដែលធ្វើឲ្យខ្មែរស្ទើរស្លាប់ ផុតពូជ វាគួរតែជាបទពិសោធ និងជាមេរៀនគ្រប់គ្រាន់ហើយ សម្រាប់ខ្មែរទាំងអស់ ជាពិសេសមេដឹកនាំបច្ចុប្បន្ន។ តើវាចាំបាច់អី ដែលត្រូវប្រើកម្លាំងសមត្ថកិច្ចដែលជាកូនចៅរបស់ប្រជាពលរដ្ឋ មានតួនាទីបម្រើ និងការពារប្រជាពលរដ្ឋឲ្យទៅវាយបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន ដើម្បីយកដីទៅឲ្យក្រុមឈ្មួញមួយក្តាប់តូចនោះ? ឬមួយក៏ការបណ្តេញចេញ វាជាមោទនភាព របស់រដ្ឋាភិបាល? ទើបការបណ្តេញចេញនេះ ចេះតែបន្តកើតឡើងឥតឈប់ឈររកទីបញ្ចប់គ្មាន?
