ការប្រព្រឹត្តអំពើពុករលួយ ឬស៊ីសំណូកសូកប៉ាន់នៅក្នុងសង្គមខ្មែរសព្វថ្ងៃ កំពុងតែក្លាយទៅជាវប្បធម៌អាក្រក់មួយ និងបានជ្រាបចូលជ្រៅទៅក្នុងស្រទាប់យុវវ័យ និងកុមារតូចៗមួយចំនួននៅតាមសាលារៀន។
Corruption in Cambodia currently is turning into an abhorrent culture and it seeps into all youth generations, beginning from children in kindergarten.
2011-12-01
ដោយ កែវពេជ្រ មេត្តា
Radio Free Asia
សុភាសិតខ្មែរមួយអន្លើនោះបានពោលថា «កុមារជាទំពាំងស្នងឫស្សី ឬជាសសរទ្រូងប្រទេសជាតិ»។ ពាក្យនេះចង់សំដៅថា កុមារគ្រប់រូបទាន់ខ្លួននៅវ័យក្មេងត្រូវតែប្រឹងប្រែងរៀនសូត្រយកចំណេះវិជ្ជាឲ្យបានខ្ពង់ខ្ពស់ ពីព្រោះថា បើមានចំណេះវិជ្ជានៅក្នុងខ្លួនបានល្អប្រសើរ ដល់ពេលខ្លួនធំពេញវ័យឡើង ពេលនោះគេអាចយកចំណេះដឹងនេះទៅធ្វើការងារជួយដោះស្រាយកិច្ចការ និងស្ថាបនាសង្គមជាតិរបស់ខ្លួនឲ្យមានភាពសំបូរសប្បាយចម្រើនរុងរឿងបាន។
ចំពោះសុភាសិតនេះ បើគេយកមកឆ្លុះបញ្ចាំងទៅលើសង្គមខ្មែរបច្ចុប្បន្ននោះ គេបានឃើញថា កុមារ ឬយុវវ័យខ្មែរមួយចំនួននោះ គេមិនអាចក្លាយជាទំពាំងស្នងឫស្សី ឬក៏ធ្វើជាសសរទ្រូងប្រទេសជាតិបានទេ ផ្ទុយទៅវិញ កុមារ និងយុវវ័យទាំងនោះ កំពុងតែធ្លាក់ខ្លួនទៅក្នុងអំពើអបាយមុខផ្សេងៗ មានដូចជាប្រព្រឹត្តគ្រឿងញៀន ខ្ជិលច្រអូស មិនចង់រៀនសូត្រ និងគេចវេះសាលារៀន ។ល។
ក្រៅពីនេះទៀត មានកុមារ និងយុវវ័យខ្លះ បានចូលសាលារៀនដែរ ប៉ុន្តែការទៅរៀននោះ មិនប្រាកដប្រជាទេ ពីព្រោះគេច្រើនពឹងផ្អែកទៅលើការសូកប៉ាន់លុយកាក់ទៅឲ្យគ្រូ ហើយគេរំពឹងថា អាចបានឡើងថ្នាក់ និងបានពិន្ទុល្អថែមទៀត។
នូវរាល់បញ្ហាទាំងអស់នេះ តើនៅក្នុងសង្គមខ្មែរទាំងមូល គេអាចស្ដីបន្ទោសទៅលើនរណា ហើយអ្នកណាជាអ្នកទទួលខុសត្រូវ?
មានមតិជាច្រើនបានលើកឡើងពីបញ្ហានេះ ដែលអ្នកទាំងនោះជាគ្រូបង្រៀន ជាមាតាបិតាសិស្ស ជាមន្ត្រីរាជការរបស់រដ្ឋាភិបាល និងជាសិស្សានុសិស្ស។
មាតាបិតាសិស្សមួយចំនួននោះបានឲ្យដឹងថា ការប្រព្រឹត្តអំពើសូកប៉ាន់ អំពើពុករលួយនោះ កំពុងជ្រាបចូលជ្រៅក្នុងស្រទាប់កុមារ ឬយុវវ័យ ហើយបញ្ហានេះក៏ដោយសារឪពុកម្ដាយខ្លះ ពិសេសអ្នកដែលមានធនធានច្រើនតែបណ្ដែតបណ្ដោយកូនចៅរបស់ខ្លួនឲ្យដើរលេង និងចាយវាយលុយកាក់ខ្ជះខ្ជាយ ដោយ មិនបានតាមដានការសិក្សារបស់កូនឲ្យបានជាប់លាប់ទេ។
ការព្រងើយកន្តើយនោះ ពីព្រោះតែគេគិតថា មកពីជាប់រវល់នឹងមុខរបររកស៊ី ឬមួយទៀតគេគិតថា សម័យឥឡូវឲ្យតែមានលុយកាក់យកទៅសូកប៉ាន់គ្រូ គឺកូនរបស់គេនឹងបានឡើងថ្នាក់ ឬក៏អាចប្រឡងជាប់ហើយ។
បុរសឪពុកម្ដាយសិស្សមួយរូបនៅខេត្តបាត់ដំបង ឈ្មោះ សុខុម បានមានប្រសាសន៍ថា ដោយសារតែអាងទៅលើទឹកប្រាក់របស់ឪពុកម្ដាយក្នុងការសូកប៉ាន់គ្រូ បានធ្វើឲ្យក្មេងៗសិស្សសាលានៅក្នុងតំបន់របស់គាត់មួយចំនួននោះ មិនសូវប្រឹងប្រែងខ្វាយខ្វល់រៀនសូត្រប៉ុន្មានឡើយ៖ «សូកលុយគ្រូពី ៣០.០០០ ទៅ ៥០.០០០រៀល។ ដូចកូនខ្ញុំវារៀនថ្នាក់ទី៩ ហ្នឹង អត់បានសូកលុយធ្លាក់។ អានេះជាវប្បធម៌មួយដ៏អាក្រក់ ទទួលសំណូកសូកប៉ាន់។ ធ្វើរបៀបហ្នឹងដូចបង្ហាត់ក្មេងឲ្យចេះប្រព្រឹត្តអំពើពុករលួយតាំងពីនៅក្នុងថ្នាក់រៀន។ ដល់ពេលវាប្រឡងបានធ្វើជាមន្ត្រីរាជការអី វានឹងចេះទទួលសំណូកសូកប៉ាន់ រៀនពុករលួយ សូកប៉ាន់ជាបន្តបន្ទាប់ រហូតធ្វើឲ្យវប្បធម៌ហ្នឹងរីកដុះដាលឡើងពេញសង្គមខ្មែរទៅអនាគត។ អ៊ីចឹងទៅចេះតែបារម្ភដែរ»។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកខ្លះទៀតបានបញ្ជាក់ថា គឺអាចមកពីកុមារ ឬយុវវ័យសិស្សានុសិស្ស មិនមានកំណើតខ្លួនឯង ពីព្រោះថា គ្រូបង្រៀនខ្លះនោះគេក៏បានប្រឹងប្រែងបង្ហាត់បង្រៀនសិស្ស ហើយឪពុកម្ដាយខ្លះនោះក៏បានយកចិត្តទុកដាក់អប់រំកូនចៅឲ្យប្រឹងប្រែងរៀនសូត្រដែរ ប៉ុន្តែកូនដែលបម្រុងតែដើរខុសគន្លងនោះ នៅតែមិនស្ដាប់។
បុរសមួយរូបឈ្មោះ យស សយ ជាមន្ត្រីរាជការចូលនិវត្តន៍នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ធម្មតាមនុស្សកើតមកតែងតែមានចរិតមារយាទខុសៗគ្នា ដូច្នេះមិនអាចបន្ទោសទៅលើក្មេងទាំងស្រុងបានទេ៖ «វាដោយកូនៗដែរទេ។ កាលណាកូនហ្នឹងវាមើលសមត្ថភាព វាថា រៀនមិនបាន រៀនមិនកើត វាក៏មើលទៅតាមឪពុកម្ដាយវាមានលុយមានកាក់ទៅ គិតសូកគ្រូ ចាយវាយនឹងគ្រូ ចាយវាយជាមួយនឹងថ្នាក់ដឹកនាំកម្មវិធីសិក្សាអីអ៊ីចឹងទៅ វាទៅជាជំរុញកូនឲ្យទៅជាអ៊ីចឹង។ ប៉ុន្តែថា បើកូនគេជាអ្នករៀនទាន់ ស្ដាប់គ្រូ ហ្នឹងបានរៀនទៅកើត រៀនពូកែ ក៏វាមិនបាច់ទៅសូកមិនបាច់ទៅប៉ាន់គ្រូអីណាទៀតទេ»។
អ្នកខ្លះទៀតបានលើកឡើងថា បញ្ហានេះក៏មកពីកត្តាសង្គមទាំងមូលដែលបានសាបព្រោះបណ្ដុះគំនិតក្មេងឲ្យចេះប្រព្រឹត្តអំពើពុករលួយ គឺទាំងសង្គមគ្រួសារ ឪពុកម្ដាយ សង្គមគ្រូបង្រៀន និងរដ្ឋាភិបាលជាប្រមុខប្រទេសជាដើម។
ការមិនសូវប្រឹងខ្នះខ្នែង ហើយបណ្ដែតបណ្ដោយឲ្យមានការសូកប៉ាន់ប្រាក់កាសនៅក្នុងសាលារៀនសព្វថ្ងៃនេះ បានជះឥទ្ធិពលមិនល្អដល់កុមារសិស្សានុសិស្ស រហូតដល់ធ្វើឲ្យកុមារមួយចំនួននោះគិតថា គេនឹងយកគំរូតាមគ្នា គឺមិនបាច់ប្រឹងប្រែងរៀនសូត្រអ្វីទេ ចាំដល់ពេលប្រឡងយកលុយទៅឲ្យគ្រូទៅបានហើយ។
ក្នុងចំណោមកុមារទាំងនោះ កុមារីមួយរូបសុំមិនប្រាប់ឈ្មោះ និងរៀននៅសាលារៀនមួយនៅទីក្រុងភ្នំពេញ បានឲ្យដឹងថា ពេលប្រឡងម្ដងៗ គឺនាងសូកលុយគ្រូពី ៥០០ ទៅ ១.០០០រៀល ពិសេសគឺមុខវិជ្ជាខ្មែរ និងគណិតវិទ្យា ហើយក្រោយពេលប្រឡងរួច នាងឃើញលទ្ធផលថា នាងបានជាប់ពិន្ទុល្អ។
ទោះជាយ៉ាងនេះក្តី ការសូកប៉ាន់គ្រូដើម្បីបានពិន្ទុ ឬបានប្រឡងជាប់ដោយមិនចាំបាច់រៀនសូត្រនោះ មានកុមារខ្លះក៏មិនពេញចិត្តនឹងអំពើសូកប៉ាន់នេះដែរ ពិសេសកុមារដែលខិតខំរៀនសូត្រ និងកុមារក្រីក្រដែលមិនមានប្រាក់បង់ឲ្យគ្រូ។
កុមារីមួយរូបឈ្មោះ មុនី រៀននៅអនុវិទ្យាល័យមួយនៅទីក្រុងភ្នំពេញ បាននិយាយពីបញ្ហានេះថា នៅក្នុងថ្នាក់រៀនរបស់នាងមានសិស្សខ្លះរៀនខ្សោយ ឬមិនសូវចូលរៀនទេ ប៉ុន្តែគេមានលុយសូកគ្រូ គេអាចបានពិន្ទុលើសនាងដែលខំប្រឹងរៀនរាល់ថ្ងៃ៖ «អារម្មណ៍គិតថា សោកស្ដាយពិន្ទុ ហើយខឹងដែរ។ ខឹងថា ខំប្រឹងរៀនដែរ ប៉ុន្តែនៅតែពិន្ទុចាញ់គេ ដោយសារគេបានបង់លុយ ហើយយើងអ្នកអត់លុយ យើងអត់មានលុយបង់ដូចគេ»។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា លោកទទួលស្គាល់ថា គ្រូបង្រៀនមួយចំនួននៅក្នុងសង្គមខ្មែរសព្វថ្ងៃកំពុងតែបង្រៀនដល់កុមារ និងយុវវ័យ ឲ្យចេះមេរៀនផ្ដល់សំណូកដោយមិនដឹងខ្លួន ដែលបញ្ហានេះអាចនឹងធ្វើឲ្យជាតិខ្មែរប្រឈមមុខទៅនឹងគ្រោះថ្នាក់នៅក្នុងវិស័យសិក្សាអប់រំ។
លោកបានបន្តថា វិធីលុបបំបាត់វប្បធម៌សូកប៉ាន់លុយគ្រូនេះ គឺលោកធ្លាប់បានលើកឡើងជាញឹកញយហើយ គឺរាជរដ្ឋាភិបាលធ្វើយ៉ាងណាជួយដំឡើងប្រាក់បៀវត្សរ៍គ្រូបង្រៀនឲ្យបានសមស្របទៅនឹងទំនិញទីផ្សារ ពីព្រោះប្រាក់ខែគ្រូសព្វថ្ងៃនេះមិនអាចផ្គត់ផ្គង់ជីវភាពបាន ទើបនាំឲ្យមានគំនិតឲ្យសិស្សផ្ដល់ប្រាក់សំណូក។
លោក រ៉ុង ឈុន៖ «គាត់បានបៀវត្សរ៍កម្រិតបឋមគិតជាមធ្យម ៥០ដុល្លារ (២០ម៉ឺនរៀល) ហើយនៅអនុវិទ្យាល័យគិតជាមធ្យម ៣០ម៉ឺនរៀល ហើយនៅវិទ្យាល័យគិតជាមធ្យមប្រមាណជា ៤០ម៉ឺនអីហ្នឹង។ គាត់អត់អាចរស់បានទេ គាត់រស់បានក្នុងអំឡុងតែពេល ១០ថ្ងៃប៉ុណ្ណឹងទេ បើយើងគិតតែបៀវត្សរ៍របស់គាត់»។
លោកបានបន្តថា បើរាជរដ្ឋាភិបាលនៅតែព្រងើយកន្តើយមិនរូតរះជួយដោះស្រាយបញ្ហាប្រាក់បៀវត្សរ៍គ្រូបង្រៀនអាចចិញ្ចឹមជីវិតបានទេ នោះការទទួលសំណូកសូកប៉ាន់របស់គ្រូ និងការផ្ដល់សំណូកពីសិស្សានុសិស្ស កុមារាកុមារី យុវជនយុវតី ក៏មិនអាចលុបបំបាត់បានឡើយ ហើយរឹងរឹតតែចាក់ឫសជ្រៅទៅក្នុងសន្ដានចិត្តរបស់គេក្នុងការប្រព្រឹត្តអំពើពុករលួយនេះ៕
1 comment:
ក្នុងមួយពិភពលោកនេះ អ្នកណាៗក៏ដឹងគ្រប់គ្នាទាំងអស់ថា
អាយ៉ងខ្វាក់ក្បត់ជាតិ ហ៊ុន សែន នេះ ជាមេក្បត់ជាតិ, ជាមេ
លក់ជាតិ, ជាមេពុករលួយ, ជាមេឃាតករឈាមត្រជាក់,
ជាមេខ្មែរក្រហម, ជាមេទុច្ចរិត, ជាមេយូកូងបាតផ្សារ,
ជាមេក្រុមមនុស្សពាលនៅកម្ពុជាដែរ...!
ហើយក៏ជាមេគ្រោះថ្នាក់ធំជាងគេនៅក្នុងប្រទេសខ្មែរសព្វថ្ងៃនេះ
បើខ្មែរយើងមិននាំគ្នាកំចាត់វានិងបក្សពួកវាចោលទេ ប្រទេសខ្មែរគ្មានថ្ងៃបានសុខសាន្ត និងអភិវឌ្ឍន៍ប្រទេសជាតិ
ឱ្យចម្រើនលូតលាស់បានឡើយ។
អាខ្វាក់អន្តរធាន..! អាមេសត្រូវខ្មែរ...! អាមេយូកូងបាតផ្សារ..!
Post a Comment