Thursday, December 01, 2011

Public health facing emergency? - សុខភាព​សាធារណៈ​នៅ​ចំពោះ​មុខ​សញ្ញា​អាសន្ន?

Students at Bos Khnor high school were brought to hospital after they fainted at school (Photo: RFA)
ពុធ 30 វិច្ឆិកា 2011 ដោយ ប៉ែន បូណា RFI

Synopsis: On Tuesday, dozens of young scouts fainted at the Olympic Stadium during a meeting. This is a new chapter in the mysterious cases of fainting spells that are happening quite often and they are also affecting several groups. During the past few days, a report indicated that people died or became sick after they were poisoned by drinking alcohol wine, by drinking juices and by eating noodes (Num Bank-chok). Even if there is no clear indication on the cause of the incidents above, they clearly point out to the fact that public health is facing a worrisome danger.

នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ​យុវជន​កាយរិទ្ធិ ជិត​រាប់សិប​នាក់​បាន​ដួល​សន្លប់​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ក្នុង​ពិធី​ជួបជុំ​មួយ។ ​នេះ​ជា​ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត​នៃ​ការ​ដួល​សន្លប់​ដ៏​ចម្លែក​ដែល​តែងតែ​កើត​ឡើង​ជា​ញឹកញាប់​ និង​កាន់តែ​រាលដាល​ពី​មជ្ឈដ្ឋាន​មួយ​ទៅ​មួយ។ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ក៏​មាន​ដែរ​សេចក្តី​រាយការណ៍​អំពី​មនុស្ស​ស្លាប់​ និងឈឺ​ដោយសារ​ពុលស្រា​ស ​ពុល​ទឹកក្រូច​ និង​មនុស្ស​ជាច្រើន​ទៀត​ពុល​នំ​បញ្ចុក។ ​ទោះជា​នៅ​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​ជាក់​លាក់​ណា​មួយ​អំពី​មូលហេតុ​ក៏ដោយ ​ក៏​ព្រឹត្តិការណ៍​ទាំង​នេះ​ជា​សញ្ញា​ប្រាប់​ថា​ សុខភាព​សាធារណៈ​កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​គួរ​ឲ្យ​ព្រួយបារម្ភ។

ការដួល​សន្លប់​របស់​ហ្វូង​មនុស្ស​រាប់រយ​នាក់​លែង​ជា​រឿង​ចម្លែក​ទៀត​ហើយ​នៅ​ពេល​នេះ។ អស់​ពី​កម្មករ​ឈាន​ដល់​សិស្ស​សាលា ​និង​ពេល​នេះ​ឈាន​ដល់​ក្រុម​យុវវជន​កាយរិទ្ធិ​ទៀត។ ការដួល​សន្លប់​របស់​កម្មការិនី​រោងចក្រ​ដែល​ជា​បញ្ហា​កើត​មាន​ញឹកញាប់​ជាង​គេ ​និង​បាន​កើត​ឡើង​ជា​យូរ​មក​ហើយ​នោះ​ ក៏​នៅ​តែ​បន្ត​កើត​ជា​បន្តបន្ទាប់​ពី​រោងចក្រ​មួយ​ទៅ​មួយ​មិន​ទាន់​ចប់​ដែរ។ កាលពី​ពេល​ថ្មីៗ​នេះ ​សិស្ស​សាលា​រាប់​រយ​នាក់​នៅ​ក្នុង​ខេត្ត​កំពង់ចាម​បាន​ដួល​សន្លប់​នៅ​ពី​មុខ​ដង​ទង់ជាតិ។ ​បន្ទាប់​មក​ទៀត ​សិស្ស​សាលា​នៅ​ឯ​ស្រុក​ក្រគ​ ខេត្ត​ពោធិសាត់​ក៏​បាន​ដួល​សន្លប់​ទាំង​ហ្វូង​នៅ​ក្នុង​ទីធ្លា​សាលា។ ​ឥឡូវ​នេះ​ ព្រឹត្តិការណ៍​ដួល​សន្លប់​ជា​ក្រុម​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ទៀត​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​នៅ​ក្នុង​ពិធី​បំពាក់​កន្សែង​ជូន​យុវជន​កាយរិទ្ធិ។


ពីការ​ដួល​សន្លប់​មួយ​ទៅ​មួយ ​ការ​សន្និដ្ឋាន​អំពី​មូលហេតុ​ដូចជា​មិន​ច្បាស់​លាស់​ឡើយ។ យ៉ាងណា​ក៏ដោយ​ គេ​មិន​ពិបាក​យល់​ទេ​ចំពោះ​ការ​ដួលសន្លប់​របស់​កម្មករ ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ ​និង​ស្បែកជើង។ ​អ្វី​ដែល​គេ​មើល​ឃើញ​ស្របគ្នា​នោះ​ គឺ​សុខភាព​ទន់​ខ្សោយ​របស់​កម្មករ​ដែល​បណ្តាល​មក​ពី​ការ​ហូបចុក​មិន​គ្រប់គ្រាន់ ​និង​ហូប​ចំណី​អាហារ​គ្មាន​គុណភាព។ ​ម្ល៉ោះ​ហើយ​នៅ​ពេល​ដែល​ពួកគេ​ចូល​ទៅ​ធ្វើការ​ក្នុង​រោងចក្រ​ដែល​មាន​គ្នា​ច្រើន​ និង​បរិស្ថាន​មិន​ល្អ ដូចជា​ខ្វះ​ខ្យល់​អុកស៊ីសែន​ ដោយសារ​តែ​សំណង់​រោងចក្រ​មិន​គោរព​តាម​បទដ្ឋាន​បច្ចេកទេស ​បូកផ្សំ​ជាមួយ​ក្លិន​គីមី​ពុល​ដែល​ភាយ​ចេញ​ពី​ក្រណាត់​ផង ​ការដួល​សន្លប់​ងាយ​នឹង​កើត​មាន​ណាស់។

ប៉ុន្តែ ​ប្រសិន​បើ​គេ​ក្រឡេក​ទៅ​មើល​ការ​ដួល​សន្លប់​របស់​សិស្ស​សាលា ​និង​យុវជន​កាយរិទ្ធិ​វិញ​គេ​ប្រហែល​ជា​ពិបាក​យល់​ជាង​នេះ។ ​ពិបាក​យល់​នៅ​ត្រង់​ថា ​ពួកគេ​មិន​ស្ថិត​នៅ​ក្នុង​លក្ខខណ្ឌ​ការងារ​ដូច​កម្មការិនី​រោងចក្រ​ឡើយ។ ​គឺ​ខុស​ទាំង​លក្ខខណ្ឌ​នៃ​ការ​ហូបចុក​ ទាំង​បរិយាកាស​ការងារ ​ពោលគឺ​សិស្ស​សាលា​ឬ​យុវជន​កាយរិទ្ធិ​ប្រហែល​ជា​មិនមែន​ហូបចុក​អត្តខាត់​ដូច​កម្មការិនី​រោងចក្រ​ឡើយ ​ហើយ​ទីកន្លែង​ដួល​សន្លប់​ទៀត​សោត​ក៏​មិន​ស្ថិត​ក្នុង​បរិយាកាស​អាប់​អួ​​ ខ្វះ​ខ្យល់​ចេញ​ចូល​ដូច​ក្នុង​រោងចក្រ​ដែរ ​ប៉ុន្តែ ​ពួកគេ​ដួល​សន្លប់​នៅ​ក្នុង​ទី​វាល​ល្វឹងល្វើយ។

បញ្ហា​នេះ​ជា​សញ្ញា​បញ្ជាក់​ប្រាប់​ថា ​សុខភាព​សាធារណៈ​ជា​បញ្ហា​ដែល​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ជា​បន្ទាន់​ មិន​អាច​បង្អង់​បាន​ឡើយ។ ​មាន​ហេតុផល​ច្រើន​យ៉ាង​ដែល​គេ​អាច​លើក​យក​មក​ពន្យល់​បាន។ ​ហេតុផល​ទី១​គឺ​ ចំណី​អាហារ​ខ្វះ​សុវត្ថិភាព​ និង​គុណភាព ​មាន​ន័យ​ថា​ ចំណី​អាហារ​គ្រប់​ប្រភេទ​ដែល​យើង​បរិភោគ​មិន​ដឹង​ជា​បង្កប់​ដោយ​សារធាតុ​គីមី​ពុល​អ្វី​ខ្លះ​ទេ? ​ចំណី​អាហារ​ខ្លះ​ទៀត​ខូច​គុណភាព ​និង​ខ្វះ​អនាម័យ។ ​ព្រឹត្តិការណ៍​ពុល​នំបញ្ចុក​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​ថ្ងៃ​ម្សិលមិញ ​និង​ករណី​ ពុលស្រា ​និង​ទឹកក្រូច​ដែល​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ និង​ស្លាប់​បន្ត​បន្ទាប់​សុទ្ធសឹង​ជា​ឧទាហរណ៍​ជាក់ស្តែង​នៃ​កង្វះ​សុវត្ថិភាព​ចំណីអាហារ។ ​មូលហេតុ​ទី​២​គឺ​ បរិយាកាស​នៃ​ភព​ផែនដី​កាន់តែ​អាប់អួ​ទៅៗ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដោយសារ​តែ​ការ​បំផ្លិច​បំផ្លាញ​របស់​មនុស្ស។ ​បើ​ទោះបី​ជា​ពេល​ខ្លះ​ផល​វិបាក​មិន​បាន​បង្ហាញ​ភ្លាមៗ ​ប៉ុន្តែ ​ព្រឹត្តិការណ៍​ដួល​សន្លប់​ដែល​កំពុង​កើត​ឡើង​នៅ​ពេល​នេះ​ជា​សញ្ញា​បញ្ជាក់​ថា ​សុខភាព​របស់​មនុស្ស​ទូទៅ​កំពុង​ចុះ​ទន់ខ្សោយ​គួរឲ្យ​ព្រួយ​បារម្ភ។ តើ​នេះ​មិន​មែន​ជា​សញ្ញា​អាសន្ន​នៃ​សុខភាព​សាធារណៈ​ទេ​ឬ?

ប្រឈមមុខ​នឹង​បញ្ហា​នេះ​ អាជ្ញាធរ​សុខាភិបាល ​និង​សមត្ថកិច្ច​ផ្សេង​ទៀត​ដែល​មាន​តួនាទី​ត្រួត​ពិនិត្យ​សុខភាព ​និង​ចំណីអាហារ​ត្រូវតែ​បង្កើន​ការ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ក្លា​ទៅ​លើ​បញ្ហា​សុខភាព​សាធារណៈ ​ជាពិសេស​ការត្រួត​ពិនិត្យ​គុណភាព ​និង​សុវត្ថិភាព​ចំណីអាហារ​ដែល​ដាក់​លក់​នៅ​លើ​ទីផ្សារ ​គឺជា​ការងារ​ចាំបាច់​មិន​អាច​ខ្វះ​បាន​ ដើម្បី​ធានា​ថា​ ចំណីអាហារ​ដែល​គ្រប់​គ្នា​បរិភោគ​មាន​ថាមពល​សម្រាប់​ទ្រទ្រង់​រាងកាយ ​តែ​មិនមែន​ជា​ថ្នាំពុល​ដែល​បំផ្លាញ​សុខភាព​នោះ​ឡើយ។ ​ការបណ្តែត​បណ្តោយ​បញ្ហា​នេះ​នឹង​នាំ​ដល់​គ្រោះ​អាសន្ន​កាន់​តែ​ធំធេង​នៅ​ពេល​ខាងមុខ៕

1 comment:

Anonymous said...

If the report is true, then the Cambodians are dying slowly.

How interesting. The government used to kill its people quickly; now it does them in slowly.

Kuoy Pichet