Students at Bos Khnor high school were brought to hospital after they fainted at school (Photo: RFA) |
Synopsis: On Tuesday, dozens of young scouts fainted at the Olympic Stadium during a meeting. This is a new chapter in the mysterious cases of fainting spells that are happening quite often and they are also affecting several groups. During the past few days, a report indicated that people died or became sick after they were poisoned by drinking alcohol wine, by drinking juices and by eating noodes (Num Bank-chok). Even if there is no clear indication on the cause of the incidents above, they clearly point out to the fact that public health is facing a worrisome danger.
នៅថ្ងៃអង្គារម្សិលមិញ យុវជនកាយរិទ្ធិ ជិតរាប់សិបនាក់បានដួលសន្លប់នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកក្នុងពិធីជួបជុំមួយ។ នេះជាព្រឹត្តិការណ៍ថ្មីមួយទៀតនៃការដួលសន្លប់ដ៏ចម្លែកដែលតែងតែកើតឡើងជាញឹកញាប់ និងកាន់តែរាលដាលពីមជ្ឈដ្ឋានមួយទៅមួយ។ ប៉ុន្មានថ្ងៃចុងក្រោយនេះក៏មានដែរសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ និងឈឺដោយសារពុលស្រាស ពុលទឹកក្រូច និងមនុស្សជាច្រើនទៀតពុលនំបញ្ចុក។ ទោះជានៅមិនទាន់មានការសន្និដ្ឋានជាក់លាក់ណាមួយអំពីមូលហេតុក៏ដោយ ក៏ព្រឹត្តិការណ៍ទាំងនេះជាសញ្ញាប្រាប់ថា សុខភាពសាធារណៈកំពុងប្រឈមនឹងគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភ។
ការដួលសន្លប់របស់ហ្វូងមនុស្សរាប់រយនាក់លែងជារឿងចម្លែកទៀតហើយនៅពេលនេះ។ អស់ពីកម្មករឈានដល់សិស្សសាលា និងពេលនេះឈានដល់ក្រុមយុវវជនកាយរិទ្ធិទៀត។ ការដួលសន្លប់របស់កម្មការិនីរោងចក្រដែលជាបញ្ហាកើតមានញឹកញាប់ជាងគេ និងបានកើតឡើងជាយូរមកហើយនោះ ក៏នៅតែបន្តកើតជាបន្តបន្ទាប់ពីរោងចក្រមួយទៅមួយមិនទាន់ចប់ដែរ។ កាលពីពេលថ្មីៗនេះ សិស្សសាលារាប់រយនាក់នៅក្នុងខេត្តកំពង់ចាមបានដួលសន្លប់នៅពីមុខដងទង់ជាតិ។ បន្ទាប់មកទៀត សិស្សសាលានៅឯស្រុកក្រគ ខេត្តពោធិសាត់ក៏បានដួលសន្លប់ទាំងហ្វូងនៅក្នុងទីធ្លាសាលា។ ឥឡូវនេះ ព្រឹត្តិការណ៍ដួលសន្លប់ជាក្រុមបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីទៀតកាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកនៅក្នុងពិធីបំពាក់កន្សែងជូនយុវជនកាយរិទ្ធិ។
ពីការដួលសន្លប់មួយទៅមួយ ការសន្និដ្ឋានអំពីមូលហេតុដូចជាមិនច្បាស់លាស់ឡើយ។ យ៉ាងណាក៏ដោយ គេមិនពិបាកយល់ទេចំពោះការដួលសន្លប់របស់កម្មករ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។ អ្វីដែលគេមើលឃើញស្របគ្នានោះ គឺសុខភាពទន់ខ្សោយរបស់កម្មករដែលបណ្តាលមកពីការហូបចុកមិនគ្រប់គ្រាន់ និងហូបចំណីអាហារគ្មានគុណភាព។ ម្ល៉ោះហើយនៅពេលដែលពួកគេចូលទៅធ្វើការក្នុងរោងចក្រដែលមានគ្នាច្រើន និងបរិស្ថានមិនល្អ ដូចជាខ្វះខ្យល់អុកស៊ីសែន ដោយសារតែសំណង់រោងចក្រមិនគោរពតាមបទដ្ឋានបច្ចេកទេស បូកផ្សំជាមួយក្លិនគីមីពុលដែលភាយចេញពីក្រណាត់ផង ការដួលសន្លប់ងាយនឹងកើតមានណាស់។
ប៉ុន្តែ ប្រសិនបើគេក្រឡេកទៅមើលការដួលសន្លប់របស់សិស្សសាលា និងយុវជនកាយរិទ្ធិវិញគេប្រហែលជាពិបាកយល់ជាងនេះ។ ពិបាកយល់នៅត្រង់ថា ពួកគេមិនស្ថិតនៅក្នុងលក្ខខណ្ឌការងារដូចកម្មការិនីរោងចក្រឡើយ។ គឺខុសទាំងលក្ខខណ្ឌនៃការហូបចុក ទាំងបរិយាកាសការងារ ពោលគឺសិស្សសាលាឬយុវជនកាយរិទ្ធិប្រហែលជាមិនមែនហូបចុកអត្តខាត់ដូចកម្មការិនីរោងចក្រឡើយ ហើយទីកន្លែងដួលសន្លប់ទៀតសោតក៏មិនស្ថិតក្នុងបរិយាកាសអាប់អួ ខ្វះខ្យល់ចេញចូលដូចក្នុងរោងចក្រដែរ ប៉ុន្តែ ពួកគេដួលសន្លប់នៅក្នុងទីវាលល្វឹងល្វើយ។
បញ្ហានេះជាសញ្ញាបញ្ជាក់ប្រាប់ថា សុខភាពសាធារណៈជាបញ្ហាដែលត្រូវពិនិត្យមើលឡើងវិញជាបន្ទាន់ មិនអាចបង្អង់បានឡើយ។ មានហេតុផលច្រើនយ៉ាងដែលគេអាចលើកយកមកពន្យល់បាន។ ហេតុផលទី១គឺ ចំណីអាហារខ្វះសុវត្ថិភាព និងគុណភាព មានន័យថា ចំណីអាហារគ្រប់ប្រភេទដែលយើងបរិភោគមិនដឹងជាបង្កប់ដោយសារធាតុគីមីពុលអ្វីខ្លះទេ? ចំណីអាហារខ្លះទៀតខូចគុណភាព និងខ្វះអនាម័យ។ ព្រឹត្តិការណ៍ពុលនំបញ្ចុកក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃម្សិលមិញ និងករណី ពុលស្រា និងទឹកក្រូចដែលធ្វើឲ្យមនុស្សឈឺ និងស្លាប់បន្តបន្ទាប់សុទ្ធសឹងជាឧទាហរណ៍ជាក់ស្តែងនៃកង្វះសុវត្ថិភាពចំណីអាហារ។ មូលហេតុទី២គឺ បរិយាកាសនៃភពផែនដីកាន់តែអាប់អួទៅៗពីមួយថ្ងៃទៅមួយថ្ងៃដោយសារតែការបំផ្លិចបំផ្លាញរបស់មនុស្ស។ បើទោះបីជាពេលខ្លះផលវិបាកមិនបានបង្ហាញភ្លាមៗ ប៉ុន្តែ ព្រឹត្តិការណ៍ដួលសន្លប់ដែលកំពុងកើតឡើងនៅពេលនេះជាសញ្ញាបញ្ជាក់ថា សុខភាពរបស់មនុស្សទូទៅកំពុងចុះទន់ខ្សោយគួរឲ្យព្រួយបារម្ភ។ តើនេះមិនមែនជាសញ្ញាអាសន្ននៃសុខភាពសាធារណៈទេឬ?
ប្រឈមមុខនឹងបញ្ហានេះ អាជ្ញាធរសុខាភិបាល និងសមត្ថកិច្ចផ្សេងទៀតដែលមានតួនាទីត្រួតពិនិត្យសុខភាព និងចំណីអាហារត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាទៅលើបញ្ហាសុខភាពសាធារណៈ ជាពិសេសការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារដែលដាក់លក់នៅលើទីផ្សារ គឺជាការងារចាំបាច់មិនអាចខ្វះបាន ដើម្បីធានាថា ចំណីអាហារដែលគ្រប់គ្នាបរិភោគមានថាមពលសម្រាប់ទ្រទ្រង់រាងកាយ តែមិនមែនជាថ្នាំពុលដែលបំផ្លាញសុខភាពនោះឡើយ។ ការបណ្តែតបណ្តោយបញ្ហានេះនឹងនាំដល់គ្រោះអាសន្នកាន់តែធំធេងនៅពេលខាងមុខ៕
1 comment:
If the report is true, then the Cambodians are dying slowly.
How interesting. The government used to kill its people quickly; now it does them in slowly.
Kuoy Pichet
Post a Comment