លោក​ជួង ​ជូងី​ត្រូវ​សាលាដំបូង​ខេត្ត​កណ្តាល​ចោទ​ប្រកាន់​ពី​បទ​ផ្តល់​មធ្យោបាយ​ឲ្យ​ ​ជំទប់​ឃុំ​ គណបក្ស​សម ​រង្ស៊ី​គឺ​​លោក​មាស​ ប៉េង​លួច​រត់​ បន្ទាប់​ពី​រូប​លោក​បាន​ប្រឆាំង​ទៅ​នឹង​ការ​ឃុំខ្លួន ​លោក​មាស ​ប៉េង​ ដោយ​ពុំមាន​ដីកា​ពី​តុលាការ។

លោក​មេធាវី ​ពុធ ​ធាវី ​សមាជិក​ក្រុមប្រឹក្សា​នៃ​គណៈ​មេធាវី​ និង​ជា​ប្រធាន​ក្រុម​ការងារ​ការពារ​ ករណី​លោក​មេធាវី​លោក​ជួង ​ជូងី ​បាន​ប្រាប់​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​នេះ​ថា​ គណៈ មេធាវី​បាន​សម្រេច​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ​ដោយ​ធ្វើ​ការ​ការពារ​លោក​ជួង ​ជូងី​នៅ​ក្នុង​ការ​ចោទ ប្រកាន់​ដោយ​តុលាការ​ខេត្ត​កណ្តាល ​ហើយ​នឹង​ត្រូវ​យក​មក​ពិចារណា ​នូវ​ការ​ដាក់​ពិន័យ​នៅ ​លើក​ក្រោយ។

«ខ្ញុំ​ពី​ព្រឹកមិញ ​យើង​បាន​សម្រេច​ឲ្យ​ក្រុម​ការងារ​របស់​ខ្ញុំ​ ដែល​នៅ​ក្នុង​ការងារ​ការពារ​មេធាវី​ហ្នឹង​ ​បន្ត​ការងារ​ការពារ​ក្តី​នៅ​ខេត្ត​កណ្តាល​បន្ត​ទៅ​ទៀត។​ មិន​ទាន់​សម្រេច​ទេ​រឿង​ខាង​ផ្នែក​វិជ្ជាជីវៈ។ ​អញ្ចឹង​ពួក​ខ្ញុំ ​ធ្វើ​ការ​បន្ត​រឿង​ហ្នឹង​សិន ​បាន​គិត​ពី​រឿង​ពិន័យ​ជា​ក្រោយ»។

មេធាវី​ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​នៃ​គណៈមេធាវី​ជា​ច្រើន​ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ស្តីពី ​ការ​ប្រជុំ​ កាល​ពី​ព្រឹក​មិញ​នេះ​ ឬ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។ ​ប្រភព​ព័ត៌មាន​ដោយឡែក​មួយ ​ទៀត​បាន​បង្ហាញ​ថា ​ក្រុមប្រឹក្សា​របស់​គណៈមេធាវី​បាន​លើក​យក​មក​ពិចារណា​អំពី​ការ​អនុវត្ត ​នៅ​ ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​លោក​ជួង ​ជូងី ​នៅ​ត្រង់​មាត្រា​ទី​១៥​ ដែល​និយាយ​យោង​ទៅ​ដល់ ​ការ​មិន​អនុញ្ញាត​ឲ្យ​មេធាវី​ណា​ម្នាក់​ផ្តល់​ព័ត៌មាន ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​គណៈមេធាវី​នោះ​ទេ ​ជាពិសេស ​ការ​លើក​ឡើង​អំពី​ការ​វិវត្ត​ថ្មីៗ​ នៅ​ជុំវិញ​ករណី​លោក​ជួង ​ជូងី​ ទាក់ទង​ទៅ​នឹង​ការ​ធ្វើ​សន្និសីទ​កាសែត​ និង​ការ​កោរសក់​ ស្លៀក​ស ​ពាក់​ស ​ធ្វើ​សមាធិ ​ដើម្បីទាមទារ​យុត្តិធម៌​ដោយ ​លោក​ជួង ​ជូងី។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ លោក​ជួង ​ជូងី​បាន​ស្លៀក​ស​ ពាក់​ស ​ធ្វើ​សមាធិ​រយៈពេល ​១២​ថ្ងៃ ​ដើម្បី​ធ្វើ​ការ​ទាមទារ​ការ​គោរព​នូវ​គោល​ការណ៍​យុត្តិធម៌។ ​មេធាវី​រូប​នេះ​នឹង​ធ្វើ​ការ​ស្មឹង ស្មាធ ​នៅ​គណបក្ស​សម​ រង្ស៊ី ​នៅ​ពី​មុខ​សាលាដំបូង​ខេត្ត​កណ្តាល​ ក្រសួង​យុត្តិធម៌​ តុលាការ​កំ ពូល ​និង​នៅ​ពី​មុខ​គណៈមេធាវី។

លោក​ចាន់ ​សាវ៉េត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​អង្គការ​ការពារ​ សិទ្ធិ ​មនុស្ស​អាដហុក ​មាន​ប្រសាសន៍​ថា ​គណៈមេធាវី​កម្ពុជា​នៅ​តែ​​បង្ហាញ​ជំហរ​គាំទ្រ​លោក​មេធាវី ​ជំទាស់​នៅ​ឡើយ។

«ខ្ញុំ​មើល​ឃើញ​ថា​ គណៈមេធាវី​មិន​ទាន់​ចាត់​ទុក​សកម្មភាព​របស់​មេធាវី​ជួង ​ជូងី​​ដើម្បី​ដោះលែង ​កូន​ក្តី​គាត់​នោះ​ថា​ ជា​ការ​ខុស​ច្បាប់​ទេ»។

កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​ធ្នូ​គឺ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​សាលាដំបូង​ខេត្ត​កណ្តាល​លោក​ ជួង ​ ជូងី​បាន​បាត់​ខ្លួន​ប្រកប​ទៅ​ដោយ​ភាព​ឆោឡោ ​ខណៈពេល​ដែល​គាត់​កំពុង​ធ្វើ​ដំណើរ​នៅ​ក្នុង ​ខេត្ត​កំពង់ឆ្នាំ ​ហើយ​ត្រូវ​គេ​អះអាង​ថា​ គាត់​ត្រូវ​បាន​ចាប់​ខ្លួន​មួយ​រយៈ ​ក៏ប៉ុន្តែ​នៅ​ក្នុង​សន្និសីទ ​កាសែត​ មួយ​ថ្ងៃ​ក្រោយ​មក​ លោក​ជួង ​ជូងី​បាន​បកស្រាយ​ថា ​លោក​បាន​រត់​គេច​ខ្លួន​ដោយ​ សុវត្ថិភាព​ពី​ការ​តាម​ចាប់​ខ្លួន៕

http://www.voanews.com/khmer/news/politics/cambodia-arbitration-council-discuss-srp-lawyer-chhoung-chun-ngy-136809148.html