មានសញ្ញាថានឹងមានការបណ្តេញប្រជាពលរដ្ឋចេញពីភូមិតាពេនឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប
កាលពីព្រឹកមិញ ថ្ងៃទី២៩ ខែកុម្ភៈឆ្នាំ២០១២ មានមន្រ្តីមន្ទីរដែនដីនគរូបនីយកម្ម និង សំណង់ខេត្តសៀមរាប និងអភិបាលស្រុកបន្ទាយស្រី អមដោយមន្រ្តីឃុំត្បែង ប៉ូលីស យោធានិងមន្រ្តីផ្នែកបរិស្ថានមួយចំនួនទៀត សរុប២១នាក់ បានចុះទៅជួបប្រជុំជាមួយប្រជាពលរដ្ឋប្រមាណជាង ៧០នាក់ នៅភូមិតាពេន ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយប្រាប់ឲ្យប្រជាពលរដ្ឋទាំងអស់ចាកចេញពីទីនោះ និងយល់ព្រមទទួលយកដីសម្បទានសង្គមកិច្ចដែលរដ្ឋនឹងកំណត់ឲ្យទៅទីណាមួយនៅក្បែរតំបន់នោះដែរ ពីព្រោះថាដីនៅភូមិតាពេន ឃុំ ត្បែងស្រុកបន្ទាយស្រីនោះ គឺជាដីឧទ្យានជាតិភ្នំគូលែន ដូច្នេះមិនអាចអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅលើដីនោះបានទេ។ អ្នកស្រី កែវ សុភី តំណាង ប្រជាពលរដ្ឋនៅភូមិតាពេនបានចាត់ទុកថា ការប្រជុំនេះគឺជាការគំរាមបណ្តេញប្រជាពលរដ្ឋចេញពីលំនៅឋាន និងស្រែចំការរបស់ពួកគាត់ ហើយប្រជាពលរដ្ឋនឹងមិនព្រមចាកចេញពីទីនោះឡើយពីព្រោះថាកន្លងមកទាហានបានជួល ដីនៅតំបន់នោះឲ្យទៅឈ្មួញដាំដំឡូង ប្រជាពលរដ្ឋមកទិញដីនៅទីនោះគឺមានលិខិត ទទួលពីថ្នាក់ភូមិ ឃុំ និងស្រុកទៀតផង ហើយថែមទាំងមានសាលារៀនមួយដែលបានសាងសង់នៅក្នុងភូមិនោះ សុទ្ធតែមានការចុះហត្ថលេខាយល់ព្រមអជ្ញាធរស្រុក និងខេត្តទៀតផងហតុអ្វី ទើបមកដល់ពលេនេះ ថាជាដីដីឧទ្យានជាតិទៅវិញ ។
កាលពីឆ្នាំ ១៩៩៦ មេឃុំត្បែងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបែងចែកដីនៅតំបន់នោះ ឲ្យទៅអ្នកភូមិ ស្រះខ្វាវក្នុងឃុំត្បែង ដែលពេលនោះ មិនទាន់មានឈ្មោះថាភូមិតាពេននៅ ឡើយទេ ។ នៅឆ្នាំ ១៩៩៧ប្រជាពលរដ្ឋចំណូលថ្មីបានមកទិញដីនៅតំបន់នោះពីអ្នកភូមិស្រះ ខ្វាវ ហើយដោយសារតែមានរោងអ្នកតាមួយឈ្មោះអ្នកតាពេន ដែលប្រជាពលរដ្ឋមាន ជំនឿថាពូកែ ទើបនៅឆ្នាំ ១៩៩៨ប្រជាពលរដ្ឋដែលរស់នៅទីនោះបានដាក់ឈ្មោះទីនោះថា ភូមិតាពេន ហើយក៏បន្តរស់នៅធ្វើស្រែចំការរហូតមកដល់បច្ចុប្បន្ននេះ។ អ្នកភូមិនិយាយថា ពួកគាត់រស់នៅទីនោះតាំងពីឆ្នាំ ១៩៩៧គឺមុនសេចក្តីប្រកាសរបស់សាលាខេត្តសៀមរាប កាលពីឆ្នាំ២០០២ ថាតំបន់នោះគឺជាឧទ្យានជាតិ។
ព័ត៌មានបន្ថែមសូមទាក់ទង ៖
- អ្នកស្រី កែវ សុភី តំណាង ប្រជាពលរដ្ឋនៅភូមិតាពេន
ទូរស័ព្ទលេខ ០៩៧ ៩១២ ៧៨១៩
- លោក កែវ ស អនុប្រធានមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ ខេត្តសៀមរាប
ទូរស័ព្ទលេខ ០៧៦ ៤៥៦ ១៦៨/ ០១៦ ៤៥ ៣៦ ៣៦
- លោក គឹម វណ្ណៈ មន្រ្តីមន្ទីរដែនដីនគររូបនីយកម្មនិងសំណង់ ខេត្តសៀមរាប
ទូរស័ព្ទលេខ០៩៧ ៧៥៩ ៧៧៧៧
- លោក ម៉ឹង វុធី អភិបាលស្រុកបន្ទាយស្រីទូរស័ព្ទលេខ០១២ ៧៧៧ ២០២
- លោក វណ្ណ សូផាតមន្រ្តីសំរបសំរួលគម្រោងបណ្តាញសិទិ្ធមនុស្ស នៃមជ្ឈមណ្ឌល សិទ្ធមនុស្សកម្ពុជា
ទូរស័ព្ទលេខ០១២៩៤១ ២០៦
No comments:
Post a Comment