ជារឿយៗ គេតែងតែឮថា មានការចាប់បង្ខំព្រះសង្ឃផ្សឹក ឬគំរាមកំហែងឲ្យលោកលាចាកសិក្ខាបទ។
2012-02-12
ដោយ កែវពេជ្រ មេត្តា
Radio Free Asia
ចំពោះការបង្ខិតបង្ខំភិក្ខុសង្ឃឲ្យលាចាកសិក្ខាបទដោយលោកមិនប្រាថ្នាចង់សឹក និងពុំមានទោសកំហុស ឬត្រូវអាបត្តិធ្ងន់ដូចជាបារាជិកជាដើមទេនោះ ពេលនោះបើទោះបីជាមានគេបង្ខិតបង្ខំឲ្យដោះស្បង់ចីពរចេញពីរាងកាយលោក ហើយបង្ខំឲ្យស្លៀកពាក់ជាគ្រហស្ថ និងឬមួយក៏បង្គាប់ឲ្យពោលពាក្យលាចាកសិក្ខាបទបែបណាក៏ដោយ គឺព្រះភិក្ខុសង្ឃអង្គនោះមិនអាចដាច់សិក្ខាបទ ឬអាចលាចេញពីភេទភិក្ខុសង្ឃបានទេ។ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាជាង ៩០% ក្នុងចំណោមប្រជាជនសរុបជាង ១៤លាននាក់ បានគោរព និងលើកតម្កើងព្រះពុទ្ធសាសនាជាធំ។ ប្រការនេះហើយ នៅក្នុងប្រទេសនេះ គេឃើញមានកុលបុត្រចាស់ក្មេងមួយចំនួន បានទៅបួសជាព្រះសង្ឃសព្វថ្ងៃនេះមានចំនួនជាង ៥០.០០០អង្គ ហើយនិងមានវត្តអារាមដែលជាទីស្នាក់អាស្រ័យនៅរបស់ព្រះសង្ឃមានជាង ៤.០០០វត្ត។
ដោយហេតុថា ការផ្សឹកនោះជាការបង្ខិតបង្ខំ ប៉ុន្តែកាយវាចាចិត្តរបស់លោកមិនមានចេតនា ត្រេកអរនឹងការសឹកនោះទេ៕
ចំពោះការបំបួសព្រះសង្ឃក្នុងព្រះពុទ្ធសាសនានេះ មានចែកចេញជាពីរយ៉ាងគឺ ទី១ បួសជាសាមណេរ ឬភាសាបាលីហៅថា បព្វជ្ជា។ ទី២ បួសជាភិក្ខុ ឬភាសាបាលីថា ឧបសម្បទា។
ព្រះតេជព្រះគុណ ព្រះភិក្ខុមហា រស់ ប៊ុនថន ឋិតធម្មោ ព្រះចៅអធិការស្ដីទីវត្តធម្មរង្សី ប្រទេសបារាំង។ ព្រះអង្គបានមានព្រះថេរដីកាថា សម្រាប់កុលបុត្រដែលបួសជាសាមណេរនោះ គឺមានលក្ខណៈបីយ៉ាង ដែលត្រូវបំពេញ ដូចជាកោរសក់ កោរពុកមាត់ ស្លៀកកាសាវពស្ត្រ ឬគ្រងស្បង់ចីពរ និងទទួលនូវត្រៃសរណគមន៍ គឺព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ៖ "ហ្នឹងឡើងជាសាមណេរហើយ ប៉ុន្តែកុលបុត្រដែលបួសឡើងជាសាមណេរមិនទាក់ទងហ្នឹងព្រះឧបជ្ឈាប៉ុន្មានទេ។ សំខាន់គឺលោកបានបំពេញកាតព្វកិច្ចបីយ៉ាងខាងដើមហ្នឹង អាចឡើងជាសាមណេរពេញលក្ខណៈនៅក្នុងព្រះពុទ្ធសាសនាយើងពរ"។
ព្រះតេជព្រះគុណបានបញ្ជាក់ទៀតថា រីឯការបំបួសព្រះភិក្ខុសង្ឃ ឬបំពេញនូវឧបសម្បទា វិញគឺមានកិច្ចវិន័យច្រើនយ៉ាង ដូចជាកុលបុត្រត្រូវមានអាយុគ្រប់ ២០ឆ្នាំពេញបរិបូរណ៍ ហើយក្នុងពិធីបំបួសនោះ ត្រូវមានព្រះភិក្ខុសង្ឃដទៃទៀតដែលប្រកបដោយសីលបរិសុទ្ធចូលរួមចាប់ពី ៥អង្គឡើងទៅ។
ចំពោះព្រះភិក្ខុសង្ឃដែលមានសីលបរិសុទ្ធ គឺជាព្រះសង្ឃដែលមិនមានជាប់ទោស ឬអាបត្តិធំៗ រួមមានបរាជិកជាដើម។
ក្រៅពីនេះទៀត នៅពេលបំបួសភិក្ខុនោះ ត្រូវមានការសូត្រញត្តិប្រកាសដើម្បីបំពេញឲ្យលោកបានឡើងជាភិក្ខុពេញលក្ខណៈ ៖ "ដល់ពេលលោកបរិសុទ្ធហ្នឹង គឺលោកមកបំពេញជាគណៈសង្ឃ ដើម្បីបង្គ្រប់កូរ៉ុម។ ឧបមាថារដ្ឋសភាយើងមានសំឡេងសមាជិកសភាប៉ុន្មាន អាចអនុម័តច្បាប់បាន។ នៅក្នុងវិន័យសាសនាក៏ដូចគ្នាដែរ ពរព្រះអង្គលោកបញ្ញត្តតាំងជាគណៈសង្ឃឡើង គណៈសង្ឃ ៥រូប ទើបអាចបំបួសកុលបុត្រឲ្យឡើងជាភិក្ខុបាន ហ្នឹងបើនៅក្នុងបស្ចិមប្រទេស នៅតំបន់ចុងកាត់មាត់ញក។ ហើយបើនៅក្នុងមជ្ឈិមប្រទេស គឺថាយ៉ាងតិចគឺមានភិក្ខុ ១០រូប គេហៅថាភិក្ខុបរិសុទ្ធទាំងអស់ មានសីល មានសភាពជាប្រក្រតីនៃការរក្សាការទ្រទ្រង់ធម៌វិន័យរបស់លោក"។
សម្រាប់ព្រះឧបជ្ឈាដែលត្រូវជួយបំបួសព្រះភិក្ខុសង្ឃវិញ គឺត្រូវមានលក្ខណៈសម្បត្តិប្រកបដោយសីលបរិសុទ្ធ ចេះដឹងធម៌វិន័យគ្រប់គ្រាន់ ហើយនិងបានទ្រទ្រង់ព្រះផ្នួសយ៉ាងតិច ១០ឆ្នាំឡើងទៅ។ ការកំណត់យ៉ាងដូច្នេះ គឺដើម្បីជួយឲ្យការបំពេញផ្នួសរបស់ភិក្ខុបានត្រឹមត្រូវទៅតាមពុទ្ធបញ្ញត្ត។
ព្រះតេជព្រះគុណ ព្រះភិក្ខុមហា រស់ ប៊ុនថន ឋិតធម្មោ ព្រះចៅអធិការស្ដីទីវត្តធម្មរង្សី ប្រទេសបារាំង។ ព្រះអង្គបានមានព្រះថេរដីកាថា ព្រះពុទ្ធបរមគ្រូទ្រង់បានបញ្ញត្តវិន័យក្នុងការបំបួសភិក្ខុដោយកំណត់ឲ្យមានឧបជ្ឈាចាស់វស្សានោះ ពីព្រោះភិក្ខុចាស់វស្សា គឺលោកបានដឹងធម៌វិន័យច្រើន ដែលអាចជួយបង្ហាត់បង្រៀនដល់ភិក្ខុដែលបួសថ្មីបានច្បាស់លាស់ ៖ "ព្រោះសម័យពុទ្ធកាលហ្នឹង បន្ទាប់ពីព្រះពុទ្ធទ្រង់អនុញ្ញាតឲ្យភិក្ខុបំបួសកុលបុត្រឲ្យឡើងជាសាមណេរឡើងជាភិក្ខុ ឬក៏ឧបសម្បទាហ្នឹង មានព្រះភិក្ខុសង្ឃអង្គខ្លះទើបបួសបានមួយវស្សា បានពីរវស្សាហ្នឹង លោកតាំងខ្លួនជាឧបជ្ឈាបំបួស។ ហើយអ៊ីចឹងលោកក៏អត់ទាន់ចេះធម៌វិន័យ អត់ទាន់ស្ទាត់ជំនាញក្នុងច្បាប់ទម្លាប់ព្រះពុទ្ធសាសនារបស់ព្រះអង្គហ្នឹង ក៏មានពាក្យទំនាស់ក៏មានការរិះគន់ពីសង្គមសង្ឃ ពីមជ្ឈដ្ឋានខាងក្រៅ។ អ៊ីចឹងហើយបានព្រះពុទ្ធព្រះអង្គលោកទ្រង់បញ្ញត្តថា ភិក្ខុដែលមានរក្សាផ្នួស ១០វស្សាឡើង ទៅទើបអាចមានសិទ្ធិបំបួសគេបាន"។
ទាក់ទងទៅនឹងការសឹក ឬលាចាកសិក្ខាបទរបស់ព្រះសង្ឃព្រះពុទ្ធសាសនាវិញ មានពីរយ៉ាងគឺ សម្រាប់សាមណេរ ពេលលាចាកសិក្ខាបទ លោកមិនចាំបាច់មានគ្រូឧបជ្ឈា ឬអ្នកណាដឹងឮទេ គឺគ្រាន់តែតាំងចិត្កថាខ្លួនត្រឡប់ទៅជាគ្រហស្ថធម្មតាវិញនោះលោកអាចសឹកបាន។
លោក ហ៊ាត ណាហំ ប្រធានការិយាល័យពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅទីក្រុងភ្នំពេញ។ លោកបានមានប្រសាសន៍ថា ការសឹក ឬការលាចាកសិក្ខាបទរបស់សាមណេរ គឺព្រះពុទ្ធអង្គទ្រង់ពុំបានបញ្ញត្តិតឹងរ៉ឹងទេ ៖ "សម្រាប់សាមណេរស្រួលទេ មិនចាំបាច់ប្រកូកប្រកាសប្រាប់គេឲ្យដឹងក៏មិនបញ្ហាដែរ ពីព្រោះសាមណេរហ្នឹងនៅពេលដែលស្លៀកពាក់ខោអាវធម្មតា ហើយត្រេកអរសំលៀកបំពាក់ហ្នឹងភាវៈសាមណេរហ្នឹងដាច់តែម្ដង អត់តាំងនៅ អត់ឋិតនៅតទៀតទេ"។
រីឯការសឹក ឬលាចាកសិក្ខាបទរបស់ព្រះភិក្ខុសង្ឃវិញ គឺមានការខុសគ្នាពីសាមណេរ ពោលប្រសិនបើភិក្ខុមានចិត្តនឿយណាយមិនចង់បួសតទៅទៀត ហើយចង់លាចាកសិក្ខាបទ ឬសឹកទៅជាគ្រហស្ថវិញនោះ គឺមិនតម្រូវឲ្យមានគណសង្ឃមកចូលរួមផ្សឹកលោកទេ។ សំខាន់គឺស្ថិតនៅលើបុគ្គលខ្លួនលោកផ្ទាល់ ប៉ុន្តែពេលនោះលោកត្រូវបំពេញកិច្ចពីរយ៉ាងដើម្បីលាចាកព្រះផ្នួស គឺទី១ ត្រូវបង្ហាញឲ្យគេដឹងឮថា ខ្លួនលោកជាបុគ្គលមានកម្លាំងខ្សោយ មិនអាចទ្រទ្រង់ធម៌វិន័យបានតទៀតទេ។ ទី២ ត្រូវបញ្ជាក់ប្រាប់ដោយពោលពាក្យសំដីប្រកបដោយសតិសម្បជញ្ញៈ ឬសេចក្ដីដឹងខ្លូងឯង ដោយមិនមានអ្នកណាមកបង្ខិតបង្ខំឲ្យពោលពាក្យលាចាកសិក្ខាបទនោះឡើយ។
ព្រះតេជព្រះគុណ ព្រះភិក្ខុមហា រស់ ប៊ុនថន ឋិតធម្មោ ព្រះចៅអធិការស្ដីទីវត្តធម្មរង្សី ប្រទេសបារាំង។ ព្រះអង្គបានមានព្រះថេរដីកាបញ្ជាក់បន្ថែមអំពីការលាចាកសិក្ខាបទរបស់ព្រះភិក្ខុ ៖ "លាហ្នឹងប្រកបដោយកាយផង ប្រកបដោយវាចាផង ប្រកបដោយចិត្តផង។ យើងលាដោយកាយហ្នឹង គឺថាកាយរបស់យើងលែងទ្រទ្រង់ពណ៌អម្ចត់ដែលជាស្បង់ចីវររបស់ព្រះភិក្ខុសង្ឃ ជាទង់ជ័យរបស់ព្រះអរហន្ត។ ហើយលាដោយវាចា គឺបញ្ចេញជាវចីភេទ ហើយលាដោយផ្លូវចិត្ត គឺចិត្តរបស់លោកព្រមគ្នាយ៉ាងនោះមែន។ បើកាលណាមិនប្រកបដោយអង្គទាំងពីរដូចពោលខាងដើមមកទេ គឺការដែលចាកសិក្ខាបទរបស់ព្រះភិក្ខុសង្ឃគឺមិនដាច់ទេ មិនអាចមានអ្នកណាមួយបង្ខំឲ្យលោកសឹកដោយលោកមិនពេញចិត្តបានទេ"។
លោក ហ៊ាត ណាហំ ប្រធានការិយាល័យពុទ្ធិកបណ្ឌិតសភានៃសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជានៅទីក្រុងភ្នំពេញ។ លោកបានមានប្រសាសន៍ថា ការសឹក ឬការលាចាកសិក្ខាបទរបស់ភិក្ខុសង្ឃ គឺបុគ្គលខ្លួនលោកផ្ទាល់ជាអ្នកប្រាថ្នាសឹក ហើយបញ្ចេញវាចាថាសឹកដោយខ្លួនឯង។ រីឯការពោលវាចានោះក៏ត្រូវពោលនៅក្នុងបច្ចុប្បន្នកាលដែរ ទើបអាចពេញលក្ខណៈថាលោកដាច់ស្រេចពីភេទភិក្ខុ ៖ "បច្ចុប្បន្នកាលហ្នឹង គប្បីពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ឬក៏ពោលថា ឧបាសកចូរចាំអាត្មាថា ជាឧបាសកអ្នករក្សាសីលប្រាំ អ្នករក្សាសីលប្រាំបី ចាប់តាំងពីពេលនេះតទៅ សូមឧបាសកហ្នឹងចាំអាត្មាអ៊ីចឹង។ នៅពេលហ្នឹង ភាវៈជាភិក្ខុហ្នឹងក៏ដាច់ហើយ ភាវៈជាគ្រហស្ថហ្នឹងក៏ប្រាកដឡើង"។
លោកបានបន្ថែមថា ប្រសិនបើព្រះភិក្ខុសង្ឃលោកមិនបានពោលពាក្យលាចាកសិក្ខាបទតាមវិន័យទាំងប៉ុន្មាននេះទេ ព្រះភិក្ខុសង្ឃអង្គនោះនៅតែជាភិក្ខុដដែល។
ម្យ៉ាងទៀត ចំពោះការបង្ខិតបង្ខំភិក្ខុសង្ឃឲ្យលាចាកសិក្ខាបទដោយលោកមិនប្រាថ្នាចង់សឹក និងពុំមានទោសកំហុស ឬត្រូវអាបត្តិធ្ងន់ដូចជាបារាជិកជាដើមទេនោះ ពេលនោះបើទោះបីជាមានគេបង្ខិតបង្ខំឲ្យដោះស្បង់ចីពរចេញពីរាងកាយលោក ហើយបង្ខំឲ្យស្លៀកពាក់ជាគ្រហស្ថ និងឬមួយក៏បង្គាប់ឲ្យពោលពាក្យលាចាកសិក្ខាបទបែបណាក៏ដោយ គឺព្រះភិក្ខុសង្ឃអង្គនោះមិនអាចដាច់សិក្ខាបទ ឬអាចលាចេញពីភេទភិក្ខុសង្ឃបានទេ។
ដោយហេតុថា ការផ្សឹកនោះជាការបង្ខិតបង្ខំ ប៉ុន្តែកាយវាចាចិត្តរបស់លោកមិនមានចេតនា ត្រេកអរនឹងការសឹកនោះទេ៕
1 comment:
Ah CHkae Hun Sen. Is this the rules of law?
Post a Comment