Monday, February 13, 2012

ការ​បង្ខំ​ឲ្យ​ព្រះ​សង្ឃ​លាចាក​សិក្ខា​បទ​ក្នុង​រយៈ​ពេល​ថ្មីៗ​នេះ - Monks forced to leave the order

ព្រះតេជព្រះគុណ ទឹម សាខន អតីត​ព្រះចៅ​អធិការ​វត្ត​ភ្នំដិន ស្រុក​គីរីវង់ ខេត្ត​តាកែវ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ចាប់​ផ្សឹក រួច​បញ្ជូន​ទៅ​ឲ្យ​វៀតណាម​ដាក់​គុក កាល​ពី​ឆ្នាំ​២០០៧
Ven. Tim Sakhorn, the former abbot of Phnom Den pagoda in Takeo's Kirivong district was defrocked by force and sent to jail in Vietnam by the CPP Hochimonks in 2007.

ជារឿយៗ គេ​តែង​តែ​ឮ​ថា មាន​ការ​ចាប់​បង្ខំ​ព្រះ​សង្ឃ​ផ្សឹក ឬ​គំរាម​កំហែង​ឲ្យ​លោក​លា​ចាក​សិក្ខាបទ

2012-02-12
ដោយ កែវ​ពេជ្រ មេត្តា
Radio Free Asia
ចំពោះ​ការ​បង្ខិត​បង្ខំ​ភិក្ខុ​សង្ឃ​ឲ្យ​លា​ចាក​សិក្ខា​បទ​ដោយ​លោក​មិន​ប្រាថ្នា​ចង់​សឹក និង​ពុំ​មាន​ទោស​កំហុស ឬ​ត្រូវ​អាបត្តិ​ធ្ងន់​ដូច​ជា​បារាជិក​ជា​ដើម​ទេ​នោះ ពេល​នោះ​បើ​ទោះ​បី​ជា​មាន​គេ​បង្ខិត​បង្ខំ​ឲ្យ​ដោះ​ស្បង់​ចីពរ​ចេញ​ពី​រាង​កាយ​លោក ហើយ​បង្ខំ​ឲ្យ​ស្លៀក​ពាក់​ជា​គ្រហស្ថ និង​ឬ​មួយ​ក៏​បង្គាប់​ឲ្យ​ពោល​ពាក្យ​លាចាក​សិក្ខា​បទ​បែប​ណា​ក៏​ដោយ គឺ​ព្រះ​ភិក្ខុ​សង្ឃ​អង្គ​នោះ​មិន​អាច​ដាច់​សិក្ខា​បទ ឬ​អាច​លា​ចេញ​ពី​ភេទ​ភិក្ខុ​សង្ឃ​បាន​ទេ។

ដោយ​ហេតុ​ថា ការ​ផ្សឹក​នោះ​ជា​ការ​បង្ខិត​បង្ខំ ប៉ុន្តែ​កាយ​វាចា​ចិត្ត​របស់​លោក​មិន​មាន​ចេតនា ត្រេកអរ​នឹង​ការ​សឹក​នោះ​ទេ៕
ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជាង ៩០% ក្នុង​ចំណោម​ប្រជា​ជន​សរុប​ជាង ១៤​លាន​នាក់ បាន​គោរព និង​លើក​តម្កើង​ព្រះ​ពុទ្ធ​សាសនា​ជា​ធំ។ ប្រការ​នេះ​ហើយ នៅ​ក្នុង​ប្រទេស​នេះ គេ​ឃើញ​មាន​កុលបុត្រ​ចាស់​ក្មេង​មួយ​ចំនួន បាន​ទៅ​បួស​ជា​ព្រះ​សង្ឃ​សព្វ​ថ្ងៃ​នេះ​មាន​ចំនួន​ជាង ៥០.០០០​អង្គ ហើយ​និង​មាន​វត្ត​អារាម​ដែល​ជា​ទី​ស្នាក់​អាស្រ័យ​នៅ​របស់​ព្រះ​សង្ឃ​មាន​ជាង ៤.០០០​វត្ត។

ចំពោះ​ការ​បំបួស​ព្រះ​សង្ឃ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ មាន​ចែក​ចេញ​ជា​ពីរ​យ៉ាង​គឺ ទី​១ បួស​ជា​សាមណេរ ឬ​ភាសា​បាលី​ហៅ​ថា បព្វជ្ជា។ ទី​២ បួស​ជា​ភិក្ខុ ឬ​ភាសា​បាលី​ថា ឧប​សម្បទា។

ព្រះ​តេជ​ព្រះ​គុណ ព្រះ​ភិក្ខុ​មហា រស់ ប៊ុនថន ឋិតធម្មោ ព្រះចៅ​អធិការ​ស្ដី​ទី​វត្ត​ធម្ម​រង្សី ប្រទេស​បារាំង។ ព្រះ​អង្គ​បាន​មាន​ព្រះ​ថេរដីកា​ថា សម្រាប់​កុលបុត្រ​ដែល​បួស​ជា​សាមណេរ​នោះ គឺ​មាន​លក្ខណៈ​បី​យ៉ាង ដែល​ត្រូវ​បំពេញ ដូច​ជា​កោរ​សក់ កោរ​ពុក​មាត់ ស្លៀក​កាសាវពស្ត្រ ឬ​គ្រង​ស្បង់​ចីពរ និង​ទទួល​នូវ​ត្រៃ​សរណគមន៍ គឺ​ព្រះ​ពុទ្ធ ព្រះ​ធម៌ និង​ព្រះ​សង្ឃ ៖ "ហ្នឹង​ឡើង​ជា​សាមណេរ​ហើយ ប៉ុន្តែ​កុលបុត្រ​ដែល​បួស​ឡើង​ជា​សាមណេរ​មិន​ទាក់​ទង​ហ្នឹង​ព្រះ​ឧបជ្ឈា​ប៉ុន្មាន​ទេ។ សំខាន់​គឺ​លោក​បាន​បំពេញ​កាតព្វកិច្ច​បី​យ៉ាង​ខាង​ដើម​ហ្នឹង អាច​ឡើង​ជា​សាមណេរ​ពេញ​លក្ខណៈ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​យើង​ពរ"។


ព្រះ​តេជ​ព្រះ​គុណ​បាន​បញ្ជាក់​ទៀត​ថា រី​ឯ​ការ​បំបួស​ព្រះ​ភិក្ខុ​សង្ឃ ឬ​បំពេញ​នូវ​ឧប​សម្បទា វិញ​គឺ​មាន​កិច្ច​វិន័យ​ច្រើន​យ៉ាង ដូច​ជា​កុលបុត្រ​ត្រូវ​មាន​អាយុ​គ្រប់ ២០​ឆ្នាំ​ពេញ​បរិបូរណ៍ ហើយ​ក្នុង​ពិធី​បំបួស​នោះ ត្រូវ​មាន​ព្រះ​ភិក្ខុ​សង្ឃ​ដទៃ​ទៀត​ដែល​ប្រកប​ដោយ​សីល​បរិសុទ្ធ​ចូល​រួម​ចាប់​ពី ៥​អង្គ​ឡើង​ទៅ។

ចំពោះ​ព្រះ​ភិក្ខុ​សង្ឃ​ដែល​មាន​សីល​បរិសុទ្ធ គឺ​ជា​ព្រះ​សង្ឃ​ដែល​មិន​មាន​ជាប់​ទោស ឬ​អាបត្តិ​ធំៗ រួម​មាន​បរាជិក​ជា​ដើម។

ក្រៅ​ពី​នេះ​ទៀត នៅ​ពេល​បំបួស​ភិក្ខុ​នោះ ត្រូវ​មាន​ការ​សូត្រ​ញត្តិ​ប្រកាស​ដើម្បី​បំពេញ​ឲ្យ​លោក​បាន​ឡើង​ជា​ភិក្ខុ​ពេញ​លក្ខណៈ ៖ "ដល់​ពេល​លោក​បរិសុទ្ធ​ហ្នឹង គឺ​លោក​មក​បំពេញ​ជា​គណៈ​សង្ឃ ដើម្បី​បង្គ្រប់​កូរ៉ុម។ ឧបមា​ថា​រដ្ឋ​សភា​យើង​មាន​សំឡេង​សមាជិក​សភា​ប៉ុន្មាន អាច​អនុម័ត​ច្បាប់​បាន។ នៅ​ក្នុង​វិន័យ​សាសនា​ក៏​ដូច​គ្នា​ដែរ ពរ​ព្រះ​អង្គ​លោក​បញ្ញត្ត​តាំង​ជា​គណៈ​សង្ឃ​ឡើង គណៈ​សង្ឃ ៥​រូប ទើប​អាច​បំបួស​កុលបុត្រ​ឲ្យ​ឡើង​ជា​ភិក្ខុ​បាន ហ្នឹង​បើ​នៅ​ក្នុង​បស្ចិម​ប្រទេស នៅ​តំបន់​ចុងកាត់មាត់ញក។ ហើយ​បើ​នៅ​ក្នុង​មជ្ឈិម​ប្រទេស គឺ​ថា​យ៉ាង​តិច​គឺ​មាន​ភិក្ខុ ១០​រូប គេ​ហៅ​ថា​ភិក្ខុ​បរិសុទ្ធ​ទាំង​អស់ មាន​សីល មាន​សភាព​ជា​ប្រក្រតី​នៃ​ការ​រក្សា​ការ​ទ្រទ្រង់​ធម៌​វិន័យ​របស់​លោក"។

សម្រាប់​ព្រះ​ឧបជ្ឈា​ដែល​ត្រូវ​ជួយ​បំបួស​ព្រះ​ភិក្ខុ​សង្ឃ​វិញ គឺ​ត្រូវ​មាន​លក្ខណៈសម្បត្តិ​ប្រកប​ដោយ​សីល​បរិសុទ្ធ ចេះ​ដឹង​ធម៌​វិន័យ​គ្រប់​គ្រាន់ ហើយ​និង​បាន​ទ្រទ្រង់​ព្រះ​ផ្នួស​យ៉ាង​តិច ១០​ឆ្នាំ​ឡើង​ទៅ។ ការ​កំណត់​យ៉ាង​ដូច្នេះ គឺ​ដើម្បី​ជួយ​ឲ្យ​ការ​បំពេញ​ផ្នួស​របស់​ភិក្ខុ​បាន​ត្រឹម​ត្រូវ​ទៅ​តាម​ពុទ្ធ​បញ្ញត្ត។

ព្រះ​តេជ​ព្រះ​គុណ ព្រះ​ភិក្ខុ​មហា រស់ ប៊ុនថន ឋិតធម្មោ ព្រះចៅ​អធិការ​ស្ដីទី​វត្ត​ធម្ម​រង្សី ប្រទេស​បារាំង។ ព្រះ​អង្គ​បាន​មាន​ព្រះ​ថេរដីកា​ថា ព្រះ​ពុទ្ធ​បរម​គ្រូ​ទ្រង់​បាន​បញ្ញត្ត​វិន័យ​ក្នុង​ការ​បំបួស​ភិក្ខុ​ដោយ​កំណត់​ឲ្យ​មាន​ឧបជ្ឈា​ចាស់​វស្សា​នោះ ពី​ព្រោះ​ភិក្ខុ​ចាស់​វស្សា គឺ​លោក​បាន​ដឹង​ធម៌​វិន័យ​ច្រើន ដែល​អាច​ជួយ​បង្ហាត់​បង្រៀន​ដល់​ភិក្ខុ​ដែល​បួស​ថ្មី​បាន​ច្បាស់​លាស់ ៖ "ព្រោះ​សម័យ​ពុទ្ធ​កាល​ហ្នឹង បន្ទាប់​ពី​ព្រះ​ពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​ភិក្ខុ​បំបួស​កុលបុត្រ​ឲ្យ​ឡើង​ជា​សាមណេរ​ឡើង​ជា​ភិក្ខុ ឬ​ក៏​ឧប​សម្បទា​ហ្នឹង មាន​ព្រះ​ភិក្ខុ​សង្ឃ​អង្គ​ខ្លះ​ទើប​បួស​បាន​មួយ​វស្សា បាន​ពីរ​វស្សា​ហ្នឹង លោក​តាំង​ខ្លួន​ជា​ឧបជ្ឈា​បំបួស។ ហើយ​អ៊ីចឹង​លោក​ក៏​អត់​ទាន់​ចេះ​ធម៌​វិន័យ អត់​ទាន់​ស្ទាត់​ជំនាញ​ក្នុង​ច្បាប់​ទម្លាប់​ព្រះ​ពុទ្ធ​សាសនា​របស់​ព្រះ​អង្គ​ហ្នឹង ក៏​មាន​ពាក្យ​ទំនាស់​ក៏​មាន​ការ​រិះគន់​ពី​សង្គម​សង្ឃ ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ។ អ៊ីចឹង​ហើយ​បាន​ព្រះ​ពុទ្ធ​ព្រះ​អង្គ​លោក​ទ្រង់​បញ្ញត្ត​ថា ភិក្ខុ​ដែល​មាន​រក្សា​ផ្នួស ១០​វស្សា​ឡើង ទៅ​ទើប​អាច​មាន​សិទ្ធិ​បំបួស​គេ​បាន"។

ទាក់ទង​ទៅ​នឹង​ការ​សឹក ឬ​លាចាក​សិក្ខា​បទ​របស់​ព្រះសង្ឃ​ព្រះ​ពុទ្ធ​សាសនា​វិញ មាន​ពីរ​យ៉ាង​គឺ សម្រាប់​សាមណេរ ពេល​លា​ចាក​សិក្ខា​បទ លោក​មិន​ចាំ​បាច់​មាន​គ្រូ​ឧបជ្ឈា ឬ​អ្នក​ណា​ដឹង​ឮ​ទេ គឺ​គ្រាន់​តែ​តាំង​ចិត្ក​ថា​ខ្លួន​ត្រឡប់​ទៅ​ជា​គ្រហស្ថ​ធម្មតា​វិញ​នោះ​លោក​អាច​សឹក​បាន។

លោក ហ៊ាត ណាហំ ប្រធាន​ការិយាល័យ​ពុទ្ធិក​បណ្ឌិត​សភា​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​សឹក ឬ​ការ​លា​ចាក​សិក្ខា​បទ​របស់​សាមណេរ គឺ​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ពុំ​បាន​បញ្ញត្តិ​តឹងរ៉ឹង​ទេ ៖ "សម្រាប់​សាមណេរ​ស្រួល​ទេ មិន​ចាំ​បាច់​ប្រកូក​ប្រកាស​ប្រាប់​គេ​ឲ្យ​ដឹង​ក៏​មិន​បញ្ហា​ដែរ ពីព្រោះ​សាមណេរ​ហ្នឹង​នៅ​ពេល​ដែល​ស្លៀក​ពាក់​ខោ​អាវ​ធម្មតា ហើយ​ត្រេកអរ​សំលៀក​បំពាក់​ហ្នឹង​ភាវៈ​សាមណេរ​ហ្នឹង​ដាច់​តែ​ម្ដង អត់​តាំង​នៅ អត់​ឋិត​នៅ​ត​ទៀត​ទេ"។

រី​ឯ​ការ​សឹក ឬ​លា​ចាក​សិក្ខា​បទ​របស់​ព្រះ​ភិក្ខុ​សង្ឃ​វិញ គឺ​មាន​ការ​ខុស​គ្នា​ពី​សាមណេរ ពោល​ប្រសិន​បើ​ភិក្ខុ​មាន​ចិត្ត​នឿយ​ណាយ​មិន​ចង់​បួស​ត​ទៅ​ទៀត ហើយ​ចង់​លា​ចាក​សិក្ខា​បទ ឬ​សឹក​ទៅ​ជា​គ្រហស្ថ​វិញ​នោះ គឺ​មិន​តម្រូវ​ឲ្យ​មាន​គណ​សង្ឃ​មក​ចូល​រួម​ផ្សឹក​លោក​ទេ។ សំខាន់​គឺ​ស្ថិត​នៅ​លើ​បុគ្គល​ខ្លួន​លោក​ផ្ទាល់ ប៉ុន្តែ​ពេល​នោះ​លោក​ត្រូវ​បំពេញ​កិច្ច​ពីរ​យ៉ាង​ដើម្បី​លា​ចាក​ព្រះ​ផ្នួស គឺ​ទី​១ ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ឮ​ថា ខ្លួន​លោក​ជា​បុគ្គល​មាន​កម្លាំង​ខ្សោយ មិន​អាច​ទ្រទ្រង់​ធម៌​វិន័យ​បាន​ត​ទៀត​ទេ។ ទី​២ ត្រូវ​បញ្ជាក់​ប្រាប់​ដោយ​ពោល​ពាក្យ​សំដី​ប្រកប​ដោយ​សតិ​សម្បជញ្ញៈ ឬ​សេចក្ដី​ដឹង​ខ្លូង​ឯង ដោយ​មិន​មាន​អ្នក​ណា​មក​បង្ខិតបង្ខំ​ឲ្យ​ពោល​ពាក្យ​លា​ចាក​សិក្ខា​បទ​នោះ​ឡើយ។

ព្រះ​តេជ​ព្រះ​គុណ ព្រះ​ភិក្ខុ​មហា រស់ ប៊ុនថន ឋិតធម្មោ ព្រះចៅ​អធិការ​ស្ដីទី​វត្ត​ធម្ម​រង្សី ប្រទេស​បារាំង។ ព្រះ​អង្គ​បាន​មាន​ព្រះ​ថេរដីកា​បញ្ជាក់​បន្ថែម​អំពី​ការ​លា​ចាក​សិក្ខា​បទ​របស់​ព្រះ​ភិក្ខុ ៖ "លា​ហ្នឹង​ប្រកប​ដោយ​កាយ​ផង ប្រកប​ដោយ​វាចា​ផង ប្រកប​ដោយ​ចិត្ត​ផង។ យើង​លា​ដោយ​កាយ​ហ្នឹង គឺ​ថា​កាយ​របស់​យើង​លែង​ទ្រទ្រង់​ពណ៌​អម្ចត់​ដែល​ជា​ស្បង់​ចីវរ​របស់​ព្រះ​ភិក្ខុ​សង្ឃ ជា​ទង់​ជ័យ​របស់​ព្រះ​អរហន្ត។ ហើយ​លា​ដោយ​វាចា គឺ​បញ្ចេញ​ជា​វចី​ភេទ ហើយ​លា​ដោយ​ផ្លូវ​ចិត្ត គឺ​ចិត្ត​របស់​លោក​ព្រម​គ្នា​យ៉ាង​នោះ​មែន។ បើ​កាល​ណា​មិន​ប្រកប​ដោយ​អង្គ​ទាំង​ពីរ​ដូច​ពោល​ខាង​ដើម​មក​ទេ គឺ​ការ​ដែល​ចាក​សិក្ខា​បទ​របស់​ព្រះ​ភិក្ខុ​សង្ឃ​គឺ​មិន​ដាច់​ទេ មិន​អាច​មាន​អ្នក​ណា​មួយ​បង្ខំ​ឲ្យ​លោក​សឹក​ដោយ​លោក​មិន​ពេញ​ចិត្ត​បាន​ទេ"។

លោក ហ៊ាត ណាហំ ប្រធាន​ការិយាល័យ​ពុទ្ធិក​បណ្ឌិត​សភា​នៃ​សកល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ។ លោក​បាន​មាន​ប្រសាសន៍​ថា ការ​សឹក ឬ​ការ​លា​ចាក​សិក្ខា​បទ​របស់​ភិក្ខុ​សង្ឃ គឺ​បុគ្គល​ខ្លួន​លោក​ផ្ទាល់​ជា​អ្នក​ប្រា​ថ្នា​សឹក ហើយ​បញ្ចេញ​វាចា​ថា​សឹក​ដោយ​ខ្លួន​ឯង។ រី​ឯ​ការ​ពោល​វាចា​នោះ​ក៏​ត្រូវ​ពោល​នៅ​ក្នុង​បច្ចុប្បន្ន​កាល​ដែរ ទើប​អាច​ពេញ​លក្ខណៈ​ថា​លោក​ដាច់​ស្រេច​ពី​ភេទ​ភិក្ខុ ៖ "បច្ចុប្បន្ន​កាល​ហ្នឹង គប្បី​ពោល​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចំរើន ឬ​ក៏​ពោល​ថា ឧបាសក​ចូរ​ចាំ​អាត្មា​ថា ជា​ឧបាសក​អ្នក​រក្សា​សីល​ប្រាំ អ្នក​រក្សា​សីល​ប្រាំ​បី ចាប់​តាំង​ពី​ពេល​នេះ​ត​ទៅ សូម​ឧបាសក​ហ្នឹង​ចាំ​អាត្មា​អ៊ីចឹង។ នៅ​ពេល​ហ្នឹង ភាវៈ​ជា​ភិក្ខុ​ហ្នឹង​ក៏​ដាច់​ហើយ ភាវៈ​ជា​គ្រហស្ថ​ហ្នឹង​ក៏​ប្រាកដ​ឡើង"។

លោក​បាន​បន្ថែម​ថា ប្រសិន​បើ​ព្រះ​ភិក្ខុ​សង្ឃ​លោក​មិន​បាន​ពោល​ពាក្យ​លាចាក​សិក្ខា​បទ​តាម​វិន័យ​ទាំង​ប៉ុន្មាន​នេះ​ទេ ព្រះ​ភិក្ខុ​សង្ឃ​អង្គ​នោះ​នៅ​តែ​ជា​ភិក្ខុ​ដដែល។


ម្យ៉ាង​ទៀត ចំពោះ​ការ​បង្ខិត​បង្ខំ​ភិក្ខុ​សង្ឃ​ឲ្យ​លា​ចាក​សិក្ខា​បទ​ដោយ​លោក​មិន​ប្រាថ្នា​ចង់​សឹក និង​ពុំ​មាន​ទោស​កំហុស ឬ​ត្រូវ​អាបត្តិ​ធ្ងន់​ដូច​ជា​បារាជិក​ជា​ដើម​ទេ​នោះ ពេល​នោះ​បើ​ទោះ​បី​ជា​មាន​គេ​បង្ខិត​បង្ខំ​ឲ្យ​ដោះ​ស្បង់​ចីពរ​ចេញ​ពី​រាង​កាយ​លោក ហើយ​បង្ខំ​ឲ្យ​ស្លៀក​ពាក់​ជា​គ្រហស្ថ និង​ឬ​មួយ​ក៏​បង្គាប់​ឲ្យ​ពោល​ពាក្យ​លាចាក​សិក្ខា​បទ​បែប​ណា​ក៏​ដោយ គឺ​ព្រះ​ភិក្ខុ​សង្ឃ​អង្គ​នោះ​មិន​អាច​ដាច់​សិក្ខា​បទ ឬ​អាច​លា​ចេញ​ពី​ភេទ​ភិក្ខុ​សង្ឃ​បាន​ទេ។

ដោយ​ហេតុ​ថា ការ​ផ្សឹក​នោះ​ជា​ការ​បង្ខិត​បង្ខំ ប៉ុន្តែ​កាយ​វាចា​ចិត្ត​របស់​លោក​មិន​មាន​ចេតនា ត្រេកអរ​នឹង​ការ​សឹក​នោះ​ទេ៕

1 comment:

Anonymous said...

Ah CHkae Hun Sen. Is this the rules of law?