Friday, March 09, 2012

លោក ហ៊ុន សែន ដក​តំណែង​អភិបាល​ក្រុង​បាវិត [-បើគ្រាន់តែដក វាមិនខ្មេះអីទេ អាវ៉ាអើយ!]

2012-03-09ដោយ កេសរណ្ណីយ្យា
RFA
ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ជា​ច្រើន​ចង់​ឃើញ​ការ​ផ្ដន្ទាទោស​ជនល្មើស​ឲ្យ​បាន ​ឆាប់ៗ។ ការ​យឺត​យ៉ាវ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ អាច​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា ខូច​ឈ្មោះ​ជា​ប្រភព​នាំ​ចេញ​ទំនិញ​របស់​ក្រុមហ៊ុន​ល្បីៗ ក្នុង​ពិភពលោក
អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត នឹង​ផ្លាស់​ទៅ​កាន់​តំណែង​នៅ​សាលា​ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​សុក្រ ទី​៩ មីនា នេះ។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ដក​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ពី​មុខ​តំណែង ក្រោយ​ពី​លោក​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​ស្វាយរៀង កោះ​ទៅ​សាកសួរ​ពី​បទ​សង្ស័យ​ថា បាន​បាញ់​កម្មករ​រោងចក្រ កៅវ៉េ ៣​នាក់ ឲ្យ​រង​របួស​ធ្ងន់។

លោក ម៉ែន វិបុល អភិបាល​រង​ខេត្ត​ស្វាយរៀង បាន​ឱ្យ​ដឹង​ថា អនុក្រឹត្យ​ដក​តំណែង​លោក ឈូក បណ្ឌិត គឺ​ដើម្បី​ងាយ​ស្រួល​ឲ្យ​តុលាការ​ខេត្ត បើក​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​ចោទ​ប្រកាន់​នេះ។

លោក ម៉ែន វិបុល អភិបាល​រង​ខេត្ត​ស្វាយរៀង បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែ​មីនា នេះ​ថា លោក ឈូក បណ្ឌិត នឹង​ផ្លាស់​ទៅ​កាន់​តំណែង​ក្នុង​សាលា​ខេត្ត​ស្វាយរៀង ខណៈ​រង់ចាំ​ការ​កាត់​ទោស​ពី​តុលាការ ហើយ​ការ​ផ្លាស់ប្ដូរ​តំណែង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ ទី​៩ ខែ​មីនា នេះ។

លោក ម៉ែន វិបុល៖ «មាន​ឃើញ​នៅ​ក្នុង​អនុក្រឹត្យ​ហ្នឹង​ដាក់​សម្រួល​ភារកិច្ច​លោក ឈូក បណ្ឌិត ជា​អភិបាល​ក្រុង​បាវិត មក​បម្រើ​ការងារ​នៅ​សាលា​ខេត្ត​ស្វាយរៀង​វិញ។ ផ្ទេរ​ទៅ​ឱ្យ​លោក នេត្រ សារ៉ុន។ គាត់​អភិបាល​រង​ក្រុង​បាវិត ឱ្យ​គាត់​ឡើង​ស្ដីទី ដើម្បី​ឱ្យ​គាត់​ដឹកនាំ​ក្រុង...»។


ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ម៉ែន វិបុល អភិបាល​រង​ខេត្ត​ស្វាយរៀង បាន​ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ លោក ឈូក បណ្ឌិត បាន​រត់​គេច​ខ្លួន ហើយ​គេ​នៅ​មិន​ទាន់​បាន​ដឹង​ពី​ទី​កន្លែង​ស្នាក់នៅ​របស់​លោក​នៅ​ឡើយ។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ជា​ជន​សង្ស័យ​លើ​ករណី​បាញ់​ប្រហារ​កម្មការិនី ៣​នាក់ នៃ​រោងចក្រ កៅវ៉េ ឲ្យ​រង​របួស​ធ្ងន់​ កាល​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០១២ ក្នុង​ការ​តវ៉ា​ទាមទារ​កែ​លម្អ​លក្ខខណ្ឌ​ការងារ។

ក្រុមហ៊ុន​បញ្ជា​ទិញ​ចង់​ឃើញ​ការ​ផ្ដន្ទាទោស​ជន​ល្មើស​ឲ្យ​បាន​ឆាប់

ទាក់ទង​នឹង​រឿង​នេះ អង្គការ​ពលកម្ម​អន្តរជាតិ (ILO) កាល​ពី​ថ្ងៃ​អង្គារ ទី​៦ ខែ​មីនា បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ទិញ​ផលិតផល​កាត់​ដេរ​ពី​កម្ពុជា មាន​ការ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​បរាជ័យ​ក្នុង​ការ​តាម​រក​ចាប់​ខ្លួន​ជន​សង្ស័យ​បាញ់​លើ​ហ្វូង​កម្មករ​កាត់​ដេរ​ស្បែក​ជើង កៅវ៉េ ដែល​ជា​រោងចក្រ​ចុះ​កិច្ច​សន្យា​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​អាល្លឺម៉ង់ ឈ្មោះ ពូម៉ា (PUMA)។

ទីភ្នាក់ងារ​ព័ត៌មាន ឌីភីអេ (DPA) រាយការណ៍​ឱ្យ​ដឹង​ថា ទីប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ អាយឡូ អ្នកស្រី ជីល ធ័កខឺ (Jill Tucker) ថ្លែង​ថា ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ជា​ច្រើន​ចង់​ឃើញ​ការ​ផ្ដន្ទាទោស​ជនល្មើស​ឲ្យ​បាន​ឆាប់ៗ។ ការ​យឺត​យ៉ាវ​ក្នុង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ អាច​នឹង​នាំ​ឲ្យ​ប្រទេស​កម្ពុជា ខូច​ឈ្មោះ​ជា​ប្រភព​នាំ​ចេញ​ទំនិញ​របស់​ក្រុមហ៊ុន​ល្បីៗ ក្នុង​ពិភពលោក។

អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំងក្លា និង​ចាត់​ទុក​ហេតុការណ៍​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​កម្មករ​នេះ​ជា​បទ​ឧក្រិដ្ឋ​ឃោរឃៅ​មួយ ហើយ​បាន​ទាមទារ​ឱ្យ​មាន​ការ​ដោះស្រាយ​ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌៕

1 comment:

Anonymous said...

ពិតណាស់ អា ហ៊ុន សែន អាចដូរឆ្កែរបស់វា
ពីទីមួយទៅទីកន្លែងមួយទៀត តែបេះដូងបាតុករ
១,០០០ នាក់នៅតែឆេះងំក្នុងខ្លួន ហើយចង
គំនុំជានិច្ចរហូតមួយជីវិត។
អាហ៊ុន សែនឲ្យអា ឈូក បណ្ឌិតរួចខ្លួន តែ
រាស្ត្រខ្មែរមិនឲ្យជននេះរួចខ្លួនឡើយ។ជំងឺសងសឹក
ត្រូវតែមានចំពោះអាហ៊ុន សែន និង ជនឆ្កែវា
មួយនេះ។