Friday, March 30, 2012

In celebration of WISDOM (book of Proverbs in Khmer)


ប្រាជ្ញា​នាំ​អោយ​កោត​ខ្លាច​ព្រះជាម្ចាស់

កូន​អើយ​ ចូរ​កុំ​ភ្លេច​ពាក្យ​ទូន្មាន​របស់​ឪពុក​ឡើយ។  ចូរ​ប្រតិបត្តិ​តាម​ពាក្យ​ដែល​ឪពុក​បាន​ផ្ដែផ្ដាំ​ជានិច្ច។  ឱវាទ​របស់​ឪពុក ​នឹង​ផ្ដល់​អោយ​កូន​មាន​អាយុ​យឺនយូរ, ប្រកប​ដោយ​សេចក្ដី​សុខសាន្ត។

ចូរ​កាន់​ចិត្ត​ភក្ដី និង​ចិត្ត​សច្ចៈ​ជានិច្ច, គឺ​ត្រូវ​ចារឹក​គុណ​សម្បត្តិ​នេះ​ជាប់​ក្នុង​ចិត្ត ដូច​ពាក់​គ្រឿង​អលង្ការ​ជាប់នៅ​នឹង​ក​ដែរ។  ពេល​នោះ កូន​នឹង​បាន​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់, គាប់​ចិត្ត​មនុស្ស​ផង​ទាំង​ពួង, ហើយ​កូន​នឹង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ។
កុំ​ពឹង​លើ​ការ​ចេះ​ដឹង​របស់​ខ្លួន​ឡើយ, តែ​ត្រូវ​ទុក​ចិត្ត​លើព្រះអម្ចាស់​ទាំង​ស្រុង។  ចូរ​នឹក​ដល់​ព្រះអម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ, នោះ​ព្រះអង្គ​នឹង​ត្រួសត្រាយ​ផ្លូវ​របស់​កូន។  កុំ​ចាត់​ទុក​ខ្លួន​ឯង​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ឡើយ។  ផ្ទុយ​ទៅ​វិញ​ ត្រូវ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់, ហើយ​ងាក​ចេញ​ពី​អំពើ​អាក្រក់។  ការ​ប្រព្រឹត្ត​ដូច្នេះ ​ជា​ឱសថ​ព្យាបាល​ខ្លួន​អោយ​បាន​ជា​សះស្បើយ​ពី​ជំងឺ។

ចូរ​យក​ផល​ដំបូង​នៃ​ទ្រព្យ​សម្បត្តិ​ដែល​កូន​រក​បាន​ មក​ថ្វាយ​ព្រះអម្ចាស់ ដើម្បី​សំដែង​ការ​គោរព​ចំពោះ​ព្រះអង្គ។   ធ្វើ​ដូច្នេះ ​កូន​នឹង​មាន​ស្រូវ​ពេញ​ជង្រុក, ហើយ​មាន​ស្រា​ទំពាំងបាយជូរ​ដ៏​បរិបូណ៌​ហូរហៀរ។

កូន​អើយ ​មិន​ត្រូវ​មើលងាយ​ការ​ប្រៀនប្រដៅ​របស់ព្រះអម្ចាស់​ឡើយ, ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ, ដ្បិត​ព្រះអម្ចាស់​តែងតែ​ប្រៀនប្រដៅ​អស់​អ្នក ដែល​ព្រះអង្គ​ស្រឡាញ់​ ,ដូច​ឪពុក​វាយ​ប្រដៅ​កូន​ជា​ទី​ស្រឡាញ់​របស់​ខ្លួន។
ប្រាជ្ញា​នាំ​អោយ​មាន​សុភមង្គល

អ្នក​ណា​រក​ប្រាជ្ញា​ឃើញ, អ្នក​ណា​រៀន​ដឹង​ខុស​ត្រូវ, អ្នក​នោះ​មាន​សុភមង្គល​ហើយ, ដ្បិត​ប្រាជ្ញា​ដែល​គេ​រក​បាន​នេះ​ ប្រសើរ​ជាង​មាន​ប្រាក់, ហើយ​ផ្ដល់​អោយ​គេ​បាន​ចំណេញ​ច្រើន​ជាង​មាន​មាស​ទៅ​ទៀត។
ប្រាជ្ញា​មាន​តម្លៃ​លើស​ត្បូង, ហើយ​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ប្រាថ្នា​ចង់​បាន ពុំ​អាច​មាន​តម្លៃ​ស្មើ​នឹង​ប្រាជ្ញា​នេះ​ឡើយ។

ប្រាជ្ញា​ផ្ដល់​អោយ​មាន​អាយុ​យឺនយូរ, ព្រម​ទាំង​នាំ​អោយ​មាន​សម្បត្តិ និង​កិត្តិយស​ដ៏​រុងរឿង​ទៀត​ផង។
ប្រាជ្ញា​ដឹក​នាំ​មនុស្ស​អោយ​រស់​នៅ​ដោយ​សុខដុមរមនា និង​សុខសាន្ត។
ប្រាជ្ញា​ជា​ដើម​ឈើ​ ផ្ដល់​ជីវិត សំរាប់​អស់​អ្នក​ដែល​បេះ​ផ្លែ​បរិភោគ។  អ្នក​ណា​មាន​ប្រាជ្ញា​ជាប់​ក្នុង​ខ្លួន, អ្នក​នោះ​មាន​សុភមង្គល​ហើយ។
ព្រះអម្ចាស់​បាន​បង្កើត​ផែនដី ដោយសារ​ព្រះ​ប្រាជ្ញា​ញាណ, ហើយ​ព្រះអង្គ​បាន​លាត​សន្ធឹង​ផ្ទៃ​មេឃ ដោយសារ​ព្រះ​តម្រិះ​របស់​ព្រះអង្គ។  ព្រះអង្គ​បាន​ធ្វើ​អោយ​ទឹក​ផុស​ចេញ​ពី​ទី​ជំរៅ និង​អោយ​ពពក​បង្អុរ​ភ្លៀង​ចុះ​មក ដោយសារ​ព្រះតម្រិះ​ដ៏​វាងវៃ​របស់​ព្រះអង្គ។
ព្រះអម្ចាស់​ការពារ​អ្នក​មាន​ប្រាជ្ញា

កូន​អើយ​ ចូរ​ដឹង​ខុស​ត្រូវ និង​រិះគិត​ពិចារណា​ជានិច្ច។  កុំ​ធ្វេសប្រហែស​ឡើយ, ដ្បិត​ការ​ដឹង​ខុស​ត្រូវ និង​ការ​រិះគិត​ពិចារណា​ ផ្ដល់​អោយ​កូន​មាន​ជីវិត, មាន​កិរិយា​មារយាទ​ថ្លៃថ្នូរ។  ពេល​នោះ កូន​នឹង​រស់​នៅ​ដោយ​សុខសាន្ត, ហើយ​គ្មាន​អ្វី​ធ្វើ​អោយ​កូន​ជំពប់​ដួល​បាន​ឡើយ។   កូន​នឹង​ចូល​ដំណេក​ដោយ​ឥត​ភ័យ​ខ្លាច, ហើយ​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់។   កូន​នឹង​មិន​បារម្ភ​ខ្លាច​ក្រែង​មាន​ភ័យ​អាសន្ន ឬ​ខ្លាច​ក្រែង​មាន​ជន​ពាល​ចូល​មក​វាយ​ធ្វើ​បាប​ឡើយ, ដ្បិត​ព្រះអម្ចាស់​នឹង​ការពារ​កូន។  ព្រះអង្គ​មិន​បណ្ដោយ​អោយ​កូន​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​ណា​មួយ​ឡើយ។
ត្រូវ​មាន​ចិត្ត​ស្រឡាញ់​អ្នក​ដទៃ

មិន​ត្រូវ​បដិសេធ​នឹង​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ​ពី​កូន​ឡើយ, គឺ​ត្រូវ​ជួយ​គេ​តាម​លទ្ធភាព​របស់​កូន។  បើ​អ្នក​ដទៃ​មក​សុំ​អ្វី​ពី​កូន, ​ហើយ​បើ​កូន​មាន មិន​ត្រូវ​ពោល​ទៅ​គេ​ថា «ទៅ​សិន​ចុះ
។  ចាំ​ស្អែក​សឹម​ត្រឡប់​មក​វិញ, ​ខ្ញុំ​នឹង​ប្រគល់​ជូន»
មិន​ត្រូវ​ប៉ុនប៉ង​ធ្វើ​បាប​មិត្ត​ភក្ដិ​ដែល​រស់​នៅ​ជិត​ខាង​កូន, ហើយ​ទុក​ចិត្ត​លើ​កូន​នោះ​ឡើយ។   កុំ​រក​រឿង​នរណា​ម្នាក់ ដោយ​ឥត​ហេតុ, គឺ​កុំ​រក​រឿង​អ្នក​ដែល​មិន​បាន​ធ្វើ​អ្វី​ខុស​ចំពោះ​កូន។
កុំ​ច្រណែន​នឹង​មនុស្ស​ឃោរឃៅ
។  កុំ​ប្រព្រឹត្ត​តាម​គេ​ឡើយ, ដ្បិត​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ​នឹង​មនុស្ស​ខិលខូច​ទេ, តែ​ព្រះអង្គ​ស្និទ្ធស្នាល​ជា​មួយ​មនុស្ស​ទៀង​ត្រង់។
ព្រះអម្ចាស់​ដាក់​បណ្ដាសា​ក្រុម​គ្រួសារ​របស់​មនុស្ស​ពាល, តែ​ព្រះអង្គ​ប្រទាន​ពរ​អោយ​ក្រុម​គ្រួសារ​មនុស្ស​សុចរិត។
ព្រះអង្គ​មើលងាយ​អស់​អ្នក​ដែល​មើលងាយ​គេ, តែ​ព្រះអង្គ​សំដែង​ព្រះហឫទ័យ​ប្រណី​សន្ដោស ចំពោះ​អស់​អ្នក​ដែល​គ្មាន​ទី​ពឹង។
អ្នក​មាន​ប្រាជ្ញា​នឹង​បាន​ទទួល​សិរីរុងរឿង​ទុក​ជា​មត៌ក, តែ​មនុស្ស​ខ្លៅ​នឹង​ត្រូវ​អាម៉ាស់​វិញ។



1 comment:

Anonymous said...

Are there GOD or GODS in this planet
earth or other planets?

Who was/is GOD or GODS?
Who wrote the words of GOD or GODS?

There was/is no GOD or GODS.
GOD is in your mind and in your
heart.
The intelligent people wrote the
words of GOD or GODS,not GOD or GODS.

The WISE MEN wrote the WORDS of
GOD,the fool men followed their
WORDS.
People should think what the
wrongdoings and the good doings.

Half people in the world did not
believe in God,but half of them
are nonbelievers.
The God believers have done the
right things,so have done the nonbelievers.
All these are people rights.