លោកហ៊ុន សែន រិះគន់អ្នកវិភាគលើបញ្ហាសមុទ្រចិនខាងត្បូង (RFI) |
ថ្ងៃ ពុធ 04 មេសា 2012
ដោយ លាង ដឺលុច
RFI
អ្នកកាសែត អ្នកវិភាគ និងរួមទាំងលោកសម រង្ស៊ីផង បានក្លាយជាប្រធានបទនៃការរិះគន់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង។ លោកហ៊ុន សែនបានថ្លែងការរិះគន់នេះនៅក្នុងសន្និសីទកាសែតបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅថ្ងៃពុធទី៤មេសានេះ។ លោកនាយករដ្ឋមន្ត្រីកម្ពុជាដែលជាប្រធានអាស៊ានបានរិះគន់អ្នកកាសែតមួយចំនួន អ្នកវិភាគនិងប្រធានគណបក្សប្រឆាំង ដោយសារតែអ្នកទាំងនោះបានធ្វើអត្ថាធិប្បាយនៅមុនពេលកិច្ចប្រជុំអាស៊ាន ថាអវត្តមាននៃរបៀបវារៈសមុទ្រចិនខាងត្បូងក្នុងកិច្ចប្រជុំកំពូលអាស៊ាន គឺដោយសារឥទ្ធិពលរបស់ចិន។
សន្និសីទកាសែតជាងកន្លះម៉ោងនៅក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ត្រូវបានគ្របដណ្តប់ដោយបញ្ហាសមុទ្រចិនខាងត្បូង។លោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងឋានៈជាប្រធានអាស៊ានបានអានលទ្ធផលនៃកិច្ចប្រជុំមេដឹកនាំអាស៊ានរួចហើយដែលសំដៅការពង្រឹងនិងពង្រីកសហគមន៍អាស៊ានតែមួយ។
ប៉ុន្តែសំណួរតែមួយរបស់អ្នកកាសែតទាក់ទងនឹងការជជែករបស់មេដឹកនាំអាស៊ានជុំវិញបញ្ហាសមុទ្រចិនខាងត្បូង បានផ្តល់វេទិកាអោយលោកនាយករដ្ឋមន្ត្រីកម្ពុជាទំលាយអារម្មណ៍តានតឹងរបស់លោកដែលលោកថា ធុញទ្រាន់ជាងមួយខែហើយ នៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅពេលដែលលោកឮសារព័ត៌មាន អ្នកវិភាគ និងលោកសម រង្ស៊ីដែលជាប្រធានគណបក្សប្រឆាំងផងនោះ អត្ថាធិប្បាយអំពីការមិនមានប្រធានបទស្តីពីសមុទ្រចិនខាងត្បូង ហើយថាប្រការនេះគឺដោយសារតែកម្ពុជាទទួលឥទ្ធិពលពីចិននោះ។
លោកហ៊ុន សែនបានចាត់ទុកការអត្ថាធិប្បាយបែបនេះ ថាជាការនិយាយបែបល្ងង់ខ្លៅ និងមិនមានមូលដ្ឋាននៃចំណេះដឹងជ្រៅជ្រះនោះឡើយ។ ជាមួយនឹងការនិយាយការពារថា កម្ពុជាមិនមែនជាទំនិញដែលចិនតថ្លៃ ហើយថាកម្ពុជាជារដ្ឋអធិបតេយ្យមួយដែរនោះ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ការជជែកអំពីបញ្ហាសមុទ្រចិនខាងត្បូងត្រូវតែធ្វើឡើងនៅក្នុងរាល់កិច្ចប្រជុំអាស៊ានជាធម្មតា។ ហើយថា ការជជែកនេះដែលស្ថិតនៅក្នុងក្របខណ្ឌអាស៊ាន-ចិននោះ បានចាប់ផ្តើមតាំងពី១០ឆ្នាំមុន ពោលគឺការចុះហត្ថលេខាក្នុងឆ្នាំ២០០២ លើសេចក្តីថ្លែងការណ៍ស្តីពីការអនុវត្តន៍របស់ភាគីក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ ប៉ុន្តែថា នៅត្រង់នេះ លោកនាយករដ្ឋមន្ត្រីក៏បានប្រកាសរួចហើយដែរថា នឹងមិនមានការជ្រៀតជ្រែកពីភាគីទីបីណាទៀត ក្រៅពីចិននិងអាស៊ានក្នុងបញ្ហាសមុទ្រចិនខាងត្បូងនេះទេ៕
No comments:
Post a Comment