១០-វិច្ឆិកា-២០១១៖ ក្បួនរបស់សកម្មជនការពារព្រៃឡង់ ដង្ហែឆ្ពោះទៅក្រុមហ៊ុនវៀតណាម CRCK នៅព្រៃឡង់ នាខេត្តកំពង់ធំ។ RFA/Uon Chhin |
ដោយ សុខ សេរី
RFA
ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសរីករាយបុណ្យចូលឆ្នាំថ្មី សកម្មជនការពារព្រៃឡង់បែរជាព្រួយបារម្ភរឿងបាត់បង់ព្រៃឈើទៅវិញ។
នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ ដែលជាថ្ងៃចូលឆ្នាំថ្ងៃដំបូង សកម្មជនការពារព្រៃឡង់ នៅខេត្តកំពង់ធំ បានទទូចសុំឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន ពិនិត្យសើរើឡើងវិញនូវកិច្ចសន្យាដីសម្បទានព្រៃឡង់ ឬលុបចោលកិច្ចសន្យានោះ ដោយសារតែមានការកាប់បំផ្លាញដើមឈើប្រណិតៗ ជាច្រើនរយម៉ែត្រគូបក្នុងមួយថ្ងៃៗ ដើម្បីនាំចេញទៅវៀតណាម។
សកម្មជនការពារព្រៃឡង់ លោក ស៊ឹម សៀន បានទទូចដូច្នេះ គឺនៅគ្រាដែលប្រជាពលរដ្ឋសហគមន៍ភាគតិចនៅខេត្តកំពង់ធំ ជាច្រើនពាន់គ្រួសារ រស់នៅពឹងផ្អែកស្ទើរតែទាំងស្រុងលើអនុផលព្រៃឈើ នៅតំបន់ព្រៃឡង់នោះ។
សកម្មជនការពារព្រៃឈើបានចោទថា ដើមឈើជាច្រើននៅព្រៃឡង់ កំពុងតែរងការកាប់បំផ្លាញជារៀងរាល់ថ្ងៃ ដោយក្រុមហ៊ុនវៀតណាម ឈ្មោះ ស៊ីអាស៊ីខេ (CRCK)។
ព្រៃឡង់នោះគឺមានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា និងមានសត្វព្រៃរស់នៅចំនួន ២៧ប្រភេទ និងប្រភេទដើមឈើដ៏កម្រ និងមានតំលៃចំនួន ២០ប្រភេទ។ គេបានប៉ាន់ស្មានថា មានប្រជាពលរដ្ឋចំនួនជាង ៧សែននាក់ រស់នៅពឹងផ្អែកលើអនុផលព្រៃឡង់ ជារៀងរាល់ថ្ងៃ។
ក្រុមហ៊ុនវៀតណាមនោះ បានទទួលដីសម្បទានព្រៃឡង់ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំរាប់រយៈពេល ៧០ឆ្នាំ។ ប៉ុន្តែក្រុមហ៊ុននេះកំពុងតែកាប់ដើមឈើប្រណិតដូចជាដើមឈើទាល ឬដើមច្បោះជ័រ ដើមកកោះ និងដើមឈើកម្រមួយចំនួនទៀត។
អ្នកសម្របសម្រួលបណ្ដាញការពារព្រៃឡង់ លោក ស៊ឹម សៀន បានមានប្រសាសន៍នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១២ ថា អនុសាសន៍ និងបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺល្អធ្វើលោកសប្បាយចិត្ត ប៉ុន្តែលោកចង់ឲ្យមន្ត្រីនៅមូលដ្ឋានថ្នាក់ខេត្ត និងថ្នាក់ស្រុក អនុវត្តតាមជាក់ស្ដែងនៅមូលដ្ឋាន៖ «មកមើលផ្ទាល់នៅកន្លែងកាប់ឈើ អារឈើយ៉ាងអនាធិបតេយ្យនៅក្នុងតំបន់ព្រៃឡង់ ដូចជាមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ដែលគាត់បានកាប់ឈើ គំរាមកំហែងប្រជាពលរដ្ឋឲ្យលក់ដើមច្បោះឲ្យ ...មិនលក់ក៏កាប់ ...លក់ក៏កាប់ គឺអារយកមកដាក់នៅក្រុមហ៊ុនវិនិយោគដែលនៅស្រុកសណ្ដាន់ហ្នឹង»។
សំណើរបស់សកម្មជនការពារព្រៃឡង់នេះ គឺបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសជាថ្មីទៀតឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន សើរើកិច្ចសន្យាដីព្រៃសម្បទាននានា ដែលមិនប្រក្រតី ការកាប់បំផ្លាញព្រៃធម្មជាតិ។
លោក ហ៊ុន សែន បានមានប្រសាសន៍នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១២ ថា៖ «ក្រុមហ៊ុនណាដែលតម្រង់ឆ្ពោះព្រៃហ្នឹង ត្រូវមើលក្រុមហ៊ុនហ្នឹងឲ្យមែនទែន។ សុំព្រៃសម្បទាន ប៉ុន្តែកិច្ចការដែលខ្លួនធ្វើគឺទៅកាប់យកឈើហ្នឹងបណ្ដោយ។ ដីម៉ាគគោក អត់ទៅធ្វើទេ ទៅតម្រង់រកកន្លែងដែលមានដើមឈើ ...អាហ្នឹងមើលមែនទែន បើថា ស្ថានភាពបែបហ្នឹងដកចេញទៅ ...យកដីមកទុកវាអត់ផ្អូមទេដីនោះ»។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានមានប្រសាសន៍ថា ក្រសួងកំពុងតែជំរុញវិធានការអភិរក្ស និងការពារព្រៃឈើធម្មជាតិ។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យបង្កើតសហគមន៍ការពារព្រៃឈើ ចំនួនជាង ៥៦០កន្លែង នៅខេត្តចំនួន ២០ និងបណ្ដុះកូនឈើចំនួនជាង ៣លានដើម។
សហគមន៍ការពារព្រៃឡង់កំពុងតែរង់ចាំមើលចំណាត់ការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពីបទបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗនេះ។
នៅឆ្នាំ២០១១ កន្លងទៅនេះរដ្ឋបាលព្រៃឈើ បានរឹបអូសឈើខុសច្បាប់ចំនួនជាង ២.០០០ករណី ស្មើនឹងជិត ៦.០០០ម៉ែត្រគូប និងចាប់ខ្លួនជនសង្ស័យជិត ៤០០នាក់ ឲ្យតុលាការចោទប្រកាន់ និងផ្ដន្ទាទោស៕
1 comment:
យួនមិនខ្លាចកាប់ឈើនៅព្រៃឡាងទេ ព្រោះប្រទេសខ្មែរឈ្មោះ តែទឹកដីជារបស់យួន ដូច្នេះ យួនអាចធ្វើបានអ្វីតាមទំនឿងចិត្តវា។
វាមានចំការកៅស៊ូប្រាំពីរហើយ ទូទាំងប្រទេសខ្មែរ។
ពលរដ្ឋខ្មែររង់ចាំនូវសេចក្ដីឈឺ ក្រ រីងរៃ និង ស្លាប់ ដូចជាជនជាតិចាម ខ្មែរក្រោម ហើយនឹងលាវតែប៉ុណ្ណោះ។
ខ្មែរនិយាយភាសាខ្មែរស្ដាប់គ្នាមិនបានទេ
ពួកគេមួយចំនួនមានអំណាចចេះតែប្រើភាសាយួន រួចគោរពយួនជាព្រះរបស់ពួកគេ។
ទ័ពយួនកប់ខ្លួនបំពួនអាត្មានៅព្រៃកៅស៊ូទាំងប្រាំពីរនេះ។
ខ្មែរស្លាប់ចាប់តាំងពីថ្ងៃ ៧ មករា ១៩៧៩ម៉្លេះ។
រាស្ត្រខ្មែរជាដូចត្រីនៅក្នុងស៊ង ហ៊ុន សែន និង យួន សម្លាប់ថ្ងៃណាក៏បាន គឺស្រេចនឹង
ក្បាលចិត្តវា។
Post a Comment