Friday, April 13, 2012

សកម្មជន​​​ព្រៃឡង់​ស្នើ​ឲ្យ​នាយករដ្ឋមន្ត្រី​លុប​ចោល​កិច្ច​សន្យា​សម្បទាន​ដី

១០-វិច្ឆិកា-២០១១៖ ក្បួន​របស់​សកម្មជន​ការពារ​ព្រៃឡង់ ដង្ហែ​ឆ្ពោះ​ទៅ​ក្រុមហ៊ុន​វៀតណាម CRCK នៅ​ព្រៃឡង់ នា​ខេត្ត​កំពង់ធំ។ RFA/Uon Chhin
2012-04-13
ដោយ សុខ សេរី
RFA

ក្នុង​ពេល​​ដែល​​ប្រជាពលរដ្ឋ​ខ្មែរ​នៅទូ​ទាំង​ប្រទេស​រីក​រាយ​បុណ្យ​ចូល​ឆ្នាំ​ថ្មី សកម្មជន​ការពារ​ព្រៃឡង់​បែរ​ជា​ព្រួយ​បារម្ភ​រឿង​បាត់​បង់​ព្រៃ​ឈើ​ទៅ​វិញ។

នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១២ ដែល​ជាថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ដំបូង សកម្មជន​ការពារ​ព្រៃឡង់ នៅ​ខេត្ត​កំពង់ធំ បាន​ទទូច​សុំ​ឲ្យ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន ពិនិត្យ​សើរើ​ឡើង​វិញ​នូវ​កិច្ច​សន្យា​ដី​សម្បទាន​ព្រៃឡង់ ឬ​លុប​ចោល​កិច្ច​សន្យា​នោះ ដោយសារ​តែ​មាន​ការ​កាប់​បំផ្លាញ​ដើម​ឈើ​ប្រណិតៗ ជា​ច្រើន​រយ​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃៗ ដើម្បី​នាំ​ចេញ​ទៅ​វៀតណាម

សកម្មជន​ការពារ​ព្រៃឡង់ លោក ស៊ឹម សៀន បាន​ទទូច​ដូច្នេះ គឺ​នៅ​គ្រា​ដែល​ប្រជាពលរដ្ឋ​សហគមន៍​ភាគ​តិច​នៅ​ខេត្ត​កំពង់ធំ ជា​ច្រើន​ពាន់​គ្រួសារ រស់​នៅ​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​អនុផល​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់​នោះ។

សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ចោទ​ថា ដើម​ឈើ​ជា​ច្រើន​នៅ​ព្រៃឡង់ កំពុង​តែ​រង​ការ​កាប់​បំផ្លាញ​ជា​រៀងរាល់​ថ្ងៃ ដោយ​ក្រុមហ៊ុន​វៀតណាម ឈ្មោះ ស៊ីអាស៊ីខេ (CRCK)


ព្រៃឡង់​នោះ​គឺ​មាន​ទំហំ ៣.៦០០​គីឡូម៉ែត្រ​ក្រឡា និង​មាន​សត្វ​ព្រៃ​រស់​នៅ​ចំនួន ២៧​ប្រភេទ និង​ប្រភេទ​ដើម​ឈើ​ដ៏​កម្រ និង​មាន​តំលៃ​ចំនួន ២០​ប្រភេទ។ គេ​បាន​ប៉ាន់​ស្មាន​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ៧​សែន​នាក់ រស់​នៅ​ពឹង​ផ្អែក​លើ​អនុផល​ព្រៃឡង់ ជា​រៀង​រាល់​ថ្ងៃ។

ក្រុមហ៊ុន​វៀតណាម​នោះ បាន​ទទួល​ដី​សម្បទាន​ព្រៃឡង់ ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សំរាប់​រយៈពេល ៧០​ឆ្នាំ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​កំពុង​តែ​កាប់​ដើម​ឈើ​ប្រណិត​ដូចជា​ដើម​ឈើ​ទាល ឬ​ដើម​ច្បោះ​ជ័រ ដើម​កកោះ និង​ដើម​ឈើ​កម្រ​មួយ​ចំនួន​ទៀត។

អ្នក​សម្របសម្រួល​បណ្ដាញ​ការពារ​ព្រៃឡង់ លោក ស៊ឹម សៀន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០១២ ថា អនុសាសន៍ និង​បទបញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គឺ​ល្អ​ធ្វើ​លោក​សប្បាយ​ចិត្ត ប៉ុន្តែ​លោក​ចង់​ឲ្យ​មន្ត្រី​នៅ​មូលដ្ឋាន​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក អនុវត្ត​តាម​ជាក់ស្ដែង​នៅ​មូលដ្ឋាន៖ «មក​មើល​ផ្ទាល់​នៅ​កន្លែង​កាប់​ឈើ អារ​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​តំបន់​ព្រៃឡង់ ដូចជា​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំង​អស់ ដែល​គាត់​បាន​កាប់​ឈើ គំរាម​កំហែង​ប្រជាពលរដ្ឋ​ឲ្យ​លក់​ដើម​ច្បោះ​ឲ្យ ...មិន​លក់​ក៏​កាប់ ...លក់​ក៏​កាប់ គឺ​អារ​យក​មក​ដាក់​នៅ​ក្រុមហ៊ុន​វិនិយោគ​ដែល​នៅ​ស្រុក​សណ្ដាន់​ហ្នឹង»។

សំណើ​របស់​សកម្មជន​ការពារ​ព្រៃឡង់​នេះ គឺ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​ជា​ថ្មី​ទៀត​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន សើរើ​កិច្ច​សន្យា​ដី​ព្រៃ​សម្បទាន​នានា ដែល​មិន​ប្រក្រតី ការ​កាប់​បំផ្លាញ​ព្រៃ​ធម្មជាតិ។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១២ ថា៖ «ក្រុមហ៊ុន​ណា​ដែល​តម្រង់​ឆ្ពោះ​ព្រៃ​ហ្នឹង ត្រូវ​មើល​ក្រុមហ៊ុន​ហ្នឹង​ឲ្យ​មែន​ទែន។ សុំ​ព្រៃ​សម្បទាន ប៉ុន្តែ​កិច្ចការ​ដែល​ខ្លួន​ធ្វើ​គឺ​ទៅ​កាប់​យក​ឈើ​ហ្នឹង​បណ្ដោយ។ ដី​ម៉ា​គគោក អត់​ទៅ​ធ្វើ​ទេ ទៅ​តម្រង់​រក​កន្លែង​ដែល​មាន​ដើម​ឈើ ...​អា​ហ្នឹង​មើល​មែន​ទែន បើ​ថា ស្ថានភាព​បែប​ហ្នឹង​ដក​ចេញ​ទៅ ...​យក​ដី​មក​ទុក​វា​អត់​ផ្អូម​ទេ​ដី​នោះ»។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា ក្រសួង​កំពុង​តែ​ជំរុញ​វិធានការ​អភិរក្ស និង​ការពារ​ព្រៃ​ឈើ​ធម្មជាតិ។

ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អនុញ្ញាត​ឲ្យ​បង្កើត​សហគមន៍​ការពារ​ព្រៃ​ឈើ ចំនួន​ជាង ៥៦០​កន្លែង នៅ​ខេត្ត​ចំនួន ២០ និង​បណ្ដុះ​កូន​ឈើ​ចំនួន​ជាង ៣​លាន​ដើម។

សហគមន៍​ការពារ​ព្រៃ​ឡង់​កំពុង​តែ​រង់ចាំ​មើល​ចំណាត់​ការ​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្រោយ​ពី​បទ​បញ្ជា​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្មីៗ​នេះ។

នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​រដ្ឋបាល​ព្រៃឈើ បាន​រឹប​អូស​ឈើ​ខុស​ច្បាប់​ចំនួន​ជាង ២.០០០​ករណី ស្មើ​នឹង​ជិត ៦.០០០​ម៉ែត្រ​គូប និង​ចាប់​ខ្លួន​ជន​សង្ស័យ​ជិត ៤០០​នាក់ ឲ្យ​តុលាការ​ចោទ​ប្រកាន់ និង​ផ្ដន្ទាទោស៕

1 comment:

Anonymous said...

យួនមិនខ្លាចកាប់ឈើនៅព្រៃឡាងទេ ព្រោះប្រទេសខ្មែរឈ្មោះ តែទឹកដីជារបស់យួន ដូច្នេះ យួនអាចធ្វើបានអ្វីតាមទំនឿងចិត្តវា។
វាមានចំការកៅស៊ូប្រាំពីរហើយ ទូទាំងប្រទេសខ្មែរ។

ពលរដ្ឋខ្មែររង់ចាំនូវសេចក្ដីឈឺ ក្រ រីងរៃ​ និង ស្លាប់ ដូចជាជនជាតិចាម ខ្មែរក្រោម ហើយនឹងលាវតែប៉ុណ្ណោះ។
ខ្មែរនិយាយភាសាខ្មែរស្ដាប់គ្នាមិនបានទេ
ពួកគេមួយចំនួនមានអំណាចចេះតែប្រើភាសាយួន រួចគោរពយួនជាព្រះរបស់ពួកគេ។
ទ័ពយួនកប់ខ្លួនបំពួនអាត្មានៅព្រៃកៅស៊ូទាំងប្រាំពីរនេះ។
ខ្មែរស្លាប់ចាប់តាំងពីថ្ងៃ ៧ មករា ១៩៧៩ម៉្លេះ។
រាស្ត្រខ្មែរជាដូចត្រីនៅក្នុងស៊ង ហ៊ុន សែន និង យួន សម្លាប់ថ្ងៃណាក៏បាន គឺស្រេចនឹង
ក្បាលចិត្តវា។