Thursday, April 05, 2012
លោក ស៊ូប៊ែឌី ជំរុញឲ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានដោះស្រាយបញ្ហារបស់ខ្លួន
2012-04-05
ដោយ តាំង សារ៉ាដា
Radio Free Asia
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បានទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាក្នុងស្រុករបស់ខ្លួនឲ្យមានប្រសិទ្ធភាព ដើម្បីឆ្ពោះទៅរកលទ្ធផលជាផ្លែផ្កាក្នុងខណៈខ្លួនជាប្រធានអាស៊ានសម្រាប់អាណត្តិនេះ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ត្រូវធ្វើយ៉ាងណាពង្រឹងយន្តការក្នុងប្រទេសរបស់ខ្លួនទន្ទឹមគ្នានឹងការដោះស្រាយបញ្ហាក្នុងតំបន់អាស៊ានទាំងមូល។
លោក សុរិយា ស៊ូប៊ែឌី ថ្លែងដូច្នេះ៖ «កម្ពុជាត្រូវពង្រឹងនូវសេរីភាពក្នុងការបញ្ចេញមតិ ពង្រឹងសមត្ថភាព និងឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌។ ពង្រឹងសិទ្ធិដីធ្លី ខណៈពលរដ្ឋខ្មែរជាច្រើនកំពុងរងការដេញចេញដោយបង្ខំពីលំនៅឋានរបស់ពួកគេ។ ហើយម្យ៉ាងទៀត ពលរដ្ឋដែលរស់នៅតាមទីជនបទកំពុងប្រឈមនឹងការគំរាមដកយកដីធ្លីរបស់ពួកគេដោយក្រុមហ៊ុន និងអាជ្ញាធរពីគោលការណ៍ដីសម្បទានសេដ្ឋកិច្ច។ ទាក់ទិននឹងបញ្ហាដីធ្លីនេះដែរ ពលរដ្ឋខ្មែរទូទៅត្រូវទទួលបានការធានាពេញលេញដោយច្បាប់។ យ៉ាងហោចណាស់រដ្ឋាភិបាលត្រូវពិភាក្សាជាមួយពលរដ្ឋជាមុនសិនមុនសម្រេចចិត្តជម្លៀសចេញពីលំនៅឋានដើម្បីយកដីឲ្យក្រុមហ៊ុនអភិវឌ្ឍន៍ ឬរដ្ឋាភិបាលត្រូវផ្ដល់នូវកញ្ចប់សំណងសមរម្យដល់ពួកគេ»។
លោក សុរិយា ស៊ូប៊ែឌី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃរសៀលថ្ងៃពុធ ទី៤ ខែមេសា ខណៈលោកបានបង្ហាញពីក្ដីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួមនឹងមន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងអស់ នឹងប្រើប្រាស់ឱកាសក្នុងនាមខ្លួនជាប្រធានអាស៊ាន ខិតខំធ្វើយ៉ាងណាឲ្យស្ថានភាពនៃការគោរពសិទ្ធិមនុស្សបានប្រសើរនៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់ផងដែរ។
របាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា បានបង្ហាញថា ពលរដ្ឋខ្មែរប្រមាណជាង ៣ម៉ឺនគ្រួសារនៅទូទាំងប្រទេស កំពុងបានរងការប៉ះទង្គិចដោយការរំលោភសិទ្ធិដីធ្លី។
របាយការណ៍នោះក៏បានឲ្យដឹងផងដែរថា រដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០១១ បានធ្វើសម្បទានដីទំហំជាង ២លានហិកតារក្នុងចំណោមដីទំហំ ១៨លានហិកតារ សំរាប់ទុកឲ្យប្រជាពលរដ្ឋបង្កបង្កើនផលនោះ បានសម្បទានទៅឲ្យក្រុមហ៊ុនឯកជនក្នុងស្រុក និងបរទេសចំនួន ២២៥ក្រុមហ៊ុនដើម្បីអភិវឌ្ឍន៍។
លោក សុរិយា មានប្រសាសន៍ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា នៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ហើយសម្រាប់បេសកកម្មរបស់លោកនៅពេលនោះ នឹងពិនិត្យមើលថែមទៀតលើច្បាប់បោះឆ្នោត និងស្ថាប័នបោះឆ្នោតទាំងមូលរបស់កម្ពុជា និងតាមដានបន្តចំពោះសំណើដែលបានជូនដល់រដ្ឋាភិបាលទាក់ទិនទៅការទាមទារឲ្យមានកំណែទម្រង់ប្រព័ន្ធតុលាការ កំណែទម្រង់ស្ថាប័ននីតិប្បញ្ញត្តិ សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិដីធ្លីជាដើមនោះ ថាតើរដ្ឋាភិបាលបានអនុវត្តដល់កម្រិតណាហើយ។
លោក សុរិយា ស៊ូប៊ែឌី៖ «បញ្ហាបន្តបន្ទាប់ដែលខ្ញុំត្រូវធ្វើការឃ្លាំមើលតទៅទៀតនោះ គឺស្ថានភាពបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ និងការបោះឆ្នោតសកលឆ្នាំ២០១៣ ដើម្បីឃើញច្បាស់ថា ដំណើរអនុវត្តន៍លទ្ធិប្រជាធិបតេយ្យពិតជាបានពង្រឹងតាមរយៈការធ្វើឲ្យមានដំណើរការបោះឆ្នោតប្រកបដោយកេរ្តិ៍ឈ្មោះល្អជាចាំបាច់ សេរី ត្រឹត្រូវ និងយុត្តិធម៌តាមអ្វីដែលអាចធ្វើទៅបាន។ ទាំងនេះគឺការផ្ដោតការយកចិត្តទុកដាក់របស់ខ្ញុំសម្រាប់រយៈពេលពីរបីខែខាងមុខទៀតនេះ»។
ទោះបីជាយ៉ាងណាក៏ដោយ លោក ស៊ូប៊ែឌី ក៏បានសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ ក្នុងការនាំយក និងអនុវត្តនូវដំណើរការសិទ្ធិប្រជាធិបតេយ្យយ៉ាងសម្បើម៕
Subscribe to:
Post Comments (Atom)
1 comment:
WHY DON'T YOU PUT THE WHOLE TEXT IN RED AND HIGHLIGHT THE WHOLE SHIT, IDIOT?
Post a Comment