(Photo: ECCC) |
ដោយ: មជ្ឈមណ្ឌលឯកសារកម្ពុជា
ភ្នំពេញ: ជនជាប់ចោទនួនជា ហៅ“បងទី២” នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលគេស្គាល់ជារបបខ្មែរក្រហម បានចាប់ផ្ដើមចូលប្រឡូកយ៉ាងសកម្មក្នុងសកម្មភាពនយោបាយនៅចុងទសវត្សរ៍ឆ្នាំ១៩៤០ នៅខណៈពេលដែលខ្លួនធ្វើការនៅប្រទេសថៃ។
ជនជាប់ចោទរួបនេះ បានចូលរួមជាមួយ “អង្គការយុវជនប្រជាធិបតេយ្យ” ដែលស្ថិត នៅក្រោមបក្សកុម្មុយនិស្ដថៃ។ បន្ទាប់មក ជននេះបានវិលមកកម្ពុជាដើម្បីចូលរួមចលនាតស៊ូរបស់បក្សកុម្មុយនិស្ដឥណ្ឌូចិននៅដំបន់សំឡូត ដោយទទួលបន្ទុកខាងឃោសនានៅក្នុងបក្ស។ នៅក្នុងខណៈពេលនោះជនជាប់ចោទនួនជា បានទាក់ទងយ៉ាងសកម្មជាមួយពួកកុម្មុយនិស្ដវៀតណាមនិងសមាសភាពកុម្មុយនិស្ដនៃចលនាខ្មែរឥស្សរៈ។
ជនជាប់ចោទរូបនេះបានទៅសិក្សាវគ្គនយោបាយនៅប្រទេសវៀតណាមរយៈពេល២ឆ្នាំ ក្រោយមកក្លាយជាមេដឹកនាំម្នាក់នៃចលនាកុម្មុយនិស្ដសម្ងាត់នៅទីក្រុងភ្នំពេញ។ ជនជាប់ចោទ នួន ជា ត្រូវបានជ្រើសតាំងជាអនុលេខាបក្សនៅខែកញ្ញា ឆ្នាំ១៩៦០ហើយចន្លោះឆ្នាំ១៩៧០ និង១៩៧៥ ជនជាប់ចោទរូបនេះមានតួនាទីជាអនុបញ្ជាការយោធាជាន់ខ្ពស់កងទ័ពប្រជាជននៃចលនារំដោះជាតិកម្ពុជា និងជាប្រធានផ្នែក នយោបាយរបស់កងទ័ពបដិវត្ដន៍។
ការធ្វើកំណត់សម្គាល់របស់ នួន ជា នៅសាលាក្ដីខ្មែរក្រហមមុនពេលសួរដេញដោលលើជនជាប់ចោទ នួន ជាអង្គជំនុំជម្រះបានអនុញ្ញាតឱ្យជនជាប់ចោទ ធ្វើការបង្ហាញពីជីវិតតស៊ូផ្នែកនយោបាយរបស់ខ្លួនកន្លងមក។ ក្រោយពីទទួលបានការអនុញ្ញាត ជនជាប់ចោទ នួន ជា បានចំណាយពេលវេលាស្ទើតែទាំងស្រុងដើម្បីបង្ហាញពីទឹកចិត្ដស្នេហាជាតិ ការស្រឡាញ់យុត្ដិធម៌និងការលះបង់របស់ខ្លួនសម្រាប់ជាតិមាតុភូមិ។ ជាក់ស្ដែង នួន ជា បានលើកឡើងថា “កាលនៅវ័យកុមារភាព ដែលពេលនោះប្រទេសកំពុងស្ថិតនៅក្រោមអាណានិគមបារាំង ខ្លួនបានឃើញប្រជាជនខ្មែរត្រូវបានគេចាប់ធ្វើបាប និងដាក់ក្នុងមន្ទីរឃុំឃាំង អ្នកមានជិះជាន់និងកេងប្រវ័ញ្ចកម្លាំងពលកម្មអ្នកក្រ”។ នួន ជា បានបន្ថែមថា មិនត្រឹមតែប្រទេសកម្ពុជាទេ សូម្បីប្រទេសថៃក៏ដូចគ្នាដែរ គឺអ្នកមានជិះជាន់អ្នកក្រ ជាពិសេសជនជាតិចិនជិះជាន់ជនជាតិថៃ។ ដោយឃើញសភាពបែបនេះ ខ្លួនបានសម្រេចចិត្ដចូលរួមជាមួយអង្គការយុវជនប្រជាធិបតេយ្យ និងបន្ទាប់មកចូលបក្សកុម្មុយនិស្ដថៃ ដើម្បីប្រឆាំងនឹងការជិះជាន់ ហើយខ្លួនបានធ្វើសកម្មភាពមួយចំនួនប្រឆាំងនឹងអ្នកកាន់អំណាចមួយចំនួននៅប្រទេសថៃ។ នួន ជា បានបន្ដទៀតថា នៅថ្ងៃមួយខ្លួនបានទទួលដំណឹងតាមរយៈស្ថានទូតថៃដែលប្រចាំការនៅប្រទេសកម្ពុជាថាប្រជាជនខ្មែរត្រូវបានពួកបារាំងចាប់វាយដំធ្វើបាប។ដោយក្ដីអាណិត និងស្រឡាញ់យុត្ដិធម៌ ខ្លួនបានសុំការអនុញ្ញាតពីបក្សកុម្មុយនិសថៃដើម្បីមកធ្វើសកម្មភាពតស៊ូប្រឆាំងនឹងបារាំងនៅប្រទេសកម្ពុជា ដោយមានការគាំទ្រនិងផ្ដល់ជំនួយដោយបក្សកុម្មុយនិស្ដថៃ និងបក្សកុម្មុយនិស្ដវៀតណាម។
នួន ជា បានលើកឡើងថា បក្សកុម្មុយនិស្ដកម្ពុជាមិនមែនកើតឡើងពីកម្លាំងនៅក្នុង ស្រុកខ្មែរទាំងស្រុងទេ គឺមានការរួមផ្សំចេញពីអ្នកស្នេហាជាតិដែលមកពីប្រទេសបារាំង (រួមមាន ប៉ុល ពត និង អៀង សារី) បក្សកុម្មុយនិស្ដថៃ និងបក្សពួកវៀតមិញ។ ជនជាប់ចោទរូបនេះបានបន្ដថា វៀតណាមបានប្រមូលប្រជាជនខ្មែរប្រមាណ២០០០នាក់យកទៅអប់រំនៅប្រទេសវៀតណាម ដើម្បីទុកអ្នកទាំងនោះឱ្យធ្វើជាកម្មាភិបាល របស់បក្សកុម្មុយនិស្ដកម្ពុជា។
នួន ជា បានធ្វើការកត់សម្គាល់ពីការសម្លាប់ប្រជាជនខ្មែរថា គឺ “យួនទេដែលសម្លាប់ខ្មែរ មិនមែនខ្មែរសម្លាប់ខ្មែរនោះទេ”។ ជនជាប់ចោទរូបនេះបានបញ្ជាក់ថា ការសម្លាប់ប្រជាជនខ្មែរ គឺមានការបញ្ជាចេញមកពីហាណូយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ហូជីមិញ ហើយកាលបរិច្ឆេទ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គឺជាកាលបរិច្ឆេទដែលយួនវាយកម្ពុជា ដោយសារតែកម្ពុជាមិនសុខចិត្ដស្ថិតនៅក្រោមការគ្រប់គ្រងរបស់
យួន។
នួន ជា រៀបរាប់ពីប្រវត្ដិបក្សកុម្មុយនិស្ដកម្ពុជាបន្ទាប់ពីការបញ្ចប់ការធ្វើកំណត់សម្គាល់របស់ជនជាប់ចោទ នួន ជា។ អង្គជំនុំជម្រះបានចាប់ផ្ដើមធ្វើការសួរដេញដោលទៅលើជនជាប់ចោទរូបនេះ ដោយលោកប្រធានអង្គជំនុំជម្រះ និល ណុន ប្រគល់វេទិកាជូនលោកស្រីចៅក្រមអន្ដរជាតិ ស៊ីលវៀលខាតវ្រ៉ាយត៍ ដើម្បីសាកសួរជនជាប់ចោទពីប្រវត្ដិរបស់បក្សកុម្មុយនិស្ដកម្ពុជានិងតួនាទីរបស់ជនជាប់ចោទនៅមុនពេលនៃរបប
កម្ពុជាប្រជាធិបតេយ្យ។
ឆ្លើយតបទៅនឹងសំណួររបស់លោកស្រីចៅក្រម ខាតវ្រ៉ាយត៍ ជនជាប់ចោទ នួន ជាបានព្យាយាមបង្ហាញពីទឹកចិត្ដស្នេហាជាតិ របស់បក្សកុម្មុយនិស្ដកម្ពុជាទាំងមូល ក្នុងការតស៊ូរំដោះប្រទេសជាតិចេញពីស្ថានភាពមួយដែលខ្លួនគិតថាជាសង្គមមានការជិះជាន់ដោយ វណ្ណៈសក្ដិភូមិ និងកំពុងស្ថិតនៅក្រោមការជ្រៀតជ្រែកកាន់កាប់ដោយប្រទេសវៀតណាម។ នួន ជា បានលើកឡើងថា ក្រោយពីបក្សកុម្មុយនិស្ដឥណ្ឌូចិនបានរលាយ បក្សប្រជាជនបដិវត្ដន៍ខ្មែរ បក្សប្រជាជនបដិវត្ដន៍ឡាវ និងបក្សពលករវៀតណាម ត្រូវបានបង្កើតឡើង។ តែបក្សប្រជាជនបដិវត្ដន៍ខ្មែរ និងបក្សប្រជាជនបដិវត្ដន៍ឡាវ មិនមានឯករាជ្យពីវៀតណាមឡើយ ដោយសារមាគ៌ាយុទ្ធសាស្ដ្រ និងមាគ៌ា យុទ្ធវិធីរបស់បក្សទាំងពីរត្រូវអនុលោមតាមបក្សពលករវៀតណាម។ ជនជាប់ចោទ នួន ជា បានបន្ថែមទៀតថា រាល់ការអនុវត្ដ ឬសម្រេចធ្វើផ្សេងៗរបស់បក្សប្រជាជនបដិវត្ដន៍ខ្មែរ គឺត្រូវបានការអនុញ្ញាត ឬសារណែនាំមកពីបក្សពលករវៀតណាម។ ដូចនេះដើម្បីកាត់បន្ថយឥទ្ធិពលរបស់វៀតណាមមកលើបក្សប្រជាជនបដិវត្ដន៍ខ្មែរ នួនជានិងប៉ុលពតបានទទួលបន្ទុកក្នុងការបង្កើត “មាគ៌ាយុទ្ធសាស្ដ្រ” និង “មាគ៌ាយុទ្ធវិធី” របស់បក្សដាច់ដោយឡែកមួយ ដោយមានការសម្របសម្រួលពី ទូ សាមុត ដែលមាននាទីជាលេខាបក្ស នាពេលនោះ។ នួន ជា បានបញ្ជាក់ថា វៀតណាមមានការមិនពេញចិត្ដចំពោះបក្សប្រជាជនបដិវត្ដន៍ខ្មែរ ដែលបានបង្កើតមាគ៌ាយុទ្ធសាស្ដ្រ និងមាគ៌ាយុទ្ធវិធី ដោយមិនបានសួរយោបល់របស់ខ្លួនឡើយ។ ដូចនេះវៀតណាមបានចាត់តាំងបុគ្គលមួយចំនួនឱ្យបន្លំខ្លួនដើម្បីបំផ្លិចបំផ្លាញមាគ៌ារបស់បក្សប្រជាជនបដិវត្ដន៍ខ្មែរ។ទោះបីជាយ៉ាងនេះក្ដី មាគ៌ាយុទ្ធសាស្ដ្រនិងមាគ៌ាយុទ្ធវិធីរបស់ខ្លួនបានទទួលការគាំទ្រពីប្រទេសចិន ហើយប្រទេសចិនថែមទាំងបានផ្ដល់ជំនួយឱ្យអនុវត្ដន៍មាគ៌ាទាំងពីរនេះទៀតផង។
ជនជាប់ចោទ នួន ជា បានបញ្ជាក់ថា ការដែលបក្សប្រជាជនបដិវត្ដន៍ខ្មែរប្ដូរឈ្មោះមកជាបក្ស ពលករខ្មែរ គឺដោយសារតែខ្លួនមានបំណងកាត់ផ្ដាច់ពីឥទ្ធិពលរបស់បក្សពលករវៀតណាម។ ទោះបីមានការផ្លាស់ប្ដូរឈ្មោះបក្សក្ដី មាគ៌ានយោបាយរបស់បក្សមិនត្រូវបានផ្លាស់ប្ដូរឡើយ។ ការបង្កើតមាគ៌ានយោបាយរបស់បក្ស ពាក់ព័ន្ធនឹងការបង្កើតមាគ៌ាយុទ្ធសាស្ដ្រ និងមាគ៌ាយុទ្ធវិធីរបស់បក្ស ជនជាប់ចោទ នួន ជា បាន
លើ ឡើងយ៉ាងលម្អិតថា ក្នុងការរៀបចំនូវមាគ៌ាយុទ្ធសាស្ដ្រ និងមាគ៌ាយុទ្ធវិធីនេះគឺ ប៉ុល ពត ជាអ្នកទទួលបន្ទុកក្នុងការតាមដានសភាពការណ៍នៅតាមទីក្រុង ចំណែកខ្លួនជាអ្នកទទួលបន្ទុកទាក់ទងជាមួយកម្មាភិបាលចាស់ពីសម័យក្រោយកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងហ្សឺណែវឆ្នាំ១៩៥៤។ ក្នុងការអនុវត្ដភារកិច្ចនេះ ខ្លួនទាក់ទងបាន ភូមិភាគពាយ័ព្យ ភូមិភាគនិរតី និងបាត់ដំបង។ ចំណែកឯ ប៉ុល ពត ទាក់ទងបាន
កម្មាភិបាលភូមិភាគបូព៌ាគឺឈ្មោះសោភឹម។ ក្រោយពីទាក់ទងបានកម្មាភិបាលទាំងនេះនួនជាបានស្នើឱ្យស៊ើបសួរពីសភាពការណ៍នៅតាមជនបទ។ ចំណែកឯ ប៉ុល ពត ស៊ើបសួរសភាពការណ៍នៅទីក្រុង។ នួន ជា យល់ថា នៅជនបទភាគច្រើន ៨៥ភាគរយជាកសិករក្រីក្រដែលត្រូវបានជិះជាន់ដោយមេភូមិ មេឃុំប៉ូលិស ទាហាននិងអ្នកមាន។ល។ រីឯប៉ុលពតក្ដាប់បានសភាពការណ៍ថាមានមន្ដ្រីរាជការតូចតាចមួយចំនួនដែលមានជីវភាពខ្វះខាត។ នួនជាបានសង្កត់ធ្ងន់ថា កសិករក្រីក្រនិងមន្ដ្រីរាជការដែលមានឋានៈតូចតាចទាំងនេះដែលនឹងត្រូវមើលឃើញកម្លាំងដែលត្រូវទាក់ទាញ(“នេះយើងត្រូវឃើញកម្លាំង”)។
នួន ជា បានលើកឡើង ថា មុននឹងធ្វើមាគ៌ានយោបាយ បក្សបានធ្វើការវិភាគអំពីធាតុពិតនៃសង្គមកម្ពុជានៅពេលនោះ។ បន្ទាប់ពីសិក្សាអំពីសភាពការណ៍នៅពេល នោះ បក្សពិនិត្យឃើញថា សង្គមកម្ពុជាគឺជាសង្គមពាក់កណ្ដាលអាណានិគម និងពាក់កណ្ដាលសក្ដិភូមិ។
ជនជាប់ចោទបានបន្ថែមថា “សង្គមកម្ពុជា ជាសង្គមពាក់កណ្ដាលអាណានិគម ពីព្រោះវានៅមានកម្អែលអាណានិគមនៅឡើយ វាមិនទាន់ឯករាជ្យសុទ្ធសាធនៅឡើយទេ”។ ហើយជាសង្គមពាក់កណ្ដាលសក្ដិភូមិ ពីព្រោះវាមានរបបនាយទុន ហើយវាមិនមែនសក្ដិភូមិទាំងដុលទេ។ ដូចនេះបើធាតុពិតនៃសង្គមកម្ពុជា ជាសង្គមពាក់កណ្ដាលអាណានិគមពាក់កណ្ដាលសក្ដិភូមិ យើងត្រូវធ្វើបដិវត្ដន៍ជាតិប្រជាធិបតេយ្យ”។ នួន ជា បានបញ្ជាក់ថា ធាតុពិតរបស់បដិវត្ដន៍កម្ពុជានៅពេលនោះគឺជា“បដិវត្ដន៍ប្រជាជាតិប្រជាធិបតេយ្យ”។ ពាក្យ“បដិវត្ដន៍ប្រជាជាតិ” មានន័យថា គឺកម្ចាត់ ឥទ្ធិពលរបស់អាណានិគម ពាក់កណ្ដាលអាណានិគម ចំណែកឯពាក្យ “ប្រជាធិបតេយ្យ” គឺកម្ចាត់ឥទ្ធិពលរបស់ពួកសក្ដិភូមិម្ចាស់ដី។ ដូចនេះសត្រូវរបស់បដិវត្ដន៍ប្រជាជាតិប្រជាធិបតេយ្យ គឺ“កម្អែលបរទេសដែលនៅប្រើអំណាចអាជ្ញាមកលើប្រជាជនខ្មែរនេះគឺជាសត្រូវដែលត្រូវដុសលាង។ឯពាក់កណ្ដាលសក្ដិភូមិគឺទាមទារឱ្យកសិករតស៊ូបន្ថយឈ្នួលស្រែ ការប្រាក់ បុលបណ្ដាក់”។
នួន ជា បានបញ្ជាក់ថា “ដូចនេះមិនមែនយកមនុស្សជាសត្រូវទេ ខ្ញុំសូមជម្រាប គឺយកការប្រព្រឹត្ដរបស់គេជាសត្រូវ” ។ “តើនរណាជាកម្លាំងបដិវត្ដន៍?” ។ នួន ជា បានបក ស្រាយថា “ពេលនោះគឺ កសិករក្រ កសិករកណ្ដាលថ្នាក់ក្រោម ក្រោមសម្ព័ន្ធភាពរបស់កម្មករ កសិករ ជាកម្លាំងបដិវត្ដន៍របស់បដិវត្ដន៍ប្រជាជាតិប្រជាធិបតេយ្យ ខ្ញុំសូមជម្រាប ឱ្យច្បាស់ ឯក្រៅពីនេះ គឺអ្នកដែលមានស្មារតីស្នេហាជាតិ ស្មារតីប្រជាធិបតេយ្យ ក៏យើងត្រូវប្រមូលដែរ យើងមិនបដិសេធអ្នកណាទេ ដូចជាកសិករកណ្ដាល ឬកសិករមាន ទោះបីជាធ្លាប់មានការជិះជាន់ខាងបុលបណ្ដាក់ខ្លះ ក៏យើងមិនចាត់ទុកជាសត្រូវដែរ ត្រូវប្រមូលកម្លាំងអស់នេះមកចូលក្នុងបដិវត្ដន៍ប្រជាជាតិប្រជាធិបតេយ្យ។”
នួន ជា បានបន្ថែមថា នៅក្នុងការកសាងកម្លាំងបដិវត្ដន៍ បក្សបានបង្កើតមាគ៌ាយុទ្ធ វិធី ដែលជាទូទៅហៅថា “មាគ៌ារណសិរ្សរួបរួមជាតិ” ដោយរណសិរ្សរួមរួបរួមជាតិនេះ ធ្វើការប្រមូលកម្លាំងគ្រប់ជនជាតិទាំងអស់ដែលមានស្មារតីជាតិ ស្មារតីស្នេហាប្រជាជន មិនរើសអើងពីអតីតកាល មិនថាជនជាតិភាគតិច មិនថាជនជាតិភាគច្រើន ចូលមករួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដើម្បីតស៊ូកម្ចាត់របបពាក់កណ្ដាលអាណានិគម ពាក់កណ្ដាលសក្ដិភូមិ។ ចំណែកវិធីសាស្ដ្រនៃការធ្វើបដិវត្ដន៍ គឺចាប់ផ្ដើម ធ្វើពីចុងកាត់មាត់ញក រាលដាលទៅទីប្រជុំជន ទៅតាមទីរួមស្រុក គឺប្រៀបដូចជាដំណក់ប្រេង ដែលកាលនោះខ្លួនបានប្រើពាក្យថា “ធ្វើបដិវត្ដន៍របៀបដំណក់ប្រេង” ហើយធ្វើការតស៊ូ ដោយស្របច្បាប់ ពាក់កណ្ដាលស្របច្បាប់ មិនស្របច្បាប់ តស៊ូទាំងនយោបាយ តស៊ូទាំងសេដ្ឋកិច្ច តស៊ូទាំងវប្បធម៌ ហើយបើចាំបាច់ត្រូវតស៊ូទាំងអាវុធនិងនយោបាយរួមផ្សំគ្នា។ ជនជាប់ចោទរូបនេះបានលើកឡើងពាក់ព័ន្ធនឹង ពាក្យស្លោកក្នុងការធ្វើបដិវត្ដន៍ នួន ជា និយាយថា “ដើម្បីសម្រេចបដិវត្ដន៍ប្រជាជាតិប្រជាធិបតេយ្យ តស៊ូយូរអង្វែង លំបាកវេទនា ខ្លួនទីពឹងខ្លួន ខ្លួនសម្រេចវាសនាជាតិខ្លួនដោយខ្លួនឯង បើចាំបាច់ក៏យើងមានការទាក់ទងជាមួយមិត្ដប្រទេសជាមិត្ដដែលស្នេហាសន្ដិភាព ស្នេហាយុត្ដិធម៌ផងដែរ ហើយការតស៊ូនេះ ដើម្បីការពារជាតិ បូរណភាពដែនដីនៃប្រទេសយើង អានេះពាក្យស្លោក។”
នួន ជា បានបញ្ជាក់ថា ក្រោយពីបក្សមានមាគ៌ាយុទ្ធសាស្ដ្រ និង មាគ៌ាយុទ្ធវិធី ចលនាបដិវត្ដន៍ក៏ចេះតែមានការរីកចម្រើនជាលំដាប់រហូតដល់វាយឈ្នះរបប លន់ នល់ ឆ្នាំ១៩៧៥។
ការចូលរួមក្នុងចលនាបដិវត្ដន៍បន្ទាប់ពីត្រឡប់មកពីប្រទេសថៃក្នុងឆ្នាំ១៩៥១វិញ ជនជាប់ចោទ នួន ជា បានចូលរួមយ៉ាងសកម្មក្នុងចលនាបដិវត្ដន៍នៅកម្ពុជា។ ក្រោយ ពេលមកដល់ប្រទេសកម្ពុជាភ្លាម នួន ជា បានចាប់ផ្ដើមធ្វើសកម្មភាពបះបោរប្រជាជនឱ្យប្រឆាំងនឹងការជិះជាន់របស់បារាំងតាមរយៈការសរសេរអត្ថបទកាសែតមួយចំនួន។ សកម្មភាពទាំងនេះត្រូវបានគាំទ្រ និងផ្ដល់ជំនួយដោយបក្សកុម្មុយនិស្ដថៃ និង បក្សកុម្មុយនិស្ដវៀតណាម។
បន្ទាប់មកនៅឆ្នាំ១៩៥៣ នួន ជា បានទៅទទួលវគ្គបណ្ដុះបណ្ដាលផ្នែកនយោបាយនៅ ប្រទេសវៀតណាមចំនួនពីរឆ្នាំ។ វគ្គសិក្សានៅពេលនោះផ្ដោតជាសំខាន់ទៅលើ“ការ ប្រយុទ្ធប្រឆាំងនឹងផ្នែកសតិអារម្មណ៍”។ ក្រោយពីរៀនចប់នៅវៀតណាម នួន ជា បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយបានចូលរួមជាមួយ ប៉ុល ពត ដើម្បីជួយកិច្ចការរបស់ ទូ សាមុត។ ក្រោយពី ទូ សាមុត ណែនាំឱ្យបង្កើតមាគ៌ានយោបាយរបស់បក្ស នួន ជា និង ប៉ុល ពត មានតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលកសាងកម្លាំង និង បំផុសបំផុលប្រជាជនឱ្យចូលរួមធ្វើបដិវត្ដន៍។ បន្ថែមលើនេះ នៅពេលដែល ប៉ុល ពត និង អៀង សារី ទៅតាំងទីស្នាក់ការនៅព្រំដែនវៀតណាម ក្រោយពីមានការប្រកាសពីបុគ្គលឆ្វេងនិយមចំនួន៣៤នាក់ ជនជាប់ចោទ នួន ជា គឺជាបុគ្គលសំខាន់ម្នាក់ដែលមាននាទីតាមដានសភាពការណ៍នៅទីក្រុងភ្នំពេញ ហើយរាយការណ៍ទៅ ប៉ុល ពត។ តួនាទីសំខាន់មួយទៀតរបស់ជនជាប់ចោទ នួន ជា គឺការអប់រំនយោបាយរបស់បក្សទៅដល់កម្មាភិបាលថ្នាក់ក្រោម។ នួន ជា និយាយថា ខ្លួនមានតួនាទីសំខាន់ក្នុងការអប់រំនយោបាយដល់កម្មាភិបាលថ្នាក់ក្រោមៗ ដោយផ្អែកលើទស្សនាវដ្ដីទង់បដិវត្ដន៍ និងឯកសារមួយចំនួនទៀត ដូចជា ឯកសារលោកទស្សនៈ សង្គមទស្សនៈ ឯកសារស្ដីពីការបែងវណ្ណៈក្នុងសង្គម ដែលខ្លួនបានអនុវត្ដន៍តាំងពីមុនរបបកម្ពុជាប្រជាធិបតេយ្យមកម្ល៉េះ។
ពាក់ព័ន្ធនឹងការជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ជនជាប់ចោទ នួន ជា បានបញ្ជាក់ថា នៅពាក់កណ្ដាលឆ្នាំ១៩៧៤ មានកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍ និងគណៈមជ្ឈិមមិនពេញអង្គមួយដើម្បីធ្វើការសម្រេចបញ្ហាជម្លៀសនេះ។ នៅក្នុងកិច្ចប្រជុំនោះមិនមានវត្ដមានជនជាប់ចោទ ខៀវ សំផន និង អៀង សារី ឡើយ។ ព្រោះពេលនោះ អៀង សារី កំពុងស្ថិតនៅឯបទេស។ចំណែកឯ ខៀវ សំផន
មិនទាន់មានសិទ្ធិសម្រេចក្នុងការជម្លៀសប្រជាជនឡើយ ដោយសារពេលនោះជនជាប់ចោទនេះមិនទាន់ក្លាយជាសមាជិករបស់គណៈមជ្ឈិម ឬរបស់គណៈ អចិន្ដ្រៃយ៍ឡើយ។ ជនជាប់ចោទ នួន ជា បានបន្ថែមថា ក្រោយពីការបញ្ចប់កិច្ចប្រជុំស្ដីពីការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ សេចក្ដីសម្រេចនេះត្រូវបានផ្សព្វផ្សាយទៅតាមភូមិភាគនីមួយៗ។ ជនជាប់ចោទ នួន ជា បានលើកឡើងថា ស្ថានភាពរស់នៅទីក្រុងភ្នំពេញ នៅពេលនោះមានការលំបាកវេទនា ប្រជាជនមួយចំនួនធំហូបមិនគ្រប់គ្រាន់ ហើយមានមួយចំនួនទៀតបានស្លាប់ដោយសារអត់អាហារបរិភោគ។ ដូចនេះការជម្លៀសទៅតាមជនបទ គឺជាការល្អ ព្រោះនៅទីនោះប្រជាជនមានជីវភាពគ្រាន់បើ ហើយថែមទាំងមានដីសម្រាប់ធ្វើកសិកម្មទៀតផង ហើយម្យ៉ាងវិញទៀតក៏ដើម្បីតាមដានសភាពការណ៍ និងបញ្ចៀសការសម្លាប់ប្រជាជន ដែលពេលនោះវៀតណាមមានបំណងវាយចូលទីក្រុងភ្នំពេញផងដែរ។
ជនជាប់ចោទ នួន ជា បានលើកឡើងថា នៅពេលជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ ខ្លួនបានប្រាប់ដល់កម្មាភិបាលថ្នាក់ក្រោមៗថា ប្រជាជនដែលធ្លាប់រស់នៅទីក្រុងភ្នំពេញឱ្យធ្វើការតិចតួចបានហើយ ព្រោះពួកគេមិនធ្លាប់ធ្វើការធ្ងន់ៗ ហើយឱ្យហូបមួយថ្ងៃបីពេល រួមទាំងឱ្យបង្អែមហូប១ដងក្នុងមួយសបា្ដហ៍ទៀតផង បន្ថែមលើនេះខ្លួនថែមទាំងបានអប់រំដល់អ្នកនៅមូលដ្ឋានមិនឱ្យមានការរើសអើងទៅលើប្រជា ជនថ្មីឡើយ។ ផ្ទុយទៅវិញ ជនជាប់ចោទ នួន ជា បានលើកឡើងថា បក្សកុម្មុយនិស្ដកម្ពុជាគឺ ជាបក្សស្នេហាជាតិ លះបង់អ្វីៗដើម្បីជាតិ ហើយមិនដែលសម្លាប់ប្រជាជនខ្មែរឡើយ អ្នកដែលសម្លាប់ប្រជាជន និងធ្វើបាបប្រជាជន គឺអ្នកមានសមាសភាពមិនល្អនៅក្នុងសហករណ៍ដែលធ្វើសកម្មភាពដើម្បីបំផ្លាញបដិវត្ដន៍។
ការបង្កើតកងទ័ពបដិវត្ដន៍កម្ពុជាពាក់ព័ន្ធទៅនឹងការបង្កើតកងទ័ពបដិវត្ដន៍ ជនជាប់ ចោទ នួន ជា បានបញ្ជាក់ថា បក្សបានកំណត់យកថ្ងៃទី១២ ខែមករា ឆ្នាំ១៩៦៨
គឺជាកាលបរិច្ឆេទនៃការបង្កើតកងទ័ពបដិវត្ដន៍។ ក្រោយពីចលនាបះបោរនៅសំឡូត កងទព័របស់ លន់ នល់ បានទៅបង្រ្កាបយ៉ាងសាហាវឃោរឃៅ។ ដោយការភ័យខ្លាចនូវការបង្ក្រាបនេះ ប្រជាជននៅសំឡូតបានរត់ទៅរស់នៅតាមព្រៃភ្នំ ហើយបន្ទាប់មកអ្នកទាំងនោះមានគ្នាប្រហែល៧នាក់ បាននាំគ្នាទៅវាយប្រហារលើប៉ុស្ដិ៍ប៉ូលិសនៅបាយដំរាំ ហើយបានរឹបអូសយកអាវុធបានមួយចំនួន។ បន្ទាប់ពីការវាយនៅបាយដំរាំនេះ កងកម្លាំងទាំងនោះបានបន្ដវាយជាបន្ដបន្ទាប់ទៅលើកងទព័របស់ លន់ នល់ រហូតទៅដល់១៧ខេត្ដ។
នៅអំឡុងពេលនៃការសាកសួរដេញដោលនេះ មានការកត់សម្គាល់ឃើញថា ជន ជាប់ចោទ នួន ជា បានព្យាយាមឆ្លើយតបស្ទើរគ្រប់សំណួរដែលចៅក្រមចោទសួរមកលើខ្លួន ដោយរៀបរាប់បានយ៉ាងក្បោះក្បាយពីប្រវត្ដិសកម្មភាពតស៊ូរបស់ខ្លួន។នៅពេលមានការសាកសួរដេញដោលពីសំណាក់សហព្រះរាជអាជ្ញាដែលជាអ្នកចោទប្រកាន់ដាក់បន្ទុកមកលើខ្លួន ជនជាប់ចោទ នួន ជា ភាគច្រើនបានបដិសេធ ឬ អះអាង ថា ខ្លួនមិនយល់អំពីអ្វីដែលសហព្រះរាជអាជ្ញាចង់សួរមកលើខ្លួនឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ជនជាប់ចោទ នួន ជា បានព្យាយាមបដិសេធម្ដងហើយម្ដងទៀតទៅលើភស្ដុតាងដែលសហព្រះរាជអាជ្ញា បានបង្ហាញនៅអំឡុងពេលសវនាការ៕
No comments:
Post a Comment