Monday, April 02, 2012

ស្ថាប័ន​ឃ្លាំមើល​សេរីភាព​ចង់​ឲ្យ​អាមេរិក​ពិនិត្យ​រឿង​នយោបាយ​នៅ​កម្ពុជា

Richard Solomon, president of the United States Institute of Peace

Click on the control below to listen to the audio program:

2012-04-02
ដោយ តាំង សារ៉ាដា
Radio Free Asia

ស្ថាប័ន​ឃ្លាំមើល​សិទ្ធិ​សេរីភាព និង​ប្រជាធិបតេយ្យ​របស់​អាមេរិក ដែល​មាន​មូលដ្ឋាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន (Washington) បាន​ជំរុញ​ឲ្យ​សកម្មជន​ខ្មែរ​នៅ​ក្រៅ​ស្រុក​ទាំង​អស់ រួប​រួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ស្វែង​រក​ការ​គាំទ្រ​នានា​ពី​តាម​បណ្ដា​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន ដើម្បី​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានា​ពេញលេញ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី និង​យុត្តិធម៌​នៅ​ពេល​ខាង​មុខ

អ្នក​សង្កេតការណ៍​ខាង​ផ្នែក​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​សហរដ្ឋ​អាមេរិក បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុម​សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​ឲ្យ​មាន​ទស្សនវិស័យ និង​ចក្ខុវិស័យ​ជ្រៅ​ថែម​ទៀត ក្នុង​ការ​ចង​ក្រង​បណ្ដាញ​របស់​ខ្លួន ដើម្បី​គិតគូរ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា

លោក​អគ្គរដ្ឋទូត រីឆាដ សូឡូម៉ុន (Richard Solomon) ជា​ប្រធាន​វិទ្យាស្ថាន​សហរដ្ឋ​អាមេរិក​ដើម្បី​សន្តិភាព មាន​មូលដ្ឋាន​ផ្ទាល់​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក រីឆាដ ធ្លាប់​បាន​ចូល​រួម​តាក់តែង​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​១៩៩១ ក្នុង​ការ​នាំ​យក​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដល់​កម្ពុជា។


លោក​មាន​ប្រសាសន៍​ថា សហគមន៍​ខ្មែរ​ទាំង​ក្នុង និង​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក គួរ​បង្កើត​បណ្ដាញ​របស់​ខ្លួន​ឲ្យ​រឹង​ម៉ាំ ដើម្បី​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ទាមទារ​ឲ្យ​សហគមន៍​អន្តរជាតិ ឬ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន អាច​ជួយ​ដាក់​សម្ពាធ​ដល់​កម្ពុជា ក្នុង​បរិបទ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​គោរព​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស



លោក រីឆាដ សូឡូម៉ុន៖ «បញ្ហា​សំខាន់​ចំពោះ​មុខ​ដែល​ត្រូវ​ធ្វើ​នោះ គឺ​អស់​លោក​ទាំង​អស់​គ្នា​គួរ​នាំ​គ្នា​បង្កើត​បណ្ដាញ​ចម្រុះ​មួយ ដែល​ព្យាយាម​ឲ្យ​មាន​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ក៏​ដូច​អង្គការ​សហប្រជាជាតិ​ដើម្បី​ឲ្យ​អ្នក​ទាំង​នោះ​ពិនិត្យ​មើល​ឡើង​វិញ គាំទ្រ​ឲ្យ​មាន​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស»។

អនុសាសន៍​របស់​លោក ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា កន្លង​ទៅ ខណៈ​អង្គការ​ខ្មែរ​អាមេរិក​ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​វីជីនៀ (Virginia) សមាគម​ចាស់​ព្រឹទ្ធាចារ្យ និង​សមាគម​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាដែលព្យា (Philadelphia) ដាក់​បង្ហាញ​ញត្តិ​របស់​ពួកគេ​ដែល​កើត​ចេញ​តាម​រយៈ​ពិធី​រំលឹក​ខួប​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លើក​ទី​២០ កាល​ពី​ខែ​តុលា ឆ្នាំ​មុន។

លោក រីឆាដ សូឡូម៉ុន មាន​ប្រសាសន៍​ថា លោក​នឹង​ជំរុញ​ឲ្យ​ក្រុម​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក យក​ចិត្ត​ទុក​ដាក់​ថែម​ទៀត​ក្នុង​ការ​ពិនិត្យ​មើល​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា៖ «ទាក់ទិន​នឹង​បញ្ហា​នេះ ខ្ញុំ​នឹង​ជជែក​ជាមួយ​លោក ឃឺត ខាំប៊ែល (Kurt Kambell) ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក និង​មនុស្ស បន្ទាប់​ពី​គាត់ គឺ​លោក ចូសិប យន់ (Joseph Yun) ថា តើ​បរិបទ​នៃ​ប្រទេស​កម្ពុជា ដូច​ដែល​អស់​លោក​បាន​លើក​ឡើង​នេះ អាច​មាន​នៅ​ក្នុង​របៀបវារៈ​នៃ​កិច្ចការ​របស់​គេ​ដែរ ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ទាន់​ហ៊ាន​ធានា​ទេ។ គន្លឹះ​សំខាន់​មួយ​ទៀត​ខ្ញុំ​នឹង​ផ្ញើ​លិខិត​ទៅ​អគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ពីព្រោះ​គាត់​ក៏​ជា​មនុស្ស​ម្នាក់​ធ្លាប់​ចូល​រួម​ពាក់ព័ន្ធ​ជាមួយ​នឹង​ដំណើរ​ការ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នោះ​ដែរ។ ប្រសិន​បើ​ខ្ញុំ​ឮ​ដំណឹង​អ្វី​ពី​គាត់​នោះ ខ្ញុំ​នឹង​សុំ​ឲ្យ​គាត់​ផ្ដល់​បុគ្គលិក​សំខាន់​របស់​គាត់​ណា​ម្នាក់ ដើម្បី​ជួយ​ពិភាក្សា និង​ស្ដាប់​អំពី​កង្វល់​របស់​អស់​លោក»។

សហគមន៍​ខ្មែរ​នៅ​ឯ​នាយ​សមុទ្រ​បាន​ពិនិត្យ​ឃើញ​ថា រាជ​រដ្ឋាភិបាល​មិន​បាន​ចាត់​វិធានការ​ចាំបាច់​នានា ដែល​មាន​ចែង​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទាក់ទង​នឹង​ការ​ការពារ​អធិបតេយ្យភាព ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ពិត​ប្រាកដ ការ​ធានា​ឲ្យ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។ សហគមន៍​ខ្មែរ​អាមេរិកាំង​ក៏​បាន​បង្ហាញ​អំពី​ភាព​បាត់បង់​ជំនឿ​លើ​ឯករាជ​ភាព​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ករណី​ជន​អន្តោប្រវេសន៍​វៀតណាម ហូរ​ចូល​យ៉ាង​គំហុក​ដែល​គ្មាន​វិធានការ​ទប់​ស្កាត់ ការ​ឈ្លានពាន​ព្រំដែន​ពី​បណ្ដា​ប្រទេស​ជិត​ខាង ជា​ពិសេស​ប្រទេស​វៀតណាម និង​ការ​ទាមទារ​ឲ្យ​មេដឹកនាំ​គណបក្ស​ប្រឆាំង សម រង្ស៊ី អាច​វិល​ចូល​ប្រឡូក​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

ប្រធាន​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ លោក យ៉ាប់ គឹមទឹង បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លទ្ធផល​នៃ​ជំនួប​ជា​លោក រីឆាដ សូឡូម៉ុន បាន​ធ្វើ​ឡើង​ប្រកប​ដោយ​ភាព​វិជ្ជមាន ដែល​នាំ​ឲ្យ​ក្រុម​របស់​លោក​មាន​សង្ឃឹម​ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ​នយោបាយ​ប្រកប​ដោយ​សន្តិភាព​សម្រាប់​ពលរដ្ឋ​ខ្មែរ ខណៈ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហាក់​កំពុង​ដើរ​ថយ​ក្រោយ​នោះ។

ជាមួយ​គ្នា​នេះ​ផង​ដែរ អ៊ូ គឹមហួត ដែល​ជា​អតីត​ប្រធាន​សមាគម​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាដែលព្យា នៃ​រដ្ឋ​ផេនស៊ីលវានៀ (Pennsylvania) មាន​ប្រសាសន៍​ថា ក្រុម​របស់​លោក ក៏​ដូច​ជា​សហគមន៍​ខ្មែរ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំង​អស់ នឹង​ខិតខំ​ប្រឹងប្រែង​បន្ត​ទៅ​មុខ​ទៀត ដើម្បី​ធ្វើ​កិច្ចការ​របស់​ខ្លួន​ក្នុង​ការ​ស្វែង​រក​សិទ្ធិ​សេរីភាព និង​សុភមង្គល​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស។

ក្រុម​អ្នក​វិភាគ​នយោបាយ​ខ្លះ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ការ​កក​ស្ទះ​នូវ​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​ខ្មែរ​មិន​អាច​ដោះស្រាយ​ជូន​សង្គម​របស់​ខ្លួន​នៅ​ពេល​បច្ចុប្បន្ន គេ​ឃើញ​មាន​ដូច​ជា​បញ្ហា​អត់​ការងារ​ធ្វើ បញ្ហា​ប្រាក់​ខែ​គ្រូ​បង្រៀន និង​មន្ត្រី​រាជការ​មាន​កម្រិត​ទាប មិន​អាច​រស់​បាន​ក្នុង​សេចក្ដី​ថ្លៃថ្នូរ ការ​បំផ្លាញ​ធនធាន​ធម្មជាតិ អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ឋានសួគ៌​គ្មាន​ទោសពៃរ៍​ជាដើម​នោះ អាច​នាំ​កម្ពុជា ឆ្ពោះ​ទៅ​រក​អស្ថិរភាព​ដ៏​ធ្ងន់ធ្ងរ។


ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ព្រំ សៅរ៍នរ៉ា ដែល​ជា​សមាជិក​ស្ថាបនិក​មួយ​រូប​ក្នុង​អង្គការ​ខ្មែរ​អាមេរិកាំង ដើម្បី​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ថ្លែង​ថា ដើម្បី​ឲ្យ​ប្រទេស​មួយ​មាន​ការ​ផ្លាស់ប្ដូរ​របត់​នយោបាយ​របស់​ខ្លួន​បាន លុះ​ត្រា​ប្រជាពលរដ្ឋ​ទាំង​អស់​ហ៊ាន​ក្រោក​ឈរ​តវ៉ា​បង្ហាញ​អន្តរជាតិ​ឲ្យ​ដឹង​អំពី​អំពី​ភាព​អយុត្តិធម៌ និង​អំពី​ការ​រឹតត្បិត​របស់​អាជ្ញាធរ។

ប៉ុន្តែ​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​បង្ហាញ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​ដោះ​ស្រាយ​វិបត្តិ​ព្រំដែន​ដោយ​សន្តិវិធី។


ទោះ​បី​ជា​យ៉ាង​ណា​ក៏​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នឹង​ជំរុញ​ឲ្យ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​អស់ ដាក់​សំពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ដែល​កំពុង​ដឹក​នាំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នោះ ធ្វើ​យ៉ាង​ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស​របស់​ខ្លួន​ឲ្យ​បាន។ បញ្ហា​ធំៗ​ទាំង​នោះ​មាន​ដូចជា ករណី​ទំនាស់​ដីធ្លី​ធ្ងន់ធ្ងរ រដែ​ ញាំញី​ដោយ​គោលនយោបាយ​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​ដែល​កំពុង​កក​ស្ទះ​ដោះ​មិន​ទាន់​រួច​នោះ៕

5 comments:

Anonymous said...

បើលោក​ បានគីមូន ធ្លាប់ដឹងពីសន្និសិទ ប៉ារីស
១៩៩១ មែននោះ ហេតុអ្វី លោក មិនអើពើ
ពីរឿង យួន ឈ្លានពានខ្មែរផង ឬទុកឱ្យយួន
លេបកម្ពុជា។

Anonymous said...

ឱ្យខ្មែរងើបក្រោកឈរ យ៉ាងមេច បើងើបបន្តិច
ហ៊ុនសែន នឹងក្ដិចភ្លាម។

Anonymous said...

We need to get together to make plan for the big event. It there is a green light, why not.
Make Cambodia a democratic state, different than the regimes of ah kanchas xihanook, Lon Nol, Khmer rouge and ah kwak CPP.

Anonymous said...

​​​​Why the real Khmer Rouge leader Norodom Sihanouk aka ( SDACH ​ PEAL ស្ដាចន៍ពាល) did not attend at the Khmer Rouge Court ?​​​​​​

Anonymous said...

អង្គការលើដែលជាក្រុមឃាតករជីវិតខ្មែរប្រមាណបី
លាននាក់បានបន្សល់ទុកនៅផ្លែផ្កាគឺរាជនិងរដ្ឋ​អំណាចខ្មែរសព្វថ្ងៃនេះ។

អាស្រ៍យហេតុដូច្នេះហើយទើបបានជាសាលាក្តី
ខ្មែរក្រហមត្រូវបានពួកវារំខានយកជើងរាទឹក
គ្រប់ពេលដើម្បីលាក់ការពិតលាក់ឈ្មោះ លាក់មុខមាត់ក្រុមពួកវាដែលជាឃាដករ ប្រឆាំងមនុស្សជាតិ។

ដើម្បីសង្រ្គោះជាតិខ្មែរឲ្យរុងរឿងមានយុត្តិធម៌ បានសុខសន្តិភាពពិតប្រាកដ គឺត្រូវតែមានអគ្គមគ្គុទេសខ្មែរថ្មី ដែលដុះចេញអំពីខ្មែររងគ្រោះគឺផ្ទុយអំពី រាជនិងរដ្ឋអំណាចសព្វថ្ងៃដែលដុះចេញអំពី អង្គការលើខ្មែរក្រហម។

ប៉ារីស៍ព្រឹកថ្ងៃទី២៧មិនា២០១២
អក្សរភាសាខ្មែរ