ពាក្យប្រស្នា អំពី អ្នកស្រុកសាម៉ារីម្នាក់ មានចិត្តសប្បុរស
Parable of the Good Samaritan
ពេលនោះ
មានបណ្ឌិតខាងវិន័យម្នាក់ ក្រោកឈរ ទូលសួរព្រះយេស៊ូ
ក្នុងគោលបំណង ចង់ចាប់កំហុសព្រះអង្គថា៖
«លោកគ្រូ, តើខ្ញុំត្រូវធ្វើអ្វីខ្លះ ដើម្បីអោយបានទទួល ជីវិតអស់កល្បជានិច្ច?»
ព្រះយេស៊ូ មានព្រះបន្ទូលទៅគាត់ថា៖ «តើក្នុងក្រឹត្យវិន័យ, មានចែងអ្វីខ្លះ? ពេលលោកអាន, តើលោកយល់យ៉ាងណា?»
គាត់ទូលឆ្លើយទៅព្រះយេស៊ូថា៖ «ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក អោយអស់ពីចិត្តគំនិត,
អស់ពីស្មារតី, អស់ពីកម្លាំង, និងអស់ពីប្រាជ្ញា។ ហើយ ត្រូវស្រឡាញ់ បងប្អូនឯទៀតៗ អោយបានដូចស្រឡាញ់ខ្លួនឯងដែរ។»
ព្រះយេស៊ូ មានព្រះបន្ទូលទៅគាត់ថា៖ «លោកឆ្លើយត្រឹមត្រូវល្អណាស់។ សុំធ្វើដូច្នេះទៅ, នោះ លោកនឹងមានជីវិត អស់កល្បជាមិនខាន។»
ប៉ុន្តែ
អាចារ្យនោះ ចង់បង្ហាញថា
សំណួររបស់គាត់ ជាសំណួរត្រឹមត្រូវ។ គាត់ក៏សួរព្រះយេស៊ូទៀតថា៖
«តើ នរណា ជាបងប្អូន របស់ខ្ញុំ?»
ព្រះយេស៊ូ មានព្រះបន្ទូលថា៖
«មានបុរសម្នាក់ ធ្វើដំណើរចុះពីក្រុងយេរូសាឡឹម ឆ្ពោះទៅក្រុងយេរីខូ។ គាត់ធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់ពួកចោរ។ គេប្លន់គាត់ ថែមទាំងវាយដំគាត់ អោយរបួសជាទម្ងន់, រួចនាំគ្នារត់បាត់អស់ទៅ, ទុកគាត់ចោល នៅស្ដូកស្ដឹង បាត់ស្មារតី មិនដឹងខ្លួន។ ពេលនោះ មានបូជាចារ្យមួយរូប ធ្វើដំណើរចុះតាមផ្លូវនោះ។
គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ មានម្នាក់ពីក្រុមលេវី ដើរមកដល់កន្លែងនោះដែរ។ គាត់ឃើញបុរសនោះ ក៏ដើរវាងហួសទៅ។ គាប់ជួនជាមានអ្នកស្រុកសាម៉ារីម្នាក់
ធ្វើដំណើរមកតាមផ្លូវនោះដែរ។ គាត់ឃើញបុរសនោះ, គាត់មានចិត្តអាណិតអាសូរ ពន់ពេកណាស់។ គាត់ចូលទៅជិតអ្នករបួស, យកប្រេង និងស្រា ចាក់ពីលើមុខរបួស, រុំរបួសអោយ, រួចគាត់ លើកអ្នករបួស ដាក់លើជំនិះ របស់គាត់, នាំទៅផ្ទះសំណាក់, ហើយថែទាំអ្នករបួសនោះ។ ស្អែកឡើង គាត់យកប្រាក់ ប្រគល់អោយម្ចាស់ផ្ទះសំណាក់ទាំងផ្ដាំថា, “សូមថែទាំបុរសនេះផង។ ប្រសិនបើ អ្នកចំណាយលើសពីប្រាក់នេះ ពេលខ្ញុំត្រឡប់មកវិញ, ខ្ញុំនឹងជូនបង្គ្រប់។” ក្នុងចំណោមមនុស្សទាំងបីនាក់ តើលោកយល់ថា អ្នកណាចាត់ទុកខ្លួន ជាបងប្អូននឹងបុរស ដែលធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់ពួកចោរប្លន់នោះ?»
អាចារ្យឆ្លើយថា៖
«គឺ អ្នកដែលមានចិត្តមេត្តាករុណាចំពោះគាត់។»
ព្រះយេស៊ូ មានព្រះបន្ទូលទៅគាត់ថា៖ «សុំលោកអញ្ជើញទៅចុះ, ហើយប្រព្រឹត្ត អោយបានដូចអ្នកនោះទៅ។»
No comments:
Post a Comment