Monday, April 23, 2012

In celebration of FORGIVENESS and second chances -- ប្រស្នា​អំពី​ កូន​ពៅ​ដែល​បាត់ ហើយ​រក​ឃើញ​វិញ


ប្រស្នា​អំពី​ កូន​ពៅ​ដែល​បាត់ ហើយ​រក​ឃើញ​វិញ
Parable of the Lost Son



ព្រះយេស៊ូ​ មាន​ព្រះបន្ទូល​ទៀត​ថា៖ «មាន​បុរស​មួយ​រូប​ មាន​កូន​ប្រុស​ពីរ​នាក់។  កូន​ពៅ ​និយាយ​ទៅ​ឪពុក​ថា, លោក​ឪពុក! សូម​ចែក​កេរមត៌ក ​អោយ​កូន​មក។ ឪពុក​ក៏​ចែក​មត៌ក​ អោយ​កូន។
 
 «ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក កូន​ពៅ​ប្រមូល​ទ្រព្យសម្បត្តិ, រួច​ចាក​ចេញ​ទៅ​ស្រុក​ឆ្ងាយ។  នៅ​ស្រុក​នោះ កូន​ពៅ​បាន​ខ្ជះខ្ជាយ​ បង្ហិន​ទ្រព្យសម្បត្តិ ​របស់​ខ្លួន​អស់​ទៅ។  ពេល​ចាយ​វាយ​ទ្រព្យសម្បត្តិ​អស់​ហើយ ជួន​ជា​កើត​ទុរ្ភិក្ស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ស្រុក។  កូន​ពៅ​នោះ​ ចាប់​ផ្ដើម​ខ្វះ​ខាត។  គាត់​ក៏​ទៅ​ស៊ី​ឈ្នួល​អ្នក​ស្រុក​ម្នាក់។  គេ​ប្រើ​គាត់​អោយ​មើល​ជ្រូក​តាម​ស្រែ​ចំការ។  គាត់​ចង់​ ចំអែត​ក្រពះ ​នឹង​ចំណី ​ដែល​គេ​ដាក់​អោយ​ជ្រូក​ស៊ី​នោះ​ណាស់, តែ​គ្មាន​អ្នក​ណា​អោយ​បរិភោគ​ឡើយ។
 
 «ពេល​នោះ កូន​ពៅ​ភ្ញាក់​ខ្លួន, ហើយ​រិះគិត​ក្នុង​ចិត្ត​ថាអ្នក​បំរើ​របស់​ឪពុក​អញ ​សុទ្ធ​តែ​មាន​ម្ហូប​អាហារ​បរិភោគ​ហូរហៀរ​ទាំង​អស់​គ្នា, រីឯ​នៅ​ទី​នេះ​វិញ អញ​សឹង​តែ​ដាច់​ពោះ​ស្លាប់។  អញ​ត្រូវ​តែ​វិល​ត្រឡប់ ​ទៅ​រក​ឪពុក​អញ​វិញ, ហើយ​ជំរាប​គាត់​ថា៖ លោក​ឪពុក, កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ ខុស​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។  កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប ​ខុស​នឹង​លោក​ឪពុក​ដែរ។  មិន​គួរ​អោយ​លោក​ឪពុក ​រាប់​ខ្ញុំ​នេះ​ ជា​កូន​ទៀត​ទេ។  សូម​លោក​ឪពុក ​ចាត់​ទុក​កូន​ជា​អ្នក​បំរើ​ចុះ។”  លុះ​គិត​ដូច្នោះ​ហើយ កូន​ពៅ​ក៏​វិល​ត្រឡប់​ទៅ​រក​ឪពុក​វិញ។ 


 «កាល​ឪពុក​ឃើញ​កូន​ពី​ចម្ងាយ គាត់​មាន​ចិត្ត​អាណិត​អាសូរ​ក្រៃលែង ​ក៏​រត់​ទៅ​ទទួល​កូន, ហើយ​ឱប​ថើប​ទៀត​ផង។
 
 «កូន​ពៅ​ជំរាប​ឪពុក​ថាលោក​ឪពុក, កូន​បាន​ប្រព្រឹត្ត​អំពើ​បាប​ ខុស​នឹង​ព្រះហឫទ័យ​របស់​ព្រះជាម្ចាស់។  កូន​ក៏​បាន​ប្រព្រឹត្ត​អំពើ​បាប​ ខុស​នឹង​លោក​ឪពុក​ដែរ។  មិន​គួរ​អោយ​លោក​ឪពុក​រាប់​ខ្ញុំ​នេះ ជា​កូន​ទៀត​ទេ។

 «ឪពុក​ប្រាប់​ពួក​អ្នក​បំរើ​ថា ចូរ​ទៅ​យក​សម្លៀកបំពាក់​ល្អៗ​បំផុត មក​ពាក់​អោយ​កូន​ខ្ញុំ​ជា​ប្រញាប់, ហើយ​យក​ចិញ្ចៀន និង​ស្បែក​ជើង​ មក​ពាក់​អោយ​ផង។  ចូរ​យក​កូន​គោ​ដែល​យើង​បាន​បំប៉ន​ទុក មក​កាប់​ជប់លៀង​អោយ​សប្បាយចុះ, ដ្បិត​កូន​ខ្ញុំ​នេះ​ បាន​ស្លាប់​ទៅ​ហើយ, តែ​ឥឡូវ​រស់​ឡើង​វិញ វា​វង្វេង​បាត់ តែ​ឥឡូវ​នេះ ខ្ញុំ​រក​ឃើញ​វិញ​ហើយ។  គេ​នាំ​គ្នា​ជប់លៀង​យ៉ាង​សប្បាយ។  


 «ពេល​នោះ កូន​ច្បង​នៅ​ឯ​ចំការ។  កាល​គាត់​ត្រឡប់​មក​ជិត​ដល់​ផ្ទះ​វិញ ឮ​ស្នូរ​តូរ្យ​តន្ត្រី និង​ចំរៀង​របាំ។  គាត់​ហៅ​អ្នក​បំរើ​ម្នាក់​មក​សួរ​ថា មាន​ការ​អ្វី​កើត​ឡើង។  អ្នក​បំរើ​ឆ្លើយ​ថាប្អូន​លោក​ត្រឡប់​មក​វិញ​ហើយ។  ឪពុក​របស់​លោក ​អោយ​គេ​កាប់​កូន​គោ​ដែល​យើង​បំប៉ន​នោះ, ព្រោះ​កូន​ពៅ​របស់​លោក​ បាន​ត្រឡប់​មក​វិញ​ដោយ​សុខសាន្ត។” 


«កូន​ច្បង​ខឹង​ណាស់​, មិន​ព្រម​ចូល​ផ្ទះ​ទេ។  ឪពុក​ចេញ​មក​អង្វរ​អោយ​ចូល។  កូន​ច្បង​និយាយ​ទៅ​ឪពុក​ថា ខ្ញុំ​បាន​នៅ​បំរើ​លោក​ ជា​ច្រើន​ឆ្នាំ​មក​ហើយ។  ខ្ញុំ​មិន​ដែល​ធ្វើ​ខុស​ នឹង​បទ​បញ្ជា​របស់​លោក​ត្រង់​ណា​ឡើយ, តែ​លោក​មិន​ដែល​អោយ​កូន​ពពែ ដើម្បី​អោយ​ខ្ញុំ​កាប់​ជប់លៀង ​ជា​មួយ​មិត្តភក្ដិ​ទាល់​តែ​សោះ, សូម្បី​តែ​មួយ​ក៏​មិន​ដែល​ផង។  ពេល​កូន​លោក​ត្រឡប់​មក​វិញ, លោក​បាន​កាប់​កូន​គោ​បំប៉ន​ទទួល​វា។  មើល៍វា​នេះ បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​លោក​ទាំង​អស់ ​ជា​មួយ​ស្រី​ញី។ 


 «ឪពុក​និយាយ​ទៅ​កូន​ថា កូន​អើយ ឯង​នៅ​ជា​មួយ​ឪពុក​ ជានិច្ច​រហូត​ ណា​កូន។  អ្វីៗ​ទាំង​អស់​ដែល​ជា​របស់​ឪពុក, ក៏​ជា​របស់​កូន​ដែរ។  យើង​ត្រូវ​តែ​សប្បាយ​ រីករាយ ដ្បិត​ប្អូន​របស់​ឯង​ដែល​បាន​ស្លាប់​ទៅ​នោះ, ឥឡូវ​នេះ រស់​ឡើង​វិញ​ហើយ។  វា​បាន​វង្វេង​បាត់, តែ​ឥឡូវ​នេះ យើង​រក​ឃើញ​វិញ​ហើយ។”» 









1 comment:

Anonymous said...

ameakphonteh...