Thursday, April 12, 2012

In celebration of WISDOM -- សុភាសិត ៦

 
 
កុំ​ធានា​សង​បំណុល​ជំនួស​គេ
 
កូន​អើយ​ ប្រសិន​បើ​កូន​ធានា​បង​ប្អូន​ណា​ម្នាក់​ដែល​ជំពាក់​បំណុល​គេ, ប្រសិន​បើ​កូន​បាន​សន្យា​ផ្ទាល់​មាត់ និង​ជាប់​សំដី​ក្នុង​រឿង​នេះ, បាន​សេចក្ដី​ថា​ កូ​ ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​បង​ប្អូន​នោះ​ហើយ។  ដូច្នេះ កូន​ត្រូវ​តែ​ទៅ​ជួប​អ្នក​នោះ, ហើយ​អង្វរ​ករ និង​រំអុក​សុំ​រំដោះ​ខ្លួន​អោយ​រួច។  កុំ​ដេក​កុំ​សំរាក​ឡើយ, គឺ​ខំ​ប្រឹង​រើបំរះ​អោយ​ទាល់​តែ​រួច​ខ្លួន, ដូច​ឈ្លូស និង​បក្សី​ខំ​ប្រឹង​រំដោះ​ខ្លួន អោយ​រួច​ពី​អន្ទាក់​របស់​ព្រាន។ 
 
មនុស្ស​កំជិល 
 
កូន​កំជិល​អើយ ចូរ​ទៅ​មើល​ស្រមោច, ហើយ​ពិចារណា​អំពី​ការ​រស់​នៅ​របស់​វា, រួច​យក​មេរៀន​ពី​វា​ទៅ។  វា​គ្មាន​អ្នក​ត្រួតត្រា, គ្មាន​មេ​កើយ, គ្មាន​ថៅកែ​ទេ, តែ​នៅ​រដូវ​ក្ដៅ ​វា​ប្រមូល​ចំណី, នៅ​រដូវ​ចំរូត វា​សន្សំ​ស្បៀង​ទុក។  ជន​កំជិល​អើយ តើ​អ្នក​នៅ​តែ​ដេក​ដល់​ណា​ទៀត?  តើ​ដល់​អង្កាល់​ទើប​ភ្ញាក់​ឡើង?  អ្នក​ចង់​ដេក​ថែម​បន្តិច, ចង់​ដំអក់​បន្តិច, ដេក​ឱប​ដៃ​បន្តិច។  ធ្វើ​ដូច្នេះ ​អ្នក​នឹង​ខ្វះ​ខាត, ហើយ​ធ្លាក់​ខ្លួន​ក្រ​ភ្លាម, ដោយ​មិន​ដឹង​ខ្លួន ដូច​មាន​ចោរ​ចូល​លួច​ប្លន់។ 
 
មនុស្ស​ពាល 
 
អ្នក​ណា​ដើរ​សាប​ព្រោះ​ពាក្យ​មិន​ពិត, អ្នក​នោះ​ជា​មនុស្ស​ចោលម្សៀត និង​ទុច្ចរិត។  គេ​មិច​ភ្នែក លើក​ដៃ​លើក​ជើង​ជា​សញ្ញា, មាន​ចិត្ត​ពាល, ​ហើយ​រិះគិត​ធ្វើ​អាក្រក់​គ្រប់​ពេល​វេលា និង​បង្ក​ជំលោះ។  ហេតុ​នេះ គេ​មុខ​ជា​វិនាស​យ៉ាង​ទាន់ហន់, ព្រម​ទាំង​ត្រូវ​អន្តរាយ​មួយ​រំពេច, ​រក​អ្វី​មក​កែកុន​ពុំ​បាន។ 
 
អំពើ​ដែល​ពុំ​គាប់​ព្រះហឫទ័យ​ព្រះអម្ចាស់ 
 
មាន​អំពើ​ប្រាំ​មួយ ឬ​ប្រាំពីរ​យ៉ាង ដែល​ព្រះអម្ចាស់​មិន​សព្វ​ព្រះហឫទ័យ, ហើយ​មិន​អាច​ទ្រាំទ្រ​បាន​គឺ៖
 
ការ​វាយឫក​ខ្ពស់, ការ​ពោល​ពាក្យ​កុហក, ការ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់, ការ​រិះគិត​ធ្វើ​អំពើ​ទុច្ចរិត, ការ​រត់​ទៅ​ប្រព្រឹត្ត​អំពើ​អាក្រក់, ធ្វើ​ជា​សាក្សី​ក្លែងក្លាយ ដែល​ពោល​ពាក្យ​មិន​ពិត និង​ការ​បង្ក​ជំលោះ​បំបាក់​បំបែក​បង​ប្អូន។ 
 
កុំ​ផិត​ក្បត់​ស្វាមី​ភរិយា 
 
កូន​អើយ​ ចូរ​ស្ដាប់​ឱវាទ​របស់​ឪពុក, កុំ​ចោល​ដំបូន្មាន​របស់​ម្ដាយ។  ចូរ​ចង​ចាំ​ទុក​ក្នុង​ចិត្ត។  ​ចូរ​រក្សា​ជាប់​នឹង​ខ្លួន​ដូច​គ្រឿង​អលង្ការ។  ពេល​កូន​ទៅ​ណា​មក​ណា​ ដំបូន្មាន​នេះ ​នាំ​ផ្លូវ​កូន, ​ការពារ​កូន​ក្នុង​ពេល​ដេក, ហើយ​សារ​ស័ព្ទ​ជា​មួយ​កូន​នៅ​ពេល​កូន​ភ្ញាក់, ដ្បិត​ឱវាទ​ប្រៀប​បាន​នឹង​ចង្កៀង, ដំបូន្មាន​ជា​ពន្លឺ, ហើយ​ការ​ប្រៀនប្រដៅ​ជា​ផ្លូវ​នាំ​ទៅ​កាន់​ជីវិត។  ពាក្យ​ដាស់​តឿន​ទាំង​នេះ ការពារ​កូន​កុំ​អោយ​ចាញ់​បោក​ស្រី​ទុច្ចរិត។  ​កុំ​អោយ​ចាញ់​បញ្ឆោត​ពាក្យ​ផ្អែមល្ហែម​របស់​ស្ត្រី​ក្បត់​ប្ដី។  កុំ​មាន​ចិត្ត​ពុះ​កញ្ជ្រោល​នឹង​សម្ផស្ស​របស់​ស្រី​របៀប​នេះ​ឡើយ. ហើយ​ក៏​កុំ​បណ្ដោយ​អោយ​ចិត្ត​អ្នក​ឈ្លក់​វង្វេង​ទៅ​តាម​កែវ​ភ្នែក​របស់​គេ​ដែរ។  ស្រី​ពេស្យា​ចង់​បាន​នំបុ័ង​តែ​មួយ​ដុំ​ប៉ុណ្ណោះ. រីឯ​ស្ត្រី​ក្បត់​ប្ដី​វិញ គេ​ទាមទារ​យក​អ្វីៗ​ទាំង​អស់​ដ៏​មាន​តម្លៃ។ 
 
តើ​មាន​នរណា​យក​ភ្លើង​មក​ឱប. ហើយ​ភ្លើង​មិន​ឆេះ​អាវ​ទាំង​មូល?  តើ​មាន​នរណា​ដើរ​លើ​រងើក​ភ្លើង. ហើយ​មិន​រលាក​ជើង?  រីឯ​អ្នក​ដែល​ប៉ះពាល់​ប្រពន្ធ​គេ ​ក៏​ដូច្នោះ​ដែរ. គឺ​ត្រូវ​តែ​ទទួល​ផល​វិបាក​ជានិច្ច។  ចោរ​លួច​គេ​ដើម្បី​គ្រាន់​តែ​ចំអែត​ក្រពះ​ដែល​ឃ្លាន​នោះ. គ្មាន​នរណា​មើលងាយ​ទេ។   តែ​បើ​គេ​ចាប់​បាន ចោរ​នោះ​ ត្រូវ​តែ​សង​មួយ​ជា​ប្រាំពីរ .ហើយ​ខាត​បង់​អ្វីៗ​ទាំង​អស់​ដែល​ខ្លួន​មាន​ផង។  អ្នក​ណា​លួច​ប្រពន្ធ​គេ, ​អ្នក​នោះ​ជា​មនុស្ស​មិន​ចេះ​ពិចារណា. ដ្បិត​ប្រព្រឹត្ត​យ៉ាង​នេះ នាំ​តែ​វិនាស​ខ្លួន​ឯង។  អ្នក​នោះ​នឹង​ទទួល​ទោស​បាត់បង់​កិត្តិយស. ហើយ​ត្រូវ​ខ្មាស​គេ​រហូត, ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ, ហើយ​ថ្ងៃ​មួយ​គេ​នឹង​សងសឹក​ឥត​ត្រា​ប្រណី​ឡើយ។  គេ​មិន​ព្រម​ទទួល​សំណង។  គេ​មិន​អត់ទោស​អោយ, ​ទោះ​បី​យក​ជំងឺ​ចិត្ត, ​ទៅ​សង​ច្រើន​យ៉ាង​ណា​ក៏​ដោយ។ 
 
 
 

No comments: