Friday, April 20, 2012

In celebration of WISDOM -- សុភាសិត ១៣


 កូន​មាន​ប្រាជ្ញា ​តែងតែ​ស្ដាប់​ពាក្យ​ទូន្មាន​របស់​ឪពុក។  
រីឯ​កូន​ព្រហើន ​មិន​ព្រម​ស្ដាប់​ការ​ស្ដី​ប្រដៅ​ទេ។ 

 មនុស្ស​ម្នាក់ៗ​ ទទួល​ផល​ល្អ ​ដោយសារ​ពាក្យ​សំដី​របស់​ខ្លួន។  
រីឯ​មនុស្ស​ក្បត់ ​រមែង​ទទួល​អំពើ​ហិង្សា។ 

 អ្នក​ណា​ចេះ​ប្រយ័ត្ន​ពាក្យ​សំដី, អ្នក​នោះ​ការពារ​ជីវិត​របស់​ខ្លួន។  
រីឯ​អ្នក​ដែល​ចេះ​តែ​ហា​មាត់​និយាយ ​រមែង​នាំ​អោយ​ខ្លួន​ឯង​វិនាស។ 

 សេចក្ដី​ប៉ងប្រាថ្នា​របស់​មនុស្ស​ខ្ជិល មិន​ដែល​បាន​សំរេច​ទេ។  
រីឯ​មនុស្ស​ឧស្សាហ៍ រមែង​ទទួល​នូវ​អ្វីៗ​ដែល​ខ្លួន​ចង់​បាន។ 

 មនុស្ស​សុចរិត ​តែងតែ​ស្អប់​ពាក្យ​កុហក។  
រីឯ​មនុស្ស​អាក្រក់ ​តែងតែ​និយាយ​មួល​បង្កាច់ និង​បង្ខូច​ឈ្មោះ​គេ។ 

 សេចក្ដី​សុចរិត ​តែងតែ​ការពារ​មនុស្ស​ទៀងត្រង់។  
រីឯ​អំពើ​បាប​ បណ្ដាល​អោយ​មនុស្ស​អាក្រក់​វិនាស។

 អ្នក​ខ្លះ​ តាំង​ខ្លួន​ជា​អ្នក​មាន ​តែ​ក្រ​រហាម។  
រីឯ​អ្នក​ខ្លះ​ទៀត​ ដាក់​ខ្លួន​ជា​អ្នក​ក្រ ​តែ​មាន​ស្ដុកស្ដម្ភ។ 

 អ្នក​មាន ​តែងតែ​អាង​លើ​ទ្រព្យ ដើម្បី​ធានា​ជីវិត​របស់​ខ្លួន។  
រីឯ​អ្នក​ក្រីក្រ​វិញ ​គ្មាន​នរណា​គំរាមកំហែង​គេ​ឡើយ។ 


 មនុស្ស​សុចរិត ​ប្រៀប​ដូច​ជា​ពន្លឺ​ត្រចះត្រចង់។  
រីឯ​មនុស្ស​អាក្រក់ ​ប្រៀប​ដូច​ជា​ចង្កៀង​រលត់។ 

 ការ​វាយឫក​ធំ ​តែងតែ​បង្ក​អោយ​មាន​ទំនាស់។  
រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ដំបូន្មាន ​ជា​មនុស្ស​មាន​ប្រាជ្ញា។ 

 ទ្រព្យ​រក​បាន​រហ័ស​ បាត់បង់​ក៏​រហ័ស​ដែរ។  
រីឯ​ទ្រព្យ​រក​បាន​ដោយ​សន្សំ រមែង​កើន​ឡើង​ជា​ដរាប។ 

 ការ​អស់​សង្ឃឹម​ តែងតែ​នាំ​អោយ​ព្រួយ​ចិត្ត។  
រីឯ​ការ​សំរេច​ដូច​បំណង ប្រៀប​បាន​នឹង​ដើម​ឈើ​ដែល​មាន​ជីវិត។ 

 អ្នក​ណា​មើលងាយ​ព្រះបន្ទូល, អ្នក​នោះ​រមែង​មាន​ទោស។  
រីឯ​អ្នក​ដែល​គោរព​ព្រះបញ្ជា ​តែងតែ​ទទួល​រង្វាន់។ 

 ការ​ប្រៀនប្រដៅ​របស់​មនុស្ស​សុចរិត​ ជា​ប្រភព​នៃ​ជីវិត, 
ហើយ​ការពារ​ជីវិត ​អោយ​រួច​ពី​អន្ទាក់​ នៃ​សេចក្ដី​ស្លាប់។ 

 មនុស្ស​ចេះ​គិត​ពិចារណា តែងតែ​មាន​គេ​គោរព។  
រីឯ​មនុស្ស​ដែល​គេ​ទុក​ចិត្ត​មិន​បាន តែងតែ​វិនាស។ 

 មនុស្ស​ឆ្លាត រមែង​គិត​មុន​នឹង​គូរ។  
រីឯ​មនុស្ស​ខ្លៅ ​តែងតែ​លាត​ត្រដាង​ភាព​ល្ងីល្ងើ​របស់​ខ្លួន។ 

 អ្នក​នាំ​សារ​ដែល​ជា​មនុស្ស​អាក្រក់ តែងតែ​ធ្លាក់​ខ្លួន​អន្តរាយ។  
រីឯ​ទូត​ដ៏​ស្មោះ​ត្រង់ តែងតែ​នាំ​សេចក្ដី​សុខ។ 

 អ្នកដែល​មិន​ទទួល​ការ​អប់រំ រមែង​ធ្លាក់​ខ្លួន​ក្រ, 
ហើយ​ត្រូវ​គេ​មើលងាយ។  
រីឯ​អ្នក​ដែល​សុខ​ចិត្ត​ទទួល​ការ​ស្ដី​ប្រដៅ តែងតែ​មាន​កិត្តិយស។ 

 សេចក្ដី​ប៉ងប្រាថ្នា​ដែល​បាន​សំរេច រមែង​នាំ​អោយ​សប្បាយ​ចិត្ត។  
រីឯ​មនុស្ស​ខ្លៅ​ មិន​ចូល​ចិត្ត​លះបង់​គំនិត​អាក្រក់​របស់​ខ្លួន​ចោល​ទេ។ 

 នៅ​ជា​មួយ​មនុស្ស​មាន​ប្រាជ្ញា ​នាំ​អោយ​ខ្លួន​មាន​ប្រាជ្ញា, 
តែ​សេពគប់​ជា​មួយ​មនុស្ស​ខ្លៅ នាំ​អោយ​ខ្លួន​ទៅ​ជា​មនុស្ស​អាក្រក់។ 

 មនុស្ស​មាន​បាប ​តែងតែ​ជួប​នឹង​ទុក្ខ​វេទនា។  
រីឯ​មនុស្ស​សុចរិត តែងតែ​ទទួល​សុភមង្គល​ទុក​ជា​រង្វាន់។ 

 មនុស្ស​សប្បុរស ​តែងតែ​មាន​មត៌ក​ទុក​ចែក​អោយ​កូន​ចៅ។  
រីឯ​មនុស្ស​បាប តែងតែ​ប្រមូល​ទ្រព្យ​ទុក​សំរាប់​មនុស្ស​សុចរិត។ 
 
ស្រែ​ចំការ​ដែល​ជន​ក្រីក្រ​ភ្ជួរ​រាស់ តែងតែ​បង្កើត​ផល​យ៉ាង​បរិបូណ៌, 
ប៉ុន្តែ មាន​អ្នក​ខ្លះ​ ស្លាប់​ព្រោះ​តែ​ខ្វះ​យុត្តិធម៌។ 

 អ្នក​ណា​មិន​សូវ​ប្រើ​រំពាត់, អ្នក​នោះ ​មិន​ស្រឡាញ់​កូន​ទេ។  
រីឯ​អ្នក​ដែល​ស្រឡាញ់​កូន ​តែងតែ​វាយ​ប្រដៅ​វា។ 

 មនុស្ស​សុចរិត​ តែងតែ​មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់​ជា​ដរាប។  
រីឯ​មនុស្ស​អាក្រក់ ​តែងតែ​អត់​បាយ។

  

4 comments:

Anonymous said...

so pea set khmer chang ta: ches mok pi ren, mean mok pi rok!

Anonymous said...

God word is true all the time.

Anonymous said...

Ameakphonteh...

Anonymous said...

HUN SEN :
Jes mok pi luoch,
Mean mok pi tveu Jor.