Saturday, April 21, 2012

In celebration of WISDOM -- សុភាសិត ១៤



 
 
ស្ត្រី​មាន​ប្រាជ្ញា​ តែងតែ​កសាង​គ្រួសារ​របស់​ខ្លួន,
រីឯ​ស្ត្រី​ឥត​មារយាទ ​តែងតែ​បំផ្លាញ​គ្រួសារ ដោយ​ដៃ​របស់​ខ្លួន​ផ្ទាល់។ 
 
អ្នក​ដែល​ដើរ​តាម​ផ្លូវ​ទៀងត្រង់ តែងតែ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់, 
រីឯ​អ្នក​ដែល​ដើរ​តាម​ផ្លូវ​វៀចវេរ តែងតែ​មើលងាយ​ព្រះអង្គ។ 
 
មនុស្ស​ល្ងង់​ខ្លៅ​ ហា​មាត់​និយាយ​តែ​ពាក្យ​អួតអាង, 
រីឯ​ពាក្យ​សំដី​របស់​អ្នក​ប្រាជ្ញ ​តែងតែ​ការពារ​ខ្លួន។ 
 
អ្នក​ណា​គ្មាន​គោ​ភ្ជួរ​ស្រែ អ្នក​នោះ​ក៏​គ្មាន​ស្រូវ​ដាក់​ក្នុង​ជង្រុក​ដែរ។ 
គេ​ទទួល​បាន​ភោគផល​ច្រើន ដោយសារ​កម្លាំង​របស់​គោ។ 
 
សាក្សី​គួរ​អោយ​ទុក​ចិត្ត មិន​ដែល​និយាយ​កុហក​ទេ, 
រីឯ​សាក្សី​ក្លែងក្លាយ ​តែងតែ​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​គ្រប់​យ៉ាង។ 
 
មនុស្ស​ព្រហើន​ ខំ​ស្វែង​រក​ប្រាជ្ញា តែ​រក​មិន​ឃើញ​ទេ, 
រីឯ​មនុស្ស​ដែល​ចេះ​គិត​ពិចារណា រក​តម្រិះ​បាន​យ៉ាង​ងាយ។ 
  
ចូរ​ចៀស​អោយ​ឆ្ងាយ​ពី​មនុស្ស​ខ្លៅ, 
ព្រោះ​មិន​ដែល​មាន​ពាក្យ​ចេះ​ដឹង​ណា​ចេញ​ពី​មាត់​អ្នក​នោះ​ឡើយ។ 
 
ប្រាជ្ញា​ របស់​មនុស្ស​ឆ្លាត គឺ​ការ​យល់​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​កំពុង​ដើរ, 
រីឯ​ភាព​ល្ងីល្ងើ​របស់​មនុស្ស​ខ្លៅ គឺ​កលល្បិច​របស់​ខ្លួន។ 
 
មនុស្ស​ល្ងីល្ងើ​ មិន​រវីរវល់​នឹង​បាប​របស់​ខ្លួន​ទេ, 
រីឯ​មនុស្ស​ទៀងត្រង់ ​តែងតែ​គាប់​ព្រះហឫទ័យ​ព្រះជាម្ចាស់។ 
 
ចិត្ត​ដែល​កើត​ទុក្ខ រមែង​ឈឺ​ចាប់​តែ​ម្នាក់​ឯង, 
ហើយ​ពេល​មាន​អំណរ អ្នក​ក្រៅ​ពុំ​អាច​រំលែក​បាន​ឡើយ។ 
 
ផ្ទះ​របស់​មនុស្ស​អាក្រក់ ​នឹង​ត្រូវ​រលំ, 
រីឯ​ជំរំ​របស់​មនុស្ស​ទៀងត្រង់ នឹង​ចំរុងចំរើន។ 
 
មនុស្ស​ខ្លះ​យល់​ថា ផ្លូវ​ដែល​ខ្លួន​ដើរ​ជា​ផ្លូវ​ត្រឹម​ត្រូវ, 
ក៏​ប៉ុន្តែ នៅ​ទី​បំផុត ផ្លូវ​នោះ​នាំ​ទៅ​រក​សេចក្ដី​ស្លាប់។ 
 
ការ​សើច​សប្បាយ​ អាច​បង្កប់​នូវ​ទុក្ខ​លំបាក​ក្នុង​ចិត្ត, 
ហើយ​នៅ​ទី​បំផុត​ អំណរ​សប្បាយ អាច​ក្លាយ​ទៅ​ជា​ទុក្ខ​ព្រួ
 
មនុស្ស​គ្មាន​សីលធម៌​ តែងតែ​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត, 
រីឯ​មនុស្ស​សប្បុរស ​រមែង​ទទួល​ផល​គាប់​ប្រសើរ។ 
 
មនុស្ស​ឆោត ​ជឿ​ពាក្យ​គេ​ទាំង​អស់, 
រីឯ​មនុស្ស​ឆ្លាត មិន​ធ្វើ​អ្វី​ដោយ​ឥត​គិត​ពិចារណា​ឡើយ។ 
 
មនុស្ស​ មាន​ប្រាជ្ញា ​តែងតែ​ខ្លាច និង​ចៀសវាង​ប្រព្រឹត្ត​អំពើ​អាក្រក់,
រីឯ​មនុស្ស​ល្ងង់ខ្លៅ​ ឆាប់​ប្រព្រឹត្ត​អំពើ​អាក្រក់, ព្រោះ​ទុក​ចិត្ត​លើ​ខ្លួន​ឯង។
 
អ្នក​រហ័ស​ខឹង ​តែងតែ​ប្រព្រឹត្ត​អំពើ​ផ្ដេសផ្ដាស, 
រីឯ​អ្នក​ដែល​មាន​កលល្បិច តែងតែ​ធ្វើ​អោយ​គេ​ស្អប់។ 
 
មនុស្ស​ឆោត​ តែងតែ​ទទួល​ភាព​ល្ងីល្ងើ​ទុក​ជា​មត៌ក,
រីឯ​មនុស្ស​ឆ្លាត រមែង​ទទួល​យក​ការ​ចេះ​ដឹង​ទុក​ជា​កិត្តិយស។ 
 
មនុស្ស​អាក្រក់​ មុខ​ជា​អោន​កាយ គោរព​មនុស្ស​ល្អ, 
ហើយ​ឈរ​ចាំ​នៅ​មាត់​ទ្វារ​ផ្ទះ​របស់​មនុស្ស​សុចរិត។ 
 
អ្នក​ក្រីក្រ ​តែងតែ​មាន​គេ​ស្អប់, សូម្បី​តែ​អ្នក​ជិតដិត​ក៏​មិន​រាប់​អាន​ដែរ, 
រីឯ​អ្នក​មាន​វិញ​ សម្បូណ៌​អ្នក​រាប់​អាន​ណាស់។ 
 
អ្នក​ណា​មើលងាយ​អ្នក​ដទៃ អ្នក​នោះ​ជា​មនុស្ស​បាប, 
រីឯ​អ្នក​ដែល​មាន​ចិត្ត​មេត្តា​ដល់​ជន​ក្រីក្រ នឹង​មាន​សុភមង្គល។
 
អស់​អ្នក​ដែល​មាន​បំណង​អាក្រក់ តែងតែ​ត្រូវ​វង្វេង, 
រីឯ​អ្នក​ដែល​មាន​បំណង​ល្អ រមែង​មាន​ចិត្ត​សប្បុរស និង​ស្មោះ​ត្រង់។ 
 
អ្នក​ណា​ធ្វើ​ការ អ្នក​នោះ​តែងតែ​ទទួល​ប្រាក់​ចិញ្ចឹម​ជីវិត, 
រីឯ​អ្នក​ដែល​ពូកែ​ព្រោកប្រាជ្ញ ​រមែង​ធ្លាក់​ខ្លួន​ក្រ។ 
 
សម្បត្តិ​ស្ដុកស្ដម្ភ ជា​រង្វាន់​របស់​មនុស្ស​មាន​ប្រាជ្ញា, 
រីឯ​មនុស្ស​ល្ងង់ខ្លៅ​នៅ​តែ​ល្ងង់ខ្លៅ​ដដែល។ 
  
សាក្សី​ដែល​គេ​ទុក​ចិត្ត ​តែងតែ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ច្រើន, 
រីឯ​អ្នក​ដែល​ស្រដី​ចេញ​នូវ​ពាក្យ​កុហក​ រមែង​នាំ​អោយ​វិនាស។ 
  
អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះអម្ចាស់, ​អ្នក​នោះ​មាន​ទី​បង្អែក​ដ៏​រឹងមាំ, 
ហើយ​ព្រះអង្គ​ធ្វើ​ជា​ជំរក​ដល់​កូន​ចៅ​របស់​គេ។ 
 
ការ​គោរព​កោត​ខ្លាច​ព្រះអម្ចាស់ ​ជា​ប្រភព​នៃ​ជីវិត, 
ហើយ​ ការពារ​ខ្លួន ​អោយ​រួច​ផុត​ពី​អន្ទាក់​របស់​សេចក្ដី​ស្លាប់។ 
 
ព្រះ​មហាក្សត្រ​ បាន​រុងរឿង​ដោយសារ​មាន​ប្រជារាស្ត្រ, 
តែ​បើ​ប្រជារាស្ត្រ​ចុះ​អន់ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។ 
 
អ្នក​ណា​ចេះ​អត់ធ្មត់, អ្នក​នោះ​មាន​ប្រាជ្ញា​វាងវៃ, 
រីឯ​អ្នក​ដែល​រហ័ស​ខឹង រមែង​បង្ហាញ​នូវ​ភាព​លេលា​របស់​ខ្លួន។ 
  
ចិត្ត​ស្ងប់ ​តែងតែ​ធ្វើ​អោយ​មាន​សុខភាព​ល្អ, 
រីឯ​ចិត្ត​ច្រណែននិន្ទា ប្រៀប​ដូច​ជា​មហារីក​នៅ​ក្នុង​ឆ្អឹង។ 
 
អ្នក​ណាសង្កត់សង្កិន​ជន​ក្រីក្រ, អ្នក​នោះ​ប្រមាថ​ព្រះជាម្ចាស់ ​ដែល​បាន​បង្កើត​ពួក​គេ។  
អ្នក​ណា​ជួយ​ជន​ក្រីក្រ, អ្នក​នោះ​លើក​តម្កើង​ព្រះអង្គ​វិញ។ 
 
មនុស្ស​អាក្រក់ ​តែងតែ​ទទួល​បរាជ័យ ​ដោយសារ​អំពើ​អាក្រក់​របស់​ខ្លួន, 
រីឯ​មនុស្ស​សុចរិត, ទោះ​បី​ក្នុង​ពេល​ស្លាប់​ក្ដី, ក៏​នៅ​តែ​មាន​ទីពឹង​ជានិច្ច។ 
 
សេចក្ដី​សុចរិត តែងតែ​លើក​តម្កើង​ប្រជាជាតិ​មួយ, 
រីឯ​អំពើ​បាប ​រមែង​ធ្វើ​អោយ​ជាតិ​សាសន៍​ទាំងឡាយ​ត្រូវ​អាម៉ាស់​មុខ។ 
 
ព្រះ​មហាក្សត្រ​ តែងតែ​សព្វ​ព្រះហឫទ័យ​នឹង​មន្ត្រី​ណា​ដែល​មាន​សុភនិច្ឆ័យ, 
តែ​ទ្រង់​ខ្ញាល់​នឹង​មន្ត្រី​ដែល​បង្ក​ភាព​អាម៉ាស់។ 
 
 
 
 

No comments: