បរិភោគបាយកកតែមានសេចក្ដីសុខ
ប្រសើរជាងជប់លៀងនៅផ្ទះមួយដែលមានតែការឈ្លោះគ្នា។
អ្នកបំរើឆ្លាត រមែងត្រួតត្រាលើកូនដ៏ថោកទាបរបស់ចៅហ្វាយ,
ព្រមទាំងទទួលចំណែកមត៌កក្នុងគ្រួសារនោះផង។
គេអាចស្គាល់តម្លៃមាស និងប្រាក់ ដោយសារដុតក្នុងភ្លើង,
រីឯចិត្តមនុស្សវិញ មានតែព្រះអម្ចាស់ទេ ដែលអាចលត់ដំដើម្បីស្គាល់តម្លៃ។
មនុស្សមានបំណងអាក្រក់ រមែងយកចិត្តទុកដាក់ស្ដាប់ពាក្យអាក្រក់,
ហើយមនុស្សកុហក រមែងផ្ទៀងត្រចៀកស្ដាប់ពាក្យមួលបង្កាច់។
អ្នកមើលងាយជនក្រីក្រ ដូចជាប្រមាថព្រះជាម្ចាស់ដែលបង្កើតគេ,
រីឯអ្នកសើចចំអកដាក់ជនរងគ្រោះ នឹងត្រូវមានទោស។
ចៅ រមែងធ្វើអោយជីតាមានកិត្តិយស,
រីឯកូនបានខ្ពស់មុខ ព្រោះតែឪពុក។
ពាក្យថ្លៃថ្នូរ មិនសមជាសំដីរបស់មនុស្សល្ងីល្ងើទេ,
ហើយពាក្យកុហក ក៏មិនសមចេញពីមាត់របស់អ្នកដឹកនាំដែរ។
អ្នកសូក នឹកស្មានថា
អ្នកចង់បានមិត្តភាព តែងតែបំភ្លេចកំហុស,
រីឯអ្នកដែលរំឭកកំហុស រមែងធ្វើអោយមិត្តភាពរលាយ។
ស្ដីប្រដៅមនុស្សចេះដឹងតែមួយម៉ាត់
មានប្រសិទ្ធភាព ជាងវាយមនុស្សល្ងីល្ងើមួយរយដំបង។
មនុស្សទុច្ចរិត គិតតែបះបោរ,
ប៉ុន្តែ គេនឹងចាត់ពេជ្ឈឃាតកំណាច អោយទៅបង្ក្រាបអ្នកនោះ។
ជួបមេខ្លាឃ្មុំព្រាត់កូន
ប្រសើរជាងជួបមនុស្សល្ងីល្ងើដែលល្ងង់ហួស។
អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ
ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
បង្កជំលោះ ប្រៀបបាននឹងទំលាយទំនប់ទឹក;
ចូរដកខ្លួនថយ មុននឹងជំលោះផ្ទុះឡើង។
អ្នកដែលចាត់ទុកមនុស្សជាប់ទោស ថាគ្មានទោស,
និងអ្នកដែលចាត់ទុកមនុស្សគ្មានកំហុស ថាមានកំហុស
មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ទេ។
ប្រាក់នៅក្នុងដៃមនុស្សខ្លៅ គ្មានប្រយោជន៍អ្វីទេ,
ព្រោះទិញប្រាជ្ញាមិនបាន, ដ្បិតអ្នកនោះ មិនចេះគិត ពិចារណាអ្វីសោះ។
កល្យាណមិត្ត តែងតែស្រឡាញ់គ្នាគ្រប់ពេលវេលា,
រីឯបងប្អូនវិញ តែងតែចាំជួយគ្នាក្នុងពេលមានទុក្ខធុរៈ។
អ្នកណាធានាសងបំណុលជួសអ្នកដទៃ,
អ្នកនោះមិនចេះគិតពិចារណាទេ។
អ្នកដែលចូលចិត្តសន្សំរឿង រមែងចូលចិត្តអំពើបាប;
អ្នកណានិយាយអួតបំប៉ោង, អ្នកនោះ ស្វែងរកមហន្តរាយ។
មនុស្សមានកលល្បិច មិនស្គាល់សុភមង្គលទេ,
ហើយ មនុស្សសំដីអាក្រក់ រមែងជួបគ្រោះកាច។
អ្នកណាបង្កើតកូនល្ងីល្ងើ, អ្នកនោះ ស្គាល់តែទុក្ខព្រួយ,
រីឯឪពុករបស់មនុស្សលេលា មិនដែលស្គាល់អំណរសប្បាយទេ។
ចិត្តសប្បាយ រមែងនាំអោយជាសះស្បើយ,
រីឯចិត្តព្រួយ រមែងធ្វើអោយរីងរៃ។
មនុស្សអាក្រក់ លួចទទួលសំណូក
ដើម្បីបង្ខូចយុត្តិធម៌។
ប្រាជ្ញា រមែងនៅក្បែរមនុស្សឈ្លាសវៃ,
រីឯមនុស្សល្ងីល្ងើវិញ គិតតែពីសម្លឹងមើលអ្វីដែលខ្លួនឈោងមិនដល់។
កូនភ្លីភ្លើ ធ្វើអោយឪពុកព្រួយ
និងធ្វើអោយម្ដាយសោកស្ដាយ។
ដាក់ទោសមនុស្សសុចរិត ជាការមិនល្អទេ,
ហើយវាយមនុស្សថ្លៃថ្នូរ ព្រោះតែគេមានចិត្តទៀងត្រង់ ក៏មិនល្អដែរ។
អ្នកណាទប់ពាក្យសំដីរបស់ខ្លួន, អ្នកនោះ ជាមនុស្សចេះដឹង,
រីឯអ្នកតាំងចិត្តស្ងប់ស្ងៀម ជាមនុស្សឈ្លាសវៃ។
បើមនុស្សល្ងីល្ងើនៅស្ងៀម គេចាត់ទុកគាត់ជាមនុស្សមានប្រាជ្ញា,
បើគាត់បិទមាត់មិននិយាយអ្វី គេចាត់ទុកគាត់ជាមនុស្សឈ្លាសវៃ។
.
1 comment:
"A fool has no delight in understanding that his heart may discover itself."
Post a Comment