Wednesday, April 25, 2012

In celebration of WISDOM -- សុភាសិត ១៧


បរិភោគ​បាយកក​តែ​មាន​សេចក្ដី​សុខ
ប្រសើរ​ជាង​ជប់លៀង​នៅ​ផ្ទះ​មួយ​ដែល​មាន​តែ​ការ​ឈ្លោះ​គ្នា។

អ្នក​បំរើ​ឆ្លាត ​រមែង​ត្រួតត្រា​លើ​កូន​ដ៏​ថោក​ទាប​របស់​ចៅហ្វាយ,
ព្រម​ទាំង​ទទួល​ចំណែក​មត៌ក​ក្នុង​គ្រួសារ​នោះ​ផង។

គេ​អាច​ស្គាល់​តម្លៃ​មាស និង​ប្រាក់​ ដោយសារ​ដុត​ក្នុង​ភ្លើង,
រីឯ​ចិត្ត​មនុស្ស​វិញ​ មាន​តែ​ព្រះអម្ចាស់​ទេ ដែល​អាច​លត់ដំ​ដើម្បី​ស្គាល់​តម្លៃ។

មនុស្ស​មាន​បំណង​អាក្រក់ រមែង​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ពាក្យ​អាក្រក់,
ហើយ​មនុស្ស​កុហក ​រមែង​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​មួលបង្កាច់។

អ្នក​មើលងាយ​ជន​ក្រីក្រ ដូច​ជា​ប្រមាថ​ព្រះជាម្ចាស់​ដែល​បង្កើត​គេ,
រីឯ​អ្នក​សើច​ចំអក​ដាក់​ជន​រងគ្រោះ​ នឹង​ត្រូវ​មាន​ទោស។

ចៅ​ រមែង​ធ្វើ​អោយ​ជីតា​មាន​កិត្តិយស,
រីឯ​កូន​បាន​ខ្ពស់​មុខ ​ព្រោះ​តែ​ឪពុក។

ពាក្យ​ថ្លៃថ្នូរ​ មិន​សម​ជា​សំដី​របស់​មនុស្ស​ល្ងីល្ងើ​ទេ,
ហើយ​ពាក្យ​កុហក​ ក៏​មិន​សម​ចេញ​ពី​មាត់​របស់​អ្នក​ដឹក​នាំ​ដែរ។

អ្នក​សូក​ នឹក​ស្មាន​ថា
សំណូក​ប្រៀប​បាន​នឹង​ត្បូង​ទិព្វ ​ដែល​នាំ​អោយ​មាន​ជោគជ័យ​ក្នុង​គ្រប់​កិច្ចការ​ដែល​គេ​ធ្វើ។

អ្នក​ចង់​បាន​មិត្តភាព ​តែងតែ​បំភ្លេច​កំហុស,
រីឯ​អ្នក​ដែល​រំឭក​កំហុស រមែង​ធ្វើ​អោយ​មិត្តភាព​រលាយ។

ស្ដី​ប្រដៅ​មនុស្ស​ចេះ​ដឹង​តែ​មួយ​ម៉ាត់
មាន​ប្រសិទ្ធភាព ​ជាង​វាយ​មនុស្ស​ល្ងីល្ងើ​មួយ​រយ​ដំបង។

មនុស្ស​ទុច្ចរិត​ គិត​តែ​បះបោរ,
ប៉ុន្តែ គេ​នឹង​ចាត់​ពេជ្ឈឃាត​កំណាច ​អោយ​ទៅ​បង្ក្រាប​អ្នក​នោះ។

ជួប​មេ​ខ្លាឃ្មុំ​ព្រាត់​កូន
ប្រសើរ​ជាង​ជួប​មនុស្ស​ល្ងីល្ងើ​ដែល​ល្ងង់​ហួស។

អ្នក​ណា​ធ្វើ​អំពើ​អាក្រក់​តប​ស្នង​នឹង​អំពើ​ល្អ
ភាព​អន្តរាយ​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​អ្នក​នោះ​ទេ។

បង្ក​ជំលោះ ​ប្រៀប​បាន​នឹង​ទំលាយ​ទំនប់​ទឹក​;
ចូរ​ដក​ខ្លួន​ថយ​ មុន​នឹង​ជំលោះ​ផ្ទុះ​ឡើង។

អ្នក​ដែល​ចាត់​ទុក​មនុស្ស​ជាប់​ទោស​ ថា​គ្មាន​ទោស,
និង​អ្នក​ដែល​ចាត់​ទុក​មនុស្ស​គ្មាន​កំហុស ​ថា​មាន​កំហុស​
មិនគាប់​ព្រះហឫទ័យ​ព្រះអម្ចាស់​ទេ។

ប្រាក់​នៅ​ក្នុង​ដៃ​មនុស្ស​ខ្លៅ គ្មាន​ប្រយោជន៍​អ្វី​ទេ,
ព្រោះ​ទិញ​ប្រាជ្ញា​មិន​បាន, ដ្បិត​អ្នក​នោះ ​មិន​ចេះ​គិត ពិចារណា​អ្វី​សោះ។

កល្យាណ​មិត្ត ​តែងតែ​ស្រឡាញ់​គ្នា​គ្រប់​ពេល​វេលា,
រីឯ​បង​ប្អូន​វិញ ​តែងតែ​ចាំ​ជួយ​គ្នា​ក្នុង​ពេល​មាន​ទុក្ខធុរៈ។

អ្នក​ណា​ធានា​សង​បំណុល​ជួស​អ្នក​ដទៃ,
អ្នក​នោះ​មិន​ចេះ​គិត​ពិចារណា​ទេ។

អ្នក​ដែល​ចូល​ចិត្ត​សន្សំ​រឿង ​រមែង​ចូល​ចិត្ត​អំពើ​បាប;
អ្នក​ណា​និយាយ​អួត​បំប៉ោង​, អ្នក​នោះ ​ស្វែង​រក​មហន្តរាយ។

មនុស្ស​មាន​កលល្បិច ​មិន​ស្គាល់​សុភមង្គល​ទេ,
ហើយ ​មនុស្ស​សំដី​អាក្រក់ ​រមែង​ជួប​គ្រោះ​កាច។

អ្នក​ណា​បង្កើត​កូន​ល្ងីល្ងើ, ​អ្នក​នោះ​ ស្គាល់​តែ​ទុក្ខ​ព្រួយ,
រីឯ​ឪពុក​របស់​មនុស្ស​លេលា​ មិន​ដែល​ស្គាល់​អំណរ​សប្បាយ​ទេ។

ចិត្ត​សប្បាយ ​រមែង​នាំ​អោយ​ជា​សះស្បើយ,
រីឯ​ចិត្ត​ព្រួយ ​រមែង​ធ្វើ​អោយ​រីងរៃ។

មនុស្ស​អាក្រក់​ លួច​ទទួល​សំណូក
ដើម្បី​បង្ខូច​យុត្តិធម៌។

ប្រាជ្ញា ​រមែង​នៅ​ក្បែរ​មនុស្ស​ឈ្លាសវៃ,
រីឯ​មនុស្ស​ល្ងីល្ងើ​វិញ ​គិត​តែ​ពី​សម្លឹង​មើល​អ្វី​ដែល​ខ្លួន​ឈោង​មិន​ដល់។

កូន​ភ្លីភ្លើ ​ធ្វើ​អោយ​ឪពុក​ព្រួយ
និង​ធ្វើ​អោយ​ម្ដាយ​សោកស្ដាយ។

ដាក់​ទោស​មនុស្ស​សុចរិត ​ជា​ការ​មិន​ល្អ​ទេ,
ហើយ​វាយ​មនុស្ស​ថ្លៃថ្នូរ ព្រោះ​តែ​គេ​មាន​ចិត្ត​ទៀងត្រង់​ ក៏​មិន​ល្អ​ដែរ។

អ្នក​ណា​ទប់​ពាក្យ​សំដី​របស់​ខ្លួន, អ្នក​នោះ ​ជា​មនុស្ស​ចេះ​ដឹង,
រីឯ​អ្នក​តាំង​ចិត្ត​ស្ងប់ស្ងៀម​ ជា​មនុស្ស​ឈ្លាសវៃ។

បើ​មនុស្ស​ល្ងីល្ងើ​នៅ​ស្ងៀម គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​មាន​ប្រាជ្ញា,
បើ​គាត់​បិទ​មាត់​មិន​និយាយ​អ្វី គេ​ចាត់​ទុក​គាត់​ជា​មនុស្ស​ឈ្លាសវៃ។


.

1 comment:

Anonymous said...

"A fool has no delight in understanding that his heart may discover itself."