ថ្ងៃទី 6 ឧសភា 2012
ដោយ: ខឿន សាឃាង
Cambodia Express News
"ខំ រៀន សូត្រ យ៉ាង ណា ក៏គ្មាន ប្រយោជន៍ ដែរ ព្រោះ គេ (មន្ត្រី រដ្ឋាភិបាល) មុខ ជា ប្រគល់ តំណែង ទៅឱ្យ កូនចៅ គេជាអ្នកបន្ត"ភ្នំពេញ: ការប្រើប្រាស់គ្រឿងស្រវឹង បានក្លាយជាប្រពៃណីដ៏ងប់ងល់មួយសម្រាប់មនុស្សទូទៅ ជាពិសេសចំពោះយុវជននៅគ្រប់ទីកន្លែងនៃប្រទេស សូម្បីនៅមុខក្លោងទ្វារ និង ទីវត្តនៃមន្ត្រីសង្ឃថ្នាក់កំពូល បណ្តាលឱ្យមានក្តីបារម្ភចំពោះអនាគតប្រទេសជាតិ និងមតិខ្លះថាជាការផ្គើនចំពោះព្រះពុទ្ធសាសនា។
អង្គុយជាវង់ជាមួយមិត្តភឿនបួនប្រាំនាក់ ដែលសុទ្ធតែកំពុងជោគជាំដោយសុរា នៅលើគ្រែប្ញស្សីដ៏ទ្រុឌទ្រោមមួយ នៅក្រោមដើមស្វាយមុខផ្ទះប្រក់ស្លឹកតូចមួយ នៃភូមិប្រហ៊ូត្រឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង បុរសឈ្មោះ ទុន ចាន់ អាយុ ២៤ឆ្នាំ បាននិយាយទាំងអួព្រនួថា "ចាំបាច់ស៊ីបាយធ្វើអី ស្រាគេធ្វើពីអង្ករស្រាប់ហើយ!"។
កញ្ញា ស៊ុក លីលី បានប្រាប់តាមទូរស័ព្ទពីខេត្តបាត់ដំបងថា "ខ្ញុំស្រវឹងជាប់គ្នាជិតបួនខែមកហើយ!" ។ យុវកញ្ញាវ័យ ២០ឆ្នាំ រូបនេះ បានលើកហេតុផលថា នាងផឹកព្រោះពិបាកចិត្តបន្ទាប់ពីបែកគ្នាជាមួយសង្សារ។
នៅឯភ្នំពេញឯណេះ យុវជន គិន បុត្រ និស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសេដ្ឋកិច្ច និយាយទាំងមិនអើពើថា "....ជិតពីរសប្តាហ៍មកហើយ ស្ទើរតែគ្មានបាយចូលពោះមួយគ្រាប់សោះ មានតែស្រាបៀរ និងសាច់ក្លែម!"។ យុវជនរូបនេះបានទទួលស្គាល់ថា ការប្រើប្រាស់គ្រឿងស្រវឹងមិនល្អចំពោះសុខភាព ប៉ុន្តែគេបែរជានិយាយថា "បើជឿពេទ្យនោះ មិនបាច់ញ៉ាំអីទេ! អាហារមួយណាដែលមិនមានជាតិគីមី? ម្យ៉ាងគេផឹកគ្រប់គ្នា មិនឃើញងាប់ទៅណាផង!?"។
យុវជន មាស ចន្ធី និស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានអះអាងថាខ្លួនតែងតែផឹកស៊ីរាល់យប់ដែរ បានរអ៊ូរទាំបែបមោទនភាពថា "ជួនកាលចេញពីសាលានៅម៉ោងប្រាំល្ងាច រហូតដល់ម៉ោងបួនជិតភ្លឺ ទើបដល់ផ្ទះក៏មាន"។ យុវនិស្សិតវ័យ ២៣ឆ្នាំ រូបនេះ បានទទួលស្គាល់ថា អ្វីដែលរូបគេធ្វើនេះ មិនគប្បីចំពោះឪពុកម្តាយនៅឯខេត្តដែរ ប៉ុន្តែគេបានតវ៉ាថា "ទោះជាខ្ញុំផឹករាល់យប់ ក៏មានពិន្ទុបង្គួរ ព្រោះគ្រូក៏ផឹកជាមួយខ្ញុំរឿយៗដែរ"។
លោក កែម ពន្លក បម្រើការក្នុងសណ្ឋាគារមួយនៅខាងលិចវត្តលង្កា បាននិយាយថា "ពេលខ្លះត្រូវរកអ្នកជំនួសការងារ ព្រោះពួកម៉ាកទូរស័ព្ទមកតឿន ត្រូវតែទៅផឹកស៊ីជាមួយគេ ពុំនោះទេពួកគេអាក់អន់ចិត្ត"។
ចំណែកលោក ប៊ិច ធូ អាយុ ២៦ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី បានអះអាងថា "ការស្រវឹងជាមួយមិត្តភក្តិ ជារឿងដែលគ្មានលស់ថ្ងៃទៅហើយ ប៉ុន្តែជួនកាលដឹកភ្ញៀវបរទេស ក៏ស្រវឹងជាមួយភ្ញៀវទៀត"។
លា្ងចឡើងហាងផឹកស៊ី និងបៀរហ្គាឌិនខ្លះ មាននារីក្មេងៗស្លៀកពាក់បង្ហាញសាច់សខ្ចី អង្គុយតម្រៀបគ្នានៅផ្លូវចូល។ ទិដ្ឋភាពខាងក្នុងហាងទាំងនោះ រចនាដោយភ្លើងពណ៌ និងស្នូររងំនៃតូរ្យតន្ត្រីលន្លង់លន្លោច កន្ត្រាក់អារម្មណ៍ភ្ញៀវទាំងឡាយ ដែលស្ពុលមុខទៅដោយគ្រឿងស្រវឹងយ៉ាងជោគជាំ។
អ្នកគ្រប់គ្រងបៀរហ្គាឌិនមួយ នៅតាមដងផ្លូវ២៧១ (សុំមិនបញ្ចេញឈ្មោះ) ក៏ប្រហាក់ប្រហែលនឹងអ្នកគ្រប់គ្រងហាងផឹកស៊ី ៩ផ្សេងទៀតនៅម្តុំនោះ និងនៅកន្លែងផ្សេងៗនៃរាជធានីភ្នំពេញ ដែលយើងបានសន្ទនាជាមួយ បានឱ្យដឹងថា ជាមធ្យមហាងរបស់គាត់មានភ្ញៀវចូលផឹកស៊ី ១០០-១៥០ នាក់ ក្នុងមួយយប់ ហើយភ្ញៀវទាំងនោះ ៩៥% ជាមនុស្សប្រុស។ អ្នកគ្រប់គ្រងវ័យ ៤២ឆ្នាំ រូបនេះ បានបន្ថែមថា "តាមការសង្កេតរបស់ខ្ញុំ ក្នុងចំណោមភ្ញៀវទាំងនោះ ៥% មានវ័យលើស ៥០ឆ្នាំ ហើយប្រហែលជា ១៥% ជាមនុស្សវ័យ ៣៥-៥០ឆ្នាំ។ ក្រៅពីនោះ គឺជាមនុស្សដែលមានវ័យចាប់ពី ១៨-៣៥ឆ្នាំ"។
បុរសដដែលបានបន្ថែមថា ហាងរបស់គាត់ចាប់ផ្តើមបើកទ្វារទទួលភ្ញៀវ ពីម៉ោងបួនរសៀលរហូតដល់ម៉ោងបួនទៀបភ្លឺ “ភ្ញៀវភាគច្រើនត្រឡប់ទៅវិញ នៅម៉ោង ១២-១ រំលងអធ្រាត្រ ប៉ុន្តែភ្ញៀវខ្លះនៅរហូតដល់ម៉ោងបិទហាង"។ គាត់បានឱ្យដឹងថា "ភ្ញៀវដែលមានវ័យពី ១៨-៣៥ឆ្នាំ ភាគច្រើនមកជាក្រុមដែលមានគ្នា ៣-៧នាក់ ហើយក្នុងតុពួកគេចាយអស់ ៣០-៧០ ដុល្លារ"។
យុវជន ឌិន សុផន ជានិស្សិតឆ្នាំ៣ នៃសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញ បានប្រាប់ទាំងសើងមម៉ើងថា គាត់មកលេង (ផឹកស៊ី) នៅក្នុងហាងនេះ ជាមធ្យម ៣-៥យប់ ក្នុងមួយសប្តាហ៍។ គាត់និយាយថា មិនមែនគាត់ញៀនគ្រឿងស្រវឹងទេ ប៉ុន្តែគាត់ស្រឡាញ់នារីអូតេសម្នាក់ក្នុងហាងនេះ សប៉ុន្តែគាត់សារភាពថា "ខ្ញុំមិនដឹងថា ស្រឡាញ់នាងក្នុងបំណងអ្វីទេ"។
និស្សិតខ្លះទៀតបានឱ្យដឹងថា យប់ណាមិនបានផឹក ពួកគេនៅមិនសុខឡើយ ហើយនៅពេលសួរពីការអានសៀវភៅនៅផ្ទះ ពួកគេនិយាយទាំងអស់សំណើចថា "មានសៀវភៅណាអាន បើគ្មានលុយទិញផង! ម្យ៉ាងទៀត ឱ្យតែបើកសៀវភៅឡើង អារម្មណ៍ដូចជាវិលវល់រសាត់អណ្តែត ឬក៏ទន់ភ្នែកម៉េចទេ!"។
យុវជន ផុន សុភា ជានិស្សិតស្នាក់នៅវត្តបទុមវតី បានសម្តែងការសោកស្តាយថា “វាជាសិទ្ធិរបស់ពួកគេ ប៉ុន្តែខ្ញុំពិតជាសោកស្តាយណាស់នូវទង្វើរបស់ពួកគេ ហើយខ្ញុំមិនដឹងថា ពួកគេបានគិតដល់ឪពុកម្តាយ ឬអនាគតប្រទេសជាតិដែរឬអត់ទេ"។
ខណៈដែលប្រទេសកម្ពុជាត្រូវប្រទះនឹងជំនោរ នៃសកលភាវូបនីយកម្ម ហើយជើងមេឃអាស៊ាន នឹងត្រូវបើកនៅឆ្នាំ២០១៥ខាងមុខ ប្រទេសមួយនេះនឹងត្រូវប្រកួតប្រជែងយ៉ាងច្រើន ជាពិសេសជាមួយប្រទេសជិតខាង ដែលជាសមាជិកអាស៊ាន។ ស្របពេលនេះ មានហាងផឹកស៊ីគ្រប់ប្រភេទបានរីកឡើងយ៉ាងស្គុះស្គាយ នៅគ្រប់ទិសទីនៃរាជធានីភ្នំពេញ ហើយភ្ញៀវដែលចូលហាងទាំងនោះ ភាគច្រើនជាយុវជន។
ទិដ្ឋភាពទាំងនេះបង្កក្តីបារម្ភជាច្រើន ចំពោះអ្នកមានគំនិតគិតគូរដល់ប្រទេសជាតិ រហូតបង្កើតបានជាពាក្យថា "យើងទៅប្រទេសគេ ធ្វើជាកូនចៅគេ ដល់គេមកប្រទេសយើងវិញ ធ្វើជាចៅហ្វាយនាយ"។
ការប្រកួតប្រជែងទាំងឡាយ ត្រូវបានគេប្រគល់ទៅឱ្យយុវជនរួចទៅហើយ ត្បិតយុវជនជាអ្នកស្នងតំណែងសម្រាប់ប្រទេសជាតិ ដែលមានន័យស្របគ្នានឹងភាសិតបុរាណខ្មែរថា "ទំពាំងស្នងឫស្សី"។
បញ្ហានៅត្រង់ថា អ្នកស្នងឫស្សី គឺយុវជនខ្មែរបច្ចុប្បន្ននេះ ត្រូវបានគេឃើញថា មិនទាន់បានត្រៀមលក្ខណៈសម្បត្តិ ឬកសាងខ្លួនសម្រាប់ទទួលយកកាតព្វកិច្ចដ៏សំខាន់ ដើម្បីអនាគតប្រទេសជាតិនៅឡើយ។ យុវជនខ្មែរហាក់មិនបានដឹងថា ខ្លួនឯងត្រូវបានគេប្រគល់កាតព្វកិច្ចនេះទៅឱ្យឡើយ ទើបពួកគេហាក់ពុំសូវស្វាហាប់ក្នុងការត្រៀមខ្លួន ហើយពួកគេហាក់នៅដិតដាមគំនិតចាស់គំរឹលមួយ ដែលថា រឿងប្រទេសជាតិទុកឱ្យអ្នកដឹកនាំ។
ថ្វីត្បិតតែស្ថាប័នអប់រំរដ្ឋ និងឯកជន បានរីកយ៉ាងច្រើន ប៉ុន្តែនៅទីណាក៏គេបានឮដែរថា ប្រទេសកម្ពុជាខ្វះធនធានមនុស្ស។
ចំណែកយុវជនខ្លះដែលមានគំនិតគិតគូរដល់ជាតិ បែរជាមានអារម្មណ៍អស់សង្ឃឹម ហើយតែងនិយាយថា "ខំរៀនសូត្រយ៉ាងណា ក៏គ្មានប្រយោជន៍ដែរ ព្រោះគេ (មន្ត្រីរដ្ឋាភិបាល) មុខជាប្រគល់តំណែងទៅឱ្យកូនចៅគេជាអ្នកបន្ត"។
ការប្រើប្រាស់គ្រឿងស្រវឹង ត្រូវគេសង្កេតឃើញថា កើតមានក្នុងស្ថានភាពគ្រប់យ៉ាង ក្នុងនោះមានក្នុងឱកាសបុណ្យ ឬថ្ងៃសម្រាក, ពិធីជប់លៀងផ្សេងៗ, ក្នុងពិធីអាពាហ៍ពិពាហ៍, ពេលជួបជុំមិត្តភក្តិ, ពេលបែកគ្នា, ពេលកើតទុក្ខ, ពេលសប្បាយចិត្ត, ពេលឥតការងារធ្វើ, ពេលរវល់ធ្វើការហត់, ពេលជោគជ័យ, ពេលបរាជ័យ ...។
ការសិក្សារបស់មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (ភីឌីភី) ចេញផ្សាយនៅឆ្នាំ២០០៨ បានបង្ហាញថា ក្នុងចំណោមនិស្សិត ២៤៧ នាក់ ដែលគេបានសម្ភាសន៍ រកឃើញថាមាននិស្សិត ១៩៣ នាក់ ប្រើប្រាស់គ្រឿងស្រវឹង ស្មើនឹង ៧៨ ភាគរយ ជាចំនួនខ្ពស់នាំឱ្យព្រួយបារម្ភបំផុត។ ប៉ុន្តែរហូតឆ្នាំ២០១២នេះ គេឃើញថា មានយុវជនប្រើប្រាស់គ្រឿងស្រវឹងច្រើនជាងចំនួនខាងលើនេះ។
ភិក្ខុ សួន សុមុន្នី ដែលទើបបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជានិស្សិតវិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យឯកជនមួយផងនោះ បានសម្តែងការសោកស្តាយចំពោះប្រទេសខ្មែរ ដែលបានប្រកាសខ្លួនថា ជាប្រទេសកាន់ព្រះពុទ្ធសាសនា បែរជាពុទ្ធសាសនិកជាអ្នកប្រកបរបរគ្រឿងស្រវឹងយ៉ាងស្រួចស្រាវ។
ចំពោះព្រះពុទ្ធសាសនា បុគ្គលដែលមិនទាន់បានប្រតិបត្តិសីលប្រាំ ឬបញ្ចសីលខ្ជាប់ខ្ជួន បុគ្គលនោះមិនទាន់ជាពុទ្ធសាសនិកឡើយ។ សិក្ខាបទទីប្រាំ នៃបញ្ចសីល ព្រះពុទ្ធជាម្ចាស់បានហាមឃាត់មនុស្សមិនឱ្យប្រើប្រាស់ ចែកចាយ ឬធ្វើជំនួញគ្រឿងស្រវឹង។ ការឱ្យទឹកស្រវឹងជាទានពុំមានអានិសង្ស ជំនួញទឹកស្រវឹងព្រះពុទ្ធជាម្ចាស់បានហាមឃាត់នៅក្នុងជំនួញ ៥យ៉ាង។ ធម៌ធ្វើឱ្យអាយុខ្លី ៥យ៉ាង ព្រះពុទ្ធបានសម្តែងដល់ទឹកស្រវឹង ហើយធម៌ធ្វើឱ្យអាយុវែង ៥យ៉ាង ក៏រួមទាំងការមិនប្រើគ្រឿងស្រវឹងដែរ។
លើសពីនេះ ទោស ៦យ៉ាង កើតពីការផឹកទឹកស្រវឹង ជាទោសដែលគេឃើញផ្ទាល់ភ្នែក គឺ៖ វិនាសទ្រព្យ, ចម្រើនខាងការឈ្លោះប្រកែក និងអំពើហិង្សានានា, ជាហេតុនាំឱ្យកើតរោគច្រើនយ៉ាង (និងគ្រោះថ្នាក់នានា ដូចជាគ្រោះថ្នាក់ចរាចារណ៍ជាដើម), បណ្តាលឱ្យខូចកេរ្ត៍ឈ្មោះ ឬនាំឱ្យគេនិន្ទា, នាំឱ្យលេចកេរ្តិ៍ខ្មាស ឬបាត់បង់សេចក្តីថ្លៃថ្នូរ, ធ្វើឱ្យប្រាជ្ញាថមថយ ឬនាំឱ្យខ្សោយប្រាជ្ញារហូតវិកលចរិត និងមានទោសយ៉ាងច្រើនទៅបរលោកទៀតផង។
ជាទូទៅហាងផឹកស៊ីត្រូវបានគេបើកយ៉ាងគគ្រឹកគគ្រេង នៅទល់មុខ និងជុំវិញសាលារៀន និងវត្តអារាមនានា រួមទាំងអារាមជាទីគង់ប្រថាប់ នៃសម្តេចព្រះសង្ឃរាជផង។ យុវជន រួមទាំងនិស្សិតក្មេងវត្តផង បានប្រើប្រាស់គ្រឿងស្រវឹងនៅទីនោះ ទើបគេចោទសួរចំៗថា "តើអ្នកទាំងនោះកំពុងផ្គើន និងក្បត់ព្រះពុទ្ធសាសនា ព្រមទាំងខ្លួនឯងដែរឬទេ?"។
សាស្ត្រាចារ្យមួយរូប នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា "យុវជនគប្បីភ្ញាក់រលឹកដោយខ្លួនឯងផង, អ្នកប្រកបរបរទាំងនោះ និងអាជ្ញាធរគប្បីអៀនខ្មាសខ្លះផង ចំណែកវត្តអារាមគប្បីចាត់វិធានការជាក់លាក់ ចំពោះនិស្សិតក្មេងវត្តទាំងឡាយណា ដែលប្រើប្រាស់គ្រឿងស្រវឹង"៕
2 comments:
YOU YOUNG, GUEST WHAT? USE YOUR BRAIN AGAINST CURRUPTED OFFICIAL OR COUNTRY NEED HUMAN ENGINEER NOT REGIME TO DAY! KHMER EMPIRE
I agree it is hard to get positions nowadays. But even without corruption, there is stiff competition everywhere. Consuming alcohol does not help improve opportunities for jobs. On the other hand, I have seen heavy drinkers suffer already. I myself am at risk of diabetes and am afraid to drink. My friend has terrible stomach problem, he can't drink without throwing up. But fortunately I have a good job, and I got it not because of my network with drinking friends.
Post a Comment