Sunday, May 06, 2012

សប្បាយអស់ដៃ(ដី)សម័យ ដែកចោរ "​យើង​ទៅ​ប្រទេស​គេ ធ្វើជា​កូនចៅគេ​ ដល់គេមក​ប្រទេស​យើងវិញ ធ្វើជា​ចៅហ្វាយនាយ​"

ផឹក​! ផឹក​! ផឹក​! ផឹក​គ្រប់ពេលវេលា គ្រប់​ទីកន្លែង និង​គ្រប់​ករណី

ថ្ងៃទី 6 ឧសភា 2012
ដោយ: ខឿន សា​ឃាង​
Cambodia Express News
"​ខំ រៀន ​សូត្រ ​យ៉ាង ណា ក៏​គ្មាន ​ប្រយោជន៍ ​ដែរ ព្រោះ​ គេ (​មន្ត្រី​ រដ្ឋាភិបាល) មុខ ជា​ ប្រគល់​ តំណែង​ ទៅឱ្យ​ កូនចៅ ​គេ​ជា​អ្នក​បន្ត​"
ភ្នំពេញ: ការប្រើប្រាស់​គ្រឿង​ស្រវឹង បាន​ក្លាយជា​ប្រពៃណី​ដ៏​ងប់​ង​ល់​មួយ​សម្រាប់​មនុស្ស​ទូទៅ ជាពិសេស​ចំពោះ​យុវជន​នៅ​គ្រប់​ទីកន្លែង​នៃ​ប្រទេស សូម្បី​នៅមុខ​ក្លោងទ្វារ និង​ ​ទី​វត្ត​នៃ​មន្ត្រី​សង្ឃ​ថ្នាក់​កំពូល បណ្តាលឱ្យមាន​ក្តីបារម្ភ​ចំពោះ​អនាគត​ប្រទេសជាតិ និង​មតិ​ខ្លះ​ថា​ជាការ​ផ្គើន​ចំពោះ​ព្រះពុទ្ធសាសនា​។​

​អង្គុយ​ជាវ​ង់​ជាមួយ​មិត្ត​ភឿន​បួន​ប្រាំ​នាក់ ដែល​សុទ្ធតែ​កំពុង​ជោគជាំ​ដោយ​សុរា នៅលើ​គ្រែ​ប្ញ​ស្សី​ដ៏​ទ្រុឌទ្រោម​មួយ នៅក្រោម​ដើម​ស្វាយ​មុខផ្ទះ​ប្រក់​ស្លឹក​តូច​មួយ នៃ​ភូមិ​ប្រ​ហ៊ូ​ត្រ​ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្តព្រៃវែង បុរស​ឈ្មោះ ទុន ចាន់ អាយុ ២៤​ឆ្នាំ បាន​និយាយ​ទាំង​អួ​ព្រ​នួ​ថា "​ចាំបាច់​ស៊ី​បាយ​ធ្វើ​អី ស្រា​គេ​ធ្វើ​ពី​អង្ករ​ស្រាប់​ហើយ​!"​។​

​កញ្ញា ស៊ុ​ក លី​លី បាន​ប្រាប់​តាម​ទូរស័ព្ទ​ពី​ខេត្តបាត់ដំបង​ថា "​ខ្ញុំ​ស្រវឹង​ជាប់​គ្នា​ជិត​បួន​ខែ​មកហើយ​!" ។ យុវ​កញ្ញា​វ័យ ២០​ឆ្នាំ រូបនេះ បាន​លើក​ហេតុផល​ថា នាង​ផឹក​ព្រោះ​ពិបាកចិត្ត​បន្ទាប់ពី​បែក​គ្នា​ជាមួយ​សង្សារ​។​
​ ​
​នៅឯ​ភ្នំពេញ​ឯណេះ យុវជន គិ​ន បុត្រ និស្សិត​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យា​សេដ្ឋកិច្ច និយាយ​ទាំង​មិន​អើពើ​ថា "....​ជិត​ពីរ​សប្តាហ៍​មកហើយ ស្ទើរតែ​គ្មាន​បាយ​ចូល​ពោះ​មួយ​គ្រាប់​សោះ មានតែ​ស្រា​បៀរ និង​សាច់​ក្លែម​!"​។ យុវជន​រូបនេះ​បាន​ទទួលស្គាល់ថា ការប្រើប្រាស់​គ្រឿង​ស្រវឹង​មិនល្អ​ចំពោះ​សុខភាព ប៉ុន្តែ​គេ​បែរជា​និយាយថា "​បើ​ជឿ​ពេទ្យ​នោះ មិនបាច់​ញ៉ាំ​អី​ទេ​! អាហារ​មួយណា​ដែល​មិនមាន​ជាតិគីមី​? ម្យ៉ាង​គេ​ផឹក​គ្រប់គ្នា មិនឃើញ​ងាប់​ទៅណា​ផង​!?"​។

​ ​
​យុវជន មាស ច​ន្ធី និស្សិត​ឆ្នាំ​ទី​២ នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​អះអាងថា​ខ្លួន​តែងតែ​ផឹកស៊ី​រាល់​យប់​ដែរ បាន​រអ៊ូរទាំ​បែប​មោទនភាព​ថា "​ជួនកាល​ចេញពី​សាលា​នៅ​ម៉ោង​ប្រាំ​ល្ងាច រហូតដល់​ម៉ោង​បួន​ជិត​ភ្លឺ ទើប​ដល់ផ្ទះ​ក៏មាន​"​។ យុវ​និស្សិត​វ័យ ២៣​ឆ្នាំ រូបនេះ បាន​ទទួលស្គាល់ថា អ្វីដែល​រូបគេ​ធ្វើ​នេះ មិន​គប្បី​ចំពោះ​ឪពុកម្តាយ​នៅឯ​ខេត្ត​ដែរ ប៉ុន្តែ​គេ​បាន​តវ៉ា​ថា "​ទោះជា​ខ្ញុំ​ផឹក​រាល់​យប់ ក៏មាន​ពិន្ទុ​បង្គួរ ព្រោះ​គ្រូ​ក៏​ផឹក​ជាមួយ​ខ្ញុំ​រឿយៗ​ដែរ​"​។​
​ ​
​លោក កែម ពន្លក បម្រើការ​ក្នុង​សណ្ឋាគារ​មួយ​នៅ​ខាងលិច​វត្ត​លង្កា បាន​និយាយថា "​ពេលខ្លះ​ត្រូវ​រក​អ្នក​ជំនួស​ការងារ ព្រោះ​ពួកម៉ាក​ទូរស័ព្ទ​មក​តឿន ត្រូវតែទៅ​ផឹកស៊ី​ជាមួយ​គេ ពុំ​នោះទេ​ពួកគេ​អាក់អន់ចិត្ត​"​។​
​ ​
​ចំណែក​លោក ប៊ិច ធូ អាយុ ២៦​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​បី បាន​អះអាងថា "​ការ​ស្រវឹង​ជាមួយ​មិត្តភក្តិ ជា​រឿង​ដែល​គ្មាន​លស់​ថ្ងៃ​ទៅហើយ ប៉ុន្តែ​ជួនកាល​ដឹក​ភ្ញៀវ​បរទេស ក៏​ស្រវឹង​ជាមួយ​ភ្ញៀវ​ទៀត​"​។​

​លា្ង​ចឡើង​ហាង​ផឹកស៊ី និង​បៀរហ្គាឌិន​ខ្លះ មាន​នារី​ក្មេងៗ​ស្លៀកពាក់​បង្ហាញ​សាច់​សខ្ចី អង្គុយ​តម្រៀប​គ្នា​នៅ​ផ្លូវ​ចូល​។ ទិដ្ឋភាព​ខាងក្នុង​ហាង​ទាំងនោះ រចនា​ដោយ​ភ្លើងពណ៌ និង​ស្នូរ​រងំ​នៃ​តូរ្យតន្ត្រី​លន្លង់លន្លោច កន្ត្រាក់​អារម្មណ៍​ភ្ញៀវ​ទាំងឡាយ ដែល​ស្ពុល​មុខ​ទៅដោយ​គ្រឿង​ស្រវឹង​យ៉ាង​ជោគជាំ​។​

​អ្នកគ្រប់គ្រង​បៀរហ្គាឌិន​មួយ នៅតាម​ដងផ្លូវ​២៧១ (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ក៏​ប្រហាក់ប្រហែល​នឹង​អ្នកគ្រប់គ្រង​ហាង​ផឹកស៊ី ៩​ផ្សេងទៀត​នៅ​ម្តុំ​នោះ និង​នៅ​កន្លែង​ផ្សេងៗ​នៃ​រាជធានី​ភ្នំពេញ ដែល​យើង​បាន​សន្ទនា​ជាមួយ បានឱ្យដឹងថា ជា​មធ្យម​ហាង​របស់គាត់​មាន​ភ្ញៀវ​ចូល​ផឹកស៊ី ១០០-១៥០ នាក់ ក្នុង​មួយ​យប់ ហើយ​ភ្ញៀវ​ទាំងនោះ ៩៥% ជា​មនុស្ស​ប្រុស​។ អ្នកគ្រប់គ្រង​វ័យ ៤២​ឆ្នាំ រូបនេះ បាន​បន្ថែមថា "​តាម​ការសង្កេត​របស់​ខ្ញុំ ក្នុងចំណោម​ភ្ញៀវ​ទាំងនោះ ៥% មាន​វ័យ​លើស ៥០​ឆ្នាំ ហើយ​ប្រហែលជា ១៥% ជា​មនុ​ស្សវ័យ ៣៥-៥០​ឆ្នាំ​។ ក្រៅពីនោះ គឺជា​មនុស្ស​ដែលមាន​វ័យ​ចាប់ពី ១៨-៣៥​ឆ្នាំ​"​។​

​បុរស​ដដែល​បាន​បន្ថែមថា ហាង​របស់គាត់​ចាប់ផ្តើម​បើកទ្វារ​ទទួលភ្ញៀវ ពី​ម៉ោង​បួន​រសៀល​រហូតដល់​ម៉ោង​បួន​ទៀបភ្លឺ “​ភ្ញៀវ​ភាគច្រើន​ត្រឡប់​ទៅវិញ នៅ​ម៉ោង ១២-១ រំលងអធ្រាត្រ ប៉ុន្តែ​ភ្ញៀវ​ខ្លះ​នៅ​រហូតដល់​ម៉ោង​បិទ​ហាង​"​។ គាត់​បានឱ្យដឹងថា "​ភ្ញៀវ​ដែលមាន​វ័យ​ពី ១៨-៣៥​ឆ្នាំ ភាគច្រើន​មកជា​ក្រុម​ដែលមាន​គ្នា ៣-៧​នាក់ ហើយ​ក្នុង​តុ​ពួកគេ​ចាយ​អស់ ៣០-៧០ ដុល្លារ​"​។​

​យុវជន ឌិន សុ​ផន ជា​និស្សិត​ឆ្នាំ​៣ នៃ​សាកលវិទ្យាល័យ​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទាំង​សើងមម៉ើង​ថា គាត់​មកលេង (​ផឹកស៊ី​) នៅក្នុង​ហាង​នេះ ជា​មធ្យម ៣-៥​យប់ ក្នុង​មួយ​សប្តាហ៍​។ គាត់​និយាយថា មិនមែន​គាត់​ញៀន​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​គាត់​ស្រឡាញ់​នារី​អូ​តេស​ម្នាក់​ក្នុង​ហាង​នេះ ស​ប៉ុន្តែ​គាត់​សារភាពថា "​ខ្ញុំ​មិនដឹងថា ស្រឡាញ់​នាង​ក្នុង​បំណង​អ្វី​ទេ​"​។

​និស្សិត​ខ្លះទៀត​បានឱ្យដឹងថា យប់​ណា​មិនបាន​ផឹក ពួកគេ​នៅ​មិន​សុខ​ឡើយ ហើយ​នៅពេល​សួរ​ពី​ការអាន​សៀវភៅ​នៅផ្ទះ ពួកគេ​និយាយ​ទាំងអស់​សំណើច​ថា "​មាន​សៀវភៅ​ណា​អាន បើ​គ្មាន​លុយ​ទិញ​ផង​! ម្យ៉ាងទៀត ឱ្យតែ​បើក​សៀវភៅ​ឡើង អារម្មណ៍​ដូចជា​វិលវល់​រសាត់អណ្តែត ឬក៏​ទន់​ភ្នែក​ម៉េច​ទេ​!"​។​

​យុវជន ផុន សុភា ជា​និស្សិត​ស្នាក់នៅ​វត្ត​បទុម​វ​តី បាន​សម្តែង​ការសោកស្តាយ​ថា “​វា​ជា​សិទ្ធិ​របស់​ពួកគេ ប៉ុន្តែ​ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​នូវ​ទង្វើ​របស់​ពួកគេ ហើយ​ខ្ញុំ​មិនដឹងថា ពួកគេ​បានគិត​ដល់​ឪពុកម្តាយ ឬ​អនាគត​ប្រទេសជាតិ​ដែរ​ឬ​អត់​ទេ​"​។​

​ខណៈដែល​ប្រទេស​កម្ពុជា​ត្រូវ​ប្រទះ​នឹង​ជំនោរ នៃ​សកលភាវូបនីយកម្ម ហើយ​ជើងមេឃ​អាស៊ាន នឹងត្រូវ​បើក​នៅ​ឆ្នាំ​២០១៥​ខាងមុខ ប្រទេសមួយ​នេះ​នឹងត្រូវ​ប្រកួតប្រជែង​យ៉ាងច្រើន ជាពិសេស​ជាមួយ​ប្រទេសជិតខាង ដែលជា​សមាជិក​អាស៊ាន​។ ស្រប​ពេលនេះ មាន​ហាង​ផឹកស៊ី​គ្រប់​ប្រភេទ​បាន​រីក​ឡើង​យ៉ាង​ស្គុះស្គាយ នៅ​គ្រប់ទិសទី​នៃ​រាជធានី​ភ្នំពេញ ហើយ​ភ្ញៀវ​ដែល​ចូល​ហាង​ទាំងនោះ ភាគច្រើន​ជា​យុវជន​។

​ទិដ្ឋភាព​ទាំងនេះ​បង្កក្តី​បារម្ភ​ជាច្រើន ចំពោះ​អ្នកមាន​គំនិត​គិតគូរ​ដល់​ប្រទេសជាតិ រហូត​បង្កើតបានជា​ពាក្យ​ថា "​យើង​ទៅ​ប្រទេស​គេ ធ្វើជា​កូនចៅគេ​ ដល់គេមក​ប្រទេស​យើងវិញ ធ្វើជា​ចៅហ្វាយនាយ​"​។

​ការប្រកួតប្រជែង​ទាំងឡាយ ត្រូវបាន​គេ​ប្រគល់​ទៅឱ្យ​យុវជន​រួចទៅហើយ ត្បិត​យុវជន​ជា​អ្នក​ស្នង​តំណែង​សម្រាប់​ប្រទេសជាតិ ដែល​មានន័យ​ស្របគ្នា​នឹង​ភាសិត​បុរាណ​ខ្មែរ​ថា "​ទំពាំង​ស្នង​ឫស្សី​"​។​
​ ​
​បញ្ហា​នៅត្រង់ថា អ្នក​ស្នង​ឫស្សី គឺ​យុវជន​ខ្មែរ​បច្ចុប្បន្ននេះ ត្រូវបាន​គេ​ឃើញថា មិនទាន់បាន​ត្រៀមលក្ខណៈ​សម្បត្តិ ឬ​កសាង​ខ្លួន​សម្រាប់​ទទួលយក​កាត​ព្វ​កិច្ច​ដ៏​សំខាន់ ដើម្បី​អនាគត​ប្រទេសជាតិ​នៅឡើយ​។ យុវជន​ខ្មែរ​ហាក់​មិនបាន​ដឹងថា ខ្លួនឯង​ត្រូវបាន​គេ​ប្រគល់​កាតព្វកិច្ច​នេះ​ទៅឱ្យ​ឡើយ ទើប​ពួកគេ​ហាក់​ពុំ​សូវ​ស្វាហាប់​ក្នុងការ​ត្រៀមខ្លួន ហើយ​ពួកគេ​ហាក់​នៅ​ដិតដាម​គំនិត​ចាស់គំរឹល​មួយ ដែលថា រឿង​ប្រទេសជាតិ​ទុកឱ្យ​អ្នកដឹកនាំ​។​
​ ​
​ថ្វីត្បិតតែ​ស្ថាប័ន​អប់រំ​រដ្ឋ និង​ឯកជន បាន​រីក​យ៉ាងច្រើន ប៉ុន្តែ​នៅទីណា​ក៏​គេ​បានឮ​ដែរ​ថា ប្រទេស​កម្ពុជា​ខ្វះ​ធនធានមនុស្ស​។

​ចំណែក​យុវជន​ខ្លះ​ដែលមាន​គំនិត​គិតគូរ​ដល់​ជាតិ បែរ​ជាមាន​អារម្មណ៍​អស់សង្ឃឹម ហើយ​តែង​និយាយថា "​ខំរៀន​សូត្រ​យ៉ាងណា ក៏​គ្មាន​ប្រយោជន៍​ដែរ ព្រោះ​គេ (​មន្ត្រី​រដ្ឋាភិបាល​) មុខជា​ប្រគល់​តំណែង​ទៅឱ្យ​កូនចៅ​គេ​ជា​អ្នក​បន្ត​"​។​
​ ​
ការប្រើប្រាស់​គ្រឿង​ស្រវឹង ត្រូវគេ​សង្កេតឃើញថា កើតមាន​ក្នុងស្ថានភាព​គ្រប់យ៉ាង ក្នុងនោះ​មាន​ក្នុងឱកាស​បុណ្យ ឬ​ថ្ងៃ​សម្រាក​, ពិធីជប់លៀង​ផ្សេងៗ​, ក្នុង​ពិធី​អាពាហ៍ពិពាហ៍​, ពេល​ជួបជុំ​មិត្តភក្តិ​, ពេល​បែក​គ្នា​, ពេល​កើតទុក្ខ​, ពេល​សប្បាយចិត្ត​, ពេល​ឥត​ការងារ​ធ្វើ​, ពេល​រវល់​ធ្វើការ​ហត់​, ពេល​ជោគជ័យ​, ពេល​បរាជ័យ ...​។​

​ការសិក្សា​របស់​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (​ភី​ឌី​ភី​) ចេញផ្សាយ​នៅ​ឆ្នាំ​២០០៨ បាន​បង្ហាញថា ក្នុងចំណោម​និស្សិត ២៤៧ នាក់ ដែល​គេ​បាន​សម្ភាសន៍ រកឃើញថា​មាន​និស្សិត ១៩៣ នាក់ ប្រើប្រាស់​គ្រឿង​ស្រវឹង ស្មើនឹង ៧៨ ភាគរយ ជា​ចំនួន​ខ្ពស់​នាំឱ្យ​ព្រួយបារម្ភ​បំផុត​។ ប៉ុន្តែ​រហូត​ឆ្នាំ​២០១២​នេះ គេ​ឃើញថា មាន​យុវជន​ប្រើប្រាស់​គ្រឿង​ស្រវឹង​ច្រើនជាង​ចំនួន​ខាងលើនេះ​។​
​ ​
​ភិក្ខុ សួន សុ​មុន្នី ដែល​ទើបបាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ នៅ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ និង​ជា​និស្សិត​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ឯកជន​មួយ​ផង​នោះ បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ប្រទេស​ខ្មែរ ដែល​បានប្រកាស​ខ្លួន​ថា ជា​ប្រទេស​កាន់​ព្រះពុទ្ធសាសនា បែរជា​ពុទ្ធសាសនិក​ជា​អ្នក​ប្រកប​របរ​គ្រឿង​ស្រវឹង​យ៉ាង​ស្រួចស្រាវ​
​ ​
​ចំពោះ​ព្រះពុទ្ធសាសនា បុគ្គល​ដែល​មិនទាន់បាន​ប្រតិបត្តិ​សីលប្រាំ ឬ​បញ្ចសីល​ខ្ជាប់ខ្ជួន បុគ្គល​នោះ​មិនទាន់​ជា​ពុទ្ធសាសនិក​ឡើយ​។ សិក្ខាបទ​ទី​ប្រាំ នៃ​បញ្ចសីល ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ហាមឃាត់​មនុស្ស​មិនឱ្យ​ប្រើប្រាស់ ចែកចាយ ឬ​ធ្វើ​ជំនួញ​គ្រឿង​ស្រវឹង​។ ការឱ្យ​ទឹកស្រវឹង​ជា​ទាន​ពុំមាន​អានិសង្ស ជំនួញ​ទឹកស្រវឹង​ព្រះពុទ្ធ​ជា​ម្ចាស់​បាន​ហាមឃាត់​នៅក្នុង​ជំនួញ ៥​យ៉ាង​។ ធម៌​ធ្វើឱ្យ​អាយុ​ខ្លី ៥​យ៉ាង ព្រះពុទ្ធ​បាន​សម្តែង​ដល់​ទឹកស្រវឹង ហើយ​ធម៌​ធ្វើឱ្យ​អាយុ​វែង ៥​យ៉ាង ក៏​រួមទាំង​ការមិន​ប្រើ​គ្រឿង​ស្រវឹង​ដែរ​។​
​ ​
​លើសពីនេះ ទោស ៦​យ៉ាង កើត​ពី​ការផឹក​ទឹកស្រវឹង ជា​ទោស​ដែល​គេ​ឃើញ​ផ្ទាល់​ភ្នែក គឺ​៖ វិនាស​ទ្រព្យ​, ចម្រើន​ខាង​ការឈ្លោះប្រកែក និង​អំពើហិង្សា​នានា​, ជាហេតុ​នាំឱ្យ​កើតរោគ​ច្រើនយ៉ាង (​និង​គ្រោះថ្នាក់​នានា ដូចជា​គ្រោះថ្នាក់​ច​រា​ចា​រណ៍​ជាដើម​), បណ្តាលឱ្យ​ខូច​កេ​រ្ត៍​ឈ្មោះ ឬ​នាំ​ឱ្យគេ​និន្ទា​, នាំឱ្យ​លេច​កេរ្តិ៍ខ្មាស ឬ​បាត់បង់​សេចក្តីថ្លៃថ្នូរ​, ធ្វើឱ្យ​ប្រាជ្ញា​ថមថយ ឬ​នាំឱ្យ​ខ្សោយ​ប្រាជ្ញា​រហូត​វិកលចរិត និង​មានទោស​យ៉ាងច្រើន​ទៅ​បរលោក​ទៀតផង​។
​ ​
​ជាទូទៅ​ហាង​ផឹកស៊ី​ត្រូវបាន​គេ​បើក​យ៉ាង​គគ្រឹកគគ្រេង នៅ​ទល់មុខ និង​ជុំវិញ​សាលារៀន និង​វត្ត​អារាម​នានា រួមទាំង​អារាម​ជាទី​គង់ប្រថាប់ នៃ​សម្តេចព្រះសង្ឃរាជ​ផង​។ យុវជន រួមទាំង​និស្សិត​ក្មេង​វត្ត​ផង បាន​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​ទីនោះ ទើប​គេ​ចោទសួរ​ចំៗ​ថា "​តើ​អ្នក​ទាំងនោះ​កំពុង​ផ្គើន និង​ក្បត់​ព្រះពុទ្ធសាសនា ព្រមទាំង​ខ្លួនឯង​ដែរឬទេ​?"​។​
​ ​
​សាស្ត្រាចារ្យ​មួយរូប នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​លើកឡើងថា "​យុវជន​គប្បី​ភ្ញាក់រលឹក​ដោយ​ខ្លួនឯង​ផង​, អ្នក​ប្រកប​របរ​ទាំងនោះ និង​អាជ្ញាធរ​គប្បី​អៀនខ្មាស​ខ្លះ​ផង ចំណែក​វត្ត​អារាម​គប្បី​ចាត់វិធានការ​ជាក់លាក់ ចំពោះ​និស្សិត​ក្មេង​វត្ត​ទាំងឡាយណា ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​"៕

2 comments:

Anonymous said...

YOU YOUNG, GUEST WHAT? USE YOUR BRAIN AGAINST CURRUPTED OFFICIAL OR COUNTRY NEED HUMAN ENGINEER NOT REGIME TO DAY! KHMER EMPIRE

Anonymous said...

I agree it is hard to get positions nowadays. But even without corruption, there is stiff competition everywhere. Consuming alcohol does not help improve opportunities for jobs. On the other hand, I have seen heavy drinkers suffer already. I myself am at risk of diabetes and am afraid to drink. My friend has terrible stomach problem, he can't drink without throwing up. But fortunately I have a good job, and I got it not because of my network with drinking friends.