Tuesday, May 15, 2012

អាជ្ញាធរ​ខេត្តកំពង់ធំ មិន​អនុញ្ញាត​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដឹកនាំ​ប្រជាពលរដ្ឋ ធ្វើបាតុកម្ម តវ៉ា ​ថ្លៃ​អគ្គិសនី​

ថ្ងៃទី 14 ឧសភា 2012
ដោយ: លីនណា​
Cambodia Express News

ភ្នំពេញ: ​អាជ្ញាធរ​ខេត្តកំពង់ធំ បានចេញ​លិខិត បដិសេធ មិន​ឲ្យ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ដឹកនាំ​ប្រជាពលរដ្ឋ ធ្វើបាតុកម្ម តវ៉ា លើ​បញ្ហា​អគ្គិសនី ដែលមាន​តម្លៃ​ខ្ពស់ និង​ដាច់​ជា​ញឹកញាប់​។ ប៉ុន្តែ​អាជ្ញាធរ សន្យាថា នឹង​ជួបពិភាក្សា​រក​ដំណោះស្រាយ​។ រីឯ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី បាន​យល់ស្រប និង​ប្រកាស​ផ្អាក​បាតុកម្ម​ជា​បណ្តោះអាសន្ន​។​

​លោក សោម សុផាត អភិបាលរង​ខេត្តកំពង់ធំ បានធ្វើ​លិខិត ចុះ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១២ ជូន​ប្រធាន​ក្រុមប្រឹក្សា​គណបក្ស​សមរង្ស៊ី ខេត្តកំពង់ធំ ឲ្យ​ផ្អាក​ការធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី ប្រឆាំងនឹង​ការ​ដាច់​ចរន្តអគ្គិសនី​ប្រើប្រាស់ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ នៅមុខ​ការិយាល័យ​អ្នកតំណាងរាស្ដ្រ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន​។


​លិខិត​របស់លោក សោម សុផាត បាន​បង្ហាញថា ការធ្វើ​បាតុកម្ម​ដោយ​សន្ដិវិធី ប្រឆាំងនឹង​ការ​ដាច់​ចរន្តអគ្គិសនី​ប្រើប្រាស់ នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១២ នៅមុខ​ការិយាល័យ​អ្នកតំណាងរាស្ត្រ ក្នុង​សង្កាត់​កំពង់ធំ ក្រុង​ស្ទឹងសែន នាពេល​ខាងមុខនេះ អភិបាលខេត្ត មិន​អនុញ្ញាត​ឲ្យ​លោក​ប្រធាន ធ្វើបាតុកម្ម​នោះទេ ដោយ​ការធ្វើ​បាតុកម្ម​នេះ មានការ​ប៉ះពាល់​ដល់​ស​ន្ដិ​សុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នាពេល​ខាងមុខនេះ​។

​លិខិត​ដដែល បាន​បន្ថែមថា ចំពោះ​អគ្គិសនី​ខេត្តកំពង់ធំ នឹងធ្វើ​ការពិភាក្សា​ជាមួយ​ក្រុមហ៊ុន BVC និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ដើម្បី​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប និង​ទាន់ពេលវេលា​។​

​ចំពោះ​ករណីនេះ លោក ម៉ែន សុថា​វរិ​ន្ទ្រ សមាជិក​ព្រឹទ្ធសភា គណបក្ស​សមរង្ស៊ី ខេត្តកំពង់ធំ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១៤ ឧសភា ថា បន្ទាប់ពី​មានការ​សន្យា​ពី​សំណាក់​អាជ្ញាធរខេត្ត​ថា នឹង​ដោះស្រាយ​បញ្ហា​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ខេត្តកំពង់ធំ មក​នោះ លោក​បានប្រកាស​ប្រាប់​ប្រជាពលរដ្ឋ​វិញ​ថា ការធ្វើ​បាតុកម្ម​តវ៉ា​លើ​បញ្ហា​អគ្គិសនី ត្រូវបាន​ពន្យារពេល ដោយ​រង់ចាំ​លទ្ធផល​ដោះស្រាយ រវាង​អាជ្ញាធរខេត្ត​ជាមួយ​ក្រុមហ៊ុន​អគ្គិសនី BVC ខេត្តកំពង់ធំ​។​

​លោក​បញ្ជាក់ថា “​អាជ្ញាធរខេត្ត​បញ្ជាក់ថា ដោយ​ខ្លាច​ប៉ះពាល់​ដល់​សន្តិសុខ និង​ជិត​ដល់ពេល​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​។ ដូច្នេះ​យើង​សម្រេច​ពន្យារពេល​ធ្វើបាតុកម្ម ដោយ​រង់ចាំ​លទ្ធផល​ដោះស្រាយ​”​។​

​លោក​ក៏បាន​បន្តថា នៅក្រោយ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ថ្ងៃទី​៣ ខែមិថុនា បើ​ពុំមាន​ការដោះស្រាយ​សមរ​ម្យ​ទេ លោក​នឹង​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ប្រឆាំង​លើ​តម្លៃ​អគ្គិសនី ដែល​ថ្លៃ​ខ្ពស់​នាពេល​បច្ចុប្បន្ន​៕​

1 comment:

Anonymous said...

SHAME ON HIS EXCELENTCY NHEM THAVY THE MEMBER OF CCP PARLIAMENT AND THE YOUNGER BROTHER IN LAW OF H.E. NGUON NHEL THE VICE NATIONAL PARLIAMENTARY PRESIDENT AND HIS YOUNGER BROTHER NHEM CHAN-THAN WHO ALL GOT INVOLVED IN THE DEFORESTING ILLEGALLY IN PREY LANG AND BENG TUM RING , REPORTED BY GLOBAL WITNESS